មនុស្សប្រមាណ ១៥០នាក់ បានទៅចូលរួមបុណ្យសពសកម្មជនដីធ្លីនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានស្លាប់កាលពីរសៀលថ្ងៃទី១៣ កក្កដា។
មន្ត្រីសម្របសម្រួល អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho)ប្រចាំខេត្តកំពង់ឆ្នាំង លោក គង់ ចាន់មុនី ឲ្យដឹងនៅរសៀលថ្ងៃទី១៥ កក្កដា ថា សកម្មជនដែលស្លាប់នោះឈ្មោះ ភុល សន ភេទប្រុសអាយុ ៧៦ឆ្នាំ រស់នៅភូមិឡពាង គឺស្លាប់ដោយជំងឺគាំងបេះដូង ហើយសាច់ញាតិ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍បាននាំគ្នាធ្វើបុណ្យជូនវិញ្ញាណក្ខន្ធដល់លោកឲ្យទៅកាន់សុគតិភព ដោយបានបញ្ចប់នៅថ្ងៃទី១៥ កក្កដា។ លោកបន្ថែមទៀតថា លោក ភុល សន កាលពីលោកនៅមានជីវិត គឺជាសកម្មជនដីធ្លីឆ្នើម ដែលតែងចេញមុខតវ៉ាតំណាងឲ្យប្រជាពលរដ្ឋនៅភូមិឡពាង៖ «ពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ គ្មានដីសម្រាប់ដាំដុះនោះទេ ហើយកាលពីល្ងាចមិញ មានមនុស្សមកចូលរួមច្រើនកុះករដែរ ក្នុងនោះភាគច្រើនប្រជាពលរដ្ឋក្នុងសហគមន៍ឡពាង ចំណែកអាជ្ញាធរភូមិ និងឃុំក៏បានទៅចូលរួមបុណ្យខ្លះដែរ»។
សហគមន៍ឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជម្លោះដីធ្លីជាមួយក្រុមហ៊ុនខេ.ឌី.ស៊ី (KDC) របស់ភរិយា លោក ស៊ុយ សែម ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលគឺ អ្នកស្រី ជា ខេង បានអូសបន្លាយច្រើនឆ្នាំមកហើយ។ កន្លងមកអ្នកភូមិអះអាងថា ជម្លោះដីដំបូង កើតឡើងតាំងពីឆ្នាំ១៩៩៧ ហើយស្ថានភាពជម្លោះតានតឹងខ្លាំងនៅឆ្នាំ២០០៨ ក្រោយពេលក្រុមហ៊ុនបានធ្វើរបងព័ទ្ធយកដីមានជម្លោះ មានទំហំជាង ៦០០ហិកតារ។
ក្រោយឆ្នាំ២០០៨ អ្នកភូមិថា ក្រុមហ៊ុន ខេឌីស៊ី បានប្រើប្រាស់គ្រប់វិធីសាស្ត្រជាច្រើន ក្នុងការដោះស្រាយជម្លោះ ដោយប្រើទាំងទិដ្ឋភាពច្បាប់ ការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ មានការអន្តរាគមន៍ពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា អ្នកស្រី ឡោក ខេង និងពេលខ្លះមានប្រើអំពើហិង្សាពីសមត្ថកិច្ច និងសន្តិសុខក្រុមហ៊ុន ផងក៏មាន។ លោក គង់ ចាន់មុនី អះអាងថា ទំនាស់ដីធ្លីរបស់អ្នកភូមិឡពាង រហូតមកទល់ថ្ងៃទី១៥ កក្កដា គឺអាជ្ញាធរហាក់មិនទាន់ដោះស្រាយបានជាដុំកំភួនជូនពួកគាត់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។