សាច់ញាតិសហគមន៍ដីធ្លីនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រតិកម្មនឹងសាលាឧទ្ធរណ៍ដែលបានពន្យារពេលប្រកាសលទ្ធផលលើការស្នើសុំរបស់មេធាវីឲ្យអ្នកស្រី ឡុង សុគន្ធី នៅក្រៅឃុំបណ្ដោះអាសន្ននោះថា ជាការអូសបន្លាយពេលយូរហួសហេតុ។ ប្រតិកម្មនេះធ្វើឡើងក្រោយពីសាលាឧទ្ធរណ៍បើកសវនាការលើសំណុំរឿងនេះនៅរសៀលថ្ងៃទី៦ មិថុនា ដោយពន្យារពេលប្រកាសលទ្ធផលនៅថ្ងៃទី១៩ មិថុនាខាងមុខ។
ស្វាមីសហគមន៍ដីធ្លីស្រុកអូរជ្រៅដែលជាប់ឃុំលោក នង នី ឲ្យដឹងក្រោយចេញពីសវនាការនៅសាលាឧទ្ធរណ៍ថា ភរិយារបស់លោកដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនោះគ្មានកំហុសទេ ព្រោះកន្លងមកអ្នកស្រីតែងជួយពលរដ្ឋទំនាស់ដីធ្លីក្នុងសហគមន៍ ដើម្បីទាមទារឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យជួយដោះស្រាយជាបន្តបន្ទាប់។ លោក នង នី ទទូចឲ្យតុលាការទម្លាក់ការចោទប្រកាន់មកលើភរិយា ដើម្បីឲ្យអ្នកស្រីបានជួបជុំក្រុមគ្រួសារ ដើម្បីផ្ដល់ភាពកក់ក្ដៅដល់ក្រុមគ្រួសារ និងពលរដ្ឋក្នុងសហគមន៍ដីធ្លីឃុំអូរបីជាន់បន្តទៀត៖ « ព្រោះតាំងពីចាប់មកមិនបានរកស៊ីអីទេជិត ៣ខែហើយ។ ម្យ៉ាងទៀត អ្នកស្រីក៏មានជំងឺត្រូវព្យាបាលជាប្រចាំផង ហើយកូនក៏ជិតដល់ថ្ងៃវះកាត់ដែរ។ ចំណែកកូនពៅក៏ខានបានទៅរៀនខាតសូត្រដែរ ព្រោះគ្មានអ្នកនៅមើលថែ»។
សាលាឧទ្ធរណ៍បានសម្រេចពន្យារពេលប្រកាសលទ្ធផលលើសំណុំរឿងសហគមន៍ដីធ្លីឃុំអូរបីជាន់របស់អ្នកស្រី ឡុង សុគន្ធី រហូតដល់ថ្ងៃទី១៩ មិថុនា។ ការពន្យារពេលនេះក្រោមហេតុផលថា ដើម្បីទុកពេលពិនិត្យសំណុំរឿងនេះឡើងវិញ។ ការពន្យារពេលនេះ ក្រោយពីសាលាឧទ្ធរណ៍បើកសវនាការតាមការស្នើសុំរបស់មេធាវីការពារក្ដីអ្នកស្រី ឡុង សុគន្ធី នៅរសៀលថ្ងៃទី៦ មិថុនា។ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា តុលាការគួរតែអនុញ្ញាតឲ្យអ្នកស្រី ឡុង សុគន្ធី បាននៅក្រៅឃុំ ដោយសារអ្នកស្រីជាពលរដ្ឋក្រីក្រគ្មានអំណាច។ លោក ស៊ុំ ច័ន្ទគារ អះអាងទៀតថា ប្រសិនបើតុលាការបន្តឃុំខ្លួនអ្នកស្រី ឡុង សុគន្ធី គឺធ្វើឲ្យពលរដ្ឋក្នុងសហគមន៍ដីធ្លីនៅខេត្តបន្ទាយមានជ័យប្រហែលជាង២០០គ្រួសារ ប្រឈមនឹងបាត់បង់ដីធ្លី ព្រោះគ្មានអ្នកដឹកនាំរៀបចំឯកសារដាក់ទៅអាជ្ញាធរខេត្ត ដើម្បីឲ្យដោះស្រាយទំនាស់ដីធ្លីរបស់ពួកគាត់៖ « ហើយឥឡូវអត់ពីអ្នកស្រីទៅខ្ញុំប្ដីគាត់ត្រដាបត្រដួសមែនទែន ព្រោះខ្ញុំធ្វើដំណើរកាត់ឃើញទ្វារផ្ទះរបស់គាត់បិទរហូត ខុសពីពេលមុខដែលគាត់មានលក់ចាបហួយបន្តិចបន្តួច។ ចំណែកប្ដីរបស់គាត់កំពុងប៉ះពាល់ទៅលើជីវភាពយ៉ាងខ្លាំង ហើយប្ដីគាត់ក៏ក្នុងបណ្ដឹងក្នុងតុលាការដែរ ដោយសារតែគាត់អាស្រ័យផលនៅលើដីដែលបានកាន់កាប់យូរហើយនោះ » ។
សហគមន៍ដីធ្លីនៅភូមិថ្នល់បត់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ អ្នកស្រី ឡុង សុគន្ធី ត្រូវបានចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យ បញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅឃុំនៅពន្ធនាគារ កាលពីថ្ងៃទី២៦ មីនា ដោយចោទប្រកាន់ពីបទប៉ះពាល់លើកម្មសិទ្ធិឯកជន និងបទធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅភូមិបឹងស្នោ ឃុំស្លាក្រាម ស្រុកស្វាយចេក។ ប៉ុន្តែអ្នកស្រី ឡុង សុគន្ធី ធ្លាប់មានប្រសាសន៍មុនពេលសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនថា អ្នកស្រីពុំបានរំលោភលើដីធ្លីដូចការចោទប្រកាន់នោះទេ ហើយអ្នកស្រី ក៏បានចាត់ទុកការចោទប្រកាន់នេះថា ជាការបិទសិទ្ធសេរីភាព ដើម្បីកុំឲ្យអ្នកស្រីតវ៉ាឲ្យអាជ្ញាធរដោះស្រាយទំនាស់ដីធ្លីក្នុងសហគមន៍បន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។