ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ លោក កុល បុន បានចេញដីកាកោះហៅ តំណាងជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរី ១០នាក់ ឱ្យចូលបំភ្លឺក្នុងនាមជាដើមបណ្ដឹង នៅថ្ងៃទី២៥ ខែតុលាខាងមុខនេះ ក្នុងសំណុំរឿង ជម្លោះដីធ្លីនៅតំបន់ភ្នំរ៉ាដាង ឋិតក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ដើមបណ្ដឹងជាតំណាងជនជាតិដើមព្នង លោកស្រី រឿន ហើន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ តុលាថា ពួកលោកស្រីនឹងត្រៀមខ្លួនឆ្លើយបំភ្លឺ នៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដោយភ្ជាប់ភស្តុតាង និង ឯកសារច្បាស់លាស់ ដោយបញ្ជាក់ថា មានការទិញលក់ដីនៅតំបន់ភ្នំរ៉ាដាង ដោយខុសច្បាប់។ លោកស្រីបញ្ជាក់ថា កន្លងទៅ ពួកលោកស្រី បានប្ដឹងពលរដ្ឋនៅមូលដ្ឋានពីរនាក់ ទៅសាលាដំបូងខេត្តមណ្ឌលគិរី ពីបទធ្វើឯកសារមិនប្រក្រតី ទាក់ទិនលក់ដីតំបន់ភ្នំរ៉ាដាង ប៉ុន្តែតុលាការបានតម្កល់រឿងឥតចាត់ការ។
លោកស្រីហួសចិត្ត ចំពោះទង្វើរបស់តុលាការខេត្តមណ្ឌលគិរីថា មិនយកចិត្តទុកដាក់ ការថែរក្សា ធនធានធម្មជាតិ និងមរកតដូនតា ដែលជនជាតិដើមភាគតិចគោរពបូជា៖ « អ្វីដែលតុលាការតម្កល់ឥតចាត់ការ មានន័យថា មិនយកចិត្តទុកដាក់ ទៅលើការថែរក្សា និងអភិរក្ស កន្លែងព្រៃអារក្សអ្នកតា។ ពួកគាត់អត់ធ្វើការ ជាសញ្ញាបង្ហាញថា ការថែរក្សា ហើយពួកគាត់ចង់តែបំផ្លាញ » ។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យអយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា បាននៅឡើយទេ នៅថ្ងៃទី១៥ តុលា ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
ភ្នំរ៉ាដាង មានទំហំប្រមាណ ២០ហិកតារ គឺជាបណ្ដុំប្រពៃណីវប្បធម៌ ដែលក្រុមពលរដ្ឋគោរពបូជាតាំងពីបុរាណមក ប៉ុន្តែផ្នែកខ្លះនៃខ្នងភ្នំនេះ មានការទិញលក់ដូរ និងឈូសឆាយព្រៃអារក្ស ផ្នូរកប់សព របស់ជនជាតិដើមភាគតិចអស់ជាច្រើនហិកតារ កាលពីឆ្នាំ២០២០ រហូតដល់ដើមឆ្នាំ២០២១។
ភ្នំនេះជាប្រភពទឹកអូរដ៏សំខាន់ និងជាអណ្ដូងទឹកសមូហភាព ដែលសហគមន៍ប្រើប្រាស់ប្រចាំថ្ងៃ ហូរឆ្ពោះទៅស្រុកកោះញែកមិនចេះរីងស្ងួត ដែលមានពលរដ្ឋរាប់ពាន់គ្រួសារអាស្រ័យផល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។