អាជ្ញាធរខេត្តព្រះសីហនុឃាត់ខ្លួនអ្នកតវ៉ាដីធ្លីចំនួន៨នាក់ ក្រោយមានព្រឹត្តិការណ៍ប៉ះទង្គិចគ្នាក្នុងវិបត្តិដីធ្លីមួយកាលពីព្រឹកថ្ងៃទី១៩ ខែមេសា ស្ថិតក្នុងស្រុកព្រៃនប់។ ការតវ៉ាឈានទៅដល់ការបិទផ្លូវជាតិលេខ៤នេះ បន្ទាប់ពីអាជ្ញាធរខេត្តព្រះសីហនុចុះរុះរើកម្ទេចផ្ទះប្រជាពលរដ្ឋអស់៦០០ខ្នង និងបណ្ដេញពួកគាត់ចេញដើម្បីយកដីនោះឱ្យពលរដ្ឋផ្សេងទៀត។ ពលរដ្ឋ មានទំនាស់ដីធ្លី និងសង្គមស៊ីវិលស្នើសុំឱ្យអាជ្ញាធរដោះស្រាយរឿងដីធ្លីដោយតម្លាភាព និងដោះលែងពលរដ្ឋទាំងនោះវិញ ដើម្បីកុំឱ្យពួកគាត់រងគ្រោះបាត់បង់ផ្ទះសម្បែងហើយថែមទាំងត្រូវជាប់ទោសទៀត។
ស្នងការនគរបាលខេត្តព្រះសីហនុលោក ជួន ណារិន្ទ ប្រាប់អាស៊ីសេរីថ សមត្ថកិច្ចកំពុងសួរនាំអ្នកតវ៉ាដីធ្លីទាំង៦នាក់បន្ថែមទៀត នៅក្នុងស្នងការនគរបាលខេត្ត។ លោកបន្តថា ការឃាត់ខ្លួននេះដោយ សារពួកគេបានដឹកនាំតវ៉ាបិទផ្លូវ និងចូលរួមប្រើហិង្សាទៅលើមន្ត្រីនគរបាល និងប្រជាការពារខណៈដែលចុះទៅអន្តរាគមន៍ឱ្យពួកគេបើកផ្លូវឡើងវិញ បន្ទាប់ពីពលរដ្ឋមានទំនាស់ដីធ្លី បានយកដុំថ្មនិងមែកឈើទៅដាក់បិទផ្លូវជាតិលេខ៤ នៅចំណុចភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុបណ្ដាលឱ្យកកស្ទះចរាចរណ៍ប្រហែល ១ម៉ោងនៅព្រឹកថ្ងៃទី១៩ ខែមេសា៖ «យើងកំពុងរើដុំថ្មដែលពួកគាត់ដាក់បិទផ្លូវនោះ ស្រាប់តែមានការហ៊ោកញ្ជ្រៀវគឺមានក្រុមយុវជនមួយចំនួនបានយកដុំថ្មគប់លើសមត្ថកិច្ចបង្កឱ្យរបួសស្នាម ៦នាក់ និងខូចខាត់រថយន្ត៣គ្រឿង។ សមត្ថកិច្ចមិនបានទៅប្រឆាំង ឬតបតជាមួយប្រជាពលរដ្ឋទេ គឺទៅរំដោះផ្លូវសាធារណៈ ព្រោះប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតត្រូវការចេញចូល។ ព្រឹកមិញនេះយើងឃាត់ ៦នាក់សុទ្ធតែប្រុសហើយយើងយកមកសួរនាំ។អ្វីដែលមិនពាក់ព័ន្ធ គឺយើងនឹងពិចារណាអប់រំណែនាំឱ្យទៅវិញ។ ចំពោះអ្វីដែលពាក់ព័ន្ធគឺយើងអនុវត្តតាមផ្លូវច្បាប់»។
លោកបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមេសា អាជ្ញាធរក៏បានឃាត់ខ្លួនពីរនាក់ដែរដូច្នេះសរុបទាំងអស់ ៨នាក់ហើយ ពាក់ព័ន្ធការតវ៉ាបិទផ្លូវ និងប្រើហិង្សាលើសមត្ថកិច្ច។ លោកអះអាងថា កម្លាំងសមត្ថកិច្ចមិនបានប្រើអំពើហិង្សា ឬតបតជាមួយប្រជាពលរដ្ឋបណ្ដាលឱ្យរងបួសនោះទេ៖ «ការឃាត់ខ្លួនព្រឹកមិញនេះ មិនមែនឃាត់ខ្លួនក្នុងនាមការទាមទារតវ៉ាឬមួយស្អីៗផ្សេងៗទេ គឺឃាត់ខ្លួនជនដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលប្រើអំពើហិង្សាលើសមត្ថកិច្ចដែលបំពេញតួនាទីជាអ្នកដោះស្រាយចរាចរណ៍តាមដងផ្លូវ។ អ្វីដែលពាក់ព័ន្ធរឿងផ្សេងៗទៀតនោះខាងអាជ្ញាធរខេត្តកំពុងតែធ្វើការដោះស្រាយតាមផ្លូវច្បាប់ផងដែរ»។
ផ្ទុយពីការលើកឡើងនេះ ពលរដ្ឋមានទំនាស់ដីធ្លីមួយរូបលោកស្រី សេង សុភី រៀបរាប់ថា មូលហេតុដែលពលរដ្ឋរាប់សិបនាក់នាំគ្នាតវ៉ាបិទផ្លូវពីរថ្ងៃជាប់គ្នានេះ ដោយសារតែអាជ្ញាធរស្រុកព្រៃនប់សហការជាមួយអាជ្ញាធរខេត្តព្រះសីហនុប្រើគ្រឿងចក្រឈូសឆាយកម្ទេចផ្ទះពលរដ្ឋអស់ ៦០០ខ្នងតាំងពីម៉ោង៤ព្រឹក ថ្ងៃទី១៨មេសា ក្រោយពិធីបុណ្យចូលឆ្នាំដោយគ្មានជូនដំណឹងអ្វីទាំងអស់។
តំណាងពលរដ្ឋរូបនេះ បន្តទៀតថា អាជ្ញាធរ ក៏បានប្រើប្រាស់អំពើហិង្សាលើពលរដ្ឋបណ្ដាលឱ្យរងរបួសដែរ ហើយការឃាត់ខ្លួនអ្នកតវ៉ាដីធ្លីនេះគឺជាគំរាមកំហែងកុំឱ្យពលរដ្ឋតវ៉ាដីធ្លីទៀត៖ «អាជ្ញាធរបានប្រតាយប្រតប់ជាមួយប្រជាពលរដ្ឋហើយប្រជាពលរដ្ឋ ក៏រងរបួសដូចគ្នា។ ដោយឡែកមួយទៀតបងស្រីដែលនៅភូមិជាមួយខ្ញុំនេះគឺគេចាប់គាត់ តាំងពីម្សិលមិញអត់ទាន់បានដោះលែងគាត់ទេដោយគេឱ្យគាត់ផ្តិតមេដៃថា ឈប់តវ៉ាពាក់ព័ន្ធជាមួយដីនេះទៀត។ គាត់អត់ព្រមសរសេរអត់ព្រមផ្តិតមេដៃដោយគាត់ថា គាត់រស់នៅលើដីនោះ បានយកលុយទៅទិញដីនោះហើយមានផ្ទះមានសម្បែងនិងដាំដំណាំ។ ហេតុអីបានឱ្យចេញដោយគ្មានក្រដាសស្នាមគ្មានបង្ហាញប្លង់កម្មសិទ្ធិថា ជារបស់អ្នកណាមួយឱ្យពិតប្រាកដ។ ខាងខ្ញុំអត់សុខចិត្តហើយតវ៉ាទើបគេចាប់ខ្លួន»។
កាលពីថ្ងៃទី១៨ ខែមេសា រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្ដីជូនដំណឹងថា អាជ្ញាធរបានរុះរើផ្ទះប្រជាពលរដ្ឋអស់ ៦០០ខ្នង នៅចំណុចចំណោតអូរត្រាវ ក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ដោយរដ្ឋបាលខេត្តព្រះសីហនុចាត់ទុកថា ជាខ្ទម និងសំណង់ក្រុមអនាធិបតេយ្យដែលប្រជាជនមកពីតំបន់ផ្សេងៗក្នុងខេត្ត និងក្រៅខេត្តលួចសាងសង់ដោយខុសច្បាប់នៅលើដីមានម្ចាស់កម្មសិទ្ធិស្របច្បាប់ក្នុងរយៈពេលថ្មីៗកន្លងមកនេះ។ អាជ្ញាធរអះអាងថា គេបានចុះទៅអប់រំណែនាំជាច្រើនលើកប៉ុន្តែប្រជាជនទាំងនោះមិនស្ដាប់ការណែនាំរបស់អាជ្ញាធរឡើយ។
តំណាងពលរដ្ឋមានទំនាស់ដីធ្លីលើកឡើងថា ពលរដ្ឋទាំងអស់មានជាង៨០០គ្រួសារហើយអ្នកខ្លះ បានរស់នៅតំបន់នោះជាង ១ឆ្នាំ និងខ្លះទៀតទើបតែជាង ៣ខែកន្លងមកនេះ។ លោកស្រីបន្តថា ពលរដ្ឋមួយចំនួនបានទិញដីតពីពលរដ្ឋផ្សេងទៀតដោយគ្មានឯកសារទទួលស្គាល់ពីអាជ្ញាធរនោះទេ។ ចំណែកពលរដ្ឋខ្លះទៀតចេះតែចូលទៅរស់នៅដោយលឺតៗគ្នាថា ដីតំបន់នោះជាដីរបស់រដ្ឋសម្រាប់សម្បទានជូនពលរដ្ឋក្រីក្រ៖ «សូមឱ្យអាជ្ញាធរជួយដោះស្រាយឱ្យពួកខ្ញុំបានដីនៅធ្វើផ្ទះនឹងគេទៅមិនថាតិចឬច្រើន ព្រោះអីពួកខ្ញុំពិតជាអត់។ ពួកខ្ញុំខំធ្វើការសន្សំលុយបាន ១ពាន់ ២ពាន់ ( ដុល្លារ ) មកធ្វើផ្ទះនៅ ដោយសង្ឃឹមថា អត់មានការរុះរើព្រោះលឺថាជាដីសម្បទាន»។
អាស៊ីសេរីបានព្យាយាមទាក់ទងមេឃុំបិតត្រាំងលោក មៀច ចាន់ អភិបាលស្រុកព្រៃនប់លោក សរ កក្កដា និងអ្នកនាំពាក្យសាលាខេត្តព្រះសីហនុលោក ឱ សារឿន ជាច្រើនលើកប៉ុន្តែពួកលោក មិនទទួលទូរស័ព្ទខណៈទូរស័ព្ទរបស់អភិបាលខេត្តព្រះសីហនុលោក យន្ត មីន មិនអាចទាក់ទងបាន។មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុអ្នកស្រី ជៀប សុធារី ដែលបានចុះស៊ើបអង្កេតករណីដីធ្លីនេះមានប្រសាសន៍ថា ថ្វីត្បិតតែអាជ្ញាធរចុះរុះរើផ្ទះរបស់ពលរដ្ឋក្រោមហេតុផល ថាសាងសង់លើដីមានម្ចាស់កម្មសិទ្ធិក្តី ប៉ុន្តែអាជ្ញាធរខេត្តព្រះសីហនុមិនបានបង្ហាញថាម្ចាស់កម្មសិទ្ធិនោះជានរណាហើយទំហំដីប៉ុណ្ណានោះទេ ប៉ុន្តែការអនុវត្តវិធានការរបស់អាជ្ញាធរនោះគឺ នៅលើផ្ទៃដីមានទំហំធំធេង។ អ្នកស្រីទទួលស្គាល់ថាប្រជាជនភាគច្រើន ទើបចូលទៅរស់នៅលើដីនោះតាមរយៈការលក់ទិញគ្នាឯងក្នុងតម្លៃថោកៗនិងជឿតាមការបំផុសបំផុលថា ដីតំបន់ សម្រាប់ចែកឱ្យពលរដ្ឋក្រីក្រ។ អាជ្ញាធរក៏បានណែនាំឱ្យពលរដ្ឋចាកចេញដែរ ប៉ុន្តែពលរដ្ឋទាំងនោះគ្មានជម្រើសក្នុងការចាកចេញនោះទេ ដោយសារតែជីវភាពក្រីក្រ។ អ្នកស្រីជំរុញឱ្យអាជ្ញាធរខិតខំសម្របសម្រួលដោះស្រាយជាមួយប្រជាពលរដ្ឋដោយសន្តិវិធី និងតម្លាភាព ព្រមទាំងយោគយល់ដោះលែងពលរដ្ឋដែលត្រូវបានចាប់ខ្លួនទាំង ៨នាក់នោះ ដើម្បីកុំឱ្យពួកគាត់បាត់បង់ផ្ទះហើយជាប់គុកថែមទៀត៖ «ប្រជាពលរដ្ឋគាត់ចាញ់បោកគេ ២ដងហើយ។ ទី១គាត់ចាញ់បោកគេដែលទៅបំផុសបំផុលឱ្យគាត់មកកាប់ដីកន្លែងនោះហើយរងគ្រោះម្ដងទៀតនៅពេលអាជ្ញាធរដឹកនាំកម្លាំងទៅរុះរើផ្ទះធ្វើឱ្យពួកគាត់ខាតបង់លុយកាក់។ អ្នកខ្លះទិញគេអ្នកខ្លះអត់ទិញ តែចំណាយលុយសាងសង់។ អ្នកខ្លះគេរុះរើផ្ទះអស់ហើយបន្ទាប់មកប្តីត្រូវគេចាប់ខ្លួនទៀត។ យើងមិនដឹងថាជួយ គាត់របៀបម៉េចទេ គ្រាន់តែថា បើអាចធ្វើការយោគយល់អធ្យាស្រ័យបានគួរតែដោះលែងពួកគាត់ដែរ ក្រោយពីការអប់រំណែនាំរួចព្រោះអីយើងមិនប្រាកដថា ពួកគាត់ជាអ្នកប្រព្រឹត្តបទល្មើសដែរព្រោះព្រឹកមិញពេលជ្រួលច្របល់នោះក៏មានមនុស្សច្រើនដែរ»។
ម៉្លោះដីធ្លីនៅក្នុងខេត្តព្រះសីហនុបានកើតឡើងជាច្រើនកន្លែង ស្របពេលដែលតម្លៃដីនៅខេត្តមួយនេះកំពុងតែមានហាងឆេងខ្លាំងដោយសារកំណើនវិនិយោគជនជាតិចិន។ កន្លែងខ្លះ អាជ្ញាធរបានចាប់ម្ចាស់ដីដាក់គុក ហើយកន្លែងខ្លះអាជ្ញាធរបណ្ដេញប្រជាពលរដ្ឋចេញដោយបង្ខំ និងយកដីពីប្រជាពលរដ្ឋស្រស់ៗដើម្បីយកឱ្យអ្នកមានលុយនិងអ្នកមានអំណាច។ កាលពីដើមឆ្នាំ២០១៩កងកម្លាំងសមត្ថកិច្ចចម្រុះ ៣រយនាក់បានបើកការបាញ់ប្រហារដោយកាំភ្លើងគ្រាប់ពិតឡើងលើមេឃនិងទៅកាន់ក្រុមអ្នកតវ៉ាដីធ្លីបណ្ដាលឱ្យពលរដ្ឋម្នាក់ត្រូវគ្រាប់កាំភ្លើងធ្លាក់ខ្លួនពិការដល់សព្វថ្ងៃ ដើម្បីយកដីទំនាស់ជាង ៧០ហិកតារដែលមានពលរដ្ឋជាច្រើនរយគ្រួសារកំពុងរស់នៅនោះទៅឱ្យប្រជាពលរដ្ឋចំនួន ៩គ្រួសារផ្សេងទៀតដែលគេសង្ស័យថា ឈរឈ្មោះឱ្យឧកញ៉ា ស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះ ហុង សួន។
ទោះយ៉ាងណាក្តីប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនៅតំបន់ចំណោតអូរត្រាវឃុំបិតត្រាំង ស្រុកព្រៃនប់អះអាងថា ពួកគាត់នឹងបន្តតវ៉ាទៀតដើម្បីឱ្យមានដំណោះស្រាយដីធ្លី និងដោះលែងពលរដ្ឋ ដែលត្រូវបានចាប់ខ្លួនទាំង៨នាក់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
