តំណាង​សហគមន៍​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​ទ្រី ភាព នៅ​ពោធិ៍សាត់​ត្រូវ​បាន​ចាប់​ខ្លួន​ដែល​គេ​ចោទ​​ពី​បទ​ឆបោក

0:00 / 0:00

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​សហគមន៍​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ទាមទារ​ឱ្យ​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ ដោះលែង​តំណាង​ពួកគេ​ជាបន្ទាន់ ក្រោយ​ត្រូវ​បាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី៤ កុម្ភៈ ដោយ​ចោទប្រកាន់​ពី​បទ​ឆបោក។

កូនស្រី​របស់​លោកស្រី ប្រាក់ សុផល តំណាង​សហគមន៍ គឺ​លោកស្រី សួង លីដា អះអាង​ថា ម្ដាយ​ខ្លួន មាន​ចរិត​ស្លូតបូត និង​ចូលចិត្ត​ជួយ​ពលរដ្ឋ​ក្នុង​សហគមន៍ ដែល​រង​ការរំលោភ​ដីធ្លី ដូចគ្នា ទើប​បណ្ដាល​ឱ្យ​មាន​ការ​គុំកួន​ចាប់ខ្លួន​ដូច្នេះ។

លោកស្រី សួង លីដា ថា សមត្ថកិច្ច​បាន​បញ្ជូន​តំណាង​សហគមន៍​ម្ដាយ​លោកស្រី ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ម្ដាយ​លោកស្រី ចាប់ផ្ដើម​មាន​អាការៈ​ឈឺ​ចុកចាប់​ពេញ​ខ្លួន ដោយសារតែ​វ័យ​ចាស់​ជរា៖ «ចាស​ ! ចរិត​គាត់ (​ អ្នកស្រី ប្រាក់ សុផល​ ) ស្លូតត្រង់​ណាស់​។ គាត់​ដើរ​ជួយ​គេ លោកគ្រូ នៅ​គ្រប់កន្លែង​ទាំងអស់ ហើយ​អ្នកចោទ​គាត់​មនុស្ស​ក្រឡេចក្រឡុច​ទេ​។ គាត់​និយាយ​អី ធ្វើ​កិច្ចសន្យា​ជាមួយ​គាត់ ចេះ​ហើយ​ឆ្លើយ​ (​ បែប​ )​ ចុះ អ៊ីចឹង​ទៅ​ណា​។ គាត់​ (​ អ្នកចោទ អ្នកស្រី ប្រាក់ សុផល ) អត់​ព្រម​តែ​ខ្លួន​គាត់​ទេ។ គាត់​ចោទ​ថា ម្ដាយ​ខ្ញុំ មនុស្ស​មិន​ត្រង់​អី អ៊ីចឹង​ណា លោកគ្រូ»។

សហគមន៍​ជម្លោះដីធ្លី​ថ្មដា ស្ថិត​នៅ​ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។ សហគមន៍​នេះ មាន​ជម្លោះដីធ្លី​រ៉ាំរ៉ៃ ជាមួយ​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព។ លោកស្រី ប្រាក់ សុផល បាន​ចេញ​មុខ​តវ៉ា​បញ្ហា​វិវាទ​ដីធ្លី​នេះ ច្រើន​ឆ្នាំ​មក​ហើយ។ បើ​ទោះ​យ៉ាងណា ពលរដ្ឋ ក្នុង​សហគមន៍​នេះ អះអាង​ថា មិនបាន​ដឹង​ពី​ទំហំ​ដី​មាន​ជម្លោះ​ប៉ុន្មាន​ពិតប្រាកដ​ទេ ដោយសារ ជម្លោះ​នោះ ជាប់​ទាក់ទង​នឹង​ពលរដ្ឋ​ច្រើន​គ្រួសារ ហើយ​គ្រួសារ​នីមួយៗ មាន​ផ្ទៃដី​វិវាទ​ខុស​ៗ​គ្នា។

កាលពី​ខែ​តុលា ឆ្នាំ​២០១៤ លោកស្រី ប្រាក់ សុផល និង​ពលរដ្ឋ​ក្នុង​សហគមន៍​ថ្មដា ជាច្រើន​នាក់ បាន​នាំគ្នា​ឡើង​មក​ដាក់​ញត្តិ​ជូន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ដើម្បី​ជួយ​អន្តរាគមន៍។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គ្មាន​ដំណោះស្រាយ​នៅឡើយ​ទេ។ លោកស្រី ប្រាក់ សុផល ប្រាប់​អាស៊ីសេរី ថា ជម្លោះដីធ្លី​នៅ​សហគមន៍​ថ្មដា ស្រុក​វាលវែង កើតឡើង​ចាប់​តាំងពី​ឆ្នាំ​២០១០ ហើយ​ជា​ញឹកញយ ពលរដ្ឋ​ត្រូវ​រត់​ចូល​ព្រៃ ដើម្បី​គេច​ចេញ​ពី​ការ​គំរាមកំហែង​របស់​ក្រុម​អាជ្ញាធរ ខណៈ​ដី​មាន​វិវាទ​ត្រូវ​បាន​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព កាង​ជាប់ និង​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អាច​ចូល​ទៅ​បង្កបង្កើនផល​បាន​ឡើយ។ លោកស្រី ប្រាក់ សុផល ធ្លាប់​ស្បថ​ដាក់​ជីវិត​នៅមុខ​រដ្ឋសភា ថា ដី​មាន​វិវាទ ជា​ដី​របស់ ពលរដ្ឋ​ក្នុង​សហគមន៍​ពិតមែន៖ «ធ្វើ​ផ្ទះ​គេ​រុះ​ចោល​ៗ គេ​យក​កម្លាំង​បរិស្ថាន​ទាំង​ឡានៗ​។ កំពុង​ច្រូតស្រូវ​ក៏​ដេញ​ដែរ​ខ្ញុំ។ ដេក​ព្រៃ​អស់ ១៣​ថ្ងៃ​ដែរ ខ្នោះ​គេ​ពីរ​កេះ​ក្នុង​មួយ​ឡានៗ មួយ​ឡាន​មួយ​កេះ​។ អ៊ីចឹង​យើង​ខ្លាច​ខ្នោះ យើង​អត់​ដឹង​ថា ច្បាប់​ជួយ​អី​យ៉ាងម៉េច​អី​យ៉ាងម៉េច​ ...»។

អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ខេត្ត​ពោធិ៍សាត់ លោកស្រី មិត្ត សាមួន ប្រាប់​ថា ខាង​អង្គការ​លីកាដូ​នៅ​ខេត្ត​ពោធិ៍សាត់ ក៏​មិនទាន់​ទទួល​បាន​មូលហេតុ​ពិតប្រាកដ នៃ​ការ​ចាប់ខ្លួន តំណាង​សហគមន៍​ថ្មដា លោកស្រី ប្រាក់ សុផល ដែរ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ដើម្បី​បញ្ជាក់​បន្ថែម​ពី​ការ​ចាប់​ខ្លួន តំណាង​សហគមន៍​ដីធ្លី លោកស្រី ប្រាក់ សុផល បានទេ នៅ​ថ្ងៃ​ទី​៥ កុម្ភៈ​។ អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព បានទេ។

តំណាង​សហគមន៍​ដីធ្លី អេស​.​អូ​.​អេស (SOS) នៅ​ភូមិ​ថ្មគោល ខណ្ឌ​ពោធិ៍សែនជ័យ លោកស្រី ច្រាយ នីម ដែល​តែង​ជួយ​គ្នា​ក្នុង​ការ​តវ៉ា ជាមួយ លោកស្រី ប្រាក់ សុផល រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​០៤ កុម្ភៈ លោកស្រី ប្រាក់ សុផល បាន​ឡើង​មក​ភ្នំពេញ ជាមួ​ពលរដ្ឋ​ក្នុង​សហគមន៍​២​នាក់​ទៀត សរុប​ទាំងអស់ មាន​គ្នា ៣​នាក់ ដើម្បី​ត្រៀម​ដាក់​ញត្តិ​ទាមទារ​សុំ​អន្តរាគមន៍​ដីធ្លី។ ប៉ុន្តែ​រង​ការ​ចាប់ខ្លួន ពី​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ នៅ​ម្ដុំ​ខណ្ឌ​ជ្រោយចង្វា ដោយ​មិន​ដឹង​ពី​មូលហេតុ​នៃ​ការ​ចាប់ខ្លួន។ លុះ​ក្រោយ​មក លោកស្រី ច្រាយ នីម លឺ​ថា ការ​ចាប់ខ្លួន​តំណាង​សហគមន៍​ដីធ្លី​ឃុំ​ថ្មដា ដោយសារតែ ឆបោក តែ​មិនបាន​បញ្ជាក់​ថា ដើមចោទ​ជា​នរណា​ទេ។

តំណាង​សហគមន៍​ដីធ្លី ភូមិ​ថ្មគោល លោកស្រី ច្រាយ នីម ហៅ​ការ​ចាប់​ខ្លួន​តំណាង​សហគមន៍​ដីធ្លី ឃុំ​ថ្មដា លោកស្រី ប្រាក់ សុផល ថា ជា​ការ​គំរាមកំហែង និង​បំភិតបំភ័យ​តំណាង​សហគមន៍​ជម្លោះដីធ្លី​ផ្សេងទៀត កុំ​ឱ្យ​ឡើង​មក​ដាក់​ញត្តិ​នៅ​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។