ពលរដ្ឋរស់នៅតំបន់បឹងកក់ ជិត១០នាក់ នាំគ្នាទៅដាក់ញត្តិនៅខុទ្ទកាល័យលោក ហ៊ុន សែន និង ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំអាជ្ញាធរ ជួយពន្លឿនផ្ដល់ដំណោះស្រាយឲ្យអ្នកបឹងកក់នៅសល់២គ្រួសារ ដែលមិនទាន់ទទួលប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី។ អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ក៏ស្នើឲ្យអាជ្ញាធរ ប្រញាប់ដោះស្រាយបញ្ចប់ជូនអ្នកបឹងកក់ដែលរង់ចាំ អស់ជាច្រើនឆ្នាំហើយ នូវកម្មសិទ្ធិកាន់កាប់ដីធ្លីរបស់ខ្លួនដោយស្របច្បាប់ និងរស់នៅដោយថ្លៃថ្នូរ។
ស្ត្រីសកម្មជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី ផាន់ ឈុនរ៉េត ថ្លែងថា អាជ្ញាធរក្រុងភ្នំពេញ បានផ្ដល់ដីនិងផ្ដល់កម្មសិទ្ធិឲ្យពលរដ្ឋនៅបឹងកក់អស់ជាច្រើនគ្រួសារហើយ។ ចំណែកដីរបស់លោកស្រីដែលមានបណ្ដោយ ៣២ម៉ែត្រ ទទឹងជាង ៧ម៉ែត្រ ក្បែរនឹងវិហារឥស្លាម នៅមិនទាន់ទទួលបានប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លី ពីសាលាក្រុងនៅឡើយ។ ហើយមួយទៀតនោះ គឺគ្រួសារ លោក ឃឹម ចាន់ថា ក៏នៅមិនទាន់ទទួលបានដំណោះស្រាយដែរ ដែលដីនិងផ្ទះរបស់គាត់ ត្រូវកប់នៅក្នុងវាលខ្សាច់ ហ៊ុមព័ទ្ធដោយដីក្រុមហ៊ុនស៊ូកាគូ របស់សមាជិកព្រឹទ្ធសភាបក្សប្រជាជនលោក ឡៅ ម៉េងឃីន។
លោកស្រី ផាន់ ឈុនរ៉េត ដែលចេញមុខតវ៉ារឿងដីធ្លីរបស់ខ្លួន ១០ឆ្នាំហើយ បន្តទៀតថា ប្លង់កម្មសិទ្ធិដីធ្លី គឺជាអាយុជីវិតរបស់គាត់ ព្រោះវាផ្នែកមួយអាចជួលសម្រាលបន្ទុករស់នៅប្រចាំថ្ងៃ តាមរយៈការដាក់ប្លង់ដីនៅធនាគារ ហើយអាចយកប្រាក់កម្ចីមកប្រកបរបរចិញ្ចឹមជីវិត៖ «ពួកខ្ញុំទៅដាក់រាល់ថ្ងៃ បានតែប្លង់មក យើងចង់ធ្វើផ្ទះក៏បាន យើងចង់យកទៅដាក់នៅធនាគារក៏បាន។ វាផ្ដល់ភាពកក់ក្ដៅមួយនៅក្នុងក្រុមគ្រួសារផង ។ ខ្ញុំពិបាកចិត្ត ខ្ញុំអត់បានប្លង់អ៊ីចឹងណា ខ្ញុំដេកពិបាកចិត្ត ខ្ញុំឈឺទៀត អ៊ីចឹង ខ្ញុំខំប្រឹងប្រែងដើម្បីបានប្លង់ដូចគេដូចឯង។ វាបានជួយយើងច្រើន ចង់ដាក់អីយកលុយមកធ្វើផ្ទះមកក៏បាន ធ្វើផ្ទះជួលផ្ទះអីទៅ ដល់យើងអត់បានប្លង់អ៊ីចឹង យើងអត់ហ៊ានធ្វើអីទាំងអស់ តែហ៊ានធ្វើគេឃាត់យើងគេមិនឲ្យយើងធ្វើទេ»។
ក្រោយពីដាក់ញត្តិនៅព្រឹក ថ្ងៃទី១៣ ខែកញ្ញា នេះ អ្នកស្រី ផាន់ ឈុនរ៉េត ថាមន្ត្រីតំណាងខុទ្ទកាល័យលោក ហ៊ុន សែន និងមន្ត្រីតំណាងឲ្យក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មិនទទួលយកញត្តិពីលោកស្រីឡើយ ដោយលើកហេតុផល ថាសរសេរខុសបែបបទរដ្ឋបាល។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា មើលឃើញថា ករណីជម្លោះដីធ្លីនៅតំបន់បឹងកក់ គួរដល់ពេលដែលអាជ្ញាធរគួរដោះស្រាយបញ្ចប់ហើយ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ យល់ថា មន្ត្រីដែលទទួលយកញត្តិពីពលរដ្ឋ គួរមានការយល់យោគនិងសម្របសម្រួល មិនគួរច្រានចោលញត្តិពលរដ្ឋបែបនោះឡើយ ប្រសិនបើមន្ត្រីរបស់រដ្ឋមានឆន្ទៈដោះស្រាយបញ្ហាជូនពលរដ្ឋ៖ «ខ្ញុំគិតថា ល្មមនឹងដល់ពេលបញ្ចប់ហើយសំណុំរឿងនេះ ព្រោះថាគាត់ម្នាក់ៗ ទន្ទឹងរង់ចាំដើម្បីឲ្យបានដំណោះស្រាយ ហើយយកប្លង់កម្មសិទ្ធិរបស់គាត់ហ្នឹង ឲ្យភាពកក់ក្ដៅ ជាម្ចាស់កម្មសិទ្ធិពេញលេញស្របច្បាប់ ដើម្បីឲ្យគាត់ប្រើប្រាស់ ដីតំបន់គាត់យកធ្វើឬក៏បែងចែងផ្សេងៗសម្រាប់កូនចៅ ដើម្បីឲ្យគាត់មានជីវភាពល្អប្រសើរដូចប្រជាពលរដ្ឋបឹងកក់ផ្សេងដែលគេបានទទួលរួចហើយកន្លងមកហ្នឹង»។
ជម្លោះដីធ្លីនៅតំបន់បឹងកក់ កើតឡើងចាប់តាំងពីឆ្នាំ២០០៧ ក្រោយរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុន ស៊ូ កាគូ របស់ឧកញ៉ា ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាបក្សប្រជាជន ធ្វើការអភិវឌ្ឍសម្រាប់រយៈពេល៩៩ឆ្នាំ ក្នុងទឹកប្រាក់ប្រមាណ៧៩លានដុល្លារសហរដ្ឋអាមេរិកលើកផ្ទៃដីជិត១៣៣ ហិកតារ។
ទាក់ទងនឹងជម្លោះដីធ្លីដ៏ចម្រូងចម្រាសមួយនេះ លោក ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈ បញ្ជាទៅសាលាក្រុងភ្នំពេញ ដោះស្រាយបញ្ចប់ជម្លោះឲ្យពលរដ្ឋ តាមរយៈនយោបាយស្បែកខ្លាដែលត្រូវឆ្វៀលដីឲ្យពលរដ្ឋនៅតំបន់បឹងកក់ដែលចង់រស់នៅ និងអភិវឌ្ឍនៅហ្នឹងកន្លែង តាមអនុក្រឹត្យលេខ១៨៣ ផ្ដល់ដីទំហំ១២,៤៤ហិកតារ កាលពីឆ្នាំ២០១១។
ប៉ុន្តែចំណាត់ការដោយមានដាក់ចេញជាអនុក្រឹត្យផងនោះ ហាក់គ្មានប្រសិទ្ធភាព ដើម្បីបញ្ចប់ជម្លោះបានទាំងស្រុងឡើយ ខណៈតំណែងអភិបាលក្រុងភ្នំពេញ ត្រូវបាន លោក ហ៊ុន សែន ដោះដូរដល់ទៅបីលើក ចាប់តាំងពីលោក កែប ជុតិមា បន្ទាប់មក លោក ប៉ា សុជាតិវង្ស រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺ លោក ឃួង ស្រេង។
ជម្លោះដីធ្លីចំកណ្ដាលក្រុងភ្នំពេញដែលអូសបន្លាយជាង១០ឆ្នាំមកនេះ បង្កផលប៉ះពាល់ដល់ពលរដ្ឋរាប់ពាន់គ្រួសារត្រូវបង្ខំអោយចាកចេញពីផ្ទះសម្បែង ហើយមនុស្សរាប់រយក្លាយជាជនរងគ្រោះ ដោយសារការពារដីធ្លីផ្ទះសម្បែងរបស់ពួកគេ ដែលរឹបអូសនិងឈូសឆាយពីសំណាក់អាជ្ញាធរក្រុងភ្នំពេញ ។ ក្នុងចំណោមអ្នកទាំងនោះ អ្នកខ្លះត្រូវរងការវាយធ្វើបាប វាយដុំ ជេរប្រមាថ និងខ្លះទៀតត្រូវបានអាជ្ញាធរចាប់ដាក់គុក ដោយសារការចេញតវ៉ា ការពារដីធ្លីរបស់ពួកគេជាច្រើនលើកច្រើនសា កាលពេលកន្លងទៅ។
សហគមន៍បឹងកក់ ឲ្យដឹងថា ពួកគេនឹងដាក់ញត្តិជាថ្មីទៀត នៅដើមសប្ដាហ៍ក្រោយ ហើយបន្តការទាមទារដំណោះស្រាយពីសាលារាជធានីភ្នំពេញ និងស្ថាប័នជាតិពាក់ព័ន្ធផ្សេងទៀត លុះត្រាតែគ្រួសារអ្នកស្រី ផាន ឈុនរ៉េត និងលោក ឃឹម ចាន់ថា ទទួលបានប្លង់កម្មសិទ្ធិដីធ្លីស្របតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
