ពលរដ្ឋបឹងតាមោក សោកស្ដាយចំពោះមន្ត្រីប្រចាំព្រះខុទ្ទកាល័យព្រះមហាក្សត្រ ដែលមិនចេញមកទទួលញត្តិរបស់ពួកគាត់
2024.03.18
ពលរដ្ឋបឹងតាមោក សោកស្ដាយចំពោះមន្ត្រីប្រចាំព្រះខុទ្ទកាល័យព្រះមហាក្សត្រ ដែលមិនចេញមកទទួលញត្តិរបស់ពួកគាត់។
ការលើកឡើងនេះ ក្រោយពីពលរដ្ឋ យុវជន និងព្រះសង្ឃជិត១រយនាក់ នៅរសៀលថ្ងៃទី១៨ មីនា ហែញត្តិទៅថ្វាយអង្គព្រះមហាក្សត្រ ដើម្បីស្នើសុំព្រះអង្គ ធ្វើអន្តរាគមន៍កុំឲ្យអាជ្ញាធរបណ្ដេញពលរដ្ឋបឹងតាមោក ចេញពីលំនៅឋានដោយបង្ខំ។
មន្ត្រីអង្គការសង្គមស៊ីវិលថា ដើម្បីបង្ហាញអំពីសីលធម៌ ក្នុងនាមជាមន្ត្រីទទួលបន្ទុកប្រចាំការនៅព្រះខុទ្ទកាល័យព្រះមហាក្សត្រ គួរតែទទួលញត្តិពីពលរដ្ឋ ។
តំណាងពលរដ្ឋបឹងតាមោក លោកស្រី ស៊ា ដាវី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ មីនាថា ការដាក់ញត្តិនៅព្រះខុទ្ទកាល័យព្រះមហាក្សត្រនេះ គឺដោយសារតែ កាលពីពេលកន្លងទៅ សហគមន៍សំរោងត្បូង ធ្លាប់ដើរដាក់ញត្តិតាមស្ថាប័ននានា ដូចជា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រសួងដែនដី និងសាលារាជធានីភ្នំពេញជាដើម ប៉ុន្តែ គ្មានដំណោះស្រាយណាមួយ ដែលអាចទទួលយកបាននោះទេ។
លោកស្រី ស៊ា ដាវី៖ «ពួកបងជាប្រជាពលរដ្ឋទាំងអស់គ្នា ពួកបងសោកស្ដាយ ក៏ដូចជា ឈឺចាប់មែនទែន ដែលមន្ត្រីប្រចាំការនៅក្នុងព្រះបរមរាជវាំងនេះ មិនព្រមទទួលញត្តិរបស់ពួកបង ទោះបីជាទទួលហើយ ទៅថ្វាយព្រះមហាក្សត្រទ្រង់ដោះស្រាយ ឬមិនដោះស្រាយ ប៉ុន្តែ សុំឲ្យទទួលនូវទុក្ខកង្វល់របស់ពួកបងទៅឲ្យព្រះអង្គបានឃើញផង។ ប៉ុន្តែ នេះ អត់ទទួលទាល់តែសោះ។ អ៊ីចឹង ពួកបងសោកស្ដាយ ខកចិត្តនឹងមន្ត្រីទាំងអស់ហ្នឹងមែនទែន»។
កាលលើកឡើងនេះ នៅពេល ដែលពលរដ្ឋនៅតំបន់បឹងតាមោក យុវជន សកម្មជនចលនាមាតាធម្មជាតិ កូដករណាហ្គាវើលដ៍ និងព្រះសង្ឃជិត ១រយអង្គ/នាក់ បានជួបជុំគ្នា នៅមាត់ទន្លេចតុមុខ ដែលស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយបានធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់ផ្សារធំៗ ចំនួន២ គឺផ្សារចាស់ និងផ្សារកណ្ដាល ដើម្បីហែញត្តិតាមដងផ្លូវទៅកាន់ព្រះខុទ្ទកាល័យព្រះមហាក្សត្រ។
ចំណែកឯខ្លឹមសារ នៃញត្តិវិញ សហគមន៍សំរោងត្បូងឲ្យដឹងថា ពួកគាត់បានរៀបរាប់អំពីពលរដ្ឋចំនួន១១២ គ្រួសារ ដែលរស់នៅតំបន់បឹងតាមោក តាំងពីឆ្នាំ១៩៩០ មុនពេលច្បាប់ភូមិបាលចូលជាធរមានទៅទៀត។ ប៉ុន្តែ នៅពេលនេះ ពួកគាត់ត្រូវបានអ្នកកាន់អំណាច បណ្ដេញពួកគាត់ចេញដោយបង្ខំ ហើយយកដីបឹងនោះ ទៅចែកបក្សពួកគេទៅវិញ។ សហគមន៍ឲ្យដឹងទៀតថា ពួកគាត់នៅចាំព្រះរាជបន្ទូលរបស់អង្គព្រះមហាក្សត្រ កាលពីឆ្នាំ២០០៥ នៅពេលព្រះអង្គយាងទតការរស់នៅរបស់ពលរដ្ឋនៅតំបន់បឹងតាមោក ថា «រស់នៅចុះកូន ឪមិនដេញកូនទេ»។
ប្រភពដដែលឲ្យដឹងថា ក្រោយអស់សង្ឃឹមក្នុងការរង់ចាំដំណោះស្រាយពីស្ថាប័នរដ្ឋ រួមមាន សាលាខណ្ឌ សាលាក្រុង រដ្ឋសភា និងពីនាយករដ្ឋមន្ត្រី ប្រជាសហគមន៍សំរោងត្បូង គ្មានជម្រើសអ្វីក្រៅពីក្រាបទូលព្រះមហាក្សត្រ ដើម្បីឲ្យទ្រង់ជួយធ្វើអន្តរាគមន៍ ដោយអនុញ្ញាតឲ្យប្រជាសហគមន៍សំរោងត្បូង បានរស់នៅលើដី និងផ្ទះរបស់ពួកគាត់បន្តទៀត។
ការហែញត្តិនេះ ពលរដ្ឋ និងយុវជន បានកាន់រូបថតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងសម្ដេចព្រះមហាក្សត្រី ព្រមទាំងស្រែកទាមទារឲ្យរដ្ឋាភិបាលអាណត្តិថ្មី កុំបន្តអភិវឌ្ឍន៍នៅលើទឹកភ្នែករបស់រាស្រ្ត។
ការហែញត្តិនេះដែរ ត្រូវបានឃ្លាំមើលដោយមន្ត្រីអង្គការសិទ្ធិមនុស្ស និងអាជ្ញាធរ ដែលមានស្លៀកពាក់ឯកសណ្ឋាន និងស៊ីវិល តាមថតរូបអ្នក ដែលបានចូលរួម។
ក្រោយពីមន្ត្រីព្រះខុទ្ទកាល័យព្រះមហាក្សត្រមិនចេញមកទទួលញត្តិ ពលរដ្ឋ បានរៀបចំសែនព្រេន នៅខាងមុខខុទ្ទកាល័យ ដើម្បីថ្វាយញត្តិដល់អតីតព្រះមហាក្សត្រអង្គមុនៗ ដើម្បីទ្រង់ទតឃើញអំពីទុក្ខវេទនារបស់ប្រជាសហគមន៍សំរោងត្បូង ដែលត្រូវបណ្ដេញចេញដោយបង្ខំ ក្រោមលេសអភិវឌ្ឍ។
ជុំវិញរឿងនេះ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ មានប្រសាសន៍ថា មន្ត្រីប្រចាំការនៅព្រះខុទ្ទកាល័យព្រះមហាក្សត្រ គួរតែទទួលយកញត្តិពីពលរដ្ឋ ដើម្បីបង្ហាញអំពីសីលធម៌ ក្នុងនាមជាមន្ត្រី។
លោក កើត សារ៉ាយ៖ «ការដាក់លិខិតទៅនោះ វាគ្រាន់តែជាបែបបទរដ្ឋបាល តាមបែបសីលធម៌រដ្ឋបាលនោះគឺ ខុទ្ទកាល័យគួរតែទទួល ឯរឿងដោះស្រាយ ឬមិនដោះស្រាយ រឿងយកចិត្តទុកដាក់ ឬមិនយកចិត្តទុកដាក់ វាជាឆន្ទានុសិទ្ធិរបស់ព្រះមហាក្សត្រថា តើទ្រង់ក្រោយពីបានពិនិត្យសុខទុក្ខរបស់ប្រជាពលរដ្ឋហ្នឹង តើទ្រង់ចង់ដោះស្រាយទេ ឬមិនចង់ដោះស្រាយទេ? ដូច្នេះ ការបដិសេធមិនទទួលយកតែម្ដងនេះ វាជាការបង្ហាញពីការមិនទទួលខុសត្រូវក្នុងនាមជាអ្នកទទួលខុសត្រូវផ្នែករដ្ឋបាលក្នុងខុទ្ទកាល័យ»។
ជម្លោះដីធ្លីរ៉ាំរ៉ៃ របស់ពលរដ្ឋរស់នៅតំបន់បឹងតាមោក កើតឡើងក្រោយពីអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រគល់ដីនៅតំបន់នោះ ឱ្យទៅអ្នកមានលុយមានអំណាចជាបន្តបន្ទាប់ សម្រាប់ប្រើប្រាស់ក្នុងគោលដៅផ្សេងៗ គ្នា។ ចំណែកពលរដ្ឋត្រូវបានបណ្ដេញដោយបង្ខំ។ បើទោះជាពលរដ្ឋទាំងនោះ ព្យាយាមតវ៉ា និងដើរដាក់ញត្តិរាប់មិនអស់ នៅតាមក្រសួងស្ថាប័នថ្នាក់ជាតិ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ក្ដី ប៉ុន្តែ មិនទទួលបានដំណោះស្រាយឡើយ និងថែមទាំងទទួលរងការធ្វើទុក្ខបុកម្នេញ យាយី និងអំពើហិង្សាពីសំណាក់អាជ្ញាធរ រួមទាំង ការចោទប្រកាន់ពីតុលាការ រហូតដល់ពលរដ្ឋមួយចំនួនត្រូវបង្ខំចិត្តចាកចេញពីប្រទេស ដើម្បីទៅរកទីកន្លែងសុវត្ថិភាពទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។