អ្នក​បឹងកក់​ដាក់​ញត្តិ​សុំ​បញ្ចប់​ជម្លោះ​ដី​នៅ​ភូមិ​២២​និង​ទាមទារ​ដោះលែង​អ្នកស្រី ទេព វន្នី

ដោយ សន ចាន់រដ្ឋា
2018-01-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ស្រែក​រក​យុត្តិធម៌​ក្រោយ​ចេញ​ពី​សវនាការ​សាលា​ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Sorn Chanratha
សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ស្រែក​រក​យុត្តិធម៌​ក្រោយ​ចេញ​ពី​សវនាការ​សាលា​ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Sorn Chanratha
RFA/Sorn Chanratha

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ បាន​ដាក់​ញត្តិ​ជា​ថ្មី​ដើម្បី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ឲ្យ​អស់​នៅ​ភូមិ​២២ ក្នុង​តំបន់​បឹងកក់ និង​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ជួយ​អន្តរាគមន៍​ឲ្យ​តុលាការ​ដោះលែង​តំណាង​ពួកគេ គឺ​អ្នកស្រី ទេព វន្នី។

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​អះអាង​ថា មន្ត្រី​សាលាក្រុង​ភ្នំពេញ​សន្យា​ថា នឹង​យក​ញត្តិ​របស់​ពួកគេ​បញ្ជូន​ទៅ​អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង តាម​សំណើ​របស់​ពលរដ្ឋ​នៅ​ភូមិ​២២ ក្នុង​តំបន់​បឹងកក់។

ពលរដ្ឋ​បឹងកក់ ម្នាក់ ដែល​ចូលរួម​ដាក់​ញត្តិ គឺ​អ្នកស្រី ប៉ូ ឆវី ឲ្យ​ដឹង​ថា ញត្តិ​ដែល​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ដាក់​ជូន​អភិបាល​ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ មករា នោះ មាន​ពីរ​ចំណុច គឺ​ទី​១ ជួយ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដី​នៅ​ភូមិ​២២ និង​ទី​២ ស្នើ​សុំ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ជួយ​អន្តរាគមន៍​ទៅ​មន្ត្រី​តុលាការ​កំពូល ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ៖ «»។

សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវ​បាន​ចៅក្រម​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​កន្លះ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​លើ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣។

​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៧ ​ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​ ​លោក ង៉ែត សារ៉ាត់ ចោទ​​អ្នកស្រី ទេព វន្នី មួយ​ករណី​ផ្សេង​ទៀត ថា​បាន​នាំ​បក្សពួក​ទៅ​ដាក់​ញត្តិ​នៅ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ​និង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ទី​នោះ ក៏ប៉ុន្តែ​អ្នកស្រី ទេព វន្នី បាន​បដិសេធ​ជា​បន្តបន្ទាប់។

ការ​ប្រើប្រាស់​ចំណាត់​ការ​តុលាការ​ក្នុង​ករណី​ការ​ចាប់ និង​ឃុំ​ខ្លួន​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវ​បាន​អង្គការ​ជាតិ និង​អន្តរជាតិ​រិះគន់​យ៉ាង​ចាស់ដៃ។

​បណ្ដាញ​ភាពជា​មេដឹកនាំ​ស្ត្រី​សកល នៃ​អង្គការ​វ៉ាយថល វ៉យស៍ (Vital Voices) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧ សន្យា​ថា នឹង​បន្ត​ឃ្លាំមើល​ករណី​អ្នកស្រី ទេព វន្នី និង​សហគមន៍​បឹងកក់ យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត។

លោកស្រី ផាន់ ឈុនរ៉េត និង​ស្វាមី ថ្លែង​ការពារ​មិន​ឲ្យ​អាជ្ញាធរ​រុះរើ​ផ្ទះ​លោកស្រី​ចេញ​ពី​តំបន់​បឹងកក់ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៦។
លោកស្រី ផាន់ ឈុនរ៉េត និង​ស្វាមី ថ្លែង​ការពារ​មិន​ឲ្យ​អាជ្ញាធរ​រុះរើ​ផ្ទះ​លោកស្រី​ចេញ​ពី​តំបន់​បឹងកក់ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៦។ Photo: RFA

អង្គការ Vital Voices ប្ដេជ្ញា​ថា ពួកគេ​នឹង​នៅ​តែ​បន្ត​ពាំនាំ​រឿងរ៉ាវ​របស់​អ្នកស្រី ហើយ​និង​រឿងរ៉ាវ​នៃ​ពលរដ្ឋ​ក្នុង​សហគមន៍​អ្នកស្រី​ទៅ​ប្រាប់​ពិភពលោក និង​មនុស្ស​គ្រប់​គ្នា​ឲ្យ​បាន​ដឹង​ឮ​ពី​សេចក្ដី​ក្លាហាន​របស់​អ្នកស្រី ទេព វន្នី។

អ្នកស្រី ទេព វន្នី ត្រូវ​បាន​អង្គការ Vital Voices ប្រគល់​ពាន​រង្វាន់​ភាព​ជា​អ្នកដឹកនាំ​សាកល​ឆ្នាំ​២០១៣ និង​ផ្ដល់​កិត្តិយស​ឲ្យ​ធ្វើ​ជា​សមាជិក​បណ្ដាញ​ភាព​ជា​អ្នកដឹកនាំ​សាកល​របស់​អង្គការ Vital Voices។

​ទាក់ទង​នឹង​រឿង​ដី​មាន​ជម្លោះ​នៅ​ភូមិ​២២​វិញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ អាជ្ញាធរ​រាជធានី​ភ្នំពេញ ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​រាប់​ឆ្នាំ​នៅ​តំបន់​បឹងកក់ ចំនួន ២២​គ្រួសារ ក្រោយ​ពួកគេ​ចេញ​តវ៉ា​ជា​ច្រើន​ឆ្នាំ។

សហគមន៍​បញ្ជាក់​ថា នៅ​សល់​ពលរដ្ឋ​ជិត ២០​គ្រួសារ​ទៀត​ដែល​មិន​ទាន់​ទទួល​បាន​ការ​ដោះស្រាយ និង​ទទួល​ប្លង់ ប៉ុន្តែ​តួលេខ​ពី​សាលា​រាជធានី​ប្រាប់​ពលរដ្ឋ​ថា នៅ​សល់​តែ ៧​គ្រួសារ​ទៀត​ប៉ុណ្ណោះ។ ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​តំបន់​បឹងកក់ ដែល​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ប្ដេជ្ញា​ថា ពួកគេ​នៅតែ​ចូលរួម​ក្នុង​ការ​តស៊ូ​ទាមទារ​ដី​របស់​អ្នក​បឹងកក់ ពី​អាជ្ញាធរ​មក​វិញ។ អ្នក​ដែល​តវ៉ា​បាន​ដីធ្លី​មក​វិញ ហៅ​លទ្ធផល​នេះ​ថា ជា​ការ​ប្រឹងប្រែង​តស៊ូ​ទាមទារ​ដី​របស់​ពួកគេ​មក​វិញ។

​អ្នក​បឹងកក់​អះអាង​ថា ដី​នោះ​មិន​មែន​សាលាក្រុង​ផ្ដល់​ឲ្យ​នោះ​ទេ តាម​ពិត​ដី​មាន​ជម្លោះ​ជា​ដី​របស់​ពួកគេ​តាំង​ពី​ដើម​មក ប៉ុន្តែ​ក្រុមហ៊ុន​បាន​ទៅ​រំលោភ​បំពាន​ដី​របស់​ពួកគាត់​ក្រោម​លេស​ថា អភិវឌ្ឍន៍។

​អ្នកភូមិ​២២ ក្នុង​តំបន់​បឹងកក់​ម្នាក់​ដែល​មិន​ទាន់​ទទួល​បាន​សំណង​ ​និង​ធ្លាប់​ជាប់​ពន្ធនាគារ ៣​ដង ដោយសារ​ការ​តវ៉ា​ទាមទារ​ដីធ្លី គឺ​អ្នកស្រី ផាន់ ឈុនរ៉េត ចាត់​ទុក​ការ​ចេញ​មក​ទទួល​ញត្តិ និង​សន្យា​ខិតខំ​បន្ត​ដោះស្រាយ ជា​បញ្ហា​ច្រំ​ដែល។ អ្នកស្រី ផាន់ ឈុនរ៉េត បន្ត​ថា មន្ត្រី​សាលាក្រុង​បាន​សន្យា​ចុះ​ទៅ​ពិនិត្យ​មើល​ដី​អ្នកស្រី​ផ្ទាល់៖ «»។

តំបន់​បឹងកក់ ស្ថិត​នៅ​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ មាន​ផ្ទៃដី​សរុប​ប្រមាណ ១៣៣​ហិកតារ ក្នុង​នោះ​មាន ៩០​ហិកតារ​ជា​ផ្ទៃ​បឹង។

កាល​ពី​ឆ្នាំ​២០០៧ រដ្ឋាភិបាល​បាន​ចុះ​កិច្ចសន្យា​ជួល​ដី​តំបន់​នេះ ក្នុង​រយៈពេល ៩៩​ឆ្នាំ​ដល់​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) ទៅ​ឲ្យ​សេដ្ឋី​ម្នាក់​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ឧកញ៉ា ឡាវ ម៉េងឃីន ក្នុង​តម្លៃ​ប្រមាណ ៧៩​លាន​ដុល្លារ។ ប្រជាជន​ប្រមាណ ៤.២៥២​គ្រួសារ​ត្រូវ​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​នេះ។

​តាម​ផែនការ​អភិវឌ្ឍន៍​ដែល​ទទួល​មាន​ការ​ឯកភាព​ពី​សាលា​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៤ ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ កំពុង​ប្រែក្លាយ​តំបន់​បឹងកក់ ឲ្យ​ទៅ​ជា​ទីក្រុង​រណប​មួយ​ដែល​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផ្សារ​ទំនើប លំនៅឋាន សណ្ឋាគារ សាល​សន្និសីទ និង​អគារ​ផ្សេងៗ​ទៀត។

ដើម្បី​ឈាន​ដល់​ចំណុច​អភិវឌ្ឍន៍​ទាំង​នេះ ក្រុមហ៊ុន​ស៊ូកាគូ និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ថា បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ម្ចាស់​ដី បង្ខំ​ឲ្យ​ចាកចេញ​ដើម្បី​យក​ទីតាំង​ឲ្យ​ឧកញ៉ា​រក​ស៊ី។

​អ្នកនាំពាក្យ​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ទទូច​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ បញ្ចប់​ទំនាស់​រ៉ាំរ៉ៃ នៅ​តំបន់​បឹងកក់។ លោក ស៊ឹង សែនករុណា យល់​ថា ល្មម​ដល់​ពេល​ដែល​ត្រូវ​បញ្ចប់​ជម្លោះ​ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​ទទួល​យក​បាន ហើយ​អាជ្ញាធរ​នឹង​លែង​ឈឺ​ក្បាល​ត​ទៅ​ទៀត៖ «»។

ចំណែក​ករណី​ទាមទារ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​ដោះលែង​សកម្មជន​ដីធ្លី អ្នកស្រី ទេព វន្នី លោក ស៊ឹង សែនករុណា សំណូមពរ​ឲ្យ​អាជ្ញាធរ ឬ​មន្ត្រី​តុលាការ ពិចារណា​ក្នុងការ​ដោះលែង អ្នកស្រី ទេព វន្នី។ សមាគម​សិទ្ធិមនុស្ស​អាដហុក យល់​ថា អ្នកស្រី ទេព វន្នី ជាប់​ពន្ធនាគារ​ដោយសារ​អ្នកស្រី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ទាំង ៥​រូប នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក មិន​មែន​ជា​ករណី​អ្នកស្រី ទេព វន្នី មាន​សមត្ថភាព​ប្រើ​ហិង្សា​ទៅ​លើ​ក្រុម​សន្តិសុខ​ខណ្ឌ ដែល​ពោរពេញ​ដោយ​កម្លាំង​នោះ​ទេ៖ «»។

អ្នកស្រី ទេព វន្នី នឹង​ត្រូវ​ឡើង​សវនាការ​នៅ​តុលាការ​កំពូល​ ​នៅ​ថ្ងៃ​ទី​៧ ខែ​​កុម្ភៈ។ ពលរដ្ឋ​មាន​ជម្លោះ​នៅ​បឹងកក់ អះអាង​ថា នឹង​នាំ​គ្នា​ឃ្លាំមើល​សវនាការ​នោះ ខណៈ​ដែល​ពួកគេ​ទាមទារ​យ៉ាង​ទទូច​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​ពួកគេ​ជាបន្ទាន់ ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល