ពលរដ្ឋ​នៅ​តំបន់​បុរីកីឡា​តវ៉ា​បណ្ដេញ​គ្រឿងចក្រ​មិន​ឲ្យ​ចូល​ឈូស​ឆាយ​ដី​មាន​ជម្លោះ

ដោយ វ៉ែន សុមេធ
2018-02-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាជ្ញាធរ​បំបែក​ពលរដ្ឋ​អតីត​អ្នក​បុរីកីឡា ដែល​ចូល​ទៅ​រស់​នៅ​ក្នុង​អគារ​បុរីកីឡា​ចាស់​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។
អាជ្ញាធរ​បំបែក​ពលរដ្ឋ​អតីត​អ្នក​បុរីកីឡា ដែល​ចូល​ទៅ​រស់​នៅ​ក្នុង​អគារ​បុរីកីឡា​ចាស់​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។
RFA

ពលរដ្ឋ​រស់​នៅ​តំបន់​ដី​មាន​ជម្លោះ​ក្នុង​សហគមន៍​បុរីកីឡា ក្នុង​ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ បាន​តវ៉ា​ហាមឃាត់​មិន​ឲ្យ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន​មួយ ចូល​ឈូស​ឆាយ​ក្នុង​តំបន់​ដី​មាន​ជម្លោះ​ទេ។ ពលរដ្ឋ​អះអាង​ថា ប្រសិនបើ​អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ​ជម្លោះ​ដីធ្លី​ទេ ពួកគេ​នឹង​តវ៉ា​មិន​អនុញ្ញាត​ឲ្យ​គ្រឿងចក្រ​ចូល​សាងសង់​លើ​ដី​មាន​ជម្លោះ​ឡើយ។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា​ម្នាក់ គឺ​អ្នកស្រី យិន ស្រិន ប្រាប់​ថា ពលរដ្ឋ​បាន​តវ៉ា​បណ្ដេញ​គ្រឿងចក្រ​ទាំង​នោះ​ចេញ​ពី​ដី​មាន​ជម្លោះ​ក្នុង​សហគមន៍​បុរីកីឡា រួច​រាល់​ហើយ កាល​ពី​វេលា​ម៉ោង ៤​ល្ងាច ថ្ងៃ​អង្គារ ទី​២៧ ខែ​កុម្ភៈ។ ស្ត្រី​រងគ្រោះ​ដីធ្លី​ដែល​បាន​ធ្លាក់​ខ្លួន​ប្រកប​របរ​រើស​អេតចាយ​ដោយសារ​តែ​ជម្លោះ​ដីធ្លី​រូប​នេះ​ប្ដេជ្ញា​ថា ប្រសិនបើ​ពលរដ្ឋ​បុរីកីឡា មិន​ទាន់​ទទួល​បាន​សំណង​មក​វិញ​ទេ ពួកគេ​នឹង​មិន​ព្រម​ឲ្យ​ក្រុមហ៊ុន​សាងសង់​អ្វី​បន្ថែម​ទៀត​លើ​ដី​មាន​ជម្លោះ​នោះ​ទេ៖ «មិន​ទាន់​សង់​ផ្ទះ​ផង​មក​ចង់​​ដាក់​អីវ៉ាន់​មក​បុក​គ្រឹះ​ទៀត ខ្ញុំ​ម៉េច​ព្រម​ឲ្យ​ពួក​ខ្ញុំ​រហេមរហាម​ទៀត ពួក​ខ្ញុំ​មិន​ព្រម​ទេ។ ឥឡូវ​ខ្ញុំ​មិន​ឲ្យ​ពួក​អស់​លោក​ឯង​ ស្រួល​ទេ។ ឥឡូវ​ហ្នឹង​ចេះ ចុះ​លោក​ឯង​ឲ្យ​មេ​ពួក​អស់​លោក​ឯង​ចេញ​មុខ​មក​ដោះស្រាយ​បញ្ហា​អោយ​ពួក​ខ្ញុំ​ឲ្យ​អស់​សិន​មក ចាំ​ពួក​អស់​ឯង​មក​ចង់​បុក​គ្រឹះ ឬ​មួយ​ក៏​ចង់​ធ្វើ​អី​ក៏​ធ្វើ​ទៅ ខ្ញុំ​ចាំ​តែ​ទទួល​យក​កា​សង​ផ្ទះ​​ខ្ញុំ សង​ដី​ខ្ញុំ​វិញ​ទេ ខ្ញុំ​បាន ខ្ញុំ​ដើរ​ចេញ​ហើយ ចង់​លោក​ឯង​ធ្វើ​អី​ធ្វើ​តាម​ចិត្ត​ចុះ»

ពលរដ្ឋ​រស់​នៅ​សហគមន៍​បុរីកីឡា មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) របស់​អ្នកស្រី ស៊ុយ សុផាន តាំង​ពី​ឆ្នាំ​២០១០ មក​ម្ល៉េះ។ ចាប់​ពី​ពេល​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​បុរីកីឡា របស់​អ្នកស្រី ស៊ុយ សុផាន បាន​ចូល​ទៅ​អភិវឌ្ឍ​នៅ​ទី​នោះ​មក​ជា​រឿយៗ ពលរដ្ឋ​ដែល​អះអាង​ថា ជា​ម្ចាស់​ដី​ត្រូវ​រង​ការ​សម្លុត គំរាម និង​វាយ​ដំ​ជា​ច្រើន​ដង។ កាល​ពី​ឆ្នាំ​២០១២ ពួកគាត់​រង​ការ​ឈូស​ឆាយ​កម្ទេច​ផ្ទះ និង​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ។ ពលរដ្ឋ​មួយ​ចំនួន​ធំ​ដែល​ធ្លាប់​រស់​កណ្ដាល​ក្រុង​ភ្នំពេញ ក្នុង​តំបន់​បុរីកីឡា ត្រូវ​បាន​បង្ខំ​ឲ្យ​ទៅ​រស់​នៅ​ទី​ដាច់ស្រយាល ដូចជា​តំបន់​ភ្នំ​បាត នៅ​ខេត្ត​កំពង់ស្ពឺ និង​លើ​ប្រឡាយ​ទឹក​ស្អុយ​នៅ​ភូមិ​អណ្ដូង ជាយ​រាជធានី​ភ្នំពេញ ជាដើម។

អ្នក​មាន​ជម្លោះ​ដីធ្លី​ប្រាប់​ថា បច្ចុប្បន្ន​ពលរដ្ឋ​ដែល​ជម្នះ​មិន​ព្រម​ចាកចេញ​ពី​តំបន់​បុរីកីឡា សល់ ២​ក្រុម គឺ​ក្រុម ៩​គ្រួសារ និង​ក្រុម​ជាង ២០​គ្រួសារ។ ក្រុម ៩​គ្រួសារ គឺ​ជា​ក្រុម​ដែល​តែង​ចេញ​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ និង​ក្រុម​ជាង ២០​គ្រួសារ ជា​ក្រុម​ដែល​ត្រូវ​ឃ្លាំមើល​នៅ​ទីតាំង​បុរីកីឡា ខ្លាច​ក្រែង​ក្រុមហ៊ុន​យក​គ្រឿងចក្រ​មក​រំលោភ​បំពាន​ម្ដង​ទៀត។ ពួកគេ​បច្ចុប្បន្ន​រស់​នៅ​បែប​ជន​អនាថា​លើ​ដី​របស់​ខ្លួន​ឯង ដោយ​បោះតង់​នៅ និង​ដេក​តាម​សំយាប​ផ្ទះ​គេ។ អ្នក​ខ្លះ​ប្រកប​របរ​ស៊ី​ឈ្នួល​គេ និង​ខ្លះ​ទៀត​រើស​អេតចាយ ខណៈ​ដែល​ពួកគាត់​អះអាង​ថា កូនប្រុស​ស្រី​ជា​ច្រើន​បាន​បោះ​បង់​ចោល​ការ​សិក្សា​ដើម្បី​ស៊ី​ឈ្នួល​គេ​ចិញ្ចឹម​គ្រួសារ។

​អ្នកស្រី យិន ស្រិន ប្រាប់​ថា កាល​ពី​ថ្ងៃ​ទី​២៣ និង​ទី​២៤ ខែ​កុម្ភៈ ពួកគាត់​បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ភូមិគ្រឹះ​អ្នកស្រី ស៊ុយ សុផាន ដោយ​ស្រែក​ទាមទារ និង​យក​ឆ្នាំង​ទៅ​វាយ​ដើម្បី​បំពង​សំឡេង​ទាមទារ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច ចេញ​មុខ​ដោះស្រាយ​សំណង​ដល់​ពួកគាត់។ ជា​លទ្ធផល​មក​វិញ អ្នកស្រី អះអាង​ថា អ្នក​យាម​ភូមិគ្រឹះ​អ្នកស្រី ស៊ុយ សុផាន បាន​វាយ​ពួក​គាត់​រង​របួស។ អ្នក​ភូមិ​បុរីកីឡា បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច​រួច​រាល់​ហើយ។ ពួកគេ​អះអាង​ថា នឹង​ត្រឡប់​ទៅ​តវ៉ា​នៅ​មុខ​ភូមិគ្រឹះ​អ្នកស្រី ស៊ុយ សុផាន បន្ត​ទៀត ដោយ​មិន​ខ្លាច​ការ​វាយ​ធ្វើ​បាប​​នោះ​ទេ។

មន្ត្រី​ជាន់​ខ្ពស់​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យី សុខសាន្ដ ប្រាប់​ថា ខាង​សង្គម​ស៊ីវិល​មិន​ទាន់​ដឹង​អំពី​ករណី​ក្រុមហ៊ុន​ចិន យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​មាន​ជម្លោះ​នៅ​បុរីកីឡា​នៅ​ឡើយ​ទេ។ ប៉ុន្តែ លោក​ទទូច​ឲ្យ​អាជ្ញាធរ និង​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី ចូល​តុ​ចរចា​គ្នា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ។ លោក យី សុខសាន្ដ បន្ត​ថា ការ​ស្វែង​រក​ដំណោះស្រាយ​ក្នុង​តុ​ចរចា​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​មាន​ការ​យល់​ព្រម​ពី​គ្រប់​ភាគី មិន​មែន​ជា​ការ​ចរចា​តាម​បែប​ចាប់​បង្ខំ​ឲ្យ​ទទួល​យក ឬ​ត្រូវ​តែ​សង​តាម​តម្លៃ​ទាមទារ​ទេ៖ «ដើម្បី​ចរចា​គ្នា​បាន​ទាល់​តែ​ភាគី​ទាំង​សង​ខាង​ចូល​តុ​ជជែក​គ្នា ហើយ​ពាក្យ​ថា ចរចា​មិន​មែន​ដាក់​ដូច​លក្ខខណ្ឌ​ទេ ទាល់​តែ​ភាគី​ម្ខាងៗ​ដាក់​ការ​ចរចា​ឡើង​ចុះ​អី​គ្នា ទាប ខ្ពស់ អី​នោះ បើ​មិន​អ៊ីចឹង​ទេ មិន​ត្រូវ​គ្នា​ទេ។ ជាក់ស្ដែង​សង្គម​ស៊ីវិល​ពួក​យើង​ខ្ញុំ​បាន​ចូល​រូម​ជួយ​ដោះស្រាយ តាំង​ពី​រាប់​រយ​គ្រួសារ​មក​នៅ​ត្រឹម ១០​គ្រួសារ​នៅ​ពេល​នេះ ហើយ​យើង​ចង់​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ចប់​ទៅ​ដើម្បី​កុំ​ឲ្យ​មាន​ការ​លំបាក​ដល់​ពួកគាត់​អី​ទៀត​ណា»

​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាជ្ញាធរ​ដែល​មាន​ឆន្ទៈ​ចង់​ដោះស្រាយ​សំណង​ជាមួយ​ពលរដ្ឋ​គួរ​យក​គំរូ​តាម​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ដែល​ប្រើប្រាស់​យន្តការ​តែមួយ​ក្នុង​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដូច​នៅ​អគារ​ប៊ូឌីង។ សង្គម​ស៊ីវិល​ថា អាជ្ញាធរ​មិន​គួរ​ប្រើប្រាស់​វិធីសាស្ត្រ​ដោះស្រាយ​ម្ដង​មួយ​គ្រួសារ ឬ​ប្រើ​ការ​ចរចា​តែ​លើ​សម្ដី​ដោយ​គ្មាន​យន្តការ​ច្បាស់លាស់​ជាមួយ​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នៅ​បុរីកីឡា នោះ​ទេ។ សង្គម​ស៊ីវិល​ហៅ​ការ​ដោះស្រាយ​បែប​នេះ​ថា​ជា​ការ​ឆ្លៀត​ឱកាស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល