អតីត​ពលរដ្ឋ​បុរីកីឡា​ និង​បឹងកក់​តវ៉ា​រួមគ្នា​​មុខ​ផ្ទះ​ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច ​និង​គណៈរដ្ឋមន្ត្រី

ដោយ តាំង សារ៉ាដា
2018-06-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ស្ត្រី​រស់​នៅ​ក្នុង​សហគមន៍​បុរីកីឡា ដែល​មាន​ជម្លោះ​ដីធ្លី តវ៉ា​នៅ​មុខ​ផ្ទះ​វីឡា​របស់​អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន ផានអ៊ីម៉ិច ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧។
ក្រុម​ស្ត្រី​រស់​នៅ​ក្នុង​សហគមន៍​បុរីកីឡា ដែល​មាន​ជម្លោះ​ដីធ្លី តវ៉ា​នៅ​មុខ​ផ្ទះ​វីឡា​របស់​អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន ផានអ៊ីម៉ិច ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧។
Photo provided

អតីត​ពលរដ្ឋ​បុរី​កីឡា និង​អតីត​ពលរដ្ឋ​បឹងកក់ នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា តវ៉ា​រួមគ្នា​នៅមុខ​ផ្ទះ​អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន ផាន អ៊ីម៉ិច និង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ព្រមទាំង​ធ្វើ​ពិធី​ដាក់​បណ្ដាសា​នៅ​តំបន់​បឹងកក់ បន្ទាប់ពី​គ្មាន​ដំណោះស្រាយ​ជាច្រើន​ឆ្នាំ​មក​ហើយ បណ្តាល​ឲ្យ​ពួកគាត់​ជួប​ការ វេទនា​គ្រប់បែប​យ៉ាង។ មន្ត្រី​សិទ្ធិមនុស្ស យល់​ថា ក្រុមហ៊ុន និង​អាជ្ញាធរ គួរតែ​បន្ត​រក​ដំណោះ​បញ្ចប់​ជម្លោះ​តំបន់​បុរី​កីឡា និង​បឹងកក់​ដែល​នៅ​សេសសល់​តិច​តូច ដើម្បី​កុំ​ឲ្យ​កាន់តែ​អាក្រក់​មើល និង មាន​បញ្ហា​ផ្សេងៗ​ទៀត។

ការ​ចេញ​តវ៉ា​រួមគ្នា​ជា​ថ្មី​ទៀត​របស់​អតីត​ពលរដ្ឋ​បុរីកីឡា និង​ពលរដ្ឋ តំបន់​បឹងកក់​នេះ គឺ​មិន​បាន​លទ្ធផល​ដូច​លើក​មុនៗ​ដែរ​។ ផ្ទុយ​ទៅ​វិញ ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ទាំងនេះ ត្រូវ​បាន​អាជ្ញាធរ​ស្ដីបន្ទោស​ធ្ងន់ៗ និង​ថែមទាំង​ដាក់​កម្លាំង​ចុះទៅ​រំខាន​ការ​ជួបជុំ​របស់​ពួកគាត់​ទៀត​ផង។

តំណាង​ពលរដ្ឋ​បុរីកីឡា ដែល​មិន​ទាន់​បាន​ដំណោះស្រាយ អ្នកស្រី ភោគ សុភីន រៀបរាប់​ថា តាំងពី ព្រឹក​ព្រលឹម ពួកគាត់​មាន​គ្នា ប្រមាណ​៣០​នាក់ បាន​ទៅ​ស្រែក​តវ៉ា​នៅមុខ​ផ្ទះ​អ្នកស្រី ស៊ុយ សុផាន រយៈពេល​ពីរ​ម៉ោង ប៉ុន្តែ​អ្នកស្រី ស៊ុយ សុផាន មិន​ចេញ​មក​ជួប​ពួកគាត់​នោះ​ទេ ដោយ​គ្រាន់តែ​ប្រើ​អង្គរក្ស​ថតរូប​ពួកគាត់​ប៉ុណ្ណោះ។

បន្ទាប់​មក ពួកគាត់​បាន​ដើរ​ទៅ​ជួបជុំ​តវ៉ា​នៅមុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែរ ប៉ុន្តែ​មន្ត្រី​ទីនោះ​ស្ដីបន្ទោស​ធ្ងន់ៗ​ដាក់​ពួកគាត់ ហើយ​ប្រាប់​ឲ្យ​ទៅ​តវ៉ា​នៅ​សាលាក្រុង​ភ្នំពេញ​វិញ។ ដោយ​អស់សង្ឃឹម ពួកគាត់ ក៏បាន​ងាក​ទៅ​ធ្វើ​ពិធី​ដាក់​បណ្ដាសា​លើ​ក្រុមហ៊ុន និង​បុគ្គល​មាន​អំណាច​ដែល​ប្លន់​ដីធ្លី និង​ធ្វើបាប​ពួកគាត់​រហូត​មក។ ប៉ុន្តែ​ពិធី​នោះ ត្រូវ​បាន​សន្តិសុខ​ខណ្ឌ​ដូនពេញ ចូល​ទៅ​ហាមឃាត់ និង​ទាត់​រុះរើ​កម្ទេច​ចោល។

ពលរដ្ឋ​បុរីកីឡា​ដែល​នៅ​សេសសល់ ជាង​២០​គ្រួសារ​ទាមទារ​ឲ្យ​ដោះស្រាយ​សំណង​ផ្ទះសម្បែង និង​ប្រាក់​ចាប់ពី​២​ម៉ឺន​ដុល្លារ​ដល់ ជាង​៥​ម៉ឺន​ដុល្លារ ដែល​ក្រុមហ៊ុន​ផាន អ៊ីម៉ិច បាន​ឈូស​កម្ទេច​តាំងពី​ឆ្នាំ​២០១២។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកស្រី ស៊ុយ សុផាន និង​តំណាង​ក្រុមហ៊ុន​របស់​អ្នក​បាន នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា។

ដោយឡែក តំណាង​អតីត​ពលរដ្ឋ​តំបន់​បឹងកក់ លោកស្រី ស៊ា ណារ៉េត រៀបរាប់​ថា ការដែល ពួកគាត់ ចេញ​តវ៉ា​ដែរ​នេះ ព្រោះ​ពួកគាត់​ចង់​ឲ្យ​របប​លោក ហ៊ុន សែន និង​ក្រុមហ៊ុន ស៊ូកាគូ ដែល​បូម​ខ្សាច់​ពន្លិច​ផ្ទះ​របស់​ពួកគាត់ ជួយ​ផ្តល់​សំណង់​បន្ថែម លើ​គោលនយោបាយ​ដែល​សាលា​រាជធានី​ភ្នំពេញ​ផ្ដល់​ឲ្យ​កន្លងមក។

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត មាន​ប្រសាសន៍​ថា អាជ្ញាធរ និង​ក្រុមហ៊ុន គួរតែ​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​ទាំង នេះ កុំ​ឲ្យ​នៅ​បន្ត​រ៉ាំរ៉ៃ​ទៀត ព្រោះ​ទំនាស់​ដីធ្លី​ទាំងនេះ នៅ​សេសសល់​តិច​តូច​បំផុត។

លោក​បន្ត​ថា បើ​ទោះបីជា​អាជ្ញាធរ និង​ក្រុមហ៊ុន នៅតែ​បន្ត​ប្រើ​វិធី បង្ក្រាប​ពលរដ្ឋ​យ៉ាងណាក៏ដោយ ក៏​មិន​អាច​បញ្ចប់​ទំនាស់ ឬ​ហាម​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​តវ៉ា​រហូត​បាន​ដែរ។ «»

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​ចេញ​លិខិត​មួយ​ច្បាប់​ជម្រុល​ឲ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​អត់ធ្មត់ និង​ប្រើប្រាស់​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី ប្រកបដោយ​តម្លាភាព សុចរិត​ភាព យុត្តិធម៌ និង​ប្រសិទ្ធភាព​ខ្ពស់។

លិខិត​របស់​លោក ស ខេង ដែល​ធ្វើឡើង​នៅមុន​ការបោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​ជិត​មកដល់​នេះ ហាក់​មិន​មាន​ប្រសិទ្ធភាព​ទេ ពីព្រោះ​គេ​សង្កេត​ឃើញ​ថា ពលរដ្ឋ​កាន់តែ​ច្រើន​ឡើងៗ​សម្រុក មក​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​ពី​ស្ថាប័ន​ជាតិ​រាល់ថ្ងៃ។

អតីត​ពលរដ្ឋ​បុរី​កីឡា និង​អតីត​ពលរដ្ឋ​បឹងកក់ អះអាង​ថា ពួកគាត់ នឹង​មិន​រាថយ​នោះ​ទេ ទោះបីជា​បរាជ័យ​ជាច្រើនលើក​ក្ដី។ ពួកគាត់ ប្ដេជ្ញា​ថា​នឹង​បន្ត​ដើរ​តវ៉ា​សុំ​អន្តរាគមន៍​គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ ជា​ពិសេស​មុខ​ផ្ទះ​អ្នកស្រី ស៊ុយ សុផាន តែម្ដង​ដែល​រំលោភ​យក​ដីធ្លី ពួកគាត់​ទាំង​គ្មាន​ដំណោះស្រាយ​សមរម្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល