អាជ្ញាធរ​រារាំង​អ្នក​បុរីកីឡា​មិនអោយ​ទៅ​ផ្ទះ​អ្នកស្រី ស៊ុយ សុផាន

ដោយ អាស៊ីសេរី
2018-01-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាជ្ញាធរ​បំបែក​ពលរដ្ឋ​អតីត​អ្នក​បុរីកីឡា ដែល​ចូល​ទៅ​រស់​នៅ​ក្នុង​អគារ​បុរីកីឡា​ចាស់​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។
អាជ្ញាធរ​បំបែក​ពលរដ្ឋ​អតីត​អ្នក​បុរីកីឡា ដែល​ចូល​ទៅ​រស់​នៅ​ក្នុង​អគារ​បុរីកីឡា​ចាស់​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។
RFA

អាជ្ញាធរ​ខណ្ឌ​៧​មករា រារាំង​ពលរដ្ឋ​បុរីកីឡា មិន​ឲ្យ​ទៅ​ផ្ទះ​អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​សហគមន៍​បុរីកីឡា។

ពលរដ្ឋ​បុរីកីឡា លោកស្រី ង៉ូវ ណារី ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​បុរីកីឡា​ចំនួន ១១​គ្រួសារ​ដែល​នៅ​សេសសល់​មិន​ទាន់​បាន​សំណង​ថ្លែង​ថា ពួកគាត់​មាន​គម្រោង​ចេញ​ទៅ​ផ្ទះ​អ្នកស្រី ស៊ុយ សុផាន ដើម្បី​ទាមទារ​ឲ្យ​ដោះស្រាយ​សំណង​ផ្ទះ​សម្បែង​ដែល​ក្រុមហ៊ុន​នេះ​បាន​ឈូស​កម្ទេច​ចោល​កាល​ពី​ឆ្នាំ​២០១២។

លោកស្រី​បន្ត​ថា សន្តិសុខ​ខណ្ឌ​៧​មករា បាន​មក​ដល់​ក្រោម​អគារ​បុរីកីឡា និង​ហៅ​ពួកគាត់​ទៅ​ជួប​ចរចា​ជាមួយ​អភិបាល​ខណ្ឌ​៧​មករា លោក លឹម សុភា ប៉ុន្តែ​អាជ្ញាធរ​ខណ្ឌ​បាន​យល់​ព្រម​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ ១​ម៉ឺន ៥​ពាន់​ដុល្លារ​ប៉ុណ្ណោះ។ លោកស្រី​យល់​ថា ការ​ចរចា​នេះ​បាន​រំខាន​ដំណើរ​របស់​អ្នក​ភូមិ​មិន​បាន​ទៅ​ដល់​គោលដៅ៖ «ថា​ទៅ​ផ្ទះ​យាយ ផាន ដល់​ពេល​ព្រលឹម​ឡើង​អាជ្ញាធរ​គេ​មក​ពេញ​នៅ​ជណ្ដើរ​ខ្ញុំ ហើយ​ព្រលឹម​ឡើង​គេ​ឲ្យ​ប៉ូលិស​ហៅ​ខ្ញុំ​ទៅ​ដោះស្រាយ។ដោះស្រាយ​ឡើង​បាន ១​ម៉ឺន ៥​ពាន់ កន្លង​មក​ឲ្យ ១​ម៉ឺន ៣​ពាន់ មុន​ដំបូង​បង្អស់ ៩​ពាន់​ជាង។ លោក​អភិបាល​ខណ្ឌ​គាត់​ថា សាលា​ក្រុង​គេ​ដាក់​ឲ្យ​ដោះស្រាយ​ត្រឹម ១​ម៉ឺន ៥​ពាន់​ឲ្យ​ពួក​ខ្ញុំ តែ​ពួក​ខ្ញុំ​ប្រាប់​ទៅ​វិញ​ថា មិន​អាច​ទទួល​យក​បាន​ទេ។ ពួក​ខ្ញុំ​ចង់​បញ្ចប់​បញ្ហា​ដីធ្លី​នេះ​ឲ្យ​វា​ចប់​ទៅ ប៉ុន្តែ​សាលាក្រុង​គេ​មិន​ព្រម​បញ្ចប់​ឲ្យ​ពួក​ខ្ញុំ​សោះ ជាពិសេស​លោក មាន ចាន់យ៉ាដា នេះ​ឯង​គ្មាន​ឆន្ទៈ​ចិត្ត​ស្មោះ​ដោះស្រាយ​ទេ គាត់​មិន​បាន​ស្ដាប់​ហេតុផល ឬ​យល់​ចិត្ត​ពលរដ្ឋ​ទេ»

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ពលរដ្ឋ​ដែល​នៅ​សេសសល់ ១១​គ្រួសារ​ដែល​អាជ្ញាធរ​អះអាង​ថា ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ បាន​ដាក់​ញត្តិ​ទៅ​សាលា​រាជធានី ឲ្យ​ដោះស្រាយ​សំណង​ជូន​ពួកគាត់​ក្នុង​មួយ​គ្រួសារ​ចំនួន ២ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​ពី​បុរីកីឡា។ ប៉ុន្តែ​មក​ទល់​ពេល​នេះ សាលាក្រុង​ភ្នំពេញ មិន​ទាន់​ឆ្លើយ​តប​នឹង​សំណើ​របស់​ពលរដ្ឋ​នៅ​ឡើយ​ទេ។

មន្ត្រី​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត ដែល​ឃ្លាំមើល​បញ្ហា​ដីធ្លី​នេះ​យល់​ថា ក្រោយ​ពេល​សាលាក្រុង​ផ្ដល់​ផ្ទះ​ដល់​ពលរដ្ឋ​បុរីកីឡា ដែល​គ្មាន​ឯកសារ​គ្រប់គ្រាន់​ចប់​សព្វគ្រប់ សាលាក្រុង​គួរ​ចាប់​ផ្ដើម​គិតគូរ​ដល់​ពលរដ្ឋ​បុរីកីឡា ទាំង ១១​គ្រួសារ​ដើម្បី​ដោះស្រាយ​បញ្ចប់​វិបត្តិ​ដីធ្លី​នៅ​បុរីកីឡា។ ថ្វីត្បិត​តែ​ខកខាន​បែប​នេះ អ្នក​ភូមិ​អះអាង​ថា ពួកគាត់​នឹង​ចេញ​តវ៉ា​នៅ​ផ្ទះ​អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច ម្ដង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល