ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​រ៉ែ​ធ្យូង​នៅ​ខេត្ត​ស្ទឹងត្រែង ទាមទារ​​ដំណោះស្រាយ

0:00 / 0:00

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន រ៉ែធ្យូង ហ្គ្រីន វូត ឌីវេឡុបមេន (Green Wood Development Company) នៅ​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ទាមទារ​ឲ្យ​អាជ្ញាធរ​រក​ដំណោះស្រាយ​ជូន​ពួកគាត់ ប្រសើរ​ជាង​រុញ​ពលរដ្ឋ​ឲ្យ​ទៅ​ស្នើ​សុំ​ដី​សម្បទាន​សង្គម​កិច្ច​ពី​រដ្ឋាភិបាល។

ពលរដ្ឋ​រស់នៅ​ឃុំ​តាឡាត់ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង លើក​ឡើង​ថា ថ្មីៗ​នេះ​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាល​ដើម្បី​បាន​ដី​សម្រាប់​ទុក​បង្កបង្កើន​ផល​ចិញ្ចឹម​ជីវភាព​គ្រួសារ។ ប៉ុន្តែ​ពលរដ្ឋ​ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​រ៉ែ​ធ្យូង ហ្គ្រីន វូត ជាង​១០០​គ្រួសារ​ បាន​បដិសេធ​មិន​ទៅ​ស្នើ​សុំ​ដី​សម្បទាន​សង្គម​កិច្ច​ពី​រដ្ឋាភិបាល​នោះ​ទេ ដោយ​ពួកគាត់​ទាមទារ​ឲ្យ​អាជ្ញាធរ​រក​ដំណោះស្រាយ​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​ជំនួស​វិញ។

តំណាង​ឲ្យ​ពលរដ្ឋ​នៅ​ឃុំ​តាឡាត់ សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ដែល​គ្មាន​ដីធ្លី ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​ដី​សម្បទាន​សង្គម​កិច្ច​ពី​រដ្ឋាភិបាល ដើម្បី​ទុក​សម្រាប់​អាស្រ័យផល ប៉ុន្តែ​ពលរដ្ឋ​បាន​បដិសេធ​ជាមួយ​អាជ្ញាធរ​ថា ការ​ប្រកាស​ចែក​ដីធ្លី​នេះ​គឺ​សម្រាប់​តែ​ពលរដ្ឋ​ដែល​គ្មាន​ដី​រស់នៅ និង​អាស្រ័យ​ផល​ប៉ុណ្ណោះ ចំណែក​ពលរដ្ឋ​នៅ​ឃុំ​តាឡាត់​មាន​ដី​សម្រាប់​រស់នៅ និង​អាស្រ័យ​ផល​រួច​ហើយ ដោយ​គ្រាន់​តែ​ក្រុមហ៊ុន​ចិន​រំលោភ​យក​របស់​ពួក​គាត់។ លោក​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ស្វែង​រក​ដំណោះស្រាយ ដោយ​កាត់​ឆ្វៀល​ដី​ស្រែ​ចម្ការ របស់​ពលរដ្ឋ​ចេញ​ពី​គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ​ធ្យូង ពីព្រោះ​ពលរដ្ឋ​នៅ​តំបន់​នោះ​មិន​ចង់​ចាក​ចេញ​ពី​ភូមិ​កំណើត​របស់​ពួក​គាត់​ឡើយ។

តំណាង​ឲ្យ​ពលរដ្ឋ​នៅ​ឃុំ​តាឡាត់ សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «មិន​ចង់​បាន​ទេ​ដី​ចែក​នោះ ទោះ​បី​បាន​ស្មើ​គ្នា​៣​ហិកតារ ដី​ភូមិ​ផ្សេង ចង់​បាន​ស្របច្បាប់​នៅ​ទី​នេះ​ហើយ​មិន​ទៅ​ទេ​កន្លែង​នោះ ចង់​ឲ្យ​ដោះស្រាយ​នៅ​កន្លែង​នេះ​ឲ្យ​ត្រឹមត្រូវ ឲ្យ​ស្របច្បាប់​ទោះ​បី​បាន​៣​ហិកតារ ដី​ភូមិ​ផ្សេង​ក៏​ពួក​ខ្ញុំ​យក​ដែរ នេះ​បើ​សិន​អស់​ជម្រើស ៣​ហិកតារ ដី​ភូមិ​ក្បាល​២៥​ម៉ែត្រ​បណ្ដោយ​៥០​ម៉ែត្រ ក៏​ពួក​ខ្ញុំ​សុខ​ចិត្ត​ដូច​គ្នា បើ​ថា​ឲ្យ​ទៅ​ខុស​ពី​កន្លែង​នេះ​ពួក​ខ្ញុំ​មិន​ទៅ​ទេ ពីព្រោះ​ឆ្ងាយ​ពី​ស្រុក​ភូមិ​កំណើត»។

តំណាង​ពលរដ្ឋ​អះអាង​ទៀត​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​បាន​សន្យា​ជាមួយ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​រួច​ហើយ ថា​នឹង​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ និង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ផ្លាស់​ទីលំនៅ​ទៅ​រស់នៅ​កន្លែង​ផ្សេង​នោះ​ទេ។ លោក​ថា ប្រសិនបើ​អាជ្ញាធរ​ចង់​ឲ្យ​ពលរដ្ឋ​មាន​ដីធ្លី​មែន​នោះ អាជ្ញាធរ​គួរ​តែ​ចុះ​បញ្ជី​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់ និង​ដោះស្រាយ​វិវាទ​ដីធ្លី​ជា​ការ​ស្រេច ហើយ​មិន​ពិបាក​ដល់​អាជ្ញាធរ​ថែម​ទៀត។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គង់ ដើម្បី​សុំ​ការ​បកស្រាយ​ជុំ​វិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល។ ចំណែក អភិបាល​ស្រុក​សេសាន លោក សុវណ្ណ ពិសេដ្ឋ និង មេ​ឃុំ​តាឡាត លោក មូន ខិប ក៏​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល។

ទាក់ទិន​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី យល់​ឃើញ​ថា អាជ្ញាធរ​ត្រូវ​តែ​ស្វែង​រក​ដំណោះស្រាយ ឲ្យ​ពលរដ្ឋ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន ទៅ​តាម​ច្បាប់ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល ដើម្បី​បញ្ចប់​ជម្លោះ​កុំ​ទុក​ឲ្យ​វិវាទ​ដីធ្លី​មួយ​នេះ អូស​បន្លាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល។

លោក យិន ម៉េងលី៖ «ដី​ក្រុមហ៊ុន​មិនមែន​ជា​កម្មសិទ្ធិ​ដី​ក្រុមហ៊ុន​ផ្ដាច់​មុខ​ទេ ដី​ក្រុមហ៊ុន​ស្ថិត​នៅ​ក្នុង​កិច្ចសន្យា​ជួល​របស់​រដ្ឋាភិបាល​មាន​រយៈ​ពេល​កំណត់ ហើយ​បើ​មាន​បញ្ហា​រដ្ឋ​អាច​ដក​យក​មក​វិញ​បាន ពីព្រោះ​ជា​ប្រភេទ​ដី​ឯកជន​របស់​ប្រជាពលរដ្ឋ ហើយ​កាត់​ឆ្វៀល​ឲ្យ​ប្រជាពលរដ្ឋ​ទៅ វា​ចប់​បញ្ហា​ហើយ វា​លែង​ឮ​ស្រែក​ទ្រហោយំ ឈប់​មាន​ការ​តវ៉ា​ឥត​ឈប់ឈរ​ពី​ប្រជាពលរដ្ឋ ហើយ​ក៏​ជា​មុខ​មាត់​មួយ​ដែរ ដែល​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ស្រប​តាម​ច្បាប់»។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០២១ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​ចុះ​ហត្ថលេខា ឲ្យ​ក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន(Green Wood Development Company) ធ្វើ​អាជីវកម្ម​រ៉ែ​ធ្យូង​លើ​ផ្ទៃ​ដី ជិត​១ពាន់ (៨៨១) ហិកតារ នៅ​ក្នុង​ភូមិ​សាស្ត្រ​តំបន់​តាឡាត់ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ ប៉ុន្តែ​អាជីវកម្ម​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ របស់​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ និង​បាន​ឈូស​ឆាយ​បំផ្លិចបំផ្លាញ​ចោល​ផល​ដំណាំ​របស់​ពលរដ្ឋ​នៅ​ជុំ​វិញ​តំបន់​នោះ​អស់​ជា​ច្រើន​ហិកតារ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។