សហគមន៍​ជ្រោយ​ចង្វា​៖ ​សាលា​​ក្រុង​​ភ្នំពេញ ហាក់​​គ្មាន​​ឆន្ទៈ​​ពិត​ប្រាកដ​​ដោះ​ស្រាយ​​បញ្ចប់​​រឿង​​ដីធ្លី​​ឲ្យ​​ពួក​​គាត់

0:00 / 0:00

តំណាង​សហគមន៍​ជ្រោយ​ចង្វា​ ៧នាក់​ ទៅ​សាលា​ក្រុង​ភ្នំពេញ​ជាថ្មី​ទៀត​ ដើម្បី​តាម​ដាន​ញត្តិ​ពួកគាត់​ដែល​បាន​ដាក់​ជិត​មួយ​ខែ​កន្លង​ទៅ​នេះ នៅ​មិន​ទាន់​មាន​ការ​កោះ​ហៅ​ ដើម្បី​ជួប​ពិភាក្សា​អំពី​ដោះ​ស្រាយ​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ អូ.ស៊ី.អាយ.ស៊ី (OCIC)។ អ្នក​ជ្រោយ​ចង្វា​ យល់ថា​ អាជ្ញាធរ​ក្រុង​ភ្នំពេញ​ ហាក់​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ដោះស្រាយ​បញ្ចប់​បញ្ហា​ជូន​ពលរដ្ឋ​ឡើយ ដោយ​បន្ត​អូស​បន្លាយ​ពី​មួយ​ពេល​ទៅ​មួយ​ពេល។

តំណាង​សហគមន៍​ជ្រោយ​ចង្វា លោក ជា សុផាត ឲ្យ​ដឹង​ថា មន្ត្រី​សាលាក្រុង​ប្រាប់​គាត់​ថា ការ​ខន​ខាន​មិន​ដោះស្រាយ​បញ្ហា​ឲ្យ​អ្នក​ជ្រោយ​ចង្វា ដោយសារ​លោក ឃួង ស្រេង មាន​ភារៈ​កិច្ច​ជាប់​រវល់​ខ្លាំង។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក ជា សុផាត​ ទទូច​ស្នើ​សុំ​អភិបាល​ក្រុង​ ជួយ​ពន្លឿន​ដំណោះ​ស្រាយ​បញ្ចប់​បញ្ហា​ឲ្យ​ពួកគាត់ ​ដែល​​ភាគ​ច្រើន​ជា​មន្ត្រី​រាជការ​ចូល​និវត្តន៍៖ «បើ​សិន​ជា​សាលា​រាជ​ធានី​ភ្នំពេញ មាន​គោលការណ៍​ដោះស្រាយ គឺ​មិន​ជា​ការ​ពិបាក​ទេ ព្រោះ​បើ​គិត​ពី​ផល​ប្រយោជន៍​បុគ្គល​ឬ​ក៏​ក្រុម។ បើ​គិត​ពី​ភាព​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​វិញ គឺ​អាច​យក​បញ្ហា​អស់​ហ្នឹង យក​មក​ដាក់​លើ​តុ ដើម្បី​ជជែក​វែកញែក​រក​ដំណោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ កុំ​ឲ្យ​ពួក​ខ្ញុំ​នៅ​រង់​ចាំ​ដំណោះស្រាយ​ដូចជា​កាត់​បំពង់​រង់ចាំ​ទឹក​ភ្លៀង ពី​មួយ​ថ្ងៃ​ទី​មួយ​ថ្ងៃ​ដែល​គ្មាន​គោលការណ៍​អ្វី​ថ្មី​សម្រាប់​ពួក​ខ្ញុំ​សោះ»។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា សហគមន៍​ជ្រោយ​ចង្វា បាន​ដាក់​ញត្តិ​ស្នើ​សុំ​អភិបាល​ក្រុងភ្នំពេញ​លោក ឃួង ស្រេង​ ជួយ​ផ្ដល់​ដំណោះស្រាយ​ឲ្យ​ពួកគាត់​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អូ​ស៊ី​អាយ​ស៊ី របស់​លោក​ឧកញ៉ា ពុង​ ខៀវ​ស៊ែ។ ក្នុង​សំណើ​នោះ ពួកគាត់​ស្នើ​ឲ្យ​សាលា​ក្រុង​ភ្នំពេញ ផ្អាក​រាល់​សកម្មភាព​របស់​ក្រុមហ៊ុន OCIC នៅ​លើ​ដី​ដែល​មិន​ទាន់​ដោះស្រាយ​ កាត់​ឆ្វៀល​ដី​លំនៅឋាន​ទាំង​អស់​ចេញ​ពី​គម្រោង​អភិវឌ្ឍ​ និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ (ប្លង់​រឹង) ដោយ​មិន​គិត​ប្រវែង​គម្លាត ១០០ម៉ែត្រ ឬ​ក្រៅ​ ១០០​ម៉ែត្រ​ពី​ផ្លូច​ជាតិ​លេខ 6A និង​ពី​ច្រាំង​ទន្លេ​សាប។ ក្រៅ​ពី​នេះ ដី​អាស្រ័យ​ផល​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី ចូលរួម​អភិវឌ្ឍន៍ ​ដោយ​ប្រគល់​ដី​ ៥០% ជូន​សាលា​ក្រុង​ភ្នំពេញ​និង​ក្រុមហ៊ុន ហើយ​ដី​ ៥០%​ដែល​នៅ​សល់​ ស្នើ​សុំ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ម្ចាស់​ដី ឬ​ក្រុមហ៊ុន​អាច​ទិញ​តាម​តម្លៃ​ទីផ្សារ​សម្រាប់​ដី​ទាំង​មូល​។ ហើយ​នឹង​ដោះស្រាយ​ផល​ប៉ះពាល់​ដី​លំនៅឋាន​ នៅ​ភូមិ​ដើម​គរ សង្កាត់​ជ្រោយ​ចង្វា ៨គ្រួសារ ដែល​ក្រុមហ៊ុន​ឈូស​កម្ទេច​ចោល​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១៧។

បច្ចុប្បន្ន​នេះ លោក ជា សុផាត ឲ្យ​ដឹង​ថា ខាង​ភាគី​ក្រុមហ៊ុន​នៅ​តែ​បន្ត​ការ​ឈូស​ឆាយ​ដីធ្លី​ពលរដ្ឋ និង​សាង​សង់ ផ្ទះ​ល្វែង ​ភោជនីយដ្ឋាន ​រហូត​មក​ដល់​ពេល​នេះ ​ដោយ​គ្មាន​ការ​ផ្អាក​មួយ​ថ្ងៃ​ណា​ឡើយ។ ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ជ្រោយ​ចង្វា ស្នើសុំ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ឲ្យ​ពួក​គាត់ ដែល​ភាគ​ច្រើន​ជា​មន្ត្រី​រាជការ​ធ្វើ​ការ​ មាន​នគរបាល ទាហាន និង​គ្រូ​បង្រៀន​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។