សកម្មជន​ដីធ្លី​ខេត្ត​ព្រះសីហនុ​លោកស្រី ឡុច ទូច ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​កំពុង​ជួប​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ

0:00 / 0:00

សកម្មជន​ដីធ្លី​ខេត្ត​ព្រះសីហនុ លោកស្រី ឡុច ទូច ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​កំពុង​ជួប​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។ លោកស្រី​ត្រូវ​ឆ្មាំ​គុក​ដឹក​ពី​ពន្ធនាគារ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ។

កូនប្រុស​របស់​លោកស្រី ឡុច ទូច លោក ហ៊ី រ៉ា ឲ្យ​ដឹង​ថា លោក​បារម្ភ​ពី​បញ្ហា​សុ​ខ​ភាព​ម្ដាយ​របស់​លោក​ណាស់​ខណៈ​ជំងឺ​លើស​ឈាម និង​ជំងឺ​បេះដូង​កំពុង​ធ្វើ​ទុក្ខ​លើ​ម្ដាយ​លោក​ជា​ញឹកញាប់។ លោក​ប្រាប់​ថា លោក​ព្រួយ និង​តក់ស្លុត​ពេល​ដឹង​ថា ឆ្មាំ​គុក​បញ្ជូន​ម្ដាយ​របស់​លោក​មក មន្ទីរពេទ្យ​ម្តងៗ៖ «កូន​ចៅ​ទាំង​អស់​បារម្ភ​ពី​គាត់ ព្រោះ​គាត់​ឈឺ​អត់​ឈប់​អ៊ីចឹង ហើយ​កន្លង​មក​គាត់​ឈឺ​រហូត»

អ្នក​សម្របសម្រួល​សមាគម អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ លោកស្រី ជាប សុធារី ឲ្យ​ដឹង​ដែរ​ថា លោកស្រី ឡុច ទូច ពិត​ជា​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មែន។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ឲ្យ​ដឹង​ថា កន្លង​មក​មេធាវី​ការពារ​ក្តី​របស់​លោកស្រី ឡុច ទូច តែងតែ​ស្នើសុំ​ទៅ​ពន្ធនាគារ រៀងរាល់​មាន​ពិធី​បុណ្យ​ជាតិ​ម្តងៗ ដើម្បី​បន្ធូរបន្ថយ​ទោស ឬ​លើកលែង​ទោស​ដល់​លោកស្រី ឡុច ទូច ដែរ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​ពន្ធនាគារ​ទេ៖ «បើ​និយាយ​ផ្លូវ​មាន​តែ​វិធី​ស្នើសុំ​លើក​លែង​ទោស​ហ្នឹង ព្រោះ​សាលដីកា​យក​មក​អនុវត្ត គឺ​សាលដីកា​ចុង​ក្រោយ​តុលាការ​កំពូល»

លោកស្រី ឡុច ទូច និង​ប្រជា​សហគមន៍​អូរ​ខ្សាច់​បី​រូប​ផ្សេង​ទៀត​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ «ប្រើ​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត» តាម​បណ្ដឹង​របស់​ឈ្មោះ តាន់ តាត់ មាន​ងារ​ជា​ឧកញ៉ា និង​ឈ្មួញ​រកស៊ី​ដីធ្លី​ម្នាក់​ទៀត​ឈ្មោះ ឡុញ វណ្ណៈ កាល​ពី​ខែ​ឧសភា ឆ្នាំ២០១៨ កន្លង​ទៅ។ ប៉ុន្តែ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រិះគន់​ថា ការចោទប្រកាន់ នេះ​ជា​រឿង​អយុត្តិធម៌។

មេធាវី​ការពារ​ក្តី​ឲ្យ​លោកស្រី ឡុច ទូច លោក​មេធាវី ពុធ ធាវី ឲ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី៩ ខែ​កុម្ភៈ​ថា ក្នុង​សំណុំ​រឿង ដែល​កូន​ក្តី​លោក​រង​ការ​ចោទ​ប្រកាន់​ពី​ឧកញ៉ា តាន់ តាត់ គឺ​លោកស្រី​បាន​អនុវត្ត​ទោស​រួចរាល់​ហើយ ប៉ុន្តែ​នៅ​ជាប់​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំរឿង​មួយ​ទៀត ដែល​ជា​រឿង​ចាស់ ១០ឆ្នាំ​មក​ហើយ។ ក្នុង​ករណី​រឿង​ចាស់​នេះ លោកស្រី ឡុច ទូច ត្រូវ​ជាប់​ឃុំ​រយៈ​ពេល ១០ខែ​គិត​ពី​ថ្ងៃ​ចាប់​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី៨ ខែ​សភា តាម​សាលដីកា​តុលាការ​កំពូល។ លោក​មេធាវី​បន្ត​ថា នៅ​ថ្ងៃ​ទី៨ ខែ​មីនា​ខាង​មុខ​នេះ កូន​ក្តី​របស់​លោក​នឹង​ទទួល​បាន​សេរីភាព​ឡើង​វិញ​ហើយ៖ «បើ​អាច​សាលដីកា​អត់​មាន​អ្នក​ណា​មួយ​បន្ត​ឃុំឃាំង​បន្ត​ទៀត​ទេ។ អ៊ីចឹង​មាន​ន័យ​ថា កូន​ក្តី​រួច​ខ្លួន​ថ្ងៃ​ទី៨ ខែ​មីនា​ឆ្នាំ២០១៩ នេះ បើ​សិន​មាន​ការ​ឃុំឃាំង​បន្ត គឺ​ជា​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់»

សកម្មជន​ធ្លី​ដ៏​សកម្ម​លោក ស្រី ឡុច ទូច មាន​អាយុ ៥៥ឆ្នាំ ប៉ុន្តែ​លោកស្រី​មាន​រាងកាយ​ទ្រុឌទ្រោម​ខ្លាំង និង​សក់​ស​ពេញ​ក្បាល។ ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​ព្រះសីហនុ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​កម្រើក​ឡើង​វិញ ដោយសារ​តែ​តម្លៃ​ដី​ឡើង​ថ្លៃ ព្រោះ​មាន​វត្តមាន​វិនិយោគិន​ជនជាតិ​ចិន​ចូល​មក​ខេត្ត​យ៉ាង​គំហុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។