មន្ត្រី​យោធិន​ពិការ​មាន​ទំនាស់​ដី​នៅ​បន្ទាយមានជ័យ​ខក​ចិត្តនឹង​អាជ្ញាធរ​ចេះតែ​សន្យា​ខ្យល់

0:00 / 0:00

មន្ត្រី​យោធិន​ពិការ​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ចំនួន ៧៤​គ្រួសារ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហៃ សួគ៍ ព្រួយបារម្ភ​ខ្លាច​អាជ្ញាធរ​សន្យា​ខ្យល់​ជាមួយ​ពួកគាត់ តែ​មិនបាន​ដោះស្រាយ។ ការ​លើកឡើង​នេះ​ដោយសារតែ​មន្ត្រី​យោធិន​ពិការ​ទន្ទឹង​រង់ចាំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ដី​ជូន​ពួកគាត់​អស់​ជាច្រើន​ខែ ហើយ​មិន​មាន​ដំណោះស្រាយ។ រីឯ​អាជ្ញាធរ​ខេត្ត​អះអាង​ថា កំពុង​ពន្លឿន​ដោះស្រាយ​លើ​រឿង​នេះ។

មន្ត្រី​យោធិន​ពិការ​នៅ​ស្រុក​ម៉ាឡៃ ទទូច​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ជួយ​ដោះស្រាយ​ទំនាស់​ដី​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់ ហើយ​កុំ​សន្យា​ខ្យល់​ដូច​ពេល​មុនៗ​ទៀត ព្រោះ​ការ​អូសបន្លាយ​ពេល​ដោះស្រាយ​បាន​ប៉ះពាល់​ដល់​ការ​រក​ប្រាក់ចំណូល​របស់​ពួកគាត់។

តំណាង​មន្ត្រី​យោធិន​ពិការ​នៅ​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ម្នាក់​លោក គង់ សំអាត ប្រាប់​អាស៊ីសេរី​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ធ្នូ ថា ពួកគាត់​ទន្ទឹង​រង់ចាំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ និង​បែងចែក​ដី​ទំនាស់​ដែល​ព្រមព្រៀងគ្នា​ជាមួយ​ក្រុមហ៊ុន ហៃ សួគ៍ ដើម្បី​យក​ទៅ​ដាំ​ដុះ​កុំ​ឲ្យ​មាន​បញ្ហា​ដូច​សព្វថ្ងៃ​ទៀត ប៉ុន្តែ​តាំងពី​ខែ​កញ្ញា​មក អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ត្រឹម​សន្យា​សម្របសម្រួល​ជាមួយ​ពួកគាត់​ជាច្រើន​ដង ដោយ​មិន​មាន​ដំណោះស្រាយ​ឲ្យ​ចេញ​ជា​រូបរាង​នៅឡើយ។ មន្ត្រី​យោធិន​ពិការ​រូប​នេះ អះអាង​ទៀត​ថា ពួកគាត់​ទាំង​៧៤​គ្រួសារ​គ្មាន​រំពឹង​អ្វី​ក្រៅ​អំពី​ដី​ទំនាស់​នេះ ដើម្បី​យក​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ​នៅ​ជីវិត​ចុងក្រោយ​នោះ​ទេ៖ «បាទ​វា​ប៉ះពាល់​សតិ​អារម្មណ៍​ខាង​មន្ត្រី​យោធិន​ដែរ ព្រោះ​គាត់​ថា​ដោះស្រាយ​ឲ្យ​តែ​មិន​ឃើញ​ដោះ​សោះ ដូច្នេះ​វិបត្តិ​ផ្លូវចិត្ត​ខ្លាច​ខាងលើ​កុហក​ពួក​ខ្ញុំ​ទៀត​ក៏​មិន ព្រោះ​តាំងពី ៥​ហិកតារ​មួយ​គ្រួសារ មិន​ព្រម​ធ្លាក់​មក​នៅ​មួយ​ហិកតារ​កន្លះ​ហើយ​នៅ​មិន​ឃើញ​ធ្វើ​ផ្លូវ​ធ្វើ​សាលារៀន​ដើម្បី​រៀបចំ​មាន​ចរន្តអគ្គិសនី​ត្រឹមត្រូវ មិន​ទាន់​បាន​នៅឡើយ​ទេ»។

ឆ្លើយតប​នឹង​បញ្ហា​នេះ​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​លោក លី សារី មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​កំពុងតែ​ពន្លឿន​នីតិវិធី​ដើម្បី​ដោះស្រាយ​បញ្ចប់​រឿង​នេះ​ជូន​ពួកគាត់​ហើយ។លោក​បន្ថែម​ទៀត​ថា មូលហេតុ​ដែល​យឺតយ៉ាវ​ដោយសារ​មន្ត្រី​ជំនាញ​ជាប់រវល់​ចុះ​ស្រង់​ស្ថិតិ​មន្ត្រី​យោធិន​ពិការ​ដែល​មាន​ទំនាស់​ដី​ធ្លី​ពិតប្រាកដ​មិនទាន់​ចាប់​នៅឡើយ៖ «ចុះបញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ​ខ្លាច​៧៤​ហើយ ឡើង​៧៤​ទៀត ដូច្នេះ​ធ្វើ​ឲ្យ​ត្រឹមត្រូវ​ដើម្បី​កុំ​ឲ្យ​មាន​ជន​ដទៃ ឬ​មាន​អ្នក​ក្លែងបន្លំ​អ្នកតំណាង​នោះ។ ហើយ​ការងារ​នេះ​ជិត​ចប់​ហើយ យើង​ក៏​កំពុងតែ​ឲ្យ​ខាង​សុរិយោដី​រៀបចំ​ប្លង់​ដើម្បី​យើង​រៀបចំ​គូស​ឲ្យ​ចាប់​ដី​ឡូត៍​ឲ្យ​ពួកគាត់។ ហើយ​ក្នុង​នោះ​ឲ្យ​ធ្វើ​កិច្ច​នោះ​ហើយ​យើង​ធ្វើ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​និង​គិតគូរ​ទីតាំង​សម្រាប់​ធ្វើ​សាលារៀន​ទៀត»។

តំណាង​យោធិន​ពិការ លោក គង់ សំអាត អះអាង​ថា ដី​ទំនាស់​នោះ​ជា​ដី​របប​របស់​ពួកគាត់ ដែល​រដ្ឋាភិបាល​បាន​ចែក​ជូន​ឲ្យ​អតីត​ខ្មែរក្រហម​ផ្ដាច់​ខ្លួន​កាលពី​ឆ្នាំ​១៩៩៧ ដើម្បី​យក​ទៅ​បង្កបង្កើនផល​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ។ លោក​ថា មន្ត្រី​យោធិន​ពិការ​ចំនួន​៧៤​គ្រួសារ ត្រូវ​បាន​មេបញ្ជាការ​របស់​ពួកគាត់​ជួល​យក​ទៅ​ធ្វើ​កសិកម្ម​មួយ​រយៈ​កាលពី​សម័យ​នោះ ដោយសារ​កាលណោះ​ផ្លូវ​លំបាក​ហើយ​ពួកគាត់​គ្មាន​លទ្ធភាព​ឈូស​ឆាយ​ដោយ​ខ្លួនឯង លុះដល់​ឆ្នាំ​២០១៣ ពួកគាត់​ក៏បាន​ចូល​ទៅ​ដាំ​នៅ​លើ​ដី​នោះ​ឡើងវិញ រហូត​មក​ទល់​សព្វថ្ងៃ។ លោក​ថា ផ្ទៃ​ទំនាស់​សរុប​៦០០​ហិកតារ មេៗ​របស់​ពួកគាត់​បាន​យក​ដី​នោះ​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន ហៃ សួគ៍ និង​លក់​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ១៤​គ្រួសារ ប៉ុន្តែ​ពួកគាត់​បាន​ប្ដឹងតវ៉ា​តាំងពី​ថ្នាក់​ខេត្ត​រហូតដល់​ថ្នាក់​ជាតិ ដើម្បី​ទាមទារ​យក​នោះ​មក​វិញ តែ​អាជ្ញាធរ​មិនបាន​ដោះស្រាយ​ជូន​ពួកគាត់។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា លើកឡើង​ថា មន្ត្រី​យោធិន​ទាំងនោះ​រងគ្រោះ​ដោយសារតែ​ដី​របស់​ខ្លួន។ លោក​បន្ថែម​ទៀត​ថា រឿង​នេះ​ប្រសិនបើ​អាជ្ញាធរ​ខេត្ត​ចង់​ដោះស្រាយ​គឺ​អាច​ដោះស្រាយ​បញ្ចប់​តាំងពី​យូរ​ណាស់​ហើយ មិន​អូស​បន្លាយ​មកទល់​សព្វ​ថ្ងៃ​ដូច្នេះ​ទេ ប៉ុន្តែ​ដោយសារ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​មាន​ចេតនា​ដោះស្រាយ៖ «ហើយ​យើង​ឃើញ​ការសន្យា​របស់​មន្ត្រី​មួយ​ចំនួន​នឹង​មក​លើ​ពួកគាត់​សន្យា​ពេក​ហើយ រហូតដល់​ធ្វើ​ឲ្យ​ពួកគាត់​ក្រ​អស់​លុយកាក់ ដោយសារតែ​ដី​របស់​ពួកគាត់​នឹង​ដែរ អាជ្ញាធរ​បើ​ចង់​ដោះស្រាយ​មិនបាន​ទេ​គ្រាន់តែ​ចុះ​គិត​ទៅ​មិន​ស្អី​ទេ ប៉ុន្តែ​អាជ្ញាធរ​យក​អា​ភាព​ស្មុគ​និង​ស្មាញ​មក ហើយ​ទី​នឹង​មិន​ដោះស្រាយ បែរជា​លាប​ពណ៌​ថា​បក្ស​នេះ​បក្ស​នោះ​ទៅ ដើម្បី​ឲ្យ​ផុត​ពី​ការទទួលខុសត្រូវ ប៉ុន្តែ​ទីបំផុត​នៅតែ​ទទួលខុសត្រូវ​ដដែល​នឹង»។

កន្លង​មក​មន្ត្រី​យោធិន​ពិការ​បាន​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ហៃ សួគ៌ ដោយមាន​អាជ្ញាធរ​ខេត្ត​ធ្វើជា​អាជ្ញាកណ្ដាល​ក្នុង​ជួប​ដោះស្រាយ​នៅ​សាលាឃុំ​ទួល​ពង្រ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា ឆ្នាំ​២០១៨ នេះ ។ មន្ត្រី​យោធិន​អះអាង​ថា កាលណោះ​អាជ្ញាធរ​បាន​បង្ខំ​ឲ្យ​ពួកគាត់​យក​ដីស្រែ​មួយ​ហិកតារ​កន្លះ និង​ដី​លំនៅឋាន ៣០​ម៉ែត្រ គុណ​នឹង​៥០​ម៉ែត្រ​ក្នុង​មួយ​គ្រួសារ ដើម្បី​បញ្ចប់​សំណុំ​រឿង​នេះ។ ពួកគាត់​ព្រម​ទទួល​ដោយសារ​គ្មាន​ជម្រើស ព្រោះ​អាជ្ញាធរ​បាន​គំរាម​ថា នឹង​រុះរើ​ផ្ទះ​របស់​ពួកគាត់​ចេញពី​ដី​ជម្លោះ បើសិនជា​ពួកគាត់​មិន​ព្រម​ទទួលយក​ការ​ដោះស្រាយ​នោះ។ តំណាង​យោធិន​ពិការ លោក គង់ សំអាត អះអាង​ថា ប្រសិនបើ​អាជ្ញាធរ​មិន​ដោះស្រាយ​ទេ ពួកគាត់​ក៏​មិន​ព្រម​ចុះចេញ​ពី​ដី​នោះ​ដែរ ហើយ​នឹង​ប្រមូល​គ្នា​តស៊ូ​មតិ​ដើម្បី​រក​ដំណោះស្រាយ​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។