មន្ត្រីយោធិនពិការនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំនួន ៧៤គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ហៃ សួគ៍ ទទូចឲ្យមន្ត្រីរបបលោកហ៊ុន សែន ជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ឲ្យបានចប់ នៅដើមឆ្នាំថ្មី ឆ្នាំ២០១៩ ដើម្បីពួកគាត់បានដីយកទៅដាំដុះដោះស្រាយជីវភាពគ្រួសារ។
មន្ត្រីយោធិនពិការលើកឡើងថា អាជ្ញាធរមូលដ្ឋានមិនជួយដោះស្រាយពួកគាត់នោះទេ ដោយកន្លងមកអាជ្ញាធរខេត្តនេះបានត្រឹមចុះទៅសម្របសម្រួលបន្ទន់ចិត្តពួកគាត់ដោយសន្យាខ្យល់តែប៉ុណ្ណោះ។
មន្ត្រីយោធិនពិការនៅស្រុកម៉ាឡៃលើកឡើងថា បើសិនជាលោកហ៊ុន សែន មិនជួយពួកគាត់ទេ ទំនាស់ដីធ្លីរបស់ពួកគាត់នឹងមិនទទួលបានដីយកទៅដាំដុះនោះឡើយ ដូច្នេះពួកគាត់ច្បាស់ជាត្រូវចំណាកស្រុករកប្រាក់មកដោះស្រាយជីវភាពគ្រួសារជាមិនខានទេ។
តំណាងមន្ត្រីយោធិនពិការនៅឃុំទួលពង្រស្រុកម៉ាឡៃម្នាក់លោក លី ខ្លី ប្រាប់អាស៊ីសេរីឲ្យដឹងនៅរសៀលថ្ងៃទី៣១ ធ្នូថា ពួកគាត់ទន្ទឹងរង់ចាំឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យដោះស្រាយនិងបែងចែកដីទំនាស់ដែលព្រមព្រៀងគ្នាជាមួយក្រុមហ៊ុន ហៃ សួគ៍ ដើម្បីយកទៅដាំដុះ តាំងពីឆ្នាំ២០១២មក ប៉ុន្តែអាជ្ញាធរបានត្រឹមសម្របសម្រួលសន្យាជាមួយពួកគាត់ ដោយមិនមានដំណោះស្រាយឡើយ។ មន្ត្រីយោធិនពិការរូបនេះ អះអាងទៀតថា ការធ្វើដូច្នេះពួកគាត់ នឹងធ្វើចំណាកស្រុកកាន់តែច្រើន ព្រោះសព្វរស់នៅលើទាំងភ័យព្រួយ ដោយមិនហ៊ានបង្កបង្កើនផលនៅលើដីរបស់ខ្លួនឲ្យបានពេញលេញនោះទេ៖ «សុំឲ្យអាជ្ញាធរពាក់ព័ន្ធមេត្តាជួយដោះស្រាយពួកខ្ញុំឲ្យមានប្លង់កាន់កាប់ស្របច្បាប់ ដើម្បីគេចផុតពីការគំរាមកំហែង របស់អាជ្ញាធរ ព្រោះយើងឃើញថា ប្រជាពលរដ្ឋដែលប្រឈមការគំរាមកំហែងពីអាជ្ញាធរជារៀងរាល់ឆ្នាំមកហើយ ដូច្នេះពួកខ្ញុំមិនអាចទៅធ្វើការងារឆ្ងាយពីផ្ទះបានទេ ព្រោះអាជ្ញាធរដាក់កម្លាំងម្ដងៗរហូត ៧០នាក់ទៅគំរាមកំហែងពួកខ្ញុំ រួមមានគំរាមរុះរើផ្ទះសម្បែង បញ្ចេញចេញពីដីធ្លីជាដើម » ។
ឆ្លើយតបនឹងបញ្ហានេះអភិបាលរងខេត្តបន្ទាយមានជ័យលោក លី សារី មានប្រសាសន៍ប្រាប់អាស៊ីសេរីថា អាជ្ញាធរកំពុងតែពន្លឿននីតិវិធីដើម្បីដោះស្រាយបញ្ចប់ទំនាស់នោះជូនពួកគាត់ហើយ។ លោកបន្ថែមទៀតថា មូលហេតុដែលយឺតយ៉ាវដោយសារមន្ត្រីជំនាញជាប់រវល់ស្រង់ស្ថិតិមន្ត្រីយោធិនពិការ ដើម្បីស្រាវជ្រាវរកអ្នកដែលមានទំនាស់ដីធ្លីពិតប្រាកដ ហើយនៅពេលស្រង់ស្ថិតិចប់ អាជ្ញាធរនឹងមិនទុកឲ្យមានបញ្ហាយូរបន្តទៅទៀតនោះទេ៖ «ចុះបញ្ជីឲ្យបានត្រឹមត្រូវខ្លាច៧៤ហើយឡើង ៧៤ទៀត ដូច្នេះធ្វើឲ្យត្រឹមត្រូវដើម្បីកុំឲ្យមានជនដទៃឬមានអ្នកក្លែងបន្លំអ្នកតំណាងនោះ។ហើយការងារនេះជិតចប់ហើយ យើងក៏កំពុងតែឲ្យខាងសុរិយោដីរៀបចំប្លង់ដើម្បីយើងរៀបចំគួសឲ្យចាប់ដីឡូត៍ឲ្យពួកគាត់។ហើយក្នុងនោះឲ្យធ្វើកិច្ចនោះហើយយើងធ្វើផ្លូវក្រាលគ្រួសក្រហមនិងគិតគូរទីតាំងសម្រាប់ធ្វើសាលារៀនទៀត » ។
ចំណែកតំណាងយោធិនពិការម្នាក់ទៀតលោក គង់ សំអាត អះអាងថា ដីទំនាស់នោះជាដីរបបរបស់ពួកគាត់ ដែលរដ្ឋាភិបាលបានចែកជូនឲ្យអតីតខ្មែរក្រហមផ្ដាច់ខ្លួនកាលពីឆ្នាំ១៩៩៧ ដើម្បីយកទៅបង្កបង្កើនផលដោះស្រាយជីវភាពប្រចាំថ្ងៃ។ លោកថា មន្ត្រីយោធិនពិការចំនួន៧៤គ្រួសារ ត្រូវបានមេបញ្ជាការរបស់ពួកគាត់ជួលយកទៅធ្វើកសិកម្មមួយរយៈកាលពីសម័យនោះ ដោយសារកាលណោះពួកគាត់មានជីវភាពខ្វះខាត ហើយទុកដីចោលមួយរយៈ លុះដល់ឆ្នាំ២០១៣ ពួកគាត់ក៏បានចូលទៅដាំនៅលើដីនោះឡើងវិញ រហូតមកទល់សព្វថ្ងៃ។ លោកថា ផ្ទៃទំនាស់សរុប ៦០០ហិកតារ មេៗ របស់ពួកគាត់បានយកដីនោះទៅលក់ឲ្យក្រុមហ៊ុន ហៃ សួគ៍ និងលក់ឲ្យប្រជាពលរដ្ឋចំនួន ១៤គ្រួសារ ប៉ុន្តែពួកគាត់បានប្ដឹងតវ៉ាតាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ជាតិ ដើម្បីទាមទារយកនោះមកវិញ តែអាជ្ញាធរមិនបានដោះស្រាយជូនពួកគាត់ទេ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc)ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា លើកឡើងថា មន្ត្រីយោធិនទាំងនោះរងគ្រោះដោយសារតែដីរបស់ខ្លួន។ លោកបន្ថែមទៀតថា រឿងនេះដោយសារតែអាជ្ញាធរខេត្តមិនចង់ដោះស្រាយជូនពួកគាត់ ដូច្នេះបានជាទំនាស់អូសបន្លាយមកទល់សព្វថ្ងៃ៖ «បើអាជ្ញាធរគាត់ត្រូវធ្វើយ៉ាងណាដើម្បីបញ្ចប់ទំនាស់ស្រលាញ់ពលរដ្ឋនោះជាការប្រសើរ ប៉ុន្តែការដោះស្រាយកន្លងមកនៅតំបន់នោះជាច្រើនអាណត្តិហើយការបោះឆ្នោត បានត្រឹមមុនពេលបោះឆ្នោតនឹង អាជ្ញាធរនាំគ្នាទៅដល់ប្រាប់ពលរដ្ឋឲ្យមកកាន់បក្សខ្លួនអីខ្លួន ហើយខ្លួននឹងដោះស្រាយជូន ហើយពលរដ្ឋក៏នាំទៅខ្លះពាក្យអាវបក្សអីអីចឹងទៅ តែដល់ពេលបោះឆ្នោតហើយនៅដដែល បានត្រឹមតែភូតភរពលរដ្ឋ » ។
មន្ត្រីយោធិនពិការបានព្រមព្រៀងជាមួយក្រុមហ៊ុនហៃសួគ៌ ដោយមានអាជ្ញាធរខេត្តធ្វើជាអាជ្ញាកណ្ដាលក្នុងជួបដោះស្រាយនៅសាលាឃុំទួលពង្រកាលពីព្រឹកថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៨ ។តំណាងមន្ត្រីយោធិនទាំង ២រូបនេះអះអាងថា កាលណោះអាជ្ញាធរបានបង្ខំឲ្យពួកគាត់យកដីស្រែមួយហិកតារកន្លះ និងដីលំនៅឋាន ៣០ម៉ែត្រគុណនឹង ៥០ម៉ែត្រក្នុងមួយគ្រួសារ ដើម្បីបញ្ចប់សំណុំរឿងនេះ។ ពួកគាត់ព្រមទទួលយកដី ដោយសារគ្មានជម្រើសព្រោះអាជ្ញាធរបានគំរាមថា នឹងរុះរើផ្ទះរបស់ពួកគាត់ចេញពីដីជម្លោះ បើសិនជាពួកគាត់មិនព្រមទទួលយកការដោះស្រាយនោះ។ តំណាងយោធិនពិការលោក លី ខ្លី អះអាងថា កាលពីថ្ងៃទី១៧ ធ្នូកន្លងទៅ អាជ្ញាធរខេត្តបានហៅពួកគាត់ទៅជួបពិភាក្សានៅឃុំទួលពង្រម្ដងទៀតដែរ ប៉ុន្តែបានត្រឹមសន្យាខ្យល់ជាមួយពួកគាត់ ហើយក៏ត្រឡប់ទៅវិញ ដោយមិនមានដំណោះស្រាយអ្វីឡើយ។ លោកថា ពួកគាត់ក៏មិនព្រមចុះចេញពីដីទំនាស់នោះទេ ព្រោះមានតែដីទំនាស់នេះហើយ ដែលអាចជួយឲ្យពួកគាត់ចំណូលបានគ្រាន់ចិញ្ចឹមជីវិត ដូច្នេះនៅដើមឆ្នាំ២០១៩ ពួកគាត់នឹងប្រមូលគ្នាធ្វើដំណើរទៅតស៊ូមតិនៅរាជធានីភ្នំពេញ ដើម្បីស្វែងរកដំណោះស្រាយបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
