សាលាដំបូងខេត្តព្រះសីហនុ សម្រេចឲ្យពលរដ្ឋ ១១គ្រួសារចាញ់ក្ដីអ្នកមានទ្រព្យម្នាក់ លើវិវាទដីធ្លីមួយកន្លែងស្ថិតក្នុង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដោយតម្កល់ទុកដីការក្សាការពារដែលតុលាការខេត្តនេះ បានចេញឲ្យបុគ្គលនោះកាលពីពេលកន្លងមក ទុកជាបានការដដែល។ ក្រុមប្រជាពលរដ្ឋ ហៅការសម្រេចនេះថា ជារឿងអយុត្តិធម៌ ហើយមិនអាចទទួលយកបាន។ ពួកគាត់នឹងបន្តរឿងក្ដីទៅសាលាឧទ្ធរណ៍ ហើយរកកិច្ចអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធនៅរាជធានីភ្នំពេញ។
តំណាងប្រជាពលរដ្ឋលោក យូ វាសនា លើកឡើងថា ការសម្រេចរបស់លោកចៅក្រម ជា សុខហៀង គឺមានភាពខ្វះចន្លោះ ដោយមិនបានពិនិត្យមើលឯកសារកាន់កាប់ដីរបស់ពលរដ្ឋកាលពីឆ្នាំ២០០៦ ដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន នោះទេ។ ផ្ទុយទៅវិញ ចៅក្រម ជា សុខហៀង បែរជាផ្អែកត្រឹមតែលិខិតផ្ទេរសិទ្ធិទិញលក់ដីរបស់លោកស្រី ជា សុខឡេង កាលពីឆ្នាំ២០០៨ ដែលទិញពីឈ្មោះ ជួន នី និងឈ្មោះ លី សុខា ទៅវិញ។
លោក យូ វាសនា យល់ថា ប្រសិនបើតុលាការ ងាកមកពិនិត្យមើលឯកសារពួកគាត់ដែលរស់នៅលើទីតាំងដីជិត ២០ឆ្នាំមកនេះ ហើយឈរលើគោលការណ៍យុត្តិធម៌ពិតប្រាកដ ការសម្រេចបែបនេះ ក៏មិនមានដែរ។ តំណាងពលរដ្ឋរូបនេះ ហៅសេចក្ដីសម្រេចនេះថា ជារឿងអយុត្តិធម៌ចំពោះពលរដ្ឋ ១១គ្រួសារ ហើយរឹតតែធ្វើឲ្យពួកគាត់រក្សាជំហរបន្តការតវ៉ា រកដំណោះស្រាយលើរឿងនេះតទៅទៀត៖ «ជួន នី ហើយនិង លី សុខា ពីរនាក់ប្ដីប្រពន្ធហ្នឹង គឺជាកម្មករមានឈ្មោះនៅក្នុងបញ្ជីកម្មកររបស់ពួកយើងខ្ញុំ។ ហេតុដូច្នេះ មិនបានមើលទៅលើឯកសារយើងទេ។ បើសិនជាតុលាការមានយុត្តិធម៌និងឯករាជពិតមែន ខ្ញុំជឿថា គ្រាន់តែឯកសាររបស់ពួកខ្ញុំប៉ុណ្ណឹង ហើយឃើញឯកសារពួកខ្ញុំ ដោយសុចរិតប៉ុណ្ណឹង គឺយើងឈ្នះរឿងក្ដីហ្នឹងបាត់ទៅហើយ។ នេះសំណូមពរដល់ប្រមុខរដ្ឋាភិបាល ដែលគាត់ស្រែកហើយស្រែកទៀតថា កែប្រព័ន្ធតុលាការ តែបែរជាមន្ត្រីនៅថ្នាក់ក្រោមឱវាទរបស់លោក បែរជាជាន់ឈ្លីនូវប្រសាសន៍របស់គាត់»។
លោក យូ វាសនា បញ្ជាក់ថា អាជ្ញាធរឃុំអូរត្រេះ បានចេញចំណារមួយមិនទទួលស្គាល់ដីដែលលោកស្រី ជា សុខឡេង កាន់កាប់នោះទេ ព្រោះជាដីខុសទីតាំង។ អាស៊ីសេរី ព្យាយាមសុំការបញ្ជាក់បន្ថែមរឿងនេះ ពីមេឃុំអូរត្រេះ លោក ហាក់ ម៉េង តាមទូរស័ព្ទជាច្រើនដងតែ គ្មានអ្នកទទួល។
ចំណែកលោកស្រី ជា សុខឡេង ដែលមានទំនាស់ដីធ្លីជាមួយពលរដ្ឋ អះអាងប្រាប់អាស៊ីសេរីថា ដីដែលគាត់កាន់កាប់នោះ គឺមានប្លង់កម្មសិទ្ធិត្រឹមត្រូវ ហើយទទួលស្គាល់ពីមន្ត្រីសុរិយោដីថ្នាក់ស្រុក និងខេត្ត។ លោកស្រី ជា សុខឡេង ដែលជាអ្នករស់នៅក្រុងភ្នំពេញ បញ្ជាក់ថា លោកស្រីទិញដីនោះពីឈ្មោះ ជួន នី និង លី សុខា កាលពីឆ្នាំ២០០៨ ក្នុងតម្លៃជាង ១ម៉ឺនដុល្លារ នូវទំហំជាង ១ម៉ឺន៤ពាន់ម៉ែត្រការ៉េ។ ក្នុងពេលជាង ១០ឆ្នាំមកនេះ លោកស្រី ជា សុខឡេង ថា គាត់បានធ្វើចម្ការលើដីនោះ មានដាំដើមប្រេងខ្យល់ រហូតមកដល់ពាក់កណ្ដាលឆ្នាំ២០១៨ ស្រាប់តែមានពលរដ្ឋអះអាងថា នោះជាដីរបស់ពួកគេទៅវិញ៖ «ព្រោះមុននឹងទិញហ្នឹង ខ្ញុំទៅសុរិយោដីសួរ ឥឡូវខ្ញុំចង់ទិញដីកន្លែងហ្នឹង ប៉ុន្តែជួយឆែកមើលមើល៍ដីរបស់ ជួន នី ហ្នឹងមានជាន់ប្លង់លើបុគ្គលណាអត់។ គេថា អត់មានជាន់ទេ។ គេឆែកមើលឲ្យខ្ញុំដែរ គេថា អត់អីទេដីហ្នឹង ទិញបាន។ អ៊ីចឹង ! បានខ្ញុំទិញ មិនចេះតែយកលុយទៅទិញទេ»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ ប្រចាំខេត្តព្រះសីហនុ លោក ស្រេង វណ្ណលី យល់ថា មុនពេលចៅក្រមចេញដីកាសម្រេចណាមួយ តុលាការគួរកោះហៅអាជ្ញាធរមូលដ្ឋានមកសួរនាំអំពីរឿងនោះឲ្យបានច្បាស់លាស់ និងពិនិត្យមើលឯកសាររបស់ភាគីទាំងសងខាង ដោយផ្អែកទៅតាមផ្លូវច្បាប់។ លោក ស្រេង វណ្ណលី បន្តថា បើតុលាការផ្អែកលើចំណុចខាងលើនេះ នោះការចេញដីកាសម្រេច នឹងធ្វើឲ្យភាគីទាំងសងខាងទទួលយកបាន ហើយអាចឈានដល់ការបញ្ចប់ជម្លោះបានថែមទៀតផង៖ «នៅពេលដែលខ្ញុំចុះទៅមើលហ្នឹង ឃើញមានប្រជាពលរដ្ឋរស់នៅលើទីតាំងហ្នឹងពិតមែន។ ដោយឡែកមានការចុះទៅពិនិត្យរបស់អភិបាលរងស្រុកកន្លងមកហ្នឹង ក៏មានការបញ្ជាក់ពីមេឃុំនៅទីតាំងនោះ ដីនោះមិនស្ថិតនៅលើដីទំនាស់ដែលគាត់បានប្ដឹងនោះទេ។ អ៊ីចឹងហើយ បានជាខ្ញុំស្នើសុំឲ្យមានការកោះអញ្ជើញអាជ្ញាធរភូមិឃុំ ពីតុលាការដើម្បីឲ្យគាត់បញ្ជាក់ថាដីហ្នឹង វាពិតជារបស់ភាគីខាងណាមួយ ហើយឯកសារនោះជាឯកសារត្រឹមត្រូវឬយ៉ាងណា ដើម្បីផ្ដល់យុត្តិធម៌ឲ្យភាគីទាំងសងខាង»។
ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនិងលោកស្រី ជា សុខឡេង កើតឡើង កាលពីចុងខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីលោកស្រីបានប្ដឹងទៅតុលាការខេត្តព្រះសីហនុ ដោយចោទពលរដ្ឋ ១១គ្រួសារថា ចូលមកកាន់កាប់ដីធ្លីគាត់ដោយខុសច្បាប់ ហើយតម្រូវឲ្យពលរដ្ឋរុះរើផ្ទះសម្បែងចេញ។ ចំណែកពលរដ្ឋអះអាងថា ពួកគាត់បានរស់នៅលើទីតាំងនោះ តាំងពីឆ្នាំ១៩៩២ ហើយមានប្លង់កម្មសិទ្ធិកាប់កាន់ដីធ្លីត្រឹមត្រូវ ដែលចេញដោយអាជ្ញាធរមូលដ្ឋាននៅឆ្នាំ២០០៦។
ក្រុមប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី បញ្ជាក់ជំហរ ពួកគេនឹងធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីដាក់ពាក្យប្ដឹងទាស់នៅសាលាឧទ្ធរណ៍ ហើយស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ និងអង្គភាពប្រឆាំងអំពើពុករលួយ ស្នើសុំពិនិត្យសើរើឡើងវិញ នូវសេចក្ដីសម្រេចរបស់តុលាការខេត្តព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។