ស្វាមីប្រធានសហគមន៍ដីធ្លីនៅស្រុកអូរជ្រៅ អ្នកស្រី ឡុង សុគន្ធី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យ ស្នើឲ្យតុលាការកំពូលទម្លាក់ចោលការចោទប្រកាន់លើសំណុំរឿងភរិយារបស់លោក និងដោះលែងឲ្យមានសេរីភាពឲ្យបានឆាប់ ដើម្បីជួយរកប្រាក់ដោះស្រាយជីវភាពក្នុងគ្រួសារ។ ការស្នើសុំនេះ ដោយសារមេធាវីការពារក្ដីឲ្យជនត្រូវចោទបានប្ដឹងសាទុក្ខនឹងសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ ដែលបានផ្ដន្ទាទោសឲ្យអ្នកស្រីជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ហើយសាលាកំពូលគ្រោងជម្រះក្ដីលើសំណុំរឿងនេះក្នុងពេលឆាប់ៗ ខាងមុខនោះ។
ស្វាមីឲ្យជនត្រូវចោទ លោក នង នី អះអាងថា សេចក្ដីសម្រេចរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ ផ្ដន្ទាទោសអ្នកស្រី ឡុង សុគន្ធី ដោយអយុត្តិធម៌បំផុត ហើយលោកនឹងក្រុមគ្រួសារមិនអាចទទួលយកបានទេ។
សហគមន៍ដីធ្លីនៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ អ្នកស្រី ឡុង សុគន្ធី ត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ដោយចោទប្រកាន់ពីបទប៉ះពាល់លើកម្មសិទ្ធិឯកជន និងបទធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅភូមិបឹងស្នោ ឃុំស្លាក្រាម ស្រុកស្វាយចេក។ ប៉ុន្តែអ្នកស្រី ឡុង សុគន្ធី ធ្លាប់មានប្រសាសន៍មុនពេលសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនថា អ្នកស្រីពុំបានរំលោភដីធ្លីដូចការចោទប្រកាន់នោះទេ ហើយអ្នកស្រី ក៏បានចាត់ទុកការចោទប្រកាន់នេះថា ជាការបិទសិទ្ធសេរីភាព ដើម្បីកុំឲ្យអ្នកស្រីដឹកនាំពលរដ្ឋតវ៉ាទាមទារឲ្យអាជ្ញាធរដោះស្រាយទំនាស់ដីក្នុងសហគមន៍របស់ពួកគាត់បន្តទៀត។
កន្លងមកសាលាឧទ្ធរណ៍បានតម្កល់សំណុំរឿងសហគមន៍ដីធ្លីអ្នកស្រី ឡុង សុគន្ធី តាមសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តបន្ទាយមានជ័យទុកជាបានការ។ មេធាវីការពារក្ដីឲ្យជនជាប់ចោទបានប្ដឹងសាទុក្ខលើសំណុំរឿងនេះទៅសាលាកំពូលបន្តកាលពីថ្ងៃទី១៩ តុលា ដើម្បីស្នើសុំឲ្យអ្នកស្រី ឡុង សុគន្ធី នៅក្រៅឃុំបណ្ដោះអាសន្ន និងដោះលែងឲ្យមានសេរីភាព។
លោក នង នី ឲ្យដឹងនៅថ្ងៃទី២៦កុម្ភៈថា មេធាវីបានដាក់ប្ដឹងសាទុក្ខលើសំណុំរឿងនេះទៅតុលាការកំពូលអស់ជាច្រើនខែ ដោយតុលាការមិនទាន់ជម្រះក្ដីនៅឡើយទេ ។លោកថា ការយឺតយ៉ាវជម្រះក្ដីនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់លោក ព្រោះចាប់តាំងពីភរិយាលោកជាប់ពន្ធនាគារអស់ជិតមួយឆ្នាំមក គឺសមាជិកក្នុងគ្រួសាររស់នៅដោយក្ដីទុក្ខសោក ដោយពុំទៅធ្វើការរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារនោះទេ ហើយបាន ខ្ចីប្រាក់គេជាច្រើនពាន់ដុល្លារសម្រាប់យកទៅដើរក្ដី និងសួរសុខទុក្ខអ្នកស្រី ឡុង សុគន្ធី៖ «ខ្ញុំសូមពរឲ្យប្រពន្ធខ្ញុំបានចេញមកវិញជួបជុំក្រុមគ្រួសារអាងរកស៊ីចិញ្ចឹមកូនតទៅមុខទៀត ព្រោះអត់ពីគាត់ទៅដូចដាច់ដៃម្ខាងធ្វើអីមិនកើតទេ។រឿងនេះអត់មានយុត្តិធម៌ទេចោទប្រកាន់មកលើពលរដ្ឋស្លូតត្រង់ ហើយអ្នកដែលខូចពិតប្រាកដតុលាការមិនមានចំណាត់ការទេ ខ្ញុំអស់រលីងហើយក្នុងផ្ទះមិនមានសល់អីទេ ធ្លាប់តែលក់ឥវ៉ាន់ពេញផ្ទះឥឡូវអស់រលីង » ។
ឆ្លើយតបនឹងបញ្ហានេះអ្នកនាំពាក្យតុលាការកំពូលលោក នៅ មុនីជោត មានប្រសាសន៍ប្រាប់អាស៊ីសេរីថា លោកមិនបានដឹងសំណុំរឿងនេះដំណើរយឺតយ៉ាវដោយសារមូលហេតុអ្វីនោះទេ។ទោះយ៉ាងណាលោកថានឹងជួយតាមដានលើសំណុំរឿងនេះ៖ «ប៉ុន្តែគាត់អាចទៅសួរគេខ្លួនឯង ឬក៏ស្អែកចាំខ្ញុំសួរគេឲ្យ តើរឿងក្ដីទៅដល់ណាហើយ ព្រោះរឿងក្ដីគេមិនប្រាប់ទេ គេទុកជម្រាបគាត់ខ្លួនឯង ព្រោះវាមានរឿងច្រើនដែលខ្ញុំនិយាយអត់បាន ហើយពីព្រោះផ្នែកកិច្ចការខាងតុលាការបានជាខ្ញុំមិនចង់និយាយ » ។
មេធាវីការពារក្ដីឲ្យជនជាប់ចោទ លោក សំ ទិត្យសីហា ធ្លាប់មានប្រសាសន៍ប្រាប់អាស៊ីសេរីថា លោកជឿជាក់ថា សាលាកំពូលនឹងទម្លាក់ចោលការចោទប្រកាន់នេះ ព្រោះថ្មីៗ នេះសាលាដំបូងខេត្តបន្ទាយមានជ័យបានចេញសេចក្ដីថ្លែងការណ៍មួយទទួលស្គាល់ថា រឿងរ៉ាវដែលកើតមាននៅស្រុកអូរជ្រៅនោះ គឺជារឿងទំនាស់ដីធ្លី ហើយក៏បានសុំឲ្យតុលាការផ្អាកការចោទប្រកាន់ទៅលើពលរដ្ឋដែរ ដើម្បីទុកពេលឲ្យអាជ្ញាធរថ្នាក់ជាតិដោះស្រាយទំនាស់នេះឲ្យបានរួចរាល់សិន៖ «គាត់ថា ដីហ្នឹងទី១ ជាន់ទៅលើគ្នា ហើយទី២ ដោយសារការបែងចែករដ្ឋបាលរវាងភូមិថ្នល់បត់ និងភូមិបឹងស្នោ ហើយធ្វើឲ្យការបែងចែករដ្ឋបាលមិនច្បាស់លាស់ ទើបធ្វើឲ្យការគ្រប់គ្រងដីរវាងពលរដ្ឋដែលមានដីអត់ប្លង់នឹងត្រួតស៊ីគ្នា។ ដូច្នោះហើយខ្ញុំគិតថា វាអយុត្តិធម៌ចំពោះគាត់ណាស់ ព្រោះមិនទាន់រកឃើញថា ដីណាជាដីពិតប្រាកដរបស់ពលរដ្ឋ ឬដីភាគីម្ខាងទៀត ដូច្នោះហើយបានខ្ញុំថា អយុត្តិធម៌ ពីព្រោះគួរទុកករណីនេះឲ្យអាជ្ញាធរគាត់ដោះស្រាយសិន»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា អះអាងថា តុលាការខេត្តបន្ទាយមានជ័យឃុំខ្លួនសកម្មជនដីធ្លីរូបនេះទាំងអយុត្តិធម៌ ដោយសារតែអ្នកស្រីជាឆ្អឹងទទឹងករបស់ភាគីទំនាស់ ដែលភាគច្រើនជាអ្នកមានលុយនិងមានអំណាចនៅក្នុងខេត្តបន្ទាយមានជ័យ។ លោកបញ្ជាក់ទៀតថា តុលាការកំពូលអូសបន្លាយពេលជម្រះលើសំណុំរឿងប្រៀបដូចដាក់បន្ទុកកាន់តែធ្ងន់ទៅលើក្រុមគ្រួសារអ្នកស្រី ឡុង សុគន្ធី ព្រោះអ្នកស្រី គឺជាមនុស្សបង្គោលក្នុងការរកប្រាក់ចំណូលដោះស្រាយជីវភាពក្នុងគ្រួសាររបស់ពួកគាត់៖ «នៅក្នុងផ្ទះរបស់គាត់ស្ងាត់ជ្រងំហើយ សូម្បីតែភាពរីកចំរើន ឬការលក់ដូរពីមុនមក គឺបាត់អស់ហើយ ដោយប្ដីទៅស៊ីឈ្នួលដកដំឡូង ហើយចោរលួចដកដំឡូងរបស់គាត់ហើយ ហើយកូនស្រីតូចមួយ ក៏ទៅតាមទៅដកដំឡូងជាមួយឪពុកដែរ។ ដូច្នេះជីវភាព និងការរៀនសូត្ររបស់កូនគាត់ គឺធ្លាក់ចុះ យើងនិយាយថា បាត់បង់ទីពឹងពំនាក់អាស្រ័យដល់ទៅ ៨០ភាគរយហើយ នៅសល់ប្រហែល ២០ភាគរយ គឺតិចតួចបំផុតនៅក្នុងគ្រួសារគាត់ » ។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្តថា អ្នកស្រី ឡុង សុគន្ធី គឺជាមេដឹកនាំរបស់ពលរដ្ឋទំនាស់ដីធ្លីនៅឃុំអូរបីជាន់ ហើយកន្លងមក អ្នកស្រីតែងដឹកនាំប្រជាពលរដ្ឋក្នុងសហគមន៍របស់ខ្លួនតវ៉ាទាមទារឲ្យរដ្ឋអំណាចដោះស្រាយទំនាស់ដីរបស់ពួកគាត់ជាញឹកញាប់។ លោកកត់សំគាល់ទៀតថា មេសហគមន៍ដីធ្លីរូបនេះ មានជាប់បណ្ដឹងនៅសាលាដំបូងខេត្តបន្ទាយមានជ័យរហូតដល់ទៅ ៩បណ្ដឹងឯណោះ ហើយសុទ្ធតែជាបណ្ដឹងរឿងដីធ្លី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
