ពលរដ្ឋដែលជាអតីតស្ត្រីមានជម្លោះដីធ្លីនៅបុរីកីឡា និងបឹងកក់ លើកគ្នាតវ៉ាដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ចេញមុខស្វែងរកយុត្តិធម៌ជូនពួកគាត់។ ក្រុមស្ត្រីមានជម្លោះដីធ្លីទាំងនេះអះអាងថា ជម្លោះដ៏រ៉ាំរ៉ៃរបស់ពួកគាត់នឹងអាចដោះស្រាយចេញ បើសិនជាលោក ជា សុផារ៉ា រដ្ឋមន្ត្រីថ្មីនៃក្រសួងរៀបចំដែនដី ចេញមុខ។
ដោយសារអស់ជំនឿលើសាលារាជធានីភ្នំពេញ ថាមិនអាចជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់បាន អតីតសហគមន៍មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ផានអ៊ីម៉ិច (PhanImex) មកពីបុរីកីឡា និងក្រុមហ៊ុន ស៊ូកាគូ (Shukaku) និងបឹងកក់ រាប់សិបនាក់ បានលើកគ្នាស្រែកតវ៉ានៅខាងមុខក្រសួងរៀបចំដែនដី នៅព្រឹកថ្ងៃទី២៩ វិច្ឆិកា ដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ចេញមុខជួយស្វែងរកយុត្តិធម៌ជូនពួកគាត់។
បណ្ដាញអតីតស្ត្រីបឹងកក់ លោកស្រី អ៊ឹម ស្រីទូច រៀបរាប់ថា រយៈពេល ១០ឆ្នាំហើយដែលការទាមទាររបស់លោកស្រីមិនទទួលបានដំណោះស្រាយ ហើយបានត្រឹមការប្រើហិង្សា ការភូតភរ និងតុលាការចាប់ពួកគាត់ដាក់គុក។ លោកស្រីបន្តថា អ្វីដែលក្រុមពលរដ្ឋបឹងកក់ទាមទារពេលនេះ គឺបានផ្ទះទទឹង ៤ម៉ែត្រ x ១៨ម៉ែត្រ នៅតំបន់បឹងកក់វិញ៖ « ក្រសួងដែនដី បានបង្កើតគណៈកម្មការដោះស្រាយដីធ្លី ហើយយើងគឺជាជនរងគ្រោះដោយសារដីធ្លី ដោយសារមានការអភិវឌ្ឍនៅតំបន់បឹងកក់ និងបុរីកីឡា ហើយដែលជាការអភិវឌ្ឍរំលោភពួកខ្ញុំ »។
ការតវ៉ាក្រៅពីស្រែកចង់ឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ចេញមុខដោយផ្ទាល់ដើម្បីដោះស្រាយបញ្ហាជូនពួកគាត់ ក្រុមស្ត្រីតវ៉ាក៏បានលើកស្លាកចោទក្រុមហ៊ុន ផានអ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន ថាមិនបានកសាងលំនៅឋានសមរម្យនៅនឹងកន្លែងជូនពួកគាត់តាមកិច្ចសន្យា។
ចំណែកអ្នកតំណាងក្រុមស្ត្រីបុរីកីឡា លោកស្រី សុខ ស្រីអូន អះអាងថា ក្នុងចំណោម ១៨០គ្រួសារនៅបុរីកីឡាមាន ១៣០គ្រួសារ ដែលព្រមទទួលយកសំណងពីក្រុមហ៊ុន ហើយសល់ពីនេះ ពុំទាន់ទទួលបានសំណងអ្វីទាំងអស់ចាប់តាំងពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ក្រោយពីក្រុមហ៊ុន ផានអ៊ីម៉ិច ប្រើគ្រឿងចក្រ និងកម្លាំងចម្រុះឈូសកម្ទេចលំនៅឋាន ដោយគ្មានសេចក្ដីជូនដំណឹងជាមុន និងគ្មានសាលក្រមពីតុលាការ៖ « ហើយពួកខ្ញុំ ៣២គ្រួសារឈ្មោះធ្លាក់ពីសាលាក្រុងមក តែមកដល់ពេលនេះ ពុំទទួលបានដំណោះស្រាយអ្វីទាំងអស់ គឺសាលាក្រុង និងក្រុមហ៊ុន ផានអ៊ីម៉ិច ចេះតែភូតភរថានឹងដោះស្រាយឲ្យ តែរហូតមកដល់ពេលនេះ គឺពុំមានទេ »។
លោកស្រីបន្តថា ក្រុមហ៊ុន ផានអ៊ីម៉ិច និងសាលារាជធានីភ្នំពេញ បានសន្យារហូតថានឹងរកដំណោះស្រាយឲ្យពួកគាត់ តែការសន្យានោះបានពន្យារពេលអស់ជាច្រើនឆ្នាំមកដល់បច្ចុប្បន្ននេះ។
ក្រុមស្ត្រីបុរីកីឡាដែលខ្លះរស់នៅលើអគារចាស់កម្ពស់បីជាន់ និងរស់នៅជាមួយសាច់ញាតិ និងខ្លះរស់នៅផ្ទះជួលក្រោយពីបណ្ដេញចេញដោយអាជ្ញាធរ បានទាមទារឲ្យក្រុមហ៊ុន ផានអ៊ីម៉ិច កសាងអគារចំនួន ១០អគារថ្មីឲ្យពួកគាត់តាមកិច្ចសន្យានៅបុរីកីឡា។ រីឯស្ត្រីបឹងកក់ ទាមទារប្រាក់ ៨ពាន់ដុល្លារ និងដីពួកគាត់នៅតំបន់បឹងកក់វិញ និងអ្នកខ្លះដែលត្រូវបញ្ជូនឲ្យទៅរស់នៅដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទាមទារប្រាក់បន្ថែម ២ម៉ឺនដុល្លារ ដោយសារអគារដែលគេឲ្យទៅរស់នៅបច្ចុប្បន្ន គឺមានសភាពបាក់បែក និងគ្មានគុណភាព។
អ្នកបុរីកីឡា និងបឹងកក់ អះអាងដូចគ្នាថា នៅពេលពួកគាត់ទៅតវ៉ានៅសាលាក្រុងភ្នំពេញម្ដងៗ ខាងសាលាក្រុងមិនត្រឹមតែចេញមកជួបពួកគាត់ទេ ថែមទាំងបញ្ជាកងកម្លាំងប្រើប្រាស់ហិង្សាលើពួកគាត់ទៀត។
ការតវ៉ារបស់ពួកសហគមន៍មានជម្លោះដីធ្លីរ៉ាំរ៉ៃ ក៏បានដាក់ចេក និងផ្លែឈើសែននៅខាងមុខក្រសួងរៀបចំដែនដី ដើម្បីបួងសួងឲ្យបារមីថែរក្សាក្រុងភ្នំពេញ ជួយអន្ទងចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ជា សុផារ៉ា ចេញមុខនិយាយជាមួយក្រុមហ៊ុន ផានអ៊ីម៉ិច ផ្ដល់សំណងសមរម្យសម្រាប់ឲ្យពួកគាត់ដែលជាពលរដ្ឋពុំទាន់ទទួលបានសំណង។
ក្រោយពីការតវ៉ារហូតមានការដុតធូបទៀនសែនបន់តាមជំនឿបែបនេះ មន្ត្រីនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត បានចេញមកជួបនិយាយជាមួយអ្នកតវ៉ា និងអញ្ជើញស្ត្រីតំណាង ២០នាក់ឡើងទៅប្រជុំនៅក្រសួង ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ។ ប៉ុន្តែការពិភាក្សាប្រហែលមួយម៉ោង មិនទទួលបានលទ្ធផលឡើយ ក្រៅពីជំរុញឲ្យក្រុមស្ត្រីតវ៉ា ទៅទាមទារនៅសាលារាជធានីភ្នំពេញ ព្រោះក្រសួងរៀបចំដែនដី គ្មានសមត្ថកិច្ចដោះស្រាយរឿងនេះទេ។
ប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត បញ្ជាក់ថា នៅពេលអាជ្ញាធររាជធានីភ្នំពេញ និងក្រសួងរៀបចំដែនដី ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត មិនអាចស្វែងរកដំណោះស្រាយជូនពលរដ្ឋរងគ្រោះដោយសារដីធ្លី ដូច្នោះប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន គឺមានភារកិច្ចចេញអន្តរាគមន៍ ដើម្បីដោះស្រាយបញ្ហានេះ និងមិនត្រូវគិតថារឿងជម្លោះដីធ្លីជារឿងនយោបាយឡើយ។
ការតវ៉ារបស់ក្រុមស្ត្រីរងគ្រោះដីធ្លីនៅបឹងកក់ និងបុរីកីឡា ត្រូវបានបង្ខំត្រឡប់ទៅផ្ទះវិញ ក្រោយពីត្រូវបានបំបែកតាមរយៈការចាប់សែងដោយកម្លាំងអាជ្ញាធរភ្នំពេញនៅម៉ោងជិត ៣រសៀលថ្ងៃទី២៩ វិច្ឆិកា។ ទោះជាយ៉ាងនេះក្ដី ពលរដ្ឋមានជម្លោះដីធ្លីទាំងនេះ ប្ដេជ្ញាថានឹងទាមទារនៅខាងមុខក្រសួងរៀបចំដែនដី បន្តទៀតរហូតលោក ជា សុផារ៉ា និងលោក ហ៊ុន សែន ចេញមុខជួយពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។