ប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត ឱ្យអាស៊ីសេរីដឹង កាលពីយប់ថ្ងៃទី៣១ មីនាថា ក្រុមគ្រួសារសកម្មជនដីធ្លីនៅខេត្តព្រះវិហារ បានរកឃើញសមាជិករបស់ខ្លួន គឺលោក ស៊ុំ ម៉ឺន វ័យ ៥៤ឆ្នាំ ដែលបាត់ខ្លួនកន្លងមកនោះវិញហើយ កាលពីថ្ងៃទី៣០ មីនា នៅខេត្តព្រះសីហនុ។
លោក អំ សំអាត បន្តថា អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លោក ជា គឹមសេង បានមកជួបលោក ស៊ុំ ម៉ឺន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ មីនា ក្រោយពីទទួលដំណឹងនេះពី លោកស្រី ភឹម ម៉ៅ ភរិយា លោក ស៊ុំ ម៉ឺន ។ លោក អំ សំអាត ដែលជួបលោក ស៊ុំ ម៉ឺន សង្កេតឃើញថា រូបកាយលោក ស៊ុំ ម៉ឺន មានលក្ខណៈស្គម ហើយមានបញ្ហាសុខភាពខ្លាំង៖ «គាត់មានសុខភាពមិនជាសូវល្អទេ ឥឡូវហ្នឹង។ ហើយអ៊ីចឹង ! ក្រោយពីគាត់ត្រលប់ទៅវិញ គាត់ត្រូវព្យាបាលការព្យាបាលផ្នែកសុខភាពគាត់ ឱ្យមានលក្ខណៈល្អប្រសើរវិញ ពីព្រោះដៃស្ដាំរបស់គាត់ គាត់ថាលើកអត់ចង់រួចទេ ហើយមានជំងឺក្រពះហូបអាហារអត់បានច្រើនថែមទៀត។ អ៊ីចឹង ! គាត់មានលក្ខណៈស្គមស្គាំង។ តាមគាត់ប្រាប់ គាត់ថាដោយសារភាពភ័យខ្លាច គាត់ចេះតែធ្វើដំណើរ ហើយមានគេអាណិត គេចេះតែឱ្យលុយ ហើយគាត់រើសអេតចាយ អីចឹង។ គាត់ជិះបន្តដំណើរទៅ ដោយមិនមានគោលដៅ។ គាត់ថាពេលហ្នឹងគាត់មិនមានបំណងរត់ទេ។ គាត់ដើរទៅពេលបាយ ហើយគាត់ដេញមាន់ទៅ ហើយគាត់ដួលសន្លប់ទៅ។ ហើយដឹងខ្លួនឡើង អត់មានអ្នកណានៅ គាត់ចេះតែធ្វើដំណើរទៅខាងក្រោយហ្នឹងទៅ។ ទៅខាងក្រោយហ្នឹងចូលព្រៃទៅ។ ហើយគាត់ស្នាក់នៅក្បែរហ្នឹងមួយយប់។ ហើយស្អែកឡើងគាត់ចេះតែចេញដំណើរទៅៗ»។
អាជ្ញាធរគ្រោងនឹងជូនលោក ស៊ុំ ម៉ឺន វិលត្រឡប់ទៅជួបក្រុមគ្រួសារគាត់វិញ នៅថ្ងៃចន្ទ ទី១ ខែមេសានេះ។ កាលពីថ្ងៃទី២០ ខែមករា លោក ស៊ុំ ម៉ឺន និងកូនប្រុសឈ្មោះ ម៉ឺន មាន វ័យ ២៦ឆ្នាំ ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅពេលពួកគេបើកគោយន្តដឹកឥវ៉ាន់លក់ដូរសំដៅទៅផ្ទះ ដោយធ្វើដំណើរតាមផ្លូវឆ្លងកាត់រនាំងក្រុមហ៊ុនមេត្រីភាព។ ក្នុងពេលចាប់ខ្លួននោះ លោកស្រី ភឹម ម៉ៅ ប្រាប់ថា អាជ្ញាធរដែលមានកម្លាំងទាហានចូលរួមផង បានយកស្វាយកាំភ្លើងវាយធ្វើបាបប្ដីនិងកូនប្រុសគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។