ពលរដ្ឋ​កោះកុង ៥៨​គ្រួសារ​ប្រឈម​ជម្លៀស​ចេញ​ពី​ផ្ទះ បន្ទាប់​ពី​រដ្ឋ​កាត់​ដី​ព្រៃ​អភិរក្ស ១៦៨​ហិកតារ​ជួល​ឱ្យ​ក្រុមហ៊ុន

ដោយ សុជីវី
2020-08-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឧកញ៉ា គិត ម៉េង ម្ចាស់​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ​កម្ពុជា (Cambodia Broadcasting Service) ដែល​ហៅ​កាត់​ថា ស៊ី​.ប៊ី​.​អេស (CBS)។
ឧកញ៉ា គិត ម៉េង ម្ចាស់​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ​កម្ពុជា (Cambodia Broadcasting Service) ដែល​ហៅ​កាត់​ថា ស៊ី​.ប៊ី​.​អេស (CBS)។
Screenshot

ការ​ដែល​រដ្ឋាភិបាល​ស​ម្រេច​កាត់​ឆ្វៀល​ដី​ព្រៃ​អភិរក្ស​ជាង ១៦៨ ហិកតារ (១៦៨.៨០) ក្នុង​ឧទ្យាន​ជាតិ​បុទុមសាគរ ក្នុង​ខេត្ត​កោះកុង ដែល​ជា​ប្រភព​សក្ដានុពល ធនធានធម្មជាតិ ឆ្នេរសមុទ្រ ព្រៃ​កោងកាង និង​ប្រភព​ចំណូល​នេសាទ​របស់​សហគមន៍​ជួល​ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group) បង្កើត​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ធ្យូងថ្ម​នោះ បាន​ក្លាយ​ជា​ក្តី​កង្វល់​រួម​អំពី​ផល​​ប៉ះពាល់​បរិស្ថាន និង​សង្គម​ធ្ងន់ធ្ងរ។ ពលរដ្ឋ​រស់នៅ​ឃុំ​ថ្មស ស្រុក​បុទុមសាគរ ខេត្ត​កោះកុង និង​អ្នកឃ្លាំមើល​បរិស្ថាន នៅ​មិន​ទាន់​ស្ងប់​អារម្មណ៍​នៅឡើយ​ទេ បន្ទាប់ពី​រដ្ឋាភិបាល អនុប្រយោគ​ដី​ព្រៃ​អភិរក្ស ក្នុង​ឧទ្យាន​ជាតិ​បុទុមសាគរ​ទំហំ​ជាង ១៦៨ ហិកតារ ជួល​ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង ដើម្បី​សាងសង់​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី។

ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ពី​គម្រោង​អភិវឌ្ឍន៍​នេះ គឺ​លោក ស៊ុំ សោហាន់ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១២ សីហា ថា គម្រោង​វិនិយោគ​នេះ ប៉ះពាល់​ពលរដ្ឋ ២​ភូមិ ក្នុង​នោះ​មាន​ពលរដ្ឋ​ចំនួន ៥៨​គ្រួសារ ប្រឈម​ការ​ជម្លៀស​ចេញ​ពី​លំនៅឋាន។ លោក​ថា កន្លង​​ទៅ ក្រុម​ពលរដ្ឋ​រាប់​រយ​គ្រួសារ បាន​ផ្ដិត​មេដៃ​ស្នើ​ឱ្យ​រដ្ឋាភិបាល លុប​គម្រោង​អភិវឌ្ឍន៍​នេះ ព្រោះ​ពួកគេ ភ័យខ្លាច​ប៉ះពាល់​ជម្រក​សត្វព្រៃ ឆ្នេរសមុទ្រ ព្រៃ​កោងកាង និង​ទីកន្លែង​នេសាទ​សមុទ្រ​របស់​អ្នកភូមិ​ជាច្រើន​ឆ្នាំ​មក​ហើយ​។ ក៏ប៉ុន្តែ​សំណើ​នេះ អាជ្ញាធរ​មិនបាន​យកចិត្តទុកដាក់ ដោះស្រាយ​នោះ​ទេ។ លោក​ថា គ្រួសារ​របស់​លោក​បង្ខំចិត្ត​ទទួល​សំណង​ទាំង​ទឹកភ្នែក ដោយសារ​គ្មាន​ជម្រើស ៖ «ខ្ញុំ​អត់​មាន​ចង់​ចេញពី​ដី​ដំណាំ ដែល​ខ្ញុំ​រស់នៅ ហើយ​ខ្ញុំ​រស់​តាំងពី ១៩៨៣ មក​ជិត​៤០​ឆ្នាំ​ហើយ ប៉ុន្តែ​មើល​ទៅ​ពិបាក​ពេក ខ្ញុំ​ទទួល​ទាំង​ទឹកភ្នែក។ ពលរដ្ឋ​រកស៊ី​នៅ​សមុទ្រ មានការ​បាត់បង់​ហើយ គ្មាន​ពឹង​អី​ទៀត»

កាលពី​ថ្ងៃ​ទី៦ សីហា រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ អនុប្បយោគ​ដី ទំហំ ១៦៨.៨០​ហិកតារ ក្នុង​ឧទ្យាន​ជាតិ​បុទុមសាគរ ស្ថិត​ក្នុង​ភូមិ​ថ្ម​ស និង​ភូមិ​ចម្លង​គោ ឃុំ​ថ្មស ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ដើម្បី​ជួល​ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិលធូឌី វិនិយោគ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ដែល​មាន​អានុភាព ៧០០​មេហ្គាវ៉ាត់ ក្នុង​រយៈពេល ៣៨ ឆ្នាំ។

ប្រធាន​សមាគម​អ្នក​ស្រឡាញ់​បរិស្ថាន និង​សង្គម លោក ជុំ ហួត យល់​ថា ព្រៃ​អភិរក្ស​នេះ​ជា​ជង្រុក​នៃ​សក្ដានុពល​ធនធានធម្មជាតិ​សំបូរ​បែប ជីវចម្រុះ និង​ឆ្នេរសមុទ្រ​ផ្ដល់​អំណោយផល​គាប់ប្រសើរ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ពុំគួរ​ជា​កម្មវត្ថុ ជួល​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​នោះ​ទេ​។ លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ នឹង​ត្រូវ​រក​ថាមពល​ផ្សេង ផលិត​ថាមពល​អគ្គិសនី ដើម្បី​កាត់បន្ថយ​បរិស្ថាន និង​សង្គម ៖ «ប្រសិនជា​រដ្ឋាភិបាល​នៅតែ​សម្រេចចិត្ត ឬមួយ​នៅតែ​ងប់ងុល សង់​ថាមពល​ធ្យូងថ្ម​ទៀត នឹង​ធ្វើ​ឱ្យ​បាត់បង់​ដោយ​ស្វ័យប្រវត្តិ​។ យើង​រំពឹង​ថា រដ្ឋាភិបាល​នឹង​គិតគូរ​ឡើងវិញ​បញ្ហា​ហ្នឹង»

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិបាលកិច្ច​ធនធានធម្មជាតិ និង​បរិស្ថាន លោក ហែម ឧត្តម ថ្លែង​ថា ព័ត៌មាន​ដែល​លោក​ទទួល​បាន ពី​គម្រោង​វិនិយោគ​នេះ​នៅ​តិចតួច​នៅ​ឡើយ​ទេ ព្រោះ​ស្ថាប័ន​ជំនាញ​មិន​បាន​បង្ហាញ​ពី​របាយការណ៍​សិក្សា​ផល​ប៉ះពាល់​សង្គម និង​បរិស្ថាន​ឱ្យ​បាន​ទូលំទូលាយ​នោះ​ទេ។ លោក​ឆ្ងល់​ថា អ្វី​ជា​ផែនការមេ នៃ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​នោះ ព្រោះ​បណ្ដុំ​នៃ​ផល​ប៉ះពាល់​ជុំវិញ​គម្រោង​នេះ មិន​បាន​បង្ហាញ​ជា​សាធារណៈ៖ «មានរឿង​ច្រើន​ទៀត ត្រូវ​សួរ​ថា តើ អ្វី​ជា​ផែនការមេ នៃ​ការអភិវឌ្ឍន៍​ក្នុង​តំបន់​នោះ​? វា​មិនមែន​រោងចក្រ​ថាមពល វា​អាច​មានអី​ផ្សេងៗ​ទៀត អ៊ីចឹង​បណ្ដុំ​នៃ​ផល​ប៉ះពាល់​ពី ក្រុមហ៊ុន និង​រោងចក្រ​ធ្យូងថ្ម​។ មាន​ស្អី​ទៀត យើង​អត់​ដឹង»

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​ថា ក្រសួង​បរិស្ថាន បាន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ រួម​ទាំង​តំណាង​ក្រុមហ៊ុន វាយតម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់ ពី​ផល​ប៉ះពាល់​បរិស្ថាន និង​ចាត់វិធានការ​ផ្សេងៗ ក្នុង​បំណង​កាត់បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​។ លោក​ថា គម្រោង​នេះ ចូលរួម​សំខាន់ ផ្ដល់​សន្តិសុខ​ថាមពល​អគ្គិសនី សម្រាប់​ប្រើប្រាស់​ក្នុង​ប្រទេស និង​ចូលរួម​កំណើន​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ៖ «បងប្អូន​ពលរដ្ឋ​ចំនួន ៥៨ គ្រួសារ​ដែល​មាន​ផល​ប៉ះពាល់​នេះ​គឺ ភាគច្រើន​លើសលប់ គឺ​គាត់​ទទួលយក​សំណង​របស់​គាត់​ហើយ ជាមួយ​នូវ​ការ​ពេញ​ចិត្ត ហើយ​កំពុង​ដោះស្រាយ​ប្រហែល​នៅ ៥ គ្រួសារ​ទៀត​ទេ ក្នុងចំណោម ៥៨ គ្រួសារ​នេះ មុននឹង​បិទ​បញ្ចប់​ទៅ​ផល​ប៉ះពាល់​ផ្សេងៗ ស្របតាម​ការ​កំណត់​របស់​រដ្ឋាភិបាល»

ចំពោះ​សំណួរ​ថា តើ​ក្រសួងបរិស្ថាន និង​បង្ហាញ​របាយការណ៍ សិក្សា​ផល​​ប៉ះពាល់​បរិស្ថាន និង​សង្គម​នៅ​ពេលណា ? អ្នកនាំពាក្យ​រូប​នេះ នៅ​មិនទាន់​ឆ្លើយ​សំណួរ​នេះ​នៅឡើយ​ទេ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​កោះកុង លោក ថោង ច័ន្ទតារា និយាយ​ថា ពលរដ្ឋ​រង​ផល​ប៉ះពាល់​គម្រោង​អភិវឌ្ឍន៍​នេះ​មាន​ចំនួន ៥៨​គ្រួសារ ក្នុង​នោះ​មាន​ពលរដ្ឋ ២៨​គ្រួសារ បាន​ឯកភាព​ទទួលយក​សំណង ដើម្បី​ផ្លាស់ប្ដូរ​ទីលំនៅ។ លោក​បារម្ភ​ថា ប្រសិនបើ​គម្រោង​នេះ​លេច​ជា​រូបរាង នឹង​អាច​ប៉ះពាល់​គុណភាព​ទឹកសមុទ្រ និង​បាត់បង់ កន្លែង​នេសាទ​ត្រី​របស់​អ្នកភូមិ​រាប់​រយ​គ្រួសារ​៖ «ការប្រើប្រាស់​ថាមពល ជា​ការ​បំពុល​បរិស្ថាន​ធ្ងន់ធ្ងរ ព្រោះ​អី សម័យ​ឥលូវ​ថាមពល​ហ្នឹង​គេ​លែង​សូវ​ប្រើ យើង​ទើប​ចាប់ផ្ដើម​ប្រើ​។ ថាមពល​ផ្សេងទៀត យើង​នៅ​មាន​ជម្រើស ហើយ​គួរ​បញ្ឈប់​ដំណើរការ​គម្រោង​នេះ»

ទោះជា​យ៉ាង​នេះ​ក្តី ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ និង​ជា​សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាលេស ដេវិតសុន (Alejandro Gonzalez Davidson) រិះគន់​ធ្ងន់ៗ​ថា រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន វិនិយោគ​ថាមពល​អគ្គិសនី​ធ្បូង​ថ្ម គឺជា​កំហុស​ដ៏​ធំ​មួយ ប៉ះពាល់​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ​ជាដើម​។ លោក​ថា ការ​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន គិត ម៉េង ដែល​ធ្លាប់​មាន​រឿងអាស្រូវ​ច្រើន​ស្រាប់ អាច​នឹង​ប្រព្រឹត្ត​អំពើពុករលួយ និង​រំលោភ​សិទ្ធិ​ពលរដ្ឋ ទាក់ទិន​ដំណើរ​គម្រោង​អភិវឌ្ឍន៍​នេះ​៖ «ឆ្ងល់​ថា មូលហេតុ​អ្វី​បានជា​ប្រទេស​កម្ពុជា មិន​អាច​ធ្វើ​ដូច​ប្រទេស​វៀតណាម ជប៉ុន ឬ​ប្រទេស​ចិន​បាន ដែល​ចាត់​ទុក​ចេញ​ពី​ធ្យូងថ្ម​ជា ថាមពល​កង្វក់ ជា​ថាមពល​ហួស​សម័យ​ហើយ​។ ហេតុ​អី​មិន​ពឹង​ទៅលើ​ថាមពល​ទំនើប ថាមពល​ដែល​មាន​អនាគត​ល្អ ដូចជា​ថាមពល​ចេញពី​ផ្ទាំង​សូឡា និង​ចេញ​ពី​ខ្យល់»

ឧទ្យានជាតិ​បុទុមសាគរ ក្នុង​ខេត្ត​កោះកុង មាន​ផ្ទៃដី​ជិត ២​សែន​ហិកតារ ( ១៨៣.៤០៨ ហិកតារ) ត្រូវ​បាន​ព្រះករុណា​ព្រះបាទ នរោត្តម សីហនុ ចេញ​ព្រះរាជក្រឹត្យ​កំណត់​ជា​ព្រៃ​អភិរក្ស នៅ​ឆ្នាំ ១៩៩៣​។ ឧទ្យាន​ជាតិ​នេះ​ជា​តំបន់​ធម្មជាតិ ជម្រក​សត្វព្រៃ និង​មច្ឆា​ជាតិ ជាប់​សមុទ្រ​មាន​ឆ្នេរ​ខ្សាច់​ម៉ដ្ឋ​លាតសន្ធឹង​ធំ​ល្វឹងល្វើយ​។ អ្នកភូមិ​អះអាង​ថា ពលរដ្ឋ​ភាគច្រើន ដែល​រងគ្រោះ​ដោយសារ​គម្រោង​អភិវឌ្ឍន៍​នេះ មិន​ហ៊ាន​ងើប​តវ៉ា និង​ប្រឆាំង​នោះ​ទេ ហើយ​ពួកគេ​ខ្លះ បាន​បង្ខំចិត្ត​ទទួល​សំណង​ទាំង​ទឹកភ្នែក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល