ទាហាន​ង៧០​ព្រម​ផ្អាក​ឈូស​ដី​ព្រៃ​ការពារ​បណ្ដោះអាសន្ន​នៅ​ខេត្ត​កំពង់ស្ពឺ

ដោយ សាន សែល
2017-06-14
Share
ជម្លោះ​ដី ឱរ៉ាល់ កំពង់ស្ពឺ ៨៥៥ អ្នក​ភូមិ​ចុះ​ឃាត់​​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​ក្នុង​តំបន់​ព្រៃ​អភិរក្ស​អម្ពរស្រែពស់ ក្នុង​ឃុំ​ត្រពាំងពោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១៧។ RFA/Cheu Sideth
RFA/Cheu Sideth

នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ក្រុម​ទាហាន​កងពល​ង-៧០ យល់​ព្រម​ផ្អាក​យក​គ្រឿងចក្រ​ឈូស​ដី​ព្រៃ​ដែល​សហគមន៍​ថា ជា​ព្រៃ​អភិរក្ស​នៅ​ក្នុង​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ក្រោយ​អាជ្ញាធរ​ចុះឲ​សម្រប​សម្រប។

ជម្លោះ​ដី​ព្រៃ​ទំហំ​ជាង ៧០​ហិកតារ​រវាង​ប្រជា​សហគមន៍ និង​ទាហាន​កងពល​ង-៧០ បាន​ឈាន​ដល់​ដំណាក់កាល​ពិភាក្សា​រក​ដំណោះស្រាយ បន្ទាប់​ពី​ក្រុម​ទាហាន​ជីក​ប្រឡាយ​ធ្វើ​បង្គោល​ព័ទ្ធ​ដី​ព្រៃ​ដែល​ទាហាន​ថា ជា​ដី​សម្បទាន​សង្គមកិច្ច​ចែក​ជូន​ទាហាន​ចំនួន ១២​គ្រួសារ។

អ្នក​ភូមិ​ថា ក្រុម​ទាហាន​បាន​ចាប់​ផ្ដើម​ឈូស​ដី​ព្រៃ​នៅ​ថ្ងៃ​ទី​១២ មិថុនា បើ​ទោះ​ជា​អ្នក​ភូមិ​បាន​រារាំង​ដោយ​អះអាង​ថា ដី​ព្រៃ​នេះ​ស្ថិត​ក្នុង​តំបន់​ព្រៃ​អភិរក្ស​អម្ពរស្រែពស់ ការពារ​ដោយ​ព្រះរាជក្រឹត្យ។

អ្នក​ភូមិ​បាន​ប្រឈម​មុខ​គ្នា​ដោយ​ពាក្យ​សម្ដី​ជាមួយ​ទាហាន​កងពល​ង-៧០ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា ពេល​ព្យាយាម​ផ្អាក​ទាហាន​ឈូស​ដី​ជីក​ប្រឡាយ​ព្រំ។

មន្ត្រី​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា បាន​ប្រាប់​ឲ្យ​ភាគី​ទាំង​ពីរ​ផ្អាក​សកម្មភាព​រៀងៗ​ខ្លួន ហើយ​រង់ចាំ​អាជ្ញាធរ​ស្រុក មន្ទីរ​បរិស្ថាន ចុះ​សម្របសម្រួល។

ទោះបីជា​យ៉ាង​ណា ក្រុម​ទាហាន​កងពល​ង-៧០ បន្ត​ជីក​ដី​រហូត​ដល់​ព្រឹក​ទី​១៤ មិថុនា មុន​ពេល​ការ​ជួបជុំ​គ្នា​កើត​ឡើង​នៅ​ក្នុង​តំបន់​ដី​ព្រៃ​ដែល​មាន​ជម្លោះ។

នៅ​ក្នុង​ការ​ជួបជុំ​ម៉ោង ១១​ព្រឹក ថ្ងៃ​ទី​១៤ ខែ​មិថុនា អភិបាល​រង​ស្រុក​ឱរ៉ាល់ លោក ប៊ុន វិចិត្រ ស្នើ​ឲ្យ​ទាហាន​កងពល​ង-៧០ ដក​គ្រឿងយន្ត​ចេញ​ពី​ដី​ព្រៃ​ដើម្បី​រង់ចាំ​ការ​ពិភាក្សា​រក​ដំណោះស្រាយ​បន្ថែម​រវាង​អ្នក​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​សិក្សា​ថា តើ​ដី​ព្រៃ​ជាង ៧០​ហិកតារ​នេះ ស្ថិត​ក្នុង​ដី​សម្បទាន​សង្គមកិច្ច ឬ​ស្ថិត​ក្នុង​ដី​ព្រៃ​អភិរក្ស។

ក្រុម​ទាហាន​បាន​យល់ព្រម​បើក​គ្រឿងយន្ត​ចេញ​ពី​ព្រៃ។

លោក អៀម ម៉ៅ ទាហាន​កងពល​ង-៧០ ដែល​ដឹកនាំ​កម្លាំង​ឈូស​ជីក​ដី​ព្រៃ បាន​លើក​ឡើង​ថា ទាហាន​មាន​លិខិត​ស្នាម​ត្រឹមត្រូវ៖ «រក​តែ​ដី​នៅ​មិន​បាន រក​តែ​ដី​ដាំ​ដំណាំ​មិន​បាន។ ធ្វើ​ទាហាន​ចង់​ងាប់​ទៅ​វិញ​ហើយ។ មើល​មើល៍​មាន​អី​ដាំ? ហើយ​ដី​គេ​ចែក​ឲ្យ​ ពេល​ខ្ញុំ​មក​ធ្វើ​រវល់​តែ​មក​កាក់។ មក​កាប់​ព្រៃ ក៏​មក​កាក់ ធ្វើ​ម៉េច។ ឥឡូវ​ខ្ញុំ​ធ្វើ​ឲ្យ​ស្របច្បាប់​ហើយ។​ លើក​ក្រោយ​ខ្ញុំ​នឹង​មាន​រឿង​ធំ​មក​ទៀត បើ​មាន​រឿង​អ៊ីចឹង ព្រោះ​ខ្ញុំ​ធ្វើ​ប៉ុណ្ណេះ​ហើយ​ នៅ​អត់​ស្ដាប់​មេ​ស្ដាប់​កើយ​ផង​ហើយ អ៊ីចឹង​ខ្ញុំ​នឹង​ប្រើ​កម្លាំង»

ទោះបីជា​យ៉ាង​ណា ប្រជា​សហគមន៍​ម្នាក់​លោក ឆន ធា អះអាង​ថា ការ​លើក​ឡើង​របស់​ក្រុម​ទាហាន​ជា​ការ​បំភ្លឺ​ការពិត៖ «ពួក​ខ្ញុំ​បាន​ការពារ​រហូត​មក​ហើយ។ អត់​ដឹង​ថា មាន​ដី​ទាហាន​ពាក់ព័ន្ធ ឬ​កងទ័ព​យោធិន​អ្វី​ទាំង​អស់។ ខ្ញុំ​បាន​ការពារ​ជាមួយ​មន្ត្រី​ដែន​ជម្រក បាន​ចូល​អន្តរាគមន៍​គ្រប់​ពេល​វេលា។ អត់​មាន​ពាក់ព័ន្ធ​ជាមួយ​ទាហាន​ទេ ឬ​បុគ្គល​ណា​ទេ»

អភិបាល​រង​ស្រុក​ឱរ៉ាល់ លោក ប៊ុន វិចិត្រ  យល់​ថា ទង្វើ​របស់​ប្រជា​សហគមន៍​គឺ​ធ្វើ​លើស​ច្បាប់​ដែល​បាន​អនុញ្ញាត៖ «ចំណុច​ដែល​ជា​បញ្ហា គឺ​ផ្តើម​ចេញ​ពី​ការពារ​ហួស​ពី​បទដ្ឋាន​ដែល​សហគមន៍​មាន តែ​ទោះ​ជា​យ៉ាង​ណា​ក៏​អរគុណ​ដែរ។ ពិត​ជា​ល្អ​ណាស់! តែ​អ្វី​ដែល​ល្អ​នោះ គឺ​កុំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ ដោយហេតុ​ថា ប្រជាពលរដ្ឋ​យើង​ក៏​មាន​សិទ្ធិ​​​រស់​នៅ ក្រុម​គ្រួសារ​កង​ទ័ព​ក៏​ដូច​គ្នា អ៊ីចឹង​សុទ្ធ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដូច​គ្នា»

លោក នៅ ណាក់ អនុ​ប្រធាន​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ លើក​ឡើង​ថា ទង្វើ​របស់​ទាហាន​កង​ពល​ង-៧០ ជា​ការ​ត្រឹមត្រូវ៖ «តាមរយៈ​ការ​ស្នើសុំ​នេះ ក្រសួង​ការពារ​ជាតិ បាន​សម្រេច​ឲ្យ​គ្រួសារ​ទាំង ១២គ្រួសារ ដែល​បាន​ស្នើ​សុំ​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​បរិស្ថាន ដើម្បី​សម្រេច ហើយ​ការ​ស្នើ​សុំ​​ដល់​លើ​នេះ​ មាន​ការ​ឯកភាព​ពី​ថ្នាក់​ភូមិ​ឃុំ​ខេត្ត»

ចំណែក​មន្ត្រី​សម្របសម្រួល​សហគមន៍​ព្រៃឈើ នៃ​មន្ទីរ​បរិស្ថាន កំពុង​សិក្សា​ពី​ករណី​នេះ ហើយ​មិន​ទាន់​អារកាត់​ករណី​នេះ​ថា យ៉ាង​ណា​នោះ​ទេ ដោយសារ​លោក​ទើប​មក​កាន់​ការ​នៅ​ទី​នេះ៖ «ដោយឡែក​សម្រាប់​ថ្ងៃ​នេះ ពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​ឃើញ និង​សួរ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ទៅ រឿង​នេះ​ហាក់​មាន​ការ​ត្រួត​គ្នា​លើ​ទៅ​ដី​កាត់​ជូន​កងទ័ព និង​ដី​សហគមន៍​យើង។ ខ្ញុំ​គិត​ថា កន្លែង​នេះ​ ប្រហែល​ជា​យើង​ត្រូវ​ការ​ពេល​វេលា ដើម្បី​ដោះស្រាយ មិន​មែន​ជំនាញ​ខ្ញុំ​ទៅ​ដោះស្រាយ​ម្នាក់​ឯង​កើត​ទេ។ មាន​អាជ្ញាធរ មាន​ខាង​បង​បច្ចេកទេស បង​អនុ​ប្រធាន​ទទួល​បន្ទុក​ខាង​ការងារ​សហគមន៍​ហ្នឹង ជាមួយ​សហគមន៍ ជាមួយ​កងទ័ព ថា​តើ​ចំណុច​រួម​ត្រង់​ណា ដែល​មាន​ទទួល​យក​បាន​ទាំង​សង​ខាង»

ប្រជា​សហគមន៍​ម្នាក់​ទៀត លោកស្រី ឈួន សុង លើក​ឡើង​ថា តំបន់​ព្រៃ​ដែល​ទាហាន​កំពុង​ទន្ទ្រាន​នេះ​ជា​ព្រៃ​ដែល​គ្រួសារ​លោកស្រី និង​អ្នក​ភូមិ​តែង​ចូល​យក​រក​អនុផល​ព្រៃឈើ ដូចជា​ផ្សិត​ពី​ដូនតា​មក​ហើយ ហើយ​ថា ការ​កាត់​យក​ដី​ព្រៃ​ជាង ៧០​ហិកតារ​ជា​ការ​ផ្ដាច់​ដង្ហើម​រស់​របស់​ពួកគាត់៖ «ខ្ញុំ​យល់​ថា គេ​យក​អា​ត្រាក់​មក​ហ្នឹង គឺ​អស់​ដី​អស់​ព្រៃ។ វា​បាត់បង់​អស់​ទៅ ពួក​ខ្ញុំ​ ជីវិត​រស់​នៅ​គឺ​គ្មាន​បាន​ក្ដី​សុខ​ដែរ។ វា​លំបាក ទៅ​ប៉ះ​គេ​អ៊ីចឹង​ទៅ លុយ។ ពេល​គោ​ក្របី​ចូល​ដី​ក្រុមហ៊ុន លុយ។ ម៉្លោះ​ហើយ​ពួក​ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ព្រៃ​ហ្នឹង​ណាស់»

តំណាង​សហគមន៍ និង​ជួប​គ្នា​ជាមួយ​ទាហាន​កងពល​ង-៧០ ជា​ថ្មី​ម្ដង​ទៀត នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា នៅ​សាលាស្រុក​ឱរ៉ាល់ ដោយ​ភាគី​សាលាស្រុក និង​មន្ទីរ​បរិស្ថាន ជា​អ្នក​សម្របសម្រួល​វែកញែក​រក​ដំណោះស្រាយ​ដើម្បី​បង្ហាញ​ថា ដី​ព្រៃ​ជាង ៧០​ហិកតារ ស្ថិត​ក្នុង​តំបន់​​ដី​ព្រៃ​សម្បទាន​សង្គមកិច្ច ឬ​ស្ថិត​ក្នុង​តំបន់​ព្រៃ​អភិរក្ស៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល