អាជ្ញាធរ​ខេត្ត​កោះកុង​ដោះលែង​ក្រុម​ពលរដ្ឋ​​វិញ ក្រោយ​ឃាត់​ខ្លួន​ពួក​គាត់​ជា​ច្រើន​ម៉ោង

ដោយ មាន ឫទ្ធិ
2020-10-01
Share
ដីធ្លីកោះកុង 093020 ក្រុម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី នៅ​ខេត្ត​កោះកុង តវ៉ា​នៅ​មុខ​សាលា​ខេត្ត ស្នើសុំ​អាជ្ញាធរ​ឱ្យ​ពន្លឿន​ដំណោះ​ស្រាយ​ដីធ្លី​របស់​ពួក​គាត់​ជាមួយ​ក្រុមហ៊ុន​ចិន យូឌីជី (UDG) នៅ​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

អាជ្ញាធរ​ខេត្ត​កោះកុង​ដោះលែង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ៤រូប ឱ្យ​មាន​សេរីភាព​វិញ​ហើយ​នៅ​រសៀល​ ថ្ងៃ​ទី៣០ កញ្ញា បន្ទាប់​ពី​ឃាត់​ខ្លួន​ពួក​គាត់​កាល​ពី​វេលា​ទៀប​ភ្លឺ។ ក្រុម​ពលរដ្ឋ​បាន​បោះ​តង់​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​កោះកុង ដើម្បី​ស្នើសុំ​អាជ្ញាធរ​ពន្លឿន​ដំណោះ​ស្រាយ​ដីធ្លី​របស់​ពួក​គាត់​ជាមួយ​ក្រុមហ៊ុន​ចិនយូឌីជី (UDG) តែ​អាជ្ញាធរ​បាន​រុះរើ​តង់​នោះ​ចោល និង​ឃាត់​ខ្លួន​ពួក​គាត់ នៅ​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី៣០ កញ្ញា។ មន្ត្រី​សង្គម​ស៊ីវិល​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​នេះ ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុម​ហ៊ុន​ចិន យូញៀន ឌីវេឡុបមិន (Union Development Group) ប្រមាណ​ជាង ១០០នាក់ មក​ពី​ឃុំ​ចំនួន៣ បោះតង់​នៅ​មុខ​សាលា​ខេត្ត​កោះកុង​ជាថ្មី​ម្តង​ទៀត ដើម្បី​រង់ចាំ​ឲ្យ​សាលា​ខេត្ត​កោះ​កុង​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ជូន​ពួកគាត់​វិញ។ ទោះជា​យ៉ាង​ណា អាជ្ញាធរ​ជាច្រើន​​នាក់​បាន​ចុះ​មក​រុះរើ​តង់ គំរាមកំហែង និង​យក​ឥវ៉ាន់​របស់​ពួក​គាត់​ទៅ​អស់ ហើយ​បាន​ចាប់​ខ្លួន​ពលរដ្ឋ ៤រូប ក្នុង​ពេល​ពួកគាត់​កំពុង​សម្រាន្ត​លង់​លក់ នៅ​ម៉ោង​​ប្រមាណ​ ២កន្លះ​ឈាន​ចូល​ថ្ងៃ​ទី៣០ កញ្ញា។

បន្ទាប់​មក​ នៅ​ព្រឹក​ថ្ងៃ​ដដែល អាជ្ញាធរ​បាន​ដក​ហូត​យក​ឧបករណ៍​បំពង​សំឡេង​របស់​ពួកគាត់​ទៀត ក្នុង​ពេល​ដែល​ពួក​គាត់​កំពុង​ស្រែក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​កោះកុង​ទាមទារ​ឲ្យ​ដោះលែង​ពលរដ្ឋ ៤រូប​ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​នោះ និង​បាន​ដេញ​ប្រជា​ពលរដ្ឋ​ឲ្យ​ទៅ​មុខ​តារាង​បាល់​ក្បែរ​សាលា​ខេត្ត​វិញ។

ពលរដ្ឋ​ដែល​ចូល​រួម​ក្នុង​ការ​តវ៉ា លោកស្រី ឆាយ គឹមហ៊ន ឲ្យ​អាស៊ី​សេរី​ដឹង អាជ្ញាធរ​បាន​រំលោភ​សិទ្ធ​ប្រជា​ពលរដ្ឋ និង​ជា​រូបភាព​មួយ​គំរាម​កំហែង​ដល់​ប្រជា​ពលរដ្ឋ​ទន់​ខ្សោយ។ លោកស្រី​បន្ត​ថា អាជ្ញាធរ​ជា​ច្រើន​បាន​ដាក់​របាំង​​ការពារ​ បាំង​ផ្លូវ​ប្រជាពលរដ្ឋ​មិន​ឲ្យ​ពលរដ្ឋ​ចូល​ទៅមុខ​សាលា​ខេត្ត​ទៀត​នោះ​ទេ។ លោកស្រី​សង្កត់​ធ្ងន់​ថា អាជ្ញាធរ​ត្រូវ​ទទួល​ខុស​ត្រូវ​នូវ​រាល់​ផល​ប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ទាំង​អស់ ដោយ​ត្រូវ​ការ​ឆ្វៀល​ដី​នៅ​លើ​ដី​មាន​ទំនាស់​នោះ​មក​ឲ្យ​ពួកគាត់​វិញ​។ លោក​ស្រីបន្ត​ថា លោកស្រី និង​ពល​រដ្ឋ​ដទៃ​ទៀត​មិន​ត្រូវ​ការ​ដី​នៅ​លើ​ទីតាំង​ថ្មី​នោះ​ក្រៅ​ពី​នោះៗ ទេ៖ «គាត់​ធ្វើ​ហ្នឹង គាត់​ធ្វើ​ប្រៀប​បាន​ដូច​មិនមែន​ជា​ប៉ូលិស។ គាត់​ធ្វើ​ដូចជា​ចោរ​អ៊ីចឹង ព្រោះ​អី​ម៉ោង​២:៣៦នាទី​អូន យប់ ដែល​ថា អត់​មាន​មនុស្ស​ដើរ ប្រៀប​បាន​ដូច​ជា​ខ្មោច​ធ្វើ​ការ​ពេល​យប់​វិញ។ គ្មាន​ដំណោះ​ស្រាយ​ហើយ​គាត់​ប្រើ​អំពើ​ហិង្សា ប្រើ​កង​កម្លាំង​មក​ធ្វើ​អ៊ីចឹងៗ។ សម្រាប់​បង​នៅ​តែ​តវ៉ា​ជា​ដាច់​ខាត ព្រោះ​អី គាត់​ដោះ​លែង​ហើយ គាត់​ត្រូវតែ​ទទួល​ខុសត្រូវ​ទង្វើ​ដែល​គាត់​ជា​អ្នក​ចង​ពួក​យើង។ ព្រោះអី​រង​គ្រោះ​ហ្នឹង មិន​មែន​ប្រជា​ជន​នៅ​សុខៗ រង​គ្រោះ​ទេ ដោយសារ​តែ​ពួក​គាត់​ទៅ​វិនិយោគ អត់​សិក្សា​ពី​ផល​ប៉ះពាល់។ នេះ ដោយសារ​ផល​ប៉ះពាល់​ ​គាត់​អត់​មាន​ដោះ​ស្រាយ​ឲ្យ​គាត់​គិត​តែ​ពី​ដោះសា គាត់​គ្មាន​ឆន្ទៈ​ដោះ​ស្រាយ»

ចំណែក ពលរដ្ឋ​មួយ​រូប​ទៀត លោកស្រី ទិត តេន បញ្ជាក់​ថា​ អាជ្ញាធរ​បាន​គំរាម​កំហែង និង​ឆក​យក​ទូរស័ព្ទ​ពលរដ្ឋ​ មិន​ឲ្យ​និយាយ​ស្តី​នោះ​ទេ ។ លោកស្រី​បន្ត​ថា លោកស្រី​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​នោះ​ទេ ហើយ​លោក​ស្រី​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​ជូន​ពលរដ្ឋ។ លោកស្រី​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​បង្ក្រាប​នេះ ​និង​ត្រូវ​កាត់​ឆ្វៀល​ដី​ជួល​ប្រជាពលរដ្ឋ​នៅ​លើ​ទី​តាំង​ចាស់​ប្រគល់​មក​ឲ្យ​ពួក​គាត់​វិញ៖ «ប៉ូលិស​នេះ គឺ​ឃោរឃៅ​បំផុត ប៉ូលិស​ខេត្ត​កោះកុង​នេះ ស៊ី​ប្រាក់​ខែ​រាស្ត្រ​ប៉ុន្តែ​គាត់​អត់​បាន​គិត​ពី​រាស្ត្រ​ទេ គាត់​គិត​តែ​ធ្វើ​បាប​រាស្ត្រ។ មីង​ឈឺចាប់​ខ្លាំង​ណាស់​ឃើញ​ប្រទេស​បែប​នេះ មីង​ឈឺចាប់​ខ្លាំង​មែន​ទែន ព្រោះ​ខ្មែរ​ធ្វើ​បាប​ខ្មែរ បាត់​បង់​ដី​ហើយ​គេ​ធ្វើ​បាប​យើង​ទៀត គេ​ដេញ​ទាំង​យប់​ដូច​ចោរ ដូច​ឈ្នួល​អញ្ចេះ មីង​ខូច​ចិត្ត​ខ្លាំង​មែនទែន​ហ្មង។ អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ដូចជា​ក្រ​សួង​ដែន​ដី ក្រសួង​បរិស្ថាន ឬ​អាជ្ញាធរ​ខេត្ត សូម​ឲ្យ​ជួយ​កាត់​ឆ្វៀល​ដី​នេះ​ស្រប​តាម​អនុសាសន៍​របស់​សម្ដេច​នៅ​ថ្ងៃ​ទី៣ ខែ៧ សូម​ឲ្យ​ធ្វើ​តាម​អនុសាសន៍​របស់​សម្ដេច​អ៊ីចឹង​សុំ​ដី​នៅ​កន្លែង​ដើម​វិញ អ៊ីចឹង​កុំ​ឲ្យ​ពួក​ខ្ញុំ​ដោះដូរ​ទៅ​នៅ​កន្លែង​ឆ្ងាយ។ បើ​ចង់​ដោះ​ដូរ​ទេ ឲ្យ​ក្រុម​ហ៊ុន​ទៅ​នៅ​កន្លែង​ថ្មី​ហ្នឹង​ទៅ ពួក​ខ្ញុំ​អត់​ត្រូវ​ការ​កន្លែង​ថ្មី​ទេ»

អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង ថ្លែង​ប្រាប់​អាស៊ី​សេរី​ថា ការ​នាំ​ខ្លួន​ពលរដ្ឋ​ទាំង​យប់​អាធ្រាត្រ​នោះ ​មិនមែន​ជា​ការ​ឃាត់​ខ្លួន​ទេ តែ​ជា​ការ​អញ្ជើញ​ពួក​គាត់​ទៅ​សាក​សួរ​ប៉ុណ្ណោះ។ ​អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា សាល​មហោស្រព​សាលា​ខេត្ត​មាន​កម្មវិធី ទើប​អាជ្ញាធរ​ត្រូវ​រៀប​ចំ​សណ្ដាប់​ធ្នាប់​សាធារណៈ ហើយ​ប្ដូរ​ទីតាំង​ប្រជា​ពលរដ្ឋ​ឲ្យ​ទៅ​មុខ​តារាង​បាល់​ក្បែរ​សាលា​ខេត្ត​កោះកុង​វិញ។ ទាក់​ទង​នឹង​ដំណោះ​ស្រាយ​ទំនាស់​ដីធ្លី​វិញ អ្នក​ស្រី​អះអាង​ថា រដ្ឋបាល​ខេត្ត​កោះ​កុង​បាន​ធ្វើ​របាយ​ការណ៍​ទៅ​គណៈកម្មការ​អន្តរ​ក្រសួង​រួចហើយ ហើយ​គណៈកម្មការ​ថ្នាក់​ជាតិ កំពុង​ពិនិត្យ​រឿង​នេះ និង​មាន​ដំណោះ​ស្រាយ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៖ «ពេល​ល្ងាច​មិញ​ហ្នឹង គេ​គ្រាន់​អញ្ជើញ​គាត់​ទៅ​ទេ។ រដ្ឋបាល​ខេត្ត​បាន​ធ្វើ​របាយ​ការណ៍​ទៅ​គណៈ​កម្មការ​អន្តរ​ក្រសួង​រួច​ហើយ ហើយ​លោក​កំពុង​តែ​ខិតខំ​ពិនិត្យ​ទៅ​លើ​អត្ត​សញ្ញាណ ហើយ​ប្រហែល​ជា​បាន​ទទួល​ព័ត៌មាន​ឆាប់ៗ​នេះឯង ហើយ​យើង​កំពុង​តែ​ចាំ​ទទួល​ព័ត៌មាន​ដូច​គ្នា ហើយ​ខ្ញុំ​ក៏​បាន​ប្រាប់​បងប្អូន​ប្រជា​ពលរដ្ឋ តែ​លោក​ក៏​នៅ​តែ​ទាមទារ​បញ្ចេញ​សិទ្ធិ​របស់​លោក តែ​យើង​ក៏​មាន​ការ​ណែនាំ​ដែរ។ យើង​អនុញ្ញាត​ឲ្យ​បញ្ចេញ​សិទ្ធិ​តែ​សុំ​ឲ្យ​គាត់​ជួយ​រក្សា​នូវ​សណ្ដាប់​ធ្នាប់​សាធារណៈ​ផង​ដែរ»

ទោះជា​យ៉ាង​ណា មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កោះ​កុង លោក ហ៊ួរ អ៊ីន មាន​​ប្រសាសន៍​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​ដែល​បាន​គំរាម​កំហែង រុះរើ​តង់ និង​ចាប់​ខ្លួន​ពល​រដ្ឋ​ទាំង​កណ្ដាល​អាធ្រាត្រ​នេះ គឺជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ លោក​សង្កត់​ធ្ងន់​ថា សកម្ម​ភាព​អាជ្ញាធរ​ដែល​ធ្វើ​នោះ មិន​មែន​ជា​ការ​អញ្ជើញ​ប្រជា​ពលរដ្ឋ​ឲ្យ​ចូល​ជួប​ក្នុង​ពេល​ពួក​គាត់​កំពុង​សម្រាន្ត​លង់​លក់​ដូច​ការ​អះអាង​នោះ​ទេ តែ​ជា​ការ​ចាប់​ខ្លួន​ទាំង​បង្ខំ។ លោក​ថា ការ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ដីធ្លី​នេះ អាជ្ញាធរ​ត្រូវ​បង្ហាញ​ឆន្ទៈ និង​មាន​យន្តការ​ច្បាស់​លាស់​ឲ្យ​ប្រជា​ពលរដ្ឋ​ជឿ​ទុក​ចិត្ត ដើម្បី​បញ្ឈប់ កុំ​ឲ្យ​ពួកគាត់​ឡើង​មក​តវ៉ា​ត​ទៅ​ទៀត៖ «ការ​តស៊ូ​មតិ ការ​តស៊ូ​ដោយ​អហិង្សា គឺ​អាជ្ញាធរ​មាន​កាតព្វកិច្ច​ត្រូវ​តែ​ការពារ​សុវត្ថិ​ភាព​របស់​ពួកគាត់ ក៏​ប៉ុន្តែ​បែរ​ជា​កម្លាំង​នគរបាល​ហ្នឹង បាន​ទៅ​បំបែក​រហូត​ដល់​មាន​ការ​ចាប់​ខ្លួន​ពួក​គាត់​វិញ។ អ៊ីចឹង យើង​ឃើញ​ថា នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​មាន​ការ​លំបាក យំ​ស្រែក​ទាមទារ​ឲ្យ​ជួយ​រក​ដំណោះ​ស្រាយ​ដីធ្លី​របស់​ពួកគាត់​បែរ​ជា​ត្រូវ​បាន​ព្រងើយ​កន្តើយ​ដោយ​អាជ្ញាធរ ហើយ​បែរ​ជា​បន្ថែម​ការ​ឈឺចាប់​ដោយ​ការ​បំបែក​ និង​ការ​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ​ ៤នាក់។ អានេះ​ គឺ​ជា​ការ​ចាប់ខ្លួន​ដោយ​បង្ខំ​ហើយ យក​ប្រជា​ពលរដ្ឋ​ទៅ​ទុក​នៅ​ពេល​ដែល​ខណៈ​ពួក​គាត់​កំពុង​តែ​សម្រាន្ត​អត់​ទាន់​ដឹង​ខ្លួន។ អញ្ចឹង​អាជ្ញាធរ​ត្រូវ​មាន​ចំណាត់​ការ​ឲ្យ​សម​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់។ អំពើ​ដែល​ប្រជា​ពលរដ្ឋ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ដោយ​សន្តិ​វិធី វា​មិនមែន​ជា​អំពើ​ល្មើស​ច្បាប់​ទេ ហើយ​អាជ្ញាធរ​ទៅ​វិញ​ទេ ដែល​មាន​កាតព្វកិច្ច​ក្នុង​ការ​ថែរក្សា​សុវត្ថិ​ភាព​ជូន​ពួក​គាត់»

ក្រោយ​អាជ្ញាធរ​ខេត្ត​កោះ​កុង​ដោះលែង​ពលរដ្ឋ​ទាំង ៤រូប​នោះ ក្រុម​ពលរដ្ឋ​អះអាង​ថា ពួកគាត់​នឹង​នៅ​តែ​បន្ត​តវ៉ា​ទាមទារ​រហូត​មាន​ដំណោះ​ស្រាយ បើ​ទោះ​បី​ជា​មាន​ការ​គំរាម​កំហែង ឬ​ចាប់​ចង​ពួក​គាត់​ទៀត​ក៏​ដោយ។

ករណី​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ខេត្ត​កោះកុង ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន (Union Development Group) ឬ​យូឌីជី​នេះ បាន​អូស​បន្លាយ​ជាង ១២ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​មាន​ដំណោះ​ស្រាយ​សមរម្យ​ណា​មួយ​ពី​ខាង​អាជ្ញាធរ​នោះ​ទេ។ ថ្មីៗ នេះ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌ​កម្ម​ក្រុមហ៊ុន​ចិន​មួយ​នេះ ​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​កម្ពុជា៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។