អាជ្ញាធរខេត្ត​កោះកុង ឃាត់​ឡាន មិន​ឲ្យ​ដឹក​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី មក​តវ៉ា​នៅ​ភ្នំពេញ

0:00 / 0:00

អាជ្ញាធរ​ខេត្តកោះកុង កាល​ពី​ម៉ោង​ប្រហែល ១កន្លះ ថ្ងៃ​ទី១៨ មិថុនា បាន​ចុះ​ទៅ​ឃាត់​រថយន្ដ​មិន​​ឲ្យ​ដឹក​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ដែល​ធ្វើ​ដំណើរឡើងមកតវ៉ានៅភ្នំពេញ។ តំណាងសហគមន៍​មាន​ជម្លោះដីធ្លីថា ពេលប្រជុំជាមួយអភិបាលរង​ខេត្ត​កោះកុង ខាង​មន្ត្រីប្រាប់ថា ខាងសាលាខេត្ត ជាអ្នក​បញ្ជាឲ្យឃាត់រថយន្ដពួកគាត់ និងបានយករថយន្ដផ្សេង ទៅទទួលពលរដ្ឋទាំងនោះ ដើម្បី​ម​ក​​ពិភា​ក្សា​គ្នា នៅសាលាខេត្ត។

ពលរដ្ឋមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមែន និងក្រុមហ៊ុនស្ករអំពៅ​ឧកញ្ញ៉ា លី​យ៉ុងផាត់ ចំនួន ៤ឃុំ នៅ​ស្រុក​គិរីសាគរ និង​ស្រុកបុទុមសាគរ មានបំណងនាំគ្នាមកដាក់ញ្ញត្តិស្វែងរក​កិច្ចអន្ដរាគមន៍ ពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ខុទ្ធកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងក្រ​សួងបរិស្ថាន នៅរាជធានីភ្នំពេញ។

ពលរដ្ឋមានជម្លោះដីធ្លីម្នាក់ រស់នៅឃុំព្រែខ្សាច់ ស្រុកគិរីសាគរ លោក វេង​ ហួត ឲ្យដឹងថា ក្រោយ​ពី​​ឃាត់​រថយន្ដ​ពលរដ្ឋ​ឡើង​មក​ភ្នំពេញ សមត្ថកិច្ចបានយករថយន្ដផ្សេងទៀត ទៅដឹកពលរដ្ឋមកចរចារ​គ្នានៅសាលាខេត្តកោះកុង។ លោក វេង ហួត ថា ពេល​ប្រជុំ​គ្នា​ក្នុង​សាលា​ខេត្ត អភិបាលរងខេត្ត ២​នាក់ និង​អភិបាល​ស្រុក​គិរីសាគរ បាន​សន្យា​ជាមួយ​ពលរដ្ឋ​ថា នឹង​ចុះ​ទៅ​ដោះ​ស្រាយ​​ដល់​​ទីតាំង​​​ផ្ទាល់ នៅ​ថ្ងៃទី២២ មិថុនា និង​សំណូមពរ​ឲ្យ​ពលរដ្ឋ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​កុំ​ព្យាយាម​​ទៅ​​​រាជធានី​​ភ្នំពេញ៖ «ធ្លាប់តែជជែកតែរឿងដោះស្រាយទំនាស់ដីធ្លី​ជាមួយ​ខាង លី យ៉ុងផាត់ និងក្រុមហ៊ុន យូរញៀនអីគេនឹង ខាង លី យ៉ុងផាត់ គាត់បានប្រាប់ពួកខ្ញុំ​ថា ឲ្យ​ពួកខ្ញុំនឹងចុះស្រង់​បញ្ជី​អី​ត្រឹម​ត្រូវ​​អ៊ីចឹង​​ទៅ​​ គាត់​​នឹង​​យក​​បញ្ជី​​ទាំង​​នោះ​​ទៅ​ផ្ទៀងផ្ទាត់ ព្រោះ​គាត់​ខ្លាច​មានឈ្មោះខ្លះ​ជាន់គ្នា​ដោះ​ស្រាយ​មិន​ទាន់​អស់​ពី​មុន​មក គាត់​ខ្លាច​យើង​ដាក់​ឈ្មោះ​ឲ្យ​គាត់​ជាន់​គ្នា។ អ៊ីចឹង​គាត់​ក៏​សូម​ឈ្មោះ​សា​ថ្មី បន្ទាប់​មក​ក្រុមហ៊ុន យូញៀន គាត់​សន្យា​ថា នឹង​ដោះ​ស្រាយ​ឲ្យ​ពួក​ខ្ញុំ​ នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​ដែរ។ ប៉ុន្តែ​មិន​ដឹង​ថា​យ៉ាង​ម៉េច​នោះ​ទេ គាត់​កុហក​ពួក​ខ្ញុំ​ទៀត ឬ​មួយ​ម៉េច​មិន​ដឹង​ទេ។ កុហក​ទៀត​ហើយ​មើល​ទៅ!»

ពលរដ្ឋ​មានជម្លោះដីធ្លី ដែលនាំគ្នាឡើងមករាជធានីភ្នំពេញ នៅថ្ងៃទី១៨ មិថុនា មានចំនួន ៣៧នាក់​ រស់នៅឃុំចំនួន៤ គឺ​ឃុំ​កោះស្ដេច ឃុំព្រែកខ្សាច់ ឃុំភ្ញីមាស ស្រុកគិរីសាគរ និងឃុំ​តានូន នៃ​ស្រុក​​បទុមសាគរ។

ក្រុមហ៊ុន​ចិន​ឈ្មោះ យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ឬ យូឌីជី (UDG) និង​ក្រុម​​ហ៊ុន​ស្ករ​អំពៅ​របស់​​ឧកញ្ញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធិសភា​បក្ស​កាន់​​អំណាច តែង​រង​ការ​​ចោទ​ពីពលរដ្ឋមាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង​ថា តែង​បាន​ធ្វើ​សកម្មភាព​​ជាច្រើន ដើម្បី​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅឋាន ដោយ​ឲ្យ​សំណង​មិន​​សមរម្យ​​​ទៅ​ពួក​គាត់។

ពលរដ្ឋអះអាងថា ជាង១០ឆ្នាំ ដែលមានជម្លោះដីធ្លីនេះ ពួកគាត់ដើរទាមទារ​តវ៉ា​គ្រប់ស្ថាប័ន​រដ្ឋ រស់​ប្រឈមជីវភាពទីទ័ល យ៉ាងវេទនា ហើយម្ដងម្កាលពួកគាត់រងការបង្ក្រាបពីសមត្ថកិច្ច នៅពេលតវ៉ា ទាំងពួកគាត់ជាជនរងគ្រោះដីធ្លី ខណៈម្ចាស់​ក្រុមហ៊ុន បាន​ចំណេញ​ប្រាក់​យ៉ាង​ច្រើន​ពី​ការ​វិនិយោគ​​លើ​ដី​របស់​ពួក​គាត់។

ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ក្រុមហ៊ុន​ចិន​យូឌីជី បាន​ដុត​កម្ទេច​ផ្ទះ និង​កាប់​បំផ្លាញ​ផលដំណាំ​នៅ​តំបន់​ថ្មពាន ក្នុង​ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ។ ក្នុង​ព្រឹត្តិការណ៍​ដុត​ផ្ទះ​កាលណោះ ពលរដ្ឋ​រង​គ្រោះ​​អះអាង​ថា ពួកគាត់​គ្មាន​លទ្ធភាព​ក្នុង​ការ​តតាំង​នឹង​ក្រុមហ៊ុន​ទេ។ ក្រោយ​មក​ពួកគេ​បាន​ប្ដឹង​ទៅ​សាលាដំបូង​ខេត្ត​កោះកុង ពី​ការ​ដុត​កម្ទេច​ផ្ទះ​របស់​ពួកគេ ប៉ុន្តែ រហូត​មក​ដល់​ថ្ងៃនេះ ពលរដ្ឋ​អះអាង​ថា នៅ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​បែប​ណា​នៅឡើយ។

ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស កាលពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បាន​ចេញ​សេចក្ដីថ្លែងការណ៍ ថា ជម្លោះដីធ្លី​នៅ​ខេត្ត​កោះកុង គឺ​មាន​កងកម្លាំងប្រដាប់អាវុធ​ជា​អ្នក​នៅ​ពីក្រោយ នៃ​ការរំលោភ​សិទ្ធិមនុស្ស។ អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ឃ្លាំមើល​គម្រោង​វិនិយោគ និង​​ធុរកិច្ច​​នៅ​កម្ពុជា រក​ឃើញ​ថា កងកម្លាំង​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​ជួល ជាពិសេស​ក្រុមហ៊ុន​ចិន ផ្ដល់​កម្រៃ​ពលកម្ម​ក្នុង​មួយ​ខែៗ ចន្លោះ​ចាប់ពី ៣០០ ទៅ ៥០០​ដុល្លារ​អាមេរិក​។ លើស​ពី​នេះ​ទៀត កត្តា​ដែល​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ចិន យូឌីជី នេះ​មាន​ឥទ្ធិពល ដោយសារ​តែ​មាន​យោធា ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ។ សេចក្ដី​ថ្លែង​ការណ៍​កាល​ណោះ ឲ្យ​ដឹង​ថា មេទាហាន​ម្នាក់ គឺ​ឧត្ដមសេនីយ៍ គន់ គីម និង​គូ​កន បាន​ប្រើ​អំ​ណាច​​មក​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​ពលរដ្ឋ​ដោយ​កម្រោល។

អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីមន្ត្រី​សាលាខេត្តកោះកុង​បានទេ នៅថ្ងៃទី១៨ មិថុនា។ ប៉ុន្ដែ​កន្លងមក អភិបាល​រង​ខេត្ត​កោះកុង​ទទួល​បន្ទុក​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី លោក អន ភារៈ ប្រាប់​​ឲ្យ​​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ទៅ​ជួប​លោក​នៅ​សាលា​ខេត្ត ទើប​ព្រម​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ។

អ្នក​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស ​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កោះកុង លោក ព្រហ្ម មុនី យល់​ថា ប្រសិន​បើ​អាជ្ញាធរខេត្តកោះកុង ឃាត់ឡានពលរដ្ឋដើម្បីដោះស្រាយជារឿងប្រសើរ ប៉ុន្ដែ​ប្រសិន​បើ​ការឃាត់​ឡាននេះហើយ ដើម្បី​សន្យា​យក​រួច​ខ្លួន ឬ​ដើម្បីបង្អាក់ដំណើរពលរដ្ឋ​រងគ្រោះ​ដីធ្លី ជារឿង​មិន​សម​គួរ និងធ្វើឲ្យធ្លាក់ចុះតម្លៃរបស់អាជ្ញាធរខេត្តកោះកុង៖ «បើគាត់សន្យាជាមួយប្រជាពលរដ្ឋហើយមិនដោះ ស្រាយអាហ្នឹងបានជាការមិនឲ្យតម្លៃខ្លួនគាត់ប៉ុន្តែបើគាត់ដោះស្រាយ​​ឲ្យ​ពលរដ្ឋ​អា​ហ្នឹង​បាន​ហៅ​ថា ជា​អាជ្ញាធរ​ដែល​គិតគូរ​ដល់​ពលរដ្ឋ គាត់ជាអ្នកបម្រើប្រជាពលរដ្ឋ យើងមាន​តែ​ការ​ជំរុញ​ឲ្យគាត់ មាន​ការ​ដោះស្រាយ​ជូនប្រជាពលរដ្ឋ ដោះស្រាយឲ្យពលរដ្ឋឲ្យបានចប់ៗ ទៅ​កុំឲ្យ​ពួកគាត់​មានបញ្ហាបន្តទៅទៀត ចុះបញ្ចី​ឲ្យ​ពួក​គាត់​ទៅ​នេះ​បាន​ជា​លទ្ធិផល»

ពលរដ្ឋ​មានជម្លោះដីធ្លីឲ្យដឹងថា គ្នារបស់គាត់ខ្លះ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញហើយ និង​​ត្រៀម​យក​ញត្តិ​ដាក់​ជូន​មន្ត្រី​នៅ​​តាម​​ស្ថាប័ន​ថ្នាក់​​ជាតិ។ តំណាងពលរដ្ឋមានជម្លោះដីធ្លី លោក វេង ហួត ថា ពលរដ្ឋ​មិន​ជឿ​លើ​ការ​​សន្យា​​របស់​​អភិបាល​​រង​​ខេត្ត​​កោះកុង និង​អភិបាល​ស្រុក​គិរីសាគរ​ទេ ព្រោះ​ពួក​គាត់​បាន​សន្យា​ជាមួយ​ពលរដ្ឋ​ជាង ១០ឆ្នាំ​មក​នេះ មិន​ក្រោម ២០ដង​ទេ។ ប៉ុន្ដែមិនដែលមានដំណោះ​ស្រាយសោះ។ ពលរដ្ឋថា ពួកគាត់នឹងបំបែកគ្នា ដើម្បី​ឡើង​មក​ដាក់​ញត្តិ​​នៅ​ភ្នំពេញ​ឲ្យ​​ទាល់​​តែ​​បាន៕

កំណត់ចំណាំ​ចំពោះអ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។