សកម្មជន​ដីធ្លីខេត្ត​កោះកុង ទាមទារ​ឲ្យ​​អាជ្ញាធរ ឈប់​​ឃ្លាំមើល​សកម្មភាព​នៅ​មុខ​ផ្ទះ

ដោយ​ សន ចាន់រដ្ឋា
2019.03.05
Share on WhatsApp
Share on WhatsApp
ផាវ ញ៉ឺង ៦២២ ២០១៧ តំណាង​អ្នក​ភូមិ​មាន​បញ្ហា​ទំនាស់​ដីធ្លី​មក​ពី​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង អ្នកស្រី ផាវ ញ៉ឺង ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​តវ៉ា​រក​ដំណោះស្រាយ​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ​២០១៧។
RFA/Sorn Chanratha

សកម្មជន​ដីធ្លី​ នៅ​ឃុំ​ជីខ​ក្រោម ស្រុក​ស្រែអំបិល ខេត្ត​កោះកុង អ្នកស្រី ផាវ ញ៉ឺង ទទូច​ឲ្យ​សមត្ថកិច្ច​បញ្ឈប់​សកម្មភាព​ឃ្លាំ​មើល​នៅ​មុខ​ផ្ទះ​អ្នកស្រី។ អង្គការ​ផ្នែក​សិទ្ធិ​មនុស្ស​​ថា ការ​ឃ្លាំមើល​បែប​នេះ ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​​ធ្ងន់ធ្ងរ។

សកម្មជន​ដីធ្លី​ លោកស្រី ផាវ ញ៉ឺង ប្រាប់​ថា លោក ស្រី នៅ​តែ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ព្រោះ​សមត្ថកិច្ច​មិន​​ព្រម​បញ្ឈប់​សកម្មភាព​ឃ្លាំមើល​អ្នកស្រី​សោះ ដោយ​គាត់​​អះអាង​ថា សមត្ថកិច្ច​បាន​ដក​ប៉ុស្តិ៍​​យាម​ចេញ​ពី​មុខ​ផ្ទះ​​​អ្នកស្រី​ហើយ ប៉ុន្តែ​រាល់​ពេល​អ្នកស្រី ​​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​ទៅ​ណា​​ម្ដងៗ តែង​មាន​​សមត្ថកិច្ច ចុះ​ទៅ​សង្កេត​ និង​រាយការណ៍​ទៅ​ថ្នាក់​លើ​ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព៖ «គេ​ដក​ចេញ​តែ​មួយ​ភ្លែត​ទេ។ ថ្ងៃនេះ បង​មក​ខេត្ត​កែប ដើម្បី​ប្រជុំ​បណ្ដាញ​សហគមន៍​គ្នា ក៏​ឃើញ​ប៉ូលិស​នៅ​ឃុំ​ជីខក្រោម ឈ្មោះ​ពូ​អឿន​ហ្នឹង ទៅ​ផ្ទះ​ខ្ញុំ​ដែរ។ អ្នក​ភូមិ​ខល​ប្រាប់។ អ៊ីចឹង វា​នៅ​តែ​មាន​ការ​អង្កេត​ឃ្លាំមើល​ អ៊ីចឹង»

អ្នកស្រី ផាវ ញ៉ឺង គឺជា​អតីត​​អ្នក​តំណាង​របស់​ពលរដ្ឋ​​មាន​ជម្លោះ​ដីធ្លី ​នៅ​ឃុំ​ជីខក្រោម ដែល​មាន​វិវាទ​ច្រើន​ឆ្នាំ​ ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ លោក ​ឧកញ៉ា លី យ៉ុងផាត់ មហាសេដ្ឋី​ និង​ជា​សមាជិក​ព្រឹទ្ធិ​សភា​ឯក​បក្ស​​នៃ​របប​ក្រុង​ភ្នំពេញ​។​

អ្នកស្រី ផាវ ញ៉ឺង អះអាង​ថា ការ​ឃ្លាំ​មើល​សកម្មភាព​អ្នកស្រី​នៅ​មុខ​ផ្ទះ​កើត​ឡើង​តាំង​ពី​កំឡុង​ខែ​មិថុនា ឆ្នាំ​២០១៧ គឺ​ក្រោយ​ពេល​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា សម្រេច​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ឲ្យ​ពលរដ្ឋ​​នៅ​ឃុំ​ជីខក្រោម។ អ្នកស្រី ផាវ ញ៉ឺង អះអាង​​ទៀត​ថា តាំងពី​​នោះ​មក អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ស្រុកស្រែ​អំបិល បាន​ចុះ​តាមដាន​ដាក់​ប៉ុស្តិ៍​ប៉ូលិស​ឈរ​ជើង​ប្រចាំការ​មុខ​ផ្ទះ​អ្នកស្រី​តែម្ដង។ ក្រោយ​ព្រឹត្តិការណ៍​បោះ​ឆ្នោត ​រៀបចំ​ដោយ​​គណ​បក្ស ប្រជាជន​កម្ពុជា ឆ្នាំ​២០១៨ រួច សមត្ថកិច្ច​បាន​ដក​ប៉ុស្តិ៍​ប្រចាំការ​ចេញ តែ​នាំ​បន្ត​ឃ្លាំ​មើល​អ្នក​ស្រី ផាវ ញ៉ឺង ដដែល។

អាស៊ី​សេរី មិន​​ទាន់​អាច​រក​ប្រភព​សុំ​ការ​បំភ្លឺ​ពី​ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជីខ​ក្រោម​បាន​ទេ នៅ​ថ្ងៃ​ទី៤ មីនា ចំណែក​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​ស្រែ​អំបិល​ ក៏​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​លើ​ករណី​បាន​ដែរ។ ក៏​ប៉ុន្តែ​កន្លង​មក​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​ស្រែ​អំបិល​ម្នាក់​ ឈ្មោះ ស៊ីថា ធ្លាប់​ប្រាប់​អាស៊ី​សេរី កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៨ ថា គ្មាន​ការ​ឃ្លាំ​មើល​នៅ​មុខ​ផ្ទះ​សកម្មជន​ដីធ្លី អ្នកស្រី ផាវ ញ៉ឺង ទេ គឺ​គ្រាន់​តែ​ មាន​មន្ត្រី​ធ្លាប់​ទៅ​សួរ​នាំ​តាម​បញ្ជា​ថ្នាក់​លើ​ប៉ុណ្ណោះ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​កោះកុង លោក មាន ព្រហ្ម​មុនី​ អះអាង​ថា កាល​ពី​កំឡុង​ព្រឹត្តិការណ៍​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៨ លោក​បាន​ចុះ​ទៅ​អង្កេត​ផ្ទាល់​ និង​ពិតជា​បាន​ឃើញ​ មាន​ប៉ុស្តិ៍​ប៉ូលិស​នៅ​លើ​ផ្លូវ​មុខ​ផ្ទះ អ្នកស្រី ផាវ ញ៉ឺង នៅ​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម​មែន។ ប៉ុន្តែ​ មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​មិន​ទាន់​បាន​ចុះ​ទៅ​ឃ្លាំមើល​ទេ តែ​លោក ទទួល​បាន​​ព័ត៌មាន​ពី​សាមីខ្លួន​ថា មាន​សមត្ថកិច្ច​នៅ​តែ​ឃ្លាំមើល​ ។ សង្គម​ស៊ីវិល​ ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​​បែប​នេះ ព្រោះ​នេះ​ជា​រូបភាព​គំរាម និង​រំលោភ​សិទ្ធិ​​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ៖ «បើ​សិន​មាន​ការ​ឃ្លាំមើល​ សូម​បញ្ឈប់​ទៅ ព្រោះ​ជា​សេរីភាព​របស់​គាត់។ គាត់​អាច​ទៅ​ប្រកប​​មុខរបរ ធ្វើ​ដំណើរ​ទៅ​ទី​ជិត ទី​ឆ្ងាយ​អ្វី ការ​ងារ​របស់​គាត់។ មនុស្ស​ម្នាក់ៗ គាត់​មាន​សេចក្ដីថ្លៃថ្នូរ​របស់​គាត់ លើកលែង​តែ​គាត់​ល្មើស​ច្បាប់​ទេ»

អ្នកស្រី ផាវ ញ៉ឺង ប្រាប់​ថា ​ទោះ​ទទួល​បាន​សំណង​ដីធ្លី​​ពី​ក្រុមហ៊ុន​ស្ករ​អំពៅ​រួចរាល់ ប៉ុន្តែ​ជម្លោះ​ដី​ភូមិ​ នៅ​ភូមិ​ព្រែកជីក ជាមួយ​ឧកញ៉ា ឈ្មោះ ហេង ហ៊ុយ ដែល​ចង់​បាន​ដី​អ្នកស្រី​យក​ទៅ​លក់​បន្ត​ឲ្យ​ក្រុមហ៊ុន​ស្ករ​អំពៅ​កោះកុង មិន​ទាន់​បញ្ចប់​ទាំង​ស្រុង​​ទេ ព្រោះ​អាជ្ញាធរ​មិន​ទាន់​ចេញ​ប័ណ្ណ​កម្មសិទ្ធិករ​ត្រឹម​ត្រូវ​ឲ្យ​អ្នកស្រី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។