ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​​​នៅ​ខេត្ត​កោះ​កុង លើក​គ្នា​តវ៉ា​រក​ដំណោះ​ស្រាយ​ជា​ថ្មី​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី

ដោយ ថន ថារ៉ូ
2019-07-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ប្រមាណ ១រយ​នាក់ តំណាង​ឲ្យ ១៩៧​គ្រួសារ​ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ស្ករ​អំពៅ​ នៅ​ខេត្ត​កោះកុង លើក​គ្នា​តវ៉ា​ជា​ថ្មី​នៅ​មុខ​ក្រសួង​រៀប​ចំ​ដែនដី ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៣ ខែ​កក្កដា ឆ្នាំ២០១៩។
ពលរដ្ឋ​ប្រមាណ ១រយ​នាក់ តំណាង​ឲ្យ ១៩៧​គ្រួសារ​ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ស្ករ​អំពៅ​ នៅ​ខេត្ត​កោះកុង លើក​គ្នា​តវ៉ា​ជា​ថ្មី​នៅ​មុខ​ក្រសួង​រៀប​ចំ​ដែនដី ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៣ ខែ​កក្កដា ឆ្នាំ២០១៩។
រូប៖ សហគមន៍

ក្រុម​ប្រជា​ពលរដ្ឋ​ប្រមាណ​ ១៥០​នាក់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​ ហ៊ុយ ហេង នៅ​ខេត្ត​កោះកុង លើក​គ្នា​តវ៉ា​ជា​ថ្មី​នៅ​មុខ​ក្រសួង​រៀប​ចំ​ដែនដី ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​ពី​ក្រសួង​សម្រេច​មិន​ទទួល​យក​សំណើ​ពួកគាត់​ទៅ​ដោះស្រាយ។ ពលរដ្ឋ ​អះអាង​ថា ពួកគាត់​នឹង​បន្ត​ការ​ទាមទារ​នៅ​មុខ​ក្រសួង​ដោយ​មិន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ​ រហូត​ដល់​មាន​សន្យា​ណា​មួយ​ ថា​នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ករណី​វិវាទ​ដីធ្លី​នៅ​ទីតាំង​មាន​ទំនាស់ និង​ផ្ដល់​សំណង​ណាមួយ​ដែល​អាច​ទទួល​យក​បាន។

តំណាង​ពលរដ្ឋ​ ១៩៧គ្រួសារ លោក​ស្រី អិន ធូ យល់​ថា ​ការ​សម្រេច​បែប​នេះ គឺ​ជា​រឿង​អយុត្តិធម៌​ចំពោះ​ពួកគាត់​ជា​ប្រជា​ពលរដ្ឋ​​ក្រីក្រ ខណៈ​ក្រសួង​មិន​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ករណី​វិវាទ​ដីធ្លី​នេះ ឲ្យ​បាន​ច្បាស់​លាស់​ជាមុន​សិន។

តំណាង​ពលរដ្ឋ​រូប​នេះ បញ្ជាក់​ថា សំណង​ដែល​ពួកគាត់​ចង់​បាន​នោះ គឺ​ដី​ទំហំ​ ២​ហិកតារ និង​ថវិកា ៧​ពាន់​ដុល្លារ ក្នុង​មួយ​គ្រួសារ ដោយ​សារ​តែ​លោក​ ហេង ហ៊ុយ បាន​ប្រើ​គ្រឿង​ចក្រ​ទៅ​បំផ្លិច​បំផ្លាញ​​ចម្ការ​ដំណាំ​ពួក​គាត់​ខូច​ខាត​អស់​ច្រើន ​កាល​ពី​ ១០​ឆ្នាំ​មុន៖ «ខ្ញុំ​សូម​សំណូមពរ​ដល់​ឯកឧត្ដម ជា សុផារ៉ា ជួយ​រក​ដំណោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ឲ្យ​បាន​ប្លង់​កម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ​យើង​ខ្ញុំ​ជា​ជន​រងគ្រោះ​ ១៩៧​គ្រួសារ​នេះ ឲ្យ​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​អាស្រ័យ​ផល ដើម្បី​ចិញ្ចឹមជីវិត និង​កូន​ចៅ ចំនួន​ ២​ហិកតារ និង​ប្រាក់​សំណង​ដែល​បំផ្លាញ​ដី​ពួក​ខ្ញុំ​ដូច​ជា ស្វាយ​ ចន្ទី ដូង ត្នោត និង​ឫស្សី ឲ្យ​គាត់​សង​សំណង​ដែល​ពួក​ខ្ញុំ​ធ្លាប់​បាន​អាស្រ័យ​ផល នៅ​លើ​ដី​ទីតាំង​ដែល​ពួក​ខ្ញុំ​ធ្លាប់​កាន់​កាប់​តាំង​ពី​ដូន​តា»

ក្នុង​ពេល​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​ក្រសួង​រៀប​ចំ​ដែនដី មាន​ស្ត្រី​ ៥នាក់​ដួល​សន្លប់ និង​មនុស្ស​ចាស់​ជាច្រើន​ទៀត​មាន​អាការៈ​វិល​មុខ​ អស់​កម្លាំង។ ក្រោយ​រង់​ចាំ​អស់​ពេល​មួយ​ព្រឹក ពលរដ្ឋ​ថា មាន​មន្ត្រី​ម្នាក់​ចេញ​មក​ជួប​ពួកគាត់​ ស្នើ​សុំ​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ក្រសួង​នឹង​ផ្ដល់​ដំណឹង​តាម​ក្រោយ​ក្នុងរយៈពេល​ ៣ថ្ងៃ​ទៅ​១សប្ដាហ៍​ទៀត។ ប៉ុន្តែ​ពលរដ្ឋ​សម្រេច​ថា មិន​ត្រឡប់​ទៅ​វិញ​ទេ បើ​ទទួល​បាន​ដំណោះ​ស្រាយ​ណា​មួយ​នោះ៖ «ទាល់​តែ​ក្រសួង ឬ​ឯកឧត្ដម​ណា​មួយ​មក​ចុះ​ខ​សន្យា​ជាមួយ​ពួក​ខ្ញុំ​ ថា​នឹង​ចុះ​ទៅ​ដល់​ទីតាំង​ដី​របស់​ពួក​ខ្ញុំ ដល់​ស្រុក ដល់​ភូមិ រក​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ​ បាន​ខ្ញុំ​ត្រឡប់​ទៅ​វិញ។ បើ​សិន​ជា​គាត់​អត់​មក​ចុះ​ខ​សន្យា​ទេ ខ្ញុំ​មិន​ព្រម​ទៅ​វិញ​ទេ មិន​ព្រម​ជា​ដាច់ខាត។ ខ្ញុំ​តស៊ូ​ទាល់​តែ​ស្លាប់​នៅ​កន្លែង​ហ្នឹង»

ពលរដ្ឋ​ឲ្យ​ដឹង​ថា សមត្ថកិច្ច​និង​ក្រុម​សន្តិសុខ​ជាច្រើន​នាក់ ប្រើ​ហិង្សា​ទៅ​លើ​ពួកគាត់​ ខណៈ​ពួកគាត់​ដើរ​ទៅ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​តំណាង​ក្រសួង ​នៅម៉ោង៤ ​រសៀល​ថ្ងៃ​ដដែល​នេះ​។ ក្នុង​ការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​នោះ មាន​ស្រ្តី​ចំណាស់ ​២​នាក់​ដួល​ទៅ​នឹង​ដី។

អាស៊ី​សេរី មិន​អាច​សុំ​ឆ្លើយ​តប​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​រៀប​ចំ​ដែន​ដី លោក សេង ឡូត បាន​ទេ​នៅ​ថ្ងៃ​ទី៣ កក្កដា ​ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជាច្រើន តែ​គ្មាន​អ្នក​ទទួល។

ក្រុម​ពលរដ្ឋ​ទាំង​នេះ បាន​ឡើង​មក​រក​ដំណោះស្រាយ​ពី​ក្រសួង​រៀប​ចំ​ដែន​ដី​ម្ដង​រួច​ហើយ​ កាល​ពី​ថ្ងៃ​ទី​១ កក្កដា ប៉ុន្តែ​សាមី​ក្រសួង​សម្រេច​មិន​ទទួល​យក​ទៅ​ដោះស្រាយ បន្ទាប់​ពី​ទទួល​ញត្តិ​ពី​ពលរដ្ឋ​ហើយ។

ក្រសួង​រៀបចំ​ដែន​ដី ​អះអាង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១ ខែ​កក្កដាថា ពលរដ្ឋ​ ១៩៧គ្រួសារ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​ដី​សម្បទាន​ដាំ​ដំណាំ​អំពៅ​ផលិត​ស្ករ​ស​នាំចេញ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កោះកុង​ទេ។ ក្រសួង​បញ្ជាក់​ថា មាន​ពលរដ្ឋ​តែ​ ៩៨៧​គ្រួសារ​ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ នៅ​ក្នុង​ខេត្ត​កោះកុង ហើយ​ថា​ពួកគេ​ទទួល​បាន​ដំណោះស្រាយ​អស់​ហើយ​។ ក្រសួង​រៀបចំ​ដែនដី ក៏​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ក្រុម​ប្រជា​ពលរដ្ឋ​ជិត​ ២០០​រយ​គ្រួសារ ប្រសិន​បើ​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​ តវ៉ា​រក​ដំណោះ​ស្រាយ​នៅ​មុខ​ក្រសួង​ជា​ថ្មី​ទៀត។

ចំណែក​ រដ្ឋបាល​ខេត្ត​កោះកុង ក៏​បាន​ចេញ​លិខិត​មួយ​ច្បាប់​ នៅ​ថ្ងៃ​ជាមួយ​នោះ ដោយ​បដិសេធ​សំណើ​ពលរដ្ឋ​ដែល​សុំ​កាត់​ឆ្វៀល​ដី​ទំហំ ៤២១​ហិកតារ ចេញ​ពី​គម្រោង​របស់​ក្រុមហ៊ុន ហេង ហ៊ុយ អេ​ហ្គ្រី​ខលឈើរ​ គ្រុប (Heng Huy Agriculture Group)​ ស្ថិត​នៅ​ក្នុង​ឃុំ​ជី​ខ​លើ​ ស្រុក​ស្រែ​អំបិល។ ​ក្នុង​លិខិត​នោះ អាជ្ញាធរ​ខេត្ត​កោះកុង អះអាង​ថា ទី​តាំង​ដែល​ពលរដ្ឋ​ស្នើ​សុំ​កាត់​ឆ្វៀល​នោះ គឺ​ស្ថិត​លើ​ដី​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​រួច​ហើយ​ របស់​ក្រុមហ៊ុន ហេង ហ៊ុយ។ អាជ្ញាធរ​បញ្ជាក់​ថា ការ​ដោះ​ស្រាយ ​គឺ​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ។

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កោះកុង លោក មាន ព្រហ្មមុនី ដែល​តាម​ដាន​ជម្លោះ​ដីធ្លី​នេះ យល់​​ថា​ ដំណោះស្រាយ​នឹង​មាន​ ប្រសិន​បើ​ក្រសួង​រៀប​ចំ​ដែនដី និង​អាជ្ញាធរ​ខេត្ត​កោះកុង មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ៖ «បើ​យើង​មាន​ដំណោះស្រាយ​ សំណង​ណាមួយ​ ដែល​សមស្រប​អាច​ទទួល​យក​បាន ហើយ​ព្រមព្រៀង​គ្នា​ដោយ​ស្ម័គ្រចិត្ត​ ហៅ​ថា​សមរម្យ​និង​យុត្តិធម៌ ខ្ញុំ​គិត​ថា​រឿង​ហ្នឹង​មាន​ដំណោះស្រាយ។ យើង​កុំ​ទុក​គ្នា​ឲ្យ​នៅ​អ៊ីចឹង។ ហើយ​គាត់​តវ៉ា​សង្ឃឹម​ថា មាន​ដំណោះស្រាយ​។ ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ខាង​ក្រសួង​ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច​ហ្នឹង ចុះ​ទៅ​កំណត់​អត្តសញ្ញាណ​ដោះស្រាយ​ឲ្យ​ពួកគាត់​ ឲ្យ​បាន​ឆាប់​ទៅ ព្រោះ​បើ​ទុក​ទៀត​ ប៉ះពាល់​គាត់​កាន់​តែ​ធ្ងន់ធ្ងរ​។ ហើយ​គាត់​ត្រូវ​ធ្វើ​ចម្ការ ដើម្បី​ចិញ្ចឹម​ជីវិត​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជា​ពលរដ្ឋ​ឡើង​វិញ»

របប​ក្រុង​ភ្នំពេញ​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ជាង ៤ពាន់​ហិកតារ ដើម្បី​វិនិយោគ​ដំណាំ​ស្ករ​អំពៅ​ កាល​ពី​ឆ្នាំ២០០៧។ នៅ​ឆ្នាំ២០១០ ពលរដ្ឋ​ចោទ ក្រុមហ៊ុន ហេង ហ៊ុយ ថា​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​លំនៅ​ប្រជា​ពលរដ្ឋ និង​គំរាម​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ​ណា ដែល​ហ៊ាន​តវ៉ា ចំពោះ​ការ​ឈូស​ឆាយ​វាទ​យក​ដី​របស់​ក្រុមហ៊ុន។ ពួកគាត់ ​អះអាង​ថា បាន​ចូល​កាន់​កាប់ និង​អាស្រ័យ​ផល​លើ​ដីធ្លី​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៣ មក​ម្ល៉េះ ដោយ​មាន​ប័ណ្ណ​កាន់​កាប់​ដីធ្លី​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន។

ក្នុង​រយៈ​ពេល ២ឆ្នាំ​ចុង​ក្រោយ​នេះ ពលរដ្ឋ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន ហេង ហ៊ុយ អេ​ហ្គ្រី​ខលឈើរ​ គ្រុប (Heng Huy Agriculture Group) ដែល​ប្ដូរ​ឈ្មោះ​ទៅ​ជា ហេង ហ៊ុយ អភិវឌ្ឍន៍ បាន​ឈប់​ដាំ​ដំណាំ​អំពៅ​ ចំណែក​រោងចក្រ​ផលិត​ចេញ​ស្ករ​ស​ ក៏​មិន​ឃើញ​មាន​សកម្មភាព​មមាញឹក​នោះ​ដែរ។

ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង បញ្ជាក់​ថា​ ពួក​គាត់​​នឹង​បន្ត​រក​ដំណោះ​ស្រាយ​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដោយ​នាំ​គ្នា​ដើរ​ទៅ​ផ្ទះ​របស់​លោក នៅ​ក្បែរ​វិមាន​ឯករាជ្យ ដើម្បី​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល