ពលរដ្ឋក្រុម ១៧៥គ្រួសារ មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​​ខេត្ត​កោះ​កុង ទទូច​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះ​ស្រាយ​បញ្ចប់​មុន​ពេល​បោះ​ឆ្នោត

0:00 / 0:00

ពលរដ្ឋក្រុម ១៧៥គ្រួសារ ដែល​មាន​ទំនាស់​ដី​ធ្លី​ជា​មួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​ខេត្ត​កោះកុង ទទូច​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះ​ស្រាយ​បញ្ចប់​ទំនាស់​រ៉ាំរ៉ៃ​របស់​ពួក​គេ​នៅ​មុន​ពេល​បោះ​ឆ្នោត។ សង្គម​ស៊ីវិល​យល់​ថា ប្រសិន​បើ​អាជ្ញាធរ​ខិតខំ​ដោះ​ស្រាយ​បញ្ចប់​ទំនាស់​នៅ​មុន​ពេល​បោះ​ឆ្នោត របប​ក្រុង​ភ្នំពេញ​នឹង​ចំណេញ​សន្លឹក​ឆ្នោត ឬ​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​វិញ។

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ១៧៥​គ្រួសារ​ឲ្យ​ដឹង​ថា ពួក​គាត់​ភាគ​ច្រើន​បាន​បង្ខំ​ចិត្ត​ទទួល​យក​ដី​សំណង ដែល​អាជ្ញាធរ​ខេត្ត​វាស់​វែង​ឲ្យ​បាន​ជា​ច្រើន​គ្រួសារ​ហើយ នៅ​សល់​តិចតួច​ប៉ុណ្ណោះ។ ពួក​គេ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​កោះកុង ផ្ដល់​ដី​សំណង​សមរម្យ ជា​ជាង​ផ្ដល់​ដី​ព្រៃ​លិច​ទឹក​ក្នុង​បឹង​ភក់ សំបូរ​សត្វ​ឈ្លើង ឬ​គ្មាន​ផ្លូវ​ចូល។

ពលរដ្ឋ​ដែល​មិន​ទាន់​ទទួល​យក​សំណង​ម្នាក់ គឺ​អ្នក​ស្រី ទូច លឹមហៀង ប្រាប់​ថា អាជ្ញាធរ​ខេត្ត​កោះ​កុង​ផ្ដល់​ដី​មិន​សមរម្យ​ឲ្យ​គ្រួសារ​អ្នកស្រី គឺ​ជា​ដី​លិច​ទឹក មិន​អាច​ធ្វើ​កសិកម្ម​បាន។ ដូច្នេះ ទើប​គ្រួសារ​អ្នកស្រី​សម្រេច​ចិត្ត​មិន​ទទួល​យក​ដី​នោះ​ដាច់​ខាត។ អ្នកស្រី ទូច លឹមហៀង ចង់​បាន​ដី​សំណង​ណា ដែល​សមរម្យ អាច​ធ្វើ​កសិកម្ម​ចិញ្ចឹម​គ្រួសារ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ដូច​គេ។ អ្នក​ស្រី បញ្ជាក់​ថា ប្រសិន​បើ​គ្រួសារ​អ្នកស្រី មិន​ទទួល​បាន​ដី​សំណង​សមរម្យ នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​ទេ ក្រុម​គ្រួសារ​អ្នកស្រី នឹង​មិន​ទៅ​បោះ​ឆ្នោត​ឡើយ៖ «»

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង កាល​ពី​ដើម​ខែ​មិថុនា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្រុម​ការងារ​ជំនាញ នឹង​ដោះ​ស្រាយ​បញ្ចប់​ទំនាស់ ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​នៅ​ស្រុក​ស្រែ​អំបិល និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ឲ្យ​បាន​រួចរាល់​ទាំង​ស្រុង​នៅ​បំណាច់​ខែ​មិថុនា ឆ្នាំ​២០១៨។ ប៉ុន្ដែ ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី អះអាង​ថា រហូត​ដល់​ចុង​ខែ​កក្កដា​ហើយ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ចប់​សព្វ​គ្រប់​ទេ ដោយសារ​តែ​អាជ្ញាធរ​បាន​វាស់​វែង​ដី​លិច​ទឹក ដែល​ធ្វើ​កសិកម្ម​មិន​កើត ឲ្យ​ទៅ​អ្នក​ភូមិ​រង​គ្រោះ​ដី​ធ្លី។ ពលរដ្ឋ​អះអាង​ថា ដី​ដែល​លិច​ទឹក សំបូរ​សត្វ​ឈ្លើង គ្មាន​ផ្លូវ​ចេញ​ចូល ដែល​អាជ្ញាធរ​វាស់​ឲ្យ​នោះ សូម្បី​តែ​ក្រុមហ៊ុន​ក៏​មិន​អាច​ដាំ​អំពៅ​កើត​ដែរ។

កាលពីថ្ងៃទី២៨ មិថុនា ពលរដ្ឋ​​ជាង ២០០​នាក់ មក​ពី​ភូមិ​ចំនួន​៩ នៃ​ឃុំ​ដងពែង ឃុំ​ជីខលើ ឃុំ​ជីខ​ក្រោម ឃុំ​កណ្ដោល ស្រុក​បទុម​សាគរ និង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​លើក​គ្នា​ឡើង​ទៅ​តវ៉ា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី​ ដើម្បី​​តវ៉ា​នឹង​ការ​វាស់​ដី​ព្រៃ​លិច​ទឹក សង​ឲ្យ​ពលរដ្ឋ។

តំណាងពលរដ្ឋមានជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក ឧកញ្ញ៉ា លី យ៉ុងផាត់ គឺ​អ្នកស្រី ផាវ ញ៉ឹង ឲ្យ​​ដឹង​ថា មក​ដល់​ពេល​នេះ ពលរដ្ឋ​ក្រុម ១៧៥​គ្រួសារ​ភាគ​ច្រើន​ត្រូវ​បង្ខំ​ចិត្ត​ទទួល​យក​ដី ដែល​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ ដោយសារ​តែ​បារម្ភ​ខ្លាច​ជម្លោះ​អូស​បន្លាយ​បន្ដ​ទៀត ធ្វើ​ឲ្យ​អ្នក​ភូមិ​ខក​ខាន​មិន​បាន​ចេញ​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត។ ប៉ុន្ដែ​នៅ​សល់​គ្រួសារ​មួយ​ចំនួន មិន​ទាន់​ទទួល​យក​ដី​សំណង​ទេ ដោយ​សារ​តែ​ដី​សំណង​នោះ មិន​អាច​ឲ្យ​ពួក​គាត់​ប្រកប​កសិកម្ម​ចិញ្ចឹម​ជីវិត​បាន៖ «»

អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពី​អភិបាល​រង​ខេត្ត​កោះកុង ទទួល​បន្ទុក​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី លោក អន ភារៈ បាន​ទេ នៅ​ថ្ងៃ​ទី២៦ កក្កដា។ ប៉ុន្ដែ​កន្លង​មក លោក អន ភារៈ ប្រាប់​ឲ្យ​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី ទៅ​ជួប​លោក​នៅ​សាលា​ខេត្ត​កោះកុង ទើប​លោក​ព្រម​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ។ ទោះ​យ៉ាង​ណា តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី ក្រុម ១៧៥​គ្រួសារ គឺ​អ្នកស្រី ផាវ ញ៉ឹង ឲ្យ​ដឹង​ថា អភិបាល​រង​ខេត្ត​កោះកុង លោក អន ភារៈ បាន​សន្យា​ថា នឹង​ដាក់​គ្រឿង​ចក្រ​ធ្វើ​ផ្លូវ​ឲ្យ​ពលរដ្ឋ នៅ​រដូវ​ប្រាំង​ឆ្នាំ​ក្រោយ។

អ្នកសម្របសម្រួល​សមាគម​សិទ្ធិមនុស្ស អាដហុក ប្រចាំ​ខេត្ត​កោះកុង លោក មាន ព្រហ្មមុនី សង្កេត​ឃើញ​ថា អាជ្ញាធរ​ខេត្ត​កោះកុង បាន​ខិតខំ​ដោះ​ស្រាយ​បញ្ហា​ទំនាស់​ក្រុម ១៧៥​គ្រួសារ​នេះ បាន​ជោគ​ជ័យ​ច្រើន​ហើយ នៅ​សល់​ភាគ​តិច​ទៀត គួរ​តែ​ដោះ​ស្រាយ​បញ្ចប់​ដោយ​សំណង​សមរម្យ ដែល​គ្រប់​ភាគី​ទទួល​យក​បាន៖ «»

តំណាងពលរដ្ឋមានជម្លោះដីធ្លី អ្នកស្រី ផាវ ញ៉ឹង ថា អាជ្ញាធរ​បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ក្រុម ១៧៥​គ្រួសារ ធ្វើ​កិច្ច​សន្យា​ទទួល​យក​ដី និង​បញ្ចប់​ការ​តវ៉ា​តទៅ​ទៀត។ ទោះ​យ៉ាង​ណា អ្នកស្រី​ថា មក​ដល់​ពេល​នេះ ពលរដ្ឋ​មិន​ទាន់​យល់​ព្រម​ធ្វើ​កិច្ច​សន្យា​ជាមួយ​អាជ្ញាធរ​ទេ ដោយ​ត្រូវ​រង់ចាំ អាជ្ញាធរ​ដោះ​ស្រាយ​ឲ្យ​ចប់​សព្វ​គ្រប់​ទាំង​អស់​គ្នា​សិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។