ពលរដ្ឋ​ដែល​ទទួល​បាន​ដី​ហើយ ជាង ១៧០​គ្រួសារ​មក​ពី​ខេត្ត​កោះកុង ស្នើសុំ​សំណង​ជា​ទឹក​ប្រាក់​​​​​​​​​​​​​​​​​​​​​​​​បន្ថែម​ពី​ក្រសួង​ដែនដី

ពលរដ្ឋ ១៧៦​គ្រួសារ មក​ពី​ស្រុក​ ស្រែអំបិល​ ខេត្ត​កោះកុង ភាគ​ច្រើន​ជា​ស្រ្តី​វ័យ​ចំណាស់ លើក​គ្នា​មក​តវ៉ា​នៅ​មុខ​ក្រសួង​ដែន​ដី ក្រុង​ភ្នំពេញ ស្នើសុំ​ទឹក​ប្រាក់​បន្ថែម​លើ​ដីធ្លី​ ដែល​រដ្ឋាភិបាល​បាន​ដោះ​ស្រាយ​ឲ្យ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៨។ ក៏​ប៉ុន្តែ​សំណើ​នេះ ត្រូវ​បាន​មន្ត្រី​តំណាង​ក្រសួង​ដែនដី​បដិសេធ ដោយ​លើក​ហេតុផល​ថា ក្រសួង​គ្មាន​ថវិកា​ផ្ដល់​ជូន​ពលរដ្ឋ​តាម​ការ​ស្នើសុំ​នោះ​ទេ បន្ទាប់​ពី​ពលរដ្ឋ​ ២០នាក់​ចូល​ជួប​មន្ត្រី​ក្រសួង​ដែនដី នៅ​ថ្ងៃ​ទី​២០ កញ្ញា។

ពលរដ្ឋ​ទាំង​នោះ បាន​ដាក់​លិខិត​ដែល ជូន​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ លោក ជា សុផារ៉ា ស្នើសុំ​ជួយ​ដោះ​ស្រាយ​នូវ​សំណង​ជា​ទឹក​ប្រាក់​ដល់​ពួក​គាត់​ទាំង​ ១៧៦​គ្រួសារ ដែល​មួយ​គ្រួសារ​ចំនួន ៦ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​ធ្វើ​ស្រែ​ចម្ការ និង​ចិញ្ចឹម​គ្រួសារ។

លោក​ស្រី ពៅ ង៉ែត លើក​ឡើង​ថា ពលរដ្ឋ​រស់​នៅ​ឃុំ​ជីខ​លើ ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង ​កំពុង​ជួប​ជីវភាព​ភាព​លំបាក​ទ័ល​ក្រ ដោយ​ត្រូវ​ដាក់​ប្លង់​ដី​ខ្ចី​លុយ​ពី​មីក្រូហិរញ្ញវត្ថុ ហើយ​អ្នក​ខ្លះ​ជំពាក់​រហូត​ដល់​គ្មាន​លទ្ធភាព​នឹង​អាច​សង​វិញ​បាន ក្រោយ​ពី​ទទួល​បាន​ដី ១ហិកតារ​កន្លះ​ពី​ក្រសួង​ដោះ​ស្រាយ​ឲ្យ៖ «បើ​សិន​ជា​គាត់​អត់​ដោះស្រាយ​ឲ្យ​ខ្ញុំ​នៅ​តែ​មាន​មក​អញ្ចឹង ពី​ព្រោះអី​ខាង​ខ្ញុំ មាន​ណា​មួយ។ មក​នេះ ចង​ការ​គេ​មក ពេល​ដែល​តវ៉ា​ដីហ្នឹង​ចងការ​អង្គការ​គ្រប់​ស្ថាប័ន​ទាំង​អស់ ហើយ​ដល់​ឥឡូវ​គេ​រឹបអូស​យក​ផ្ទះ​យក​ដី​អស់​ហើយ ឲ្យ​ខ្ញុំ​ទៅ​ណា​ទៀត យក​ខ្ញុំ​ទៅ​ដាក់​គុក​ដាក់ទៅ​ ខ្ញុំ​មក​អត់​មាន​ប្រឆាំង​អី​នឹង​គាត់​ទេ ខ្ញុំ​មកសុំ​គាត់​ត្រង់ៗ។ ហើយ​ដល់​ខ្ញុំ​អត់​លុយ​បង់​ការ​គេ ខ្ញុំ​មកសុំ​ក្រសួង ឃើញ​ថា​ក្រសួង​អាណិត​ឲ្យ​ខ្ញុំ​ខ្លះ​អី​អញ្ចឹង តែ​គាត់​ឆ្លើយ​ថា​អត់​តែ​ម្ដង»។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ ពលរដ្ឋ​ជាង ១៧៦គ្រួសារ បាន​ទទួល​សំណង​ជា​ដីធ្លី​ ដែល​គ្រួសារ​នីមួយៗ ​ទទួល​បាន​ដី​ទំហំ​ ១ហិកតារ​កន្លះ ប៉ុន្តែ​មិន​ទទួល​បាន​សំណង​បន្ថែម​ជា​ទឹក​ប្រាក់​ពី​ក្រុមហ៊ុន ក្រោយ​​ពី​បញ្ចប់​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​អស់​ជា​ច្រើន​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​កោះកុង ​ផ្លេន​ថេហ្សិន អ៊ិនដាស់ស្រ្ទី (Koh Kong Plantation)ស្ថិត​នៅ​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។