ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​កោះកុង​ប្រកាស​មិន​ចាក​ចេញ​ពីមុខ​សាលា​ខេត្ត​បើ​មិន​​បាន​ដំណោះស្រាយ

ដោយ មួង ណារ៉េត
2020-08-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ ២៣គ្រួសារ មក​ពី​ខេត្ត​កោះកុង តវ៉ា​មុខ​​ក្រសួង​ដែនដី ករណី​ជម្លោះ​ដីធ្លី​ជាមួយក្រុមហ៊ុន ​ចិន យូញៀន ឌីវេឡុប​មិន គ្រុប ​( Union Development Group Co.,Ltd កាល​ពី​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០១៩។
ពលរដ្ឋ​ ២៣គ្រួសារ មក​ពី​ខេត្ត​កោះកុង តវ៉ា​មុខ​​ក្រសួង​ដែនដី ករណី​ជម្លោះ​ដីធ្លី​ជាមួយក្រុមហ៊ុន ​ចិន យូញៀន ឌីវេឡុប​មិន គ្រុប ​( Union Development Group Co.,Ltd កាល​ពី​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០១៩។
រូប​ពី​លោក សំ ធី ប្រជាសហគមន៍

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជិត​៣០០​គ្រួសារ មកពី​បី​ឃុំ ក្នុងស្រុក​គិរីសាគរ ប្រកាស​ថា ពួកគេ​សុខចិត្ត​ដេក​តាម​ចិញ្ចើម​ផ្លូវ​មុខ​សាលាខេត្ត​កោះកុង ដោយ​មិន​ព្រម​ចាកចេញ​ទៅ​ណា​ទេ បើ​អភិបាលខេត្ត​មិន​ដោះស្រាយ​ជូន​ពលរដ្ឋ។ ការប្រកាស​ជំហរ​នេះ ដោយសារ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនទាន់​ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​ពលរដ្ឋ​ទាក់ទង​នឹង​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​ជាង ១២​ឆ្នាំ ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន (Union Development Group) នៅ​ឡើយ​ទេ។

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ខេត្ត​កោះកុង បាន​បោះតង់​នៅ​មុខ​សាលាខេត្ត​កោះកុង អស់​រយៈពេល​១៥​ថ្ងៃ​មក​ហើយ រង់ចាំ​អភិបាលខេត្ត​ជួយ​អន្តរាគមន៍​ដល់​ពួកគេ​។ ពួកគេ​រំពឹង​ថា អភិបាលខេត្ត​អ្នកស្រី មិថុនា ភូថង នឹង​ដោះស្រាយ​ជូន​ពលរដ្ឋ​ដូច​ប្រសាសន៍​លោក ហ៊ុន សែន ដែល​បាន​ណែនាំ ឱ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ព្យាយាម​ដោះស្រាយ​បញ្ហា​ដីធ្លី។

តំណាង​ពលរដ្ឋ​សហគមន៍​គីរីសាគរ លោកស្រី ឆាយ គឹមឃ ដែល​ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​ក្នុង​រោង​តង់ ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ថ្នាក់​ជាតិ​បញ្ចប់​ជម្លោះដីធ្លី​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​យូញៀន របស់​ឈ្មួញ​ចិន​ដោយ​កាត់​ឆ្វៀល​ដី​ពី​ក្រុមហ៊ុន​ជូន​ប្រជាពលរដ្ឋ​វិញ​។ លោកស្រី​រម្លឹក​ថា ជម្លោះដីធ្លី​ជាង​១២​ឆ្នាំ​មកនេះ​ក្រុម​ពលរដ្ឋ​មិនបាន​ប្រើប្រាស់​ដី​ដើម្បី​អាស្រ័យ​ផល​នោះ​ឡើយ៖ «ម្ចាស់​ដី​មិនបាន​ចំណេញ​លើ​ការ​អភិវឌ្ឍន៍​ហ្នឹង​ទេ ខ្ញុំ​ស្នើសុំ​ទៅ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​ហ្នឹង​ឱ្យ​ពលរដ្ឋ​ឱ្យ​ពួក​ខ្ញុំ​អាស្រ័យ​ផល​ឡើងវិញ»

ពលរដ្ឋ​ម្នាក់ទៀត​មក​ពី​ឃុំ​កោះស្ដេច លោកស្រី សាំង ពុយ ឱ្យ​អាស៊ីសេរី​ដឹង​ថា ពលរដ្ឋ​ទាំងអស់​គ្នា​ប្ដេជ្ញា​ថា បើ​មិន​ទទួល​បាន​ដំណោះស្រាយ​ទេ ពួកគេ​មិន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ​។ លោកស្រី​ឱ្យដឹង​ថា ក្នុង​ការ​ទាមទារ​រយៈ​ពេល​កន្លះ​ខែ​មកនេះ ពលរដ្ឋ​បាន​ដាក់​ញត្តិ​ទៅ​សាលាខេត្ត និង​ក្រសួង​ដែនដី ប៉ុន្តែ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​ឬ​ការ​ឆ្លើយ​តប​នៅឡើយ​ទេ៖ «ទទូច​ដដែល​ទេ​សុំ​ឱ្យ​ជួយ​ដោះស្រាយ​ហើយ​កន្លង​មក​ថ្មីៗ​នេះ សម្ដេច​គាត់​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​កាត់​ឆ្វៀល​ដី ឱ្យ​ ប្រជាពលរដ្ឋ​រស់នៅ​គម្រប​ព្រៃឈើ​អ៊ីចឹង យើង​មាន​សង្ឃឹម»

ជុំវិញ​ការ​ទាមទារ​របស់​ពលរដ្ឋ​នេះ អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង និង​អ្នកនាំពាក្យ​ក្រសួង​ដែនដី លោក សេង ឡូត នៅ​ថ្ងៃ​ទី៨ ខែ​សីហា ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​ទេ ដោយ​អ្នក​ទាំងពីរ​ចុច​បិទ​ទូរស័ព្ទ​ពេល​ហៅ​ចូល។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​នៃ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត យល់​ថា ការ​អូស​បន្លាយ​បញ្ហា​ដីធ្លី​ជាង​១២​ឆ្នាំ​មកនេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ​ជួប​បញ្ហា​ជីវភាព។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់៖ «នាង​ខ្ញុំ​យល់ថា ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំងអស់​ពន្លឿន​ដោះស្រាយ​បញ្ចប់​ទៅ​ដើម្បី​កុំ​ឱ្យ​វិបត្តិ​នេះ​អូស​បន្លាយ​ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ»

ក្រុមហ៊ុន ចិន យូញៀន ឌីវេឡុបមិន គ្រុប បាន​ជួល​ដី​ពី​រដ្ឋាភិបាល កាល​ពី​ឆ្នាំ​២០០៨ ក្នុង​ភូមិ​សាស្ត្រ ឃុំ​ចំនួន​៥ នៃ​ស្រុក​បុទុមសាគរ និង​ស្រុក​គីរីសាគរ ខេត្ត​កោះកុង លើ​ទំហំ​ផ្ទៃដី​ចំនួន ៣​ម៉ឺន ៦​ពាន់​ហិកតារ​ដើម្បី​ធ្វើជា​តំបន់​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ដែល​រួមមាន​ការសាងសង់​ព្រលាន​យន្តហោះ​និង​ទីលាន​វាយកូនគោល​ដែល​មាន​តម្លៃ​សរុប​ចំនួន ៥​ពាន់​លាន​ដុល្លារ។ កាល​ពី​ឆ្នាំ​២០១១ ក្រុមហ៊ុន​ចិន​មួយ​នេះ​បាន​ជួល​ដី​ពី​រដ្ឋាភិបាល​ជាង ៩​ពាន់​ហិកតារ​ថែម​ទៀត។ ការ​ផ្តល់​ដី​សម្បទាន​នេះ​គឺ​បាន​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ ហើយ​មកដល់ពេលនេះ​នៅ​មិន​ទាន់​ដោះស្រាយ​ចេញ​នៅ​ឡើយ​។ កាលពី​ឆ្នាំ​២០១៨ ក្រុមហ៊ុន​ចិន​មួយ​នេះ​បាន​ដុត​កម្ទេច​ផ្ទះ និង​កាប់​បំផ្លាញ​ផលដំណាំ​នៅ​តំបន់​ថ្មពាន ក្នុង​ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ៕

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល