ប្រជាពលរដ្ឋ ៦៥គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនយូញៀន (UDG) និងក្រុមហ៊ុនលោក ឧកញ៉ា លី យ៉ុងផាត់ ស្នើសុំឲ្យលោក ហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយបញ្ចប់ជម្លោះដីធ្លី និងដោះលែងតំណាងពលរដ្ឋម្នាក់អោយមានសេរីភាពឡើងវិញ។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរ តែបង្ហាញឆន្ទៈពិតប្រាកដក្នុងការដោះស្រាយជម្លោះដីធ្លីជូនពួកគាត់ ព្រោះពួកគាត់កំពុងជួបការលំបាកខ្លាំងក្នុងជីវភាព។
ប្រជាពលរដ្ឋរងគ្រោះដីធ្លីចំនួន៣ឃុំ នៅស្រុកគិរីសាគរ ខេត្តកោះកុង យល់ថា ប្រសិនបើរបបលោក ហ៊ុន សែន មិនពន្លឿនដំណោះស្រាយដីធ្លីជូនពួកគាត់ និងដោះលែងតំណាងពួកគាត់នោះទេ គឺមាន ន័យថា របបលោក ហ៊ុន សែន កំពុងតែចូលរួមចំណែក ធ្វើអោយពួកគាត់រងគ្រោះ និងអយុត្តិធម៌ផ្ទួនៗគ្នា។
តំណាងពលរដ្ឋសហគមន៍ព្រែកខ្សាច់ លោកស្រី ថៃ គឹមធុច រៀបរាប់ថា ពួកគាត់ទាំង ៦៥គ្រួសារ ត្រូវ ក្រុមហ៊ុនចិន យូញៀន (Union Development Group) រំលោភយកដីធ្លីជាង១០ឆ្នាំមកហើយ ប៉ុន្តែ អាជ្ញាធរមិនទាន់ជួយដោះស្រាយនោះទេ។ ចំណែកក្រុមហ៊ុនកោះកុង អេស.អ៊ី.ហ្សិត (Koh Kong SEZ) របស់លោកឧកញ៉ា លី យ៉ុងផាត់ បានដោះស្រាយបញ្ចប់ជម្លោះដីធ្លីរួចរាល់ តែមិនព្រមដោះលែងតំណាងពលរដ្ឋម្នាក់ឈ្មោះ ហេង សុខ នោះទេ។ លោកស្រី ថៃ គឹមធុច អះអាងថា ពួកគាត់ទាំង ៦៥គ្រួសារ សូមស្នើសុំឲ្យលោក ហ៊ុន សែន ជួយអន្តរាគមន៍ទៅអាជ្ញាធរខេត្តកោះកុង ដើម្បីជួយដោះ តំណាងពលរដ្ឋម្នាក់ឈ្មោះ ហេង សុខ និងដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ដែលមានទំនាស់ជាមួយក្រុមហ៊ុនចិន យូញៀន៖ «សំខាន់ជាងគេគឺសុំអោយអន្តរាគមន៍ចៅហ្វាយខេត្តដោះលែងលោក ហេង សុខ និងដោះស្រាយបញ្ចប់ដីធ្លី»។
កាលពីថ្ងៃទី២៤ ខែតុលា ពលរដ្ឋទាំង៦៥គ្រួសារ រស់នៅ ឃុំភ្ញីមាស ឃុំតានួន និងឃុំកោះស្តេច នៅស្រុកគិរីសាគរ ក៏បានទៅតវ៉ានៅមុខភូមិគ្រឹះលោកហ៊ុន សែនក្បែរវិមានឯករាជ្យដែរ ប៉ុន្តែត្រូវបានអាជ្ញាធរហាមឃាត់ និងប្រាប់អោយពួកគាត់ដាក់ញត្តិនៅខុទ្ទកាល័យលោក ហ៊ុន សែន ស្ថិតក្រោមដើមពោធិ៍ មុខវត្តបទុមវតីវិញ។ ពលរដ្ឋអះអាងថា សមាជិក ក្រុមការងារចម្រុះថ្មីរបស់ លោក ហ៊ុន សែន គឺ លោក គង់ ចំរើន បានទទួលយកញត្តិដោយសន្យាថា នឹងជូនដំណឹងនៅសប្ដាហ៍ក្រោយ។
អាស៊ីសេរីមិនទាន់អាចទាក់ទងទៅលោក គង់ ចំរើន បានទេនៅថ្ងៃទី២៥ ខែតុលា។ ចំណែកអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង មិនទទួលទូរស័ព្ទនោះទេ។
លោកស្រី ថៃ គឹមធុច រៀបរាប់ថា ការពន្យារពេលដោះស្រាយជម្លោះដីធ្លី និងបន្តឃុំឃាងតំណាង របស់ពួកគាត់បែបនេះ គឺពិតជាប៉ះពាល់ដល់ការរស់នៅ និងអយុត្តិធម៌យ៉ាងខ្លាំងសម្រាប់ពួកគាត់ ដែលបាត់បង់ដីធ្លី៖ «ខ្ញុំឃើញសម្ដេចបង្កើតក្រុមការងារចម្រុះដោះស្រាយបណ្តឹងតវ៉ាផ្សេងៗ ឃើញថាអ៊ីចឹងក៏អរដែរបើបានគាត់ដោះស្រាយ ដើម្បីបានដីមកបង្កបង្កើនផលវិញ ដើម្បីចិញ្ចឹមគ្រួសារ ព្រោះធម្មតាយើងមានដីយើងមានជីវិត»។
មន្ត្រីប្រឹក្សាផ្នែកច្បាប់នៃអង្គការលីកាដូ (Licadho) ប្រចាំខេត្តកោះកុង លោក ហ៊ួ អ៊ីន មានប្រសាសន៍ថា អាជ្ញាធរធ្លាប់សន្យាដោះស្រាយជូនពួកគាត់ច្បាស់លាស់ម្ដងហើយ ប៉ុន្តែមកដល់ពេលនេះ នៅតែមិនឃើញមានលទ្ធផល។ លោកបន្តថា អាជ្ញាធរគួរតែបង្ហាញឆន្ទៈដោះស្រាយពិតប្រាកដជូន ប្រជាពលរដ្ឋដើម្បីកុំអោយពួកគាត់បាត់បង់ជំនឿចិត្តកាន់តែខ្លាំង។ ការពន្យារពេលនេះ គឺពិតជាផ្ដល់ ប៉ះពាល់ខ្លាំងបំផុតដល់ប្រជាពលរដ្ឋទាំងវិបត្តិផ្លូវចិត្ត និងវិបត្តិសេដ្ឋកិច្ចគ្រួសារពួកគាត់៖ «គ្រួសារពួកគាត់ចំណាយជីវិតស្ទើរតែមួយជីវិតទៅហើយ ក្នុងការបង្កបង្កើនផលលើដីរបស់ពួកគាត់ តែនៅពេលដែលក្រុមហ៊ុន ចូលមករំលោភ គឺមិនទទួលបានសំណងសូម្បី ១រៀលហើយ ពួកគាត់ត្រូវចំណាយពេលវេលាដាក់បណ្ដឹងតវ៉ាជាបន្តបន្ទាប់ តាំងពីក្នុងខេត្តរហូតដល់ភ្នំពេញ។ អ៊ីចឹងគឺពួកគាត់រងទុក្ខវេទនាខ្លាំងមែនទែន ដោយសារតែជម្លោះដីធ្លីនេះ ដូច្នេះមិនគួរបណ្ដោយអោយពួកគេវេទនាទាំងផ្លូវកាយទាំងផ្លូវចិត្តនោះទេ។ ចំណែកករណីលោក ហេង សុខ វិញ គឺអាជ្ញាធរខេត្ត ជាពិសេសលោកឧកញ៉ា លី យ៉ុងផាត់ គួរតែដោះស្រាយបញ្ចប់ទៅ ព្រោះថា ពលរដ្ឋផ្សេងទៀត បានសំណងអស់ហើយ ហេតុអីបានជាទុកអោយលោក ហេង សុខ ដែលជាតំណាងពលរដ្ឋ មិនបានទទួលបានសំណងហើយបែរជាជាប់ពន្ធនាគាររហូតដល់សព្វថ្ងៃថែមទៀត ?»។
តំណាងពលរដ្ឋសហគមន៍ព្រែកខ្សាច់ គឺលោក ហេង សុខ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីចុងខែ កុម្ភៈ តាមបណ្ដឹងក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ ខណៈលោកទៅចូលបោះបង្គោលព្រំដីរបស់ លោកដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុន លី យ៉ុងផាត់។ សំណុំរឿងនេះ តុលាការខេត្តកោះកុង បានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១ឆ្នាំ ៦ខែ និងរងពិន័យជាប្រាក់ចំនួន ២លានរៀល ពីបទប្រព្រឹត្តអំពើហិង្សាលើអ្នកកាន់កាប់អចលនទ្រព្យដោយសុចរិត។ ទោះយ៉ាងណាក្តី ពលរដ្ឋអះអាងថា វិវាទដីធ្លីនេះ ក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ បានទទួលខុសត្រូវនិងបានផ្ដល់សំណងជូនប្រជា ពលរដ្ឋបញ្ចប់ទំនាស់រួចរាល់ហើយ ដូច្នេះគួរតែដោះលែងលោក ហេង សុខ វិញ។
ចំណែកជម្លោះដីធ្លីជាមួយចិនយូញៀនវិញ គឺបានកើតឡើងតាំងពីឆ្នាំ២០០៨ បន្ទាប់ពីរបបលោក ហ៊ុន សែន ផ្ដល់ដីសម្បទានដីទំហំជាង ៣ម៉ឺន ៦ពាន់ហិកតារ អោយក្រុមហ៊ុនចិនមួយនេះ ហើយបានប៉ះពាល់ ឬជាន់លើដីប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ប៉ុន្តែពុំមានដំណោះ ស្រាយសមរម្យជូនពួកគាត់នោះទេ។ ក្រុមហ៊ុន នៅតែបន្តឈូសឆាយដំណាំ និងផ្ទះសម្បែងពលរដ្ឋជាបន្តបន្ទាប់។
ប្រជាពលរដ្ឋ លើកឡើងថា ពួកគាត់នឹងឡើងទៅតវ៉ាជាថ្មី នៅមុខភូមិគ្រឹះលោកហ៊ុន សែន បើសិនបើអាជ្ញាធរបន្តប្រងើយកន្តើយ និងភូតកុហកពួកគាត់ម្ដងហើយម្តងទៀត ប៉ុន្តែមិនដោះស្រាយពិតប្រាកដ៕
