ប្រជាពលរដ្ឋក្នុងឃុំចំនួនបីនៃស្រុកគីរីសាគរ ខេត្តកោះកុង នាំគ្នាផ្ដិតមេដៃស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដកអភិបាលស្រុកគីរីសាគរ ចេញពីតំណែង ដោយចោទថា មិនបានគោរពពាក្យសន្យាដោះស្រាយជម្លោះដីធ្លីជូនពួកគាត់។ រីឯមន្ត្រីសិទ្ធិមនុស្សស្នើឲ្យស្ថាប័នថ្នាក់ជាតិចុះស៊ើបអង្កេតឲ្យបានច្បាស់លាស់។
ប្រជាពលរដ្ឋរៀបរាប់ថា មូលហេតុដែលពូកគាត់នាំគ្នាផ្ដិតមេដៃស្នើសុំឲ្យដកអភិបាលស្រុកគីរីសាគរ លោក ឃឹម ច័ន្ទឌី ចេញពីតំណែងនេះ ដោយសារគាត់ពុំបានគោរពពាក្យសន្យាដោះស្រាយជម្លោះដីធ្លី និងមិនបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ គិតតែប្រយោជន៍ផ្ទាល់ខ្លួន និងប្រព្រឹត្តអំពើពុករលួយលួចលក់ដីរដ្ឋជាដើម។
ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា ពលរដ្ឋបាននាំគ្នាផ្ដិតមេដៃតាំងពីថ្ងៃទី៣០ ខែមករា រហូតដល់ថ្ងៃទី២ ខែកុម្ភៈ តែនៅមិនទាន់បញ្ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឡើយទេ ដោយរង់ចាំឲ្យប្រជាពលរដ្ឋបានចូលរួមផ្ដិតមេដៃគ្រប់គ្នាសិន។ លោកថា មន្ត្រីអាជ្ញាធរ អ្នកគាំទ្រគណបក្សប្រជាជន និងប្រជាពលរដ្ឋភាគច្រើន គឺមិនពេញចិត្តការដឹកនាំរបស់អភិបាលស្រុករូបនេះទេ៖ «ពួកខ្ញុំនាំគ្នាផ្ដិតមេដៃដាក់ញត្តិទៅថ្នាក់កំពូលដើម្បីដកបុគ្គលដែលធ្វើការជាមន្ត្រីមួយធំតែមិនគោរពពាក្យសន្យា និយាយច្រើនតែកុហកប្រជាពលរដ្ឋ។ រឿងពុករលួយនោះ គឺការងារណាដែលគាត់ប្រមូលធនធានដាក់ក្នុងហោប៉ៅបានគាត់ធ្វើ ការងារសម្រាប់ប្រជាពលរដ្ឋគាត់មិនធ្វើ។ ខ្ញុំក៏ដឹងថា គាត់លក់ដីរដ្ឋជាង ៤០ហិកតារជាងនៅជាប់ព្រំប្រទល់រវាងស្រុកគីរីសាគរ និងស្រុកបុទុមសាគរ»។
ពលរដ្ឋម្នាក់ទៀតលើកឡើងថា តាំងពីកាន់តំណែងជាអភិបាលស្រុកគីរីសាគរ មក លោក ឃឹម ច័ន្ទឌី ពុំបានកសាងស្នាដៃអ្វីជួយដល់ប្រជាពលរដ្ឋឡើយ។ លោកបន្ថែមថា អភិបាលស្រុករូបនេះអសមត្ថភាពក្នុងការដោះស្រាយជម្លោះដីធ្លីរ៉ាំរ៉ៃរវាងពលរដ្ឋ និងក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមិន (Union Development) ហើយមានរឿងអាស្រូវខាងលក់ដីរដ្ឋ ក៏ប៉ុន្តែបើរឿងចែកដីឲ្យប្រជាពលរដ្ឋគាត់ថា ហួសពីសមត្ថកិច្ចជាដើម៖ «បីឆ្នាំមកហើយដែលគាត់ឡើងដឹកនាំតែខ្ញុំមិនឃើញមានភស្តុតាងអ្វីដែលគាត់បានធ្វើសម្រាប់ជួយប្រជាពលរដ្ឋនោះទេ។ គាត់មិនដំណោះស្រាយដោយយុត្តិធម៌ជូនពលរដ្ឋ។ រឿងផ្ទាល់ខ្លួនខ្ញុំតែម្ដង គឺគាត់បានមករុះរើផ្ទះរបស់ខ្ញុំនៅឆ្នាំ២០១៤ ហើយនៅឆ្នាំ២០១៦ គាត់បានមកបណ្ដេញខ្ញុំចេញពីទឹកដីដែលខ្ញុំរស់នៅតាំងពីសមាហរណកម្មក្នុងឆ្នាំ១៩៩៦ ម្ល៉េះ»។
រីឯអភិបាលស្រុកគីរីសាគរ លោក ឃឹម ច័ន្ទឌី បដិសេធមិនផ្តល់បទសម្ភាសន៍ជាមួយអាស៊ីសេរី តាមទូរស័ព្ទឡើយ។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកោះកុង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា នេះគឺជាករណីលេចធ្លោទីមួយហើយ ដែលពលរដ្ឋធ្វើញត្តិបណ្ដេញអភិបាលស្រុកគីរីសាគរ ដូច្នេះ។ លោកថា ប្រសិនបើខាងស្ថាប័នពាក់ព័ន្ធដែលបានទទួលញត្តិរបស់ប្រជាពលរដ្ឋនេះ ត្រូវតែចុះស៊ើបអង្កេតឲ្យបានច្បាស់លាស់ ដើម្បីពិនិត្យថា តើអភិបាលស្រុករូបនេះពិតជាមានកំហុសដូចការចោទប្រកាន់របស់ពលរដ្ឋដែរ ឬយ៉ាងណា អំឡុងពេលគ្រប់គ្រងដែនដីនៅទីនោះ៖ «ក្រសួងមហាផ្ទៃ ឬអាជ្ញាធរខេត្ត ប្រសិនបើមានការរកឃើញកំហុសរបស់គាត់មែននោះ គួរតែផ្លាស់ប្ដូរគាត់ចេញទៅ ដើម្បីអោយប្រជាពលរដ្ឋសប្បាយចិត្ត។ យើងដឹងហើយថា ថ្នាក់ដឹកនាំមួយកាលណាមានគុណធម៌ និងសមត្ថភាពជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនោះ គឺនឹងធ្វើអោយប្រជាពលរដ្ឋគោរពស្រលាញ់ ដែលនាំអោយមានប្រជាប្រិយភាពថែមទៀតផង»។
ស្រុកគីរីសាគរ មានឃុំចំនួន៣ គឺឃុំកោះស្ដេច ឃុំព្រែកខ្សាច់ និងឃុំភ្ញីមាស ហើយពលរដ្ឋក្នុងស្រុកនេះភាគច្រើនកំពុងមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនចិន មួយចំនួន។ ប្រជាពលរដ្ឋអះអាងថា ពួកគាត់ពុំទទួលបានភាពកក់ក្តៅពីអាជ្ញាធរដែលជាអ្នកបម្រើសេវាជូនពួកគាត់ម្ដងណាឡើយ ពោលគឺអាជ្ញាធរតែងតែទៅឈរការពារក្រុមហ៊ុន ទើបពួកគាត់សម្រេចចិត្តនាំគ្នាផ្ដិតមេដៃធ្វើញត្តិស្នើសុំឲ្យដកអភិបាលស្រុកចេញពីតំណែងដូច្នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
