តំណាងពលរដ្ឋម្នាក់នៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដែលបានដឹកនាំប្រជាពលរដ្ឋតវ៉ារឿងដីធ្លីនៅភ្នំពេញរហូតបានសម្រេចនោះ ពេលនេះត្រូវបានសាលាដំបូងខេត្ត កោះហៅដើម្បីចូលបំភ្លឺជុំវិញរឿងឆបោក។
ចំណែកតំណាងពលរដ្ឋអះអាងថា លោកមិនបានពាក់ព័ន្ធនឹងរឿងឆបោកឡើយ ផ្ទុយទៅវិញ លោកយល់ថា ការកោះហៅនោះ គឺដើម្បីបំបាក់ស្មារតីនរណាដែលចេញមុខតវ៉ារឿងដីធ្លីតែប៉ុណ្ណោះ។
ដីកាកោះហៅតំណាងប្រជាពលរដ្ឋមានបញ្ហាដីធ្លីនៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កើតឡើងបន្ទាប់ពីតំណាងរូបនោះ បានចេញសកម្មភាពតវ៉ារឿងដីធ្លីកាលពីពេលកន្លងទៅ ហើយថែមទាំងដឹកនាំប្រជាពលរដ្ឋដែលមានបញ្ហា ឡើងទៅរាជធានីភ្នំពេញនៅពេលថ្មីៗនេះទៀតផង។
តំណាងពលរដ្ឋប្រមាណ ៣០០គ្រួសារ ដែលត្រូវសាលាដំបូងខេត្តក្រចេះ កោះហៅចូលបំភ្លឺនៅម៉ោងជាង ២រសៀលនោះ លោក ងួន វិបុល មានប្រសាសន៍ថា ការកោះហៅរូបលោកដោយឱ្យចូលបំភ្លឺបទឆបោក លោកបញ្ជាក់ថាវាជារឿងមិនត្រឹមត្រូវ និងមិនមានភាពច្បាស់លាស់។ លោកបន្តថា តាមពិតនៃការកោះហៅ អាចជាលេសដើម្បីឱ្យតំណាងពលរដ្ឋផ្សេងៗបាក់ស្បាត មិនហ៊ានចេញមុខតវ៉ារឿងដីធ្លីរបស់ខ្លួន។
លោក ងួន វិបុល៖ «ខ្ញុំបានពឹងមេធាវីអាដហុក (adhoc) និងមេធាវីអប់រំច្បាប់ គាត់បានឆ្លើយថា គាត់បានទៅបើកមើលសំណុំរឿងនៅក្នុងព្រះរាជអាជ្ញា បានឆ្លើយថាមានគេប្ដឹងពាក់ព័ន្ធនឹងតំណាងចាស់ ប៉ុន្តែមិនមានអ្នកដឹងពិតប្រាកដទេ។ តែអាជ្ញាធរខេត្ត អាជ្ញាធរស្រុកហ្នឹង បានសរសេររបាយការណ៍បញ្ជូនទៅព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញាក៏កោះខ្ញុំក្នុងលក្ខណៈដែលមិនច្បាស់លាស់។ ក្នុងនោះ ខ្ញុំមានការបារម្ភថាជាលេសអ្វីមួយ ដើម្បីទម្លាក់មកលើខ្ញុំ ឬក៏ក្រងសំណុំរឿងអ្វីមួយ ដើម្បីចោទប្រកាន់មកលើរូបខ្ញុំ ដើម្បីឱ្យមានគំនាប»។
ទិដ្ឋភាពនៅខាងក្រៅ និងខាងក្នុងបរិវេណសាលាដំបូងខេត្តក្រចេះ វិញ មានប្រជាពលរដ្ឋជិត ៤០០នាក់ នៅរង់ចាំទទួលដំណឹងជុំវិញការចូលបំភ្លឺរបស់តំណាងពួកគាត់ រហូតធ្វើឱ្យខាងតុលាការផ្អាកដំណើរការ ហើយប្រកាសពន្យារពេលឲ្យចូលបំភ្លឺពេលក្រោយ ប៉ុន្តែក្រោយពេលមានប្រតិកម្មពីប្រជាពលរដ្ឋខ្លាំង ទើបមានការព្រមព្រៀងគ្នាឱ្យតំណាងរូបនោះ ចូលបំភ្លឺវិញនៅម៉ោងប្រមាណជាង ៣រសៀល។
ទាក់ទងបញ្ហានេះ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ លោក ធុច បញ្ចសន្តិភាព ដែលកាន់សំណុំរឿងនេះមានប្រសាសន៍ថា ខាងលោកកំពុងធ្វើការសាកសួរដោយមិនមានការផ្អាកទេ ហើយការសាកសួរនោះ គឺពាក់ព័ន្ធនឹងរឿងដីធ្លីកាលពីពេលកន្លងទៅ មិនមែនរឿងឆបោកឡើយ។ ដីកាលើកទីពីរ ដែលចេញដោយតំណាងអយ្យការអមសាលាដំបូងដែលមានឈ្មោះ លោក ធុច បញ្ចសន្តិភាព កាលពីថ្ងៃទី២៤ សីហា គឺបានអញ្ជើញ លោក ងួន វិបុល ជាជនសង្ស័យរស់នៅភូមិស្រែថ្មី ឃុំឃ្សឹម ឱ្យចូលបំភ្លឺនៅថ្ងៃទី១៧ កញ្ញា វេលាម៉ោង ២កន្លះ ជុំវិញរឿងឆបោកនៅក្នុងភូមិស្រែថ្មី កាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣។
ចំណែកឯមេធាវីការពារក្តីឱ្យ លោក ងួន វិបុល គឺលោក ចាន់ សុជាតិ មានប្រសាសន៍នៅក្រោយពេលបញ្ចប់ការសាកសួរថា នេះគ្រាន់តែជាការបំពេញតាមនីតិវិធីរបស់តុលាការតែប៉ុណ្ណោះ ព្រោះកាលពីឆ្នាំ២០១៣ មានប្រជាពលរដ្ឋខ្លះបានប្ដឹងទៅថ្នាក់ស្រុកពីរឿងមិនទទួលបានដីធ្លី ប៉ុន្តែរឿងដីនោះក៏បានចប់សព្វគ្រប់ទៅហើយ។ បន្ថែមពីនេះ ប្រជាពលរដ្ឋទាំងនោះក៏មិនបានប្ដឹងមកតុលាការដែរ តែខាងសមត្ថកិច្ចទេដែលបញ្ជូនសំណុំរឿងនេះមកតុលាការ។
លោកយល់ថា ព្រះរាជអាជ្ញាគប្បីតម្កល់រឿងមួយនេះមិនចាត់ការ ពីព្រោះសំណុំរឿងនេះ គឺគ្មានអង្គហេតុ និងភស្តុតាងច្បាស់លាស់ឡើយ៖ «ជាគំនិតខ្ញុំ ខ្ញុំយល់ថា បើតុលាការរកមិនឃើញថាមានពិរុទ្ធទេ តុលាការគប្បីតម្កល់សំណុំរឿងទុកមិនចាត់ការអ៊ីចឹង។ ដំណាក់កាលព្រះរាជអាជ្ញាគាត់មានសិទ្ធិត្រឹមតែតម្កល់រឿមិនចាត់ការទេ ដោយសារមិនមានបទល្មើសអ៊ីចឹងណា៎»។
មន្ត្រីផ្នែកអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តក្រចេះ លោក ហេង ភារៈ យល់ថា ប្រសិនបើការកោះហៅនេះអាចជាការបំបាក់ស្មារតីតំណាង ឬពលរដ្ឋដែលតវ៉ារឿងដីធ្លីនោះ គឺមិនអាចសម្រេចទេ។ ផ្ទុយទៅវិញ នឹងរឹតតែធ្វើឱ្យពលរដ្ឋពុះកញ្ជ្រោលឡើង ជាក់ស្តែងគ្រាន់តែនៅពេលតំណាងពួកគាត់បញ្ចប់ការសាកសួរនៅម៉ោង ៥ល្ងាច ដោយមិនមានអ្វីនោះ ក្រុមពលរដ្ឋទាំងអស់នាំគ្នាហ៊ោកញ្ជ្រៀវបញ្ជាក់ថា ពួកគាត់គ្មានការខ្លាចរអាចំពោះការកោះហៅនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។