អ្នកស្រុកឧត្ដរមានជ័យ និងព្រះវិហារ ជិត ៣០នាក់ នៅថ្ងៃទី១ ខែឧសភា បាននាំគ្នាឡើងមករកជំនួយផ្នែកច្បាប់ពីអង្គការការពារសិទ្ធិមនុស្សអាដហុក (ADHOC) នៅភ្នំពេញ ក្នុងរឿងដីធ្លីនៅខេត្តទាំងពីរនោះ មុននឹងទៅជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តំណាងអ្នកភូមិដែលឡើងមកភ្នំពេញ គឺអ្នកស្រី សាត សាវឿន មានប្រសាសន៍ថា អ្នកភូមិជាង ៣០០គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយប្រធានអង្គការទប់ស្កាត់គ្រឿងញៀន និងជំងឺអេដស៍ ជាង ៥ឆ្នាំមកហើយនោះ នឹងព្យាយាមសុំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ ទី២ ឧសភា ដើម្បីឱ្យលោកជួយដោះស្រាយជម្លោះនេះ។
អ្នកស្រី សាត សាវឿន ថ្លែងថា ដីដែលមានអ្នកភូមិជាង ៣០០គ្រួសារ កំពុងតវ៉ានោះ គឺបណ្ដាលមកពីប្រធានអង្គការទប់ស្កាត់គ្រឿងញៀន និងជំងឺអេដស៍ គឺលោក ប៉ែន លឹម និងប្រពន្ធ រឹបអូសយកទៅលក់ឱ្យអ្នកដទៃទៀតបន្តជាច្រើននាក់។ ពួកគាត់ត្អូញត្អែរអំពីការលំបាកក្នុងជីវិតរស់នៅ ដោយសារតែអស់ដីធ្វើស្រែចម្ការ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ ថ្លែងបញ្ជាក់បន្ថែមថា ធ្លាប់បានទទួលពាក្យបណ្ដឹងរបស់អ្នកភូមិទាំងនេះដែរ ហើយការឡើងមកភ្នំពេញ គឺដោយសារតែគាត់អស់ជំនឿលើយន្តការដោះស្រាយរបស់អាជ្ញាធរនៅមូលដ្ឋាននោះ។
ដោយឡែក អ្នកភូមិព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ឈ្មោះ ទៀង សារឿន ដែលមកជាមួយអ្នកភូមិខេត្តព្រះវិហារ ដែរ មានប្រសាសន៍ថា អ្នកភូមិព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ រាប់សិបគ្រួសារ បាត់បង់ដីដោយសារតែក្រុមទាហានកងពលលេខ៨ រឹបអូសយក។
អ្នកភូមិម្នាក់ទៀតឈ្មោះ ឆូយ រុន ថ្លែងថា បន្ទាប់ពីទាហានកងពលលេខ៨ រឹបអូសយកដីស្រែ និងចម្ការរបស់គាត់អស់ជាង ២០ហិកតារ គាត់ជួបការលំបាកខ្លាំង ព្រោះត្រូវចិញ្ចឹមកូនកំព្រាជាកូនក្មួយ ៨នាក់ទៀត ដែលឪពុកពួកគេស្លាប់ពេលប្រយុទ្ធគ្នាជាមួយកងទ័ពថៃ នៅសមរភូមិប្រាសាទព្រះវិហារ។
អ្នកភូមិទាំងនេះ ថ្លែងថា រហូតមកដល់ពេលនេះ ពួកគាត់មិនសង្ឃឹមលើការដោះស្រាយរបស់អាជ្ញាធរនៅឯមូលដ្ឋាននោះបានទេ។
អនុប្រធានទទួលបន្ទុកផ្នែកដីធ្លី និងធនធានធម្មជាតិ របស់សមាគមអាដហុក លោក ចាន់ សុវ៉េត មានប្រសាសន៍នៅល្ងាចថ្ងៃទី១ ឧសភា ថា លោកបានទទួលឯកសារពីការតវ៉ារបស់អ្នកភូមិទាំងនេះហើយ ហើយករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សមាគមលោក។
កាលពីដើមខែមេសា កន្លងទៅនេះ អាជ្ញាធរខេត្តព្រះវិហារ ឱ្យដឹងថា នៅក្នុងបណ្ដឹងរបស់អ្នកភូមិឱ្យដឹងថា មានប្រជាពលរដ្ឋចំនួន ៣១៩គ្រួសារ កំពុងមានបញ្ហាទំនាស់ដីធ្លីទំហំជាង ៥៥០ហិកតារ ដែលគ្រប់គ្រងដោយអង្គការទប់ស្កាត់គ្រឿងញៀន និងជំងឺអេដស៍ ហើយអាជ្ញាធរកំពុងតែជំរឿនស្ថិតិឱ្យបានពិតប្រាកដ ដើម្បីងាយស្រួលក្នុងការដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។