ពលរដ្ឋ ៥០គ្រួសារ​នៅ​ខេត្ត​កំពង់ធំ​ភៀស​ខ្លួន ភ័យ​ខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន​រឿង​ជម្លោះ​ដីធ្លី

ដោយ​ សន ចាន់រដ្ឋា
2019.06.04
បញ្ហាដីធ្លី​នៅ​ឃុំ​ដូង 042619 ពលរដ្ឋ​នៅ​ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខែត្រ​កំពង់ធំ លើក​គ្នា​តវ៉ា​នៅ​សាលា​ឃុំ រឿង​អាជ្ញាធរ​ខេត្ត​ដក​ដី​ពួក​គាត់​យក​ទៅ​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០១៩។
រូប៖ ពលរដ្ឋ

អ្នកភូមិ​ជាច្រើន​គ្រួសារ​ រស់នៅ​ឃុំ​ដូង​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ខេត្ត​កំពង់ធំ​ បាន​រត់​ភៀស​ខ្លួន​រក​កន្លែង​សុវត្ថិភាព​ ក្រោយពី​សមត្ថកិច្ច​ខេត្ត​នេះ​នៅតែ​តាមដាន​ និង​ចុះ​ឆែកឆេរ​ផ្ទះ​ពួក​គេ​ ក្នុង​ន័យ​គំរាម​កំហែង​មិន​ឲ្យ​ងើប​តវ៉ា។ អ្នក​ភូមិ​ថា​ ពលរដ្ឋ​ ៥០គ្រួសារ​ បាន​ទៅ​សម្ងំ​ រត់​ពួន​ក្នុង​ព្រៃ​ក្បែរ​ភូមិ​ ក៏​ត្រូវ​សមត្ថកិច្ច​ប្រដាប់​អាវុធ​ យក​កាំភ្លើង​បាញ់​ឡើង​លើ​ ដើម្បី​ដេញ​ពួក​គាត់​ឲ្យ​ចេញ​ពី​ព្រៃ។

ពលរដ្ឋ​ ៥០គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ​ ៤៧០គ្រួសារ​ រស់​នៅ​ក្នុង​ភូមិ​ចំនួន​ ៤ នៃ​ឃុំ​ដូង​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ កំពុង​ភ័យ​ព្រួយ​ពី​សុវត្ថិភាព​ ក្រោយ​ពី​សមត្ថកិច្ច​ខេត្ត​នេះ​ នៅ​តែ​​តាម​ដាន និង​ដាក់​កម្លាំង​គំរាម​កំហែង​​ពួក​គេ​ដល់​លំនៅឋាន។ អ្នក​ភូមិ​ថា​ ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​បាន​រត់​ពូន​ ខ្លះ​សម្ងំ​នៅ​ផ្ទះ​ និង​ខ្លះ​ទៀត​រត់​ភៀស​ខ្លួន​មួយ​រយៈ ព្រោះ​តែ​ភ័យខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន។

តំណាង​ពលរដ្ឋ​ លោកស្រី​ ម៉ុង​ ហេង​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៣ មិថុនា​ថា ពលរដ្ឋ​ ៥០គ្រួសារ​ បាន​សម្ងំ​លាក់​ខ្លួន​ក្នុង​ព្រៃ​ខ្មោច​ជាង​ ១សប្តាហ៍​មក​ហើយ ដោយសារ​ភ័យខ្លាច​សមត្ថកិច្ច​ចាប់​ខ្លួន។ ចំណែក​សមត្ថកិច្ច​ប្រដាប់​អាវុធ​ បាន​ដាក់​ពង្រាយ​ ឆែកឆេរ​លំនៅឋាន​ពលរដ្ឋ​ និង​ឃ្លាំមើល​ពួក​គេ​ជា​ប្រចាំ​ធ្វើ​ឲ្យ​អ្នក​ភូមិ​ខ្លះ​ភ័យ​ព្រួយ​ពី​សុវត្ថិភាព។ រី​ឯ​អាជ្ញាធរ​ឃុំ​ បែរ​ជា​គេចវេះ​មិន​ចេញ​មុខ​សម្របសម្រួល​ដោះ​ស្រាយ​បញ្ហា​នេះ​ជាមួយ​ពលរដ្ឋ​នោះ​ទេ៖ «ពួក​គាត់​នៅ​តែ​គំរាម​តាម​ចាប់ សូម្បី​តែ​ ថាឡេថង (គោយន្ត) ហើយ​ក៏​នាំ​គ្នា​ភ័យ​គេច​ខ្លួន​ទាំង​អស់​គ្នា ជ្រួល​ច្របល់​ពេញ​ស្រុក​ភូមិ​ហ្នឹង​ណាស់​ពូ។ ពិបាក​ចិត្ត ពួក​គាត់​ធ្វើ​បែប​ហ្នឹង ការ​ទាមទារ​របស់​ពលរដ្ឋ​ទាំង​ខ្ញុំ និង​ពួក​គាត់​ទាំង​អស់ គ្មាន​អ្វី​ដែល​ទាមទារ​ចង់​ឲ្យ​ប្រធាន​ឃុំ​ហ្នឹង​ចូល​មក​ដោះ​ស្រាយ​ថា រឿង​នេះ ជា​រឿង​អី​ឲ្យ​ពិត​ប្រាកដ ហើយ​ដី​ហ្នឹង យក​ទៅ​ធ្វើ​អី​ឲ្យ​ពិត​ប្រាកដ តែ​អាជ្ញាធរ​ឃុំ​គាត់​បែរ​ជា​គេច​ខ្លួន​មិន​ឆ្លើយ​តប​មក​ពលរដ្ឋ​ទេ»

តំណាង​ពលរដ្ឋ​ម្នាក់ទៀត​ លោកស្រី​ ប៊ី​ គុណ​ ឲ្យដឹង​ថា​ សមត្ថកិច្ច​ប្រដាប់​អាវុធ​បាន​រារាំង​ អ្នក​ភូមិ​រាប់​រយ​គ្រួសារ (៤៧០គ្រួសារ) មិន​ឲ្យ​ចូល​អាស្រ័យផល​ដីស្រែ​របស់​ខ្លួន​ជាង ២សប្តាហ៍​មក​ហើយ។ លោកស្រី​រំឭក​ថា កាលពី​យប់​ថ្ងៃ​ទី២ មិថុនា សមត្ថកិច្ច​បាន​ប្រើ​កាំភ្លើង​បាញ់​រះ​ឡើង​លើ​ក្នុង​ព្រៃ ដើម្បី​បន្លាច​អ្នក​ភូមិ​ឲ្យ​ចេញ​ពី​ព្រៃ​ទីនោះ​ ខណៈ​ដែល​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ កំពុង​តែ​ពូន​សម្ងំ​ក្នុង​ព្រៃ​ ដើម្បី​គេច​ខ្លួន៖ «មូស​ខាំ ហើយ​ដេក​ក៏​លំបាក ភ្លៀង​ផ្គរ លំបាក​គ្រប់​សព្វ​ទាំង​អស់ ម្ហូប​អាហារ ហើយ​មិន​ហ៊ាន​ចាប់​ភ្លើង​ទេ ខ្លាច​គេ​ឃើញ។ ពី​ម្សិលមិញ​បាញ់​នៅ​ក្នុង​ព្រៃ​វាល​ខាង​ជើង បី​គ្រាប់ »

កាលពី​ចុង​ខែ​ឧសភា​ ស្ត្រី​មាន​ជម្លោះដីធ្លី​ម្នាក់​ឈ្មោះ អ៊ាង សុម៉េង វ័យ​ ៣១ឆ្នាំ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ដល់​ផ្ទះ​ នៅ​គ្រា​ដែល​កំពុង​បញ្ចុក​បាយ​ឪពុក​ចាស់ជរា ដែល​ដេក​ឈឺ​នៅ​ផ្ទះ​ ហើយ​មក​ទល់​ពេល​នេះ​ស្ត្រី​នោះ​ កំពុង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ធំ។

ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​ លោក​ អ៊ុក កុសល បដិសេធ​មិន​ផ្ដល់​បទ​សម្ភាសន៍​ពាក់ព័ន្ធ​ករណី​នគរបាល​ខេត្ត​នេះ​ប្រើ​កាំភ្លើង​បាញ់​ គំរាម​កំហែង​ពលរដ្ឋ​រឿង​ជម្លោះ​ដី​នេះ​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា​ កំពុង​ជាប់​រវល់​ធ្វើ​ដំណើរ៖ «កំពុង​នៅ​តាម​ផ្លូវ​នៅ​ឡើយ»

ចំណែក​មេឃុំ​ដូង លោក ជុត ចេន និង​អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ មិន​ទទួល​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី៣ មិថុនា។

តែ​យ៉ាងណា​ អភិបាលខេត្ត​រូប​នេះ​បាន​អះអាង​ប្រាប់​អាស៊ី​សេរី​ កាល​ពី​ចុងខែ​ឧសភា​ថា​ ដី​ដែល​អាជ្ញាធរ​បំប្លែង​ជា​ដី​សម្បទាន​សង្គមកិច្ច​ ជា​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ ពុំ​មែន​ជា​ដី​កម្មសិទ្ធិ​របស់​ពលរដ្ឋ​នោះ​ទេ៖ «ពី​ដើម​មក​តំបន់​នោះ ជា​ដី​របស់​រដ្ឋ ពុំ​មែន​ដី​កម្មសិទ្ធិ​របស់​បង​ប្អូន​ពលរដ្ឋ​ទេ។ ចុង​ក្រោយ​មេ​ខ្លោង​តែ​ប៉ុន្មាន​នាក់​ទេ អត់​មាន​ពី​ណា​ច្រើន​ទេ​ដី​ហ្នឹង ហើយ​ទៅ​កៀរគរ​ពលរដ្ឋ​មិន​ដឹងរឿង​សោះ ចូល​រួម​ដែរ ហើយ​កន្លង​មក​សូម​ជម្រាប​ថា ដី​នេះ យើង​បាន​កាត់​ផល​ប៉ះពាល់ ដែល​មាន​ដី​របស់​បង​ប្អូន​ចេញ​អស់​ហើយ ហើយ​បើ​បង​ប្អូន​អះអាង​ថា ដី​របស់​គាត់​សូម​ឲ្យ​គាត់​ចូល​ខ្លួន​មក​ដោះ​ស្រាយ»

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (Licadho) លោក អំ សំអាត យល់​ថា ការ​ចាប់​ខ្លួន​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី និង​ការ​យក​កាំភ្លើង​បាញ់​គំរាម​បំភ័យ​ពលរដ្ឋ គឺ​ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស៖ «ទិដ្ឋភាព​នេះ​ជា​រឿង​មួយ​អាក្រក់ ហើយ​វា​ប៉ះពាល់​ដល់​សិទ្ធិ​រស់​នៅ​របស់​ពលរដ្ឋ ដូច​ជា ការ​បាញ់​បោះ វា​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ភ័យ​ព្រួយ​បារម្ភ​ពលរដ្ឋ ព្រោះ​លោក​នាយក​រដ្ឋមន្ត្រី លោក​លើក​ឡើង សន្តិភាព ហើយ​ការ​បាញ់​បោះ ពុំ​មែន​អនុញ្ញាត​ដោយ​សេរី​អីចឹង​ទេ។ ករណី​នេះ​គួរ​តែ​មាន​ការ​ស្រាវជ្រាវ និង​សិក្សា​ឲ្យ​ច្បាស់លាស់ ដើម្បី​ចៀសវាង​មាន​ការ​ចោទ​ប្រកាន់​ថា រំលោភ​សេរីភាព និង​ដី​ធ្លី​ពលរដ្ឋ»

អាជ្ញាធរ​ខេត្ត​កំពង់ធំ​ថ្លែង​ថា គម្រោង​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច ដែល​មាន​ជម្លោះ​នេះ​ សម្រាប់​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​រស់នៅ​ឃុំ​ដូង​ មាន​ទំហំ ៣.០០០ហិកតារ​ និង​បាន​កាត់​ឆ្វៀល​ផល​ប៉ះពាល់​រួចរាល់​នៅ​សល់​ត្រឹម​ ១ពាន់​ ៩រយ​ហិកតារ (.៩០០)។ ប៉ុន្តែ​អ្នក​ភូមិ​អះអាង​ថា គម្រោង​ផ្ដល់​ដីសម្បទាន​សង្គមកិច្ច​នេះ​ ត្រួត​ស៊ី​គ្នា​នឹង​ដី​អ្នកភូមិ​ជិត​ ៥រយ​គ្រួសារ (៤៧០) រស់នៅ​ភូមិ​ចំនួន ៤ ដែល​អាជ្ញាធរ​មិន​ទាន់​ដោះ​ស្រាយ​ឲ្យ​ដាច់​ស្រឡះ​នៅ​ឡើយ​ទេ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក ខេត្ត​កំពង់ធំ លោក​ សុក រដ្ឋា យល់​ថា ការ​ប្រើ​កាំភ្លើង​គំរាម​កំហែង​ពលរដ្ឋ​ និង​ការ​ចុះ​ឆែក​ឆែ​រលំ​នៅ​ឋាន​ពលរដ្ឋ​ដោយ​គ្មាន​ដីកា​ពី​តុលាការ​ ជា​ទង្វើ​ល្មើស​ច្បាប់​ និង​រំលោភ​សិទ្ធិ​លំនៅឋាន​ពលរដ្ឋ​ធ្ងន់ធ្ងរ។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​ដែល​ល្មើស​ច្បាប់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ ចំពោះ​មុខ​ច្បាប់ និង​វិន័យ​រដ្ឋបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។