ក្រសួង​ដែនដី​ប្រកាស​ថា​វិវាទ​ដីធ្លី​នៅ​សល់​៧០០​ករណី​ទៀត​ដែល​ត្រូវ​ដោះស្រាយ

ដោយ ម៉ម មុនីរតន៍
2015-09-10
Share
អ៊ឹម ឈុនលឹម ៦២០ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក អ៊ឹម ឈុនលឹម ថ្លែង​នៅ​វិមាន​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA/Morm Moniroth

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង Tablet

មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អះអាង​ថា ស្ថាប័ន​ជំនាញ​របស់​រដ្ឋ​មួយ​នេះ បាន​ដោះស្រាយ​ដី​ដែល​មាន​វិវាទ​ប្រមាណ ៧​ពាន់​ករណី​នៅ​ទូទាំង​ប្រទេស ហើយ​នៅ​សល់​ប្រមាណ ៧០០​ករណី​ទៀត​ប៉ុណ្ណោះ​ដែល​ត្រូវ​ដោះស្រាយ​បន្ត។

ជុំវិញ​បញ្ហា​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល អំពាវនាវ​ឲ្យ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​នេះ គួរ​បង្កើន​ការ​ចុះ​បញ្ជី​ដីធ្លី និង​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ឲ្យ​បាន​ឆាប់ ដើម្បី​បញ្ចប់​ជំងឺ​រ៉ាំរ៉ៃ​នៃ​វិវាទ​ដីធ្លី​នៅ​កម្ពុជា។

មន្ត្រី​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ជំនឿ​ថា វិវាទ​ដីធ្លី​ដែល​នៅ​សេសសល់​ប្រមាណ ៧០០​ករណី​ទៀត​នេះ អាច​នឹង​ដោះស្រាយ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដោយ​ផ្អែក​លើ​គោល​នយោបាយ​របស់​ជាតិ។

ការ​បញ្ជាក់​ជំហរ​ដូច​នេះ​របស់​ទេសរដ្ឋមន្ត្រី លោក អ៊ឹម ឈុនលឹម ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​អញ្ជើញ​របស់​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា។ ការ​ចូល​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់ ដែល​ប្រើ​ពេល​ប្រមាណ ៣​ម៉ោង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា នៅ​វិមាន​រដ្ឋសភា លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែង​ថា តាម​រយៈ​យុទ្ធនាការ​បទបញ្ជា​លេខ​០១ គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី បាន​ផ្ដល់​ដី​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ ៤​សែន​គ្រួសារ ស្មើ​ផ្ទៃ​ដី​សរុប​ប្រមាណ ១​លាន ២​សែន​ហិកតារ។ លើស​ពី​នេះ​ទៀត តាម​ផែនការ ត្រូវ​អនុវត្ត​ឲ្យ​បាន​រហូត​ដល់ ២​លាន​ហិកតារ អាច​ផ្ដល់​ដី​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៦​សែន​គ្រួសារ​នៅ​ទូទាំង​ប្រទេស។

បើ​ទោះ​ជា​បែប​ណា ការ​ជជែក​ដេញដោល​បិទ​ទ្វារ​នៅ​វិមាន​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា ត្រូវ​បាន លោក អេង ឆៃអ៊ាង ដែល​ជា​ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា​កូតា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា លោក​បាន​ទទួល​ព័ត៌មាន​យ៉ាង​ពិស្ដារ​ជុំវិញ​ការ​បកស្រាយ​អំពី​បញ្ហា​វិវាទ​ដីធ្លី ដែល​កំពុង​ប្រឈម​នៅ​តាម​គោលដៅ​មួយ​ចំនួន។ ជាង​នេះ​ទៀត លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ថា លោក​នឹង​យក​លទ្ធផល​នៃ​ការ​សន្យា​របស់​ក្រសួង​សាមី ទៅ​ផ្សព្វផ្សាយ​ដល់​ដើម​បណ្ដឹង​ជា​ប្រជាពលរដ្ឋ​វិញ។ លោក​បន្ត​ថា «គណៈកម្មការ​នឹង​យក​ព័ត៌មាន​ទាំងអស់​ដែល​ក្រសួង​បាន​ធ្វើ និង​គោល​បំណង​គោល​ហ្នឹង ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​បណ្ដឹង​វិញ ហើយ​ជា​ចុង​ក្រោយ​គណៈកម្មការ​ទី​១ ក៏​បាន​សំណូមពរ ដើម្បី​ឲ្យ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ជួយ​ធ្វើ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា ជួយ​ដោះ​លែង​អ្នក​ជាប់​គុក​ដោយ​ដីធ្លី»

មន្ត្រី​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា គិត​ចាប់​ពី​ឆ្នាំ​២០០៣ វិវាទ​ដីធ្លី​ប្រមាណ ៧​ពាន់​ករណី បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​បន្ត​ដែល​នៅ​សេសសល់ គឺ​ប្រមាណ ៧០០​សំណុំ​រឿង​ទៀត​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត បដិសេធ​ថា ដីធ្លី​ដែល​មាន​វិវាទ​នេះ លោក​រក​មិន​ឃើញ​ថា​ជា​កំហុស​របស់​មន្ត្រី​រដ្ឋាភិបាល ភ្នាក់ងារ​រដ្ឋ ឧកញ៉ា ឬ​មន្ត្រី​យោធា ជា​អ្នក​ផ្ដើម​ឲ្យ​មាន​ជម្លោះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ចាត់​ទុក​ថា វិវាទ​ដែល​តែង​កើត​ឡើង​នោះ គឺ​ជា​ទំនាស់​ផ្ដើម​ចេញ​ពី​ព្រំ​ដី​រវាង​បុគ្គល និង​បុគ្គល ច្រើន​ជាង​ទំនាស់​ជា​សមូហភាព។ លោក​បន្ត​ថា «ក្រុម​ការងារ​ក្រសួង​សុរិយោដី ដែល​យើង​មាន​មន្ត្រី​ជំនាញ​សុរិយោដី​ហ្នឹង គាត់​ជួយ​សម្រប​សម្រួល​ជួយ​វាស់វែង​ក៏​ដោះស្រាយ​បាន​ដែរ ហើយ​បើ​សំដៅ​ទៅ​លើ​មុខ​សញ្ញា​វិវាទ ឧកញ៉ា អ្នក​មាន​អំណាច​អី ខ្ញុំ​គិត​ថា បើ​មើល​ទៅ​លើ​ជ្រុង​ហ្នឹង ដូចជា​តិចតួច​មែន​ទែន​បាទ»

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ យល់​ឃើញ​ថា វិវាទ​ដីធ្លី​ដែល​កើត​ឡើង​ក្នុង​ពេល​កន្លង​ទៅ គឺ​ពុំ​មែន​ជា​វិវាទ​រួម ហើយ​ផ្ដើម​ដោយ​ប្រជាពលរដ្ឋ​ឡើយ ក៏ប៉ុន្តែ​ជា​ទំនាស់​ក្រោម​ហេតុផល​នៃ​គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច។ ជាង​នេះ​ទៀត លោក​ចាត់​ទុក​ថា ដើម្បី​ផ្ដល់​ជំនឿ​ឡើង​វិញ​ពី​ប្រជាពលរដ្ឋ លុះត្រា​តែ​រដ្ឋាភិបាល​បង្កើន​ការ​ដោះស្រាយ​ដោយ​តម្លាភាព និង​យុត្តិធម៌ ទើប​អាច​ប៉ះប៉ូវ​ភាព​ខុស​ឆ្គង​ទៅ​លើ​គោល​នយោបាយ​ដីធ្លី ដែល​កំពុង​មាន​បញ្ហា​ទៅ​បាន។ លោក​បន្ត​ថា «អ៊ីចឹង​ដើម្បី​បង្កើន​ទំនុក​ទុក​ចិត្ត​នេះ គួរ​ណាស់​តែ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើន​យន្តការ​នៃ​ការ​ដោះស្រាយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុក​ចិត្ត»

អង្គការ​មិន​មែន​រដ្ឋាភិបាល​យល់​ឃើញ​ថា ការ​បកស្រាយ​នេះ គឺ​វា​ផ្ទុយ​ពី​ភាព​ជាក់ស្ដែង ដែល​កំពុង​កើត​ឡើង។ ទំនាស់​ដីធ្លី​ភាគ​ច្រើន​នៅ​កម្ពុជា គឺ​ក្រោម​គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច។ អង្គការ​លីកាដូ បាន​ចេញ​ផ្សាយ​របាយការណ៍​ស្ដីពី​ជម្លោះ​ដីធ្លី កាល​ពី​ថ្ងៃ​ទី​១៩ កុម្ភៈ ថា គ្រាន់​តែ​ក្នុង​ឆ្នាំ​២០១៤ រក​ឃើញ​ថា ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ដីធ្លី​ក្នុង​ចំណោម ១៣​ខេត្ត-ក្រុង ហើយ​ចំនួន​នេះ​ច្រើន​ជាង ៣​ដង​នៃ​ចំនួន​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​កាល​ពី​ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល