សហគមន៍​រងគ្រោះ​ដីធ្លី​នៅ​បន្ទាយមានជ័យ​ប្រារព្ធ​ទិវា​សិទ្ធ​លំនៅឋាន​ពិភពលោក​លើក​ទី​៣៣

ដោយ ជាតិ ចំណាន
2018-10-02
Share
ពលរដ្ឋ​បន្ទាយមានជ័យ​ សិទ្ធិលំនៅឋាន ៦២២ សហគមន៍​រងគ្រោះ​ដីធ្លី នៅ​ស្រុក​ថ្មពួក ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​នៅ​ភូមិ​កាប់ចោរ ឃុំ​ភូមិថ្មី ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​២០១៨។
Photo courtesy of Licadho

សហគមន៍​ដីធ្លី​ចំនួន ៣​កន្លែង​ផ្សេងគ្នា នៅ​ខេត្ត​បន្ទាយមានជ័យ​សរុប​ជាង​១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១​តុលា បាន​ជួបជុំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក​លើក​ទី​៣៣។ ការ​ប្រារព្ធ​ទិវា​នេះ ក្នុង​គោលបំណង​ដើម្បី​ផ្ញើ​សារ​ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ​ឲ្យ​ជួយ​ការពារ​កម្មសិទ្ធិ​ដីធ្លី និង​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ពន្លឿន​ការ​ដោះស្រាយ​ជម្លោះដីធ្លី​របស់​ពួកគាត់​ឲ្យ​បាន​ឆាប់។

អ្នកចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក នៅ​ខេត្ត​បន្ទាយមានជ័យ​លើកឡើង​ថា ទំនាស់​ដីធ្លី​របស់​ពួកគាត់​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​អាជ្ញាធរ​មិនទាន់​ដោះស្រាយ​ជូន​ពួកគាត់​នៅឡើយ​ទេ។

តំណាង​សហគមន៍​ដីធ្លី​នៅ​សង្កាត់​ផ្សារ​កណ្ដាល​ក្រុង​ប៉ោយប៉ែត លោក ឆេង ប៊ុនហាក់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ តុលា ថា ពួកគាត់​ប្រមាណ​៣០​នាក់​បាន​ជួប​គ្នា ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក​លើក​ទី​៣៣ នៅ​ខាងមុខ​ផ្ទះ ដោយមាន​លើក​បដា​ដែល​មាន​សរសេរ​ខ្លឹមសារ ស្នើ​ឲ្យ​រដ្ឋអំណាច​របប​លោក​ហ៊ុន សែន មេត្តាជួយ​ដោះស្រាយ​ដីធ្លី​ជូន​ពួកគាត់​ដើម្បី​បាន​សង់​ទីលំនៅ​ឲ្យ​បាន​សមរម្យ​ផង។សហគមន៍​ដីធ្លី​រូប​នេះ​អះអាង​ទៀត ពួកគាត់​ប្រមាណ ៧០​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ពី​ការសាងសង់​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត តាំងពី​ឆ្នាំ​២០១០​មក គឺ​អាជ្ញាធរ​មូលដ្ឋាន​មិនទាន់​ដោះស្រាយ​សំណង​ប៉ះពាល់​ជូន​ពួកគាត់​នៅឡើយ​ទេ៖ «ខ្ញុំ​បាតុកម្ម​ចំនួន ១២០​ដង​ហើយ អត់​មានការ​ដោះស្រាយ ហើយ​អាជ្ញាធរ​ថា​ពួក​ខ្ញុំ​មក​រស់នៅ​ថ្មី ឥឡូវ​រឿង​ថ្មី​រឿង​ចាស់​អាជ្ញាធរ​ចុះ​មក​ស្រាវជ្រាវ​មក ថា​តើ​គម្រោង​នោះ​មានការ​ប្រព្រឹត្ត​អំពើពុករលួយ ឬ​អត់ ដើម្បី​បញ្ជាក់​ទាំងអស់​គ្នា​បង្ហាញ​ជា​សាធារណៈ​ទៅ»

សហគមន៍​ដីធ្លី​ដែល​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក​នេះ​រួមមាន សហគមន៍​ដីធ្លី​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត សហគមន៍​ដីធ្លី​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ និង​សហគមន៍​ដីធ្លី​ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។

តំណាង​សហគមន៍​ដីធ្លី​នៅ​ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ លោក សាម ម៉ាប់ ថ្លែង​ថា ពួកគាត់​ចំនួន ១៧០​គ្រួសារ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន លី សំអាន ហើយ​ពួកគាត់​បាន​តវ៉ា​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​តាំងពី​ឆ្នាំ​២០១៦ មិន​មាន​ដំណោះស្រាយ​ជូន​ពួកគាត់​បាន​នៅឡើយ​ទេ៖ «កន្លង​ទៅ នៅ​ពេល​ដែល​ពួក​ខ្ញុំ​ធ្វើការ​តស៊ូ​មតិ អាជ្ញាធរ និង​អ្នកមាន​លុយ​មានអំណាច​តែងតែ​ចោទ​ពួក​ខ្ញុំ​ថា រំលោភ​លើ​ដី​របស់​គេ ឬ​មានការ​ញុះញង់​ធ្វើ​ឲ្យ​ការ​វឹកវរ​នៅ​ក្នុង​សង្គម ដូច្នេះ​ហើយ​បានជា​ប្រជាពលរដ្ឋ​កើត​ទុក្ខ​មិន​សុខចិត្ត​នាំគ្នា​ប្រារព្ធ​ពិធី​ដើម្បី​ផ្ញើ​សារ​ទៅ​មន្ត្រី​ថ្នាក់លើ​ដើម្បី​ជួយ​ដោះស្រាយ»

ឆ្លើយតប​នឹង​បញ្ហា​នេះ​មេឃុំ​ភូមិ​ថ្មី លោក ប៊ុន វាសនា មាន​ប្រសាសន៍​ថា ទំនាស់​ដី​នេះ​មិន​ដោយសារ​អាជ្ញាធរ​មិន​ដោះស្រាយ​នោះ​ទេ ដោយសារ​មាន​លក្ខណៈ​សាំញ៉ាំ​ពិបាក​ដោះស្រាយ ទើប​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ក្នុង​ការ​ដោះស្រាយ​នោះ។ ចំណែក​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក​នេះ លោក​ថា ខាង​ឃុំ​មិនបាន​ទទួល​ដំណឹង​នេះ​ទេ៖ «ហើយ​អាជ្ញាធរ​ព្យាយាម​ដោះស្រាយ​ដែរ ប៉ុន្តែ​ឲ្យ​ដោះស្រាយ​យ៉ាង​មិច​បើ​យើង​ទិញ​ដី​គេ​ជាន់គ្នា​ច្រើន​ម្ចាស់ ធ្វើ​ឲ្យ​វា​ពិបាក។ ប៉ុន្តែ​សព្វថ្ងៃ​ដី​នោះ​គេ​ឲ្យ​ពួកគាត់​អាស្រ័យ​ផល​បណ្ដោះអាសន្ន​សិន ចាំ​មើល​គេ​រក​ដំណោះស្រាយ​បន្ត​ទៀត»

មន្ត្រី​សម្របសម្រួល​ផ្នែក​ការពារ​ការរំលោភ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ិន គង់ជិត លើកឡើង​ថា សហគមន៍​ដីធ្លី​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​នេះ ក៏​ជា​សារ​មួយ​ថ្មី​ទៀត ជូន​ទៅ​រដ្ឋអំណាច​របប​លោក ហ៊ុន សែន បាន​ដឹង​ថា​ពួកគាត់​កំពុង​ជួប​ការ​លំបាក ហើយ​ទាមទារ​ឲ្យ​រដ្ឋអំណាច​ជួយ​ដោះស្រាយ​ពួកគាត់​ដើម្បី​បាន​ដីធ្លី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ជៀសវាង​កុំ​អ្នកមាន​លុយ និង​មានអំណាច​រំលោភ​យក​ដី​របស់​ពួកគាត់​បន្ត​ទៀត៖ «ហើយ​យើង​ឃើញ​ថា ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក​នេះ​កន្លង​មក សហគមន៍​ដែល​រងគ្រោះ​តែ​នាំគ្នា​ប្រារព្ធ​នៅ​ទីប្រជុំជន តែ​ឆ្នាំនេះ សហគមន៍​ដីធ្លី​ខេត្ត​បន្ទាយមានជ័យ​បាន​នាំគ្នា​ប្រារព្ធ​នៅ​តាម​តំបន់​ពួកគាត់​រស់នៅ​ទី​ជនបទ​វិញ។ ចំពោះ​បញ្ហា​នេះ​យើង​សុំ​ទទូច​ឲ្យ​រដ្ឋអំណាច​គ្រប់​ជាន់ថ្នាក់​សូម​ជួយ​ពន្លឿន​ដោះស្រាយ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ពួកគាត់​ផង និង​ដើម្បី​ប្រជាពលរដ្ឋ​បាន​ដី​ដោះស្រាយ​ដោះស្រាយ​ជីវភាព​គ្រួសារ​ផង»

សហគមន៍​ដីធ្លី​ឲ្យ​ដឹង​ថា ការ​ប្រារព្ធ​ពិធី​របស់​ពួកគាត់ ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​បាន​បិទ​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ទី​០១​តុលា ដោយ​មិន​មាន​អាជ្ញាធរ​ណា​រារាំង​ពួកគាត់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល