បញ្ហាប្រឈមមុខដាក់គ្នារវាងក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group Co., Ltd) ជាមួយប្រជាពលរដ្ឋចំនួន ៣០គ្រួសារ នៅតំបន់ពយជប៉ុន នាភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង មិនទាន់មានអាជ្ញាធរចុះដោះស្រាយទេ។
ប្រជាពលរដ្ឋអះអាងថា វិវាទនេះកើតឡើងដោយសារតែក្រុមហ៊ុនចិន បានដឹកដីជិត ២០ឡាន ចាក់បិទផ្លូវចេញចូលភូមិអ្នកស្រុក ហើយប្រជាពលរដ្ឋក៏បានបិទផ្លូវចេញចូលទៅស្រុកគីរីសាគរ ឆ្លើយតបក្រុមហ៊ុនចិន យូញៀន វិញ ដើម្បីទាមទារឲ្យអាជ្ញាធរជួយរកដំណោះស្រាយ។
មន្ត្រីសង្គមស៊ីវិល ដែលឃ្លាំមើលវិវាទនេះព្រួយបារម្ភថា ខ្លាចទំនាស់នេះឈានដល់កើតមានអំពើហិង្សាធ្ងន់ធ្ងរ និងស្នើដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចុះជួយដោះស្រាយដើម្បីបញ្ចប់ជម្លោះបិទផ្លូវរវាងក្រុមហ៊ុនចិន យូញៀន និងប្រជាពលរដ្ឋឃុំកោះស្ដេច ឲ្យបានឆាប់បំផុត។
តំណាងប្រជាពលរដ្ឋប្រមាណ ៣០គ្រួសារ រស់នៅឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង បន្តស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរ ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយដោះស្រាយកង្វល់ដែលក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមែន ដែលបានដឹកដីចាក់បិទផ្លូវមិនឲ្យពលរដ្ឋធ្វើដំណើរចេញចូលលំនៅឋានជាង ២សប្ដាហ៍មកហើយ។
តំណាងប្រជាពលរដ្ឋ លោក ប្រាក់ ថន បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី១០ ខែមករា ថា ផ្លូវដែលក្រុមហ៊ុនចិន ចាក់ដីបិទនៅចំណុចពយជប៉ុន នេះ គឺពួកគាត់ធ្លាប់ប្រើប្រាស់ផ្លូវនេះតាំងពីដូនតា ឬតាំងពីជំនាន់សង្គមរាស្ត្រនិយមមកម្ល៉េះ។ លោកបន្តថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅបន្តប្រមូលផ្តុំគ្នាតវ៉ា និងបិទផ្លូវមួយកន្លែងចូលទៅស្រុកគីរីសាគរ ដើម្បីឆ្លើយតបចំពោះការចាក់ដីបិទផ្លូវចូលភូមិអ្នកស្រុករបស់ក្រុមហ៊ុនចិន និងដើម្បីរង់ចាំឲ្យអាជ្ញាធរចុះមកដោះស្រាយ៖ «មានការប្តឹងផ្តល់ប្រជាពលរដ្ឋ បន្ទាប់ពីបានប៉ះទង្គិចគ្នាជាមួយកងសន្តិសុខក្រុមហ៊ុនជាមួយពលរដ្ឋ ហើយគេចោទពលរដ្ឋគប់បែកកញ្ចក់ឡានគេ។ ក្រុមហ៊ុនចិន បានប្ដឹងទៅអាជ្ញាធរស្រុក ហើយស្រុកកោះពលរដ្ឋឲ្យចូលខ្លួនទៅបំភ្លឺ តែពលរដ្ឋមិនទៅទេនៅថ្ងៃសៅរ៍ ទី១០ ខែមករា»។
លោក ប្រាក់ ថន ឲ្យដឹងថា ទំនាស់ឈានដល់ការបិទផ្លូវធ្វើដំណើរ ដែលអូសបន្លាយពេល ២សប្តាហ៍មកនេះ បានឈានដល់ផ្ទុះអំពើហិង្សារវាងកងសន្តិសុខក្រុមហ៊ុនចិន យូញៀន និងប្រជាពលរដ្ឋមួយប្រាវ កាលពីថ្ងៃទី៧ ខែមករា នៅគ្រាក្រុមហ៊ុនចិន ប៉ុនប៉ងដឹកដីចាក់បិទផ្លូវចូលភូមិអ្នកស្រុកបន្ថែមទៀត។ លោក ប្រាក់ ថន បន្តថា អំពើហិង្សានេះ ក្រុមហ៊ុនចិន ក៏បានដាក់ពាក្យប្ដឹងតំណាងពលរដ្ឋ ៣នាក់ ទៅកាន់ប៉ុស្តិ៍នគរបាលឃុំកោះស្ដេច ដោយចោទថាបានគប់បែកកញ្ចក់រថយន្តដឹកដីរបស់ក្រុមហ៊ុន ប៉ុន្តែពលរដ្ឋមិនចូលខ្លួនទៅបំភ្លឺទេ នៅថ្ងៃសៅរ៍ ទី១០ ខែមករា។
តំណាងពលរដ្ឋ លោក ប្រាក់ ថន បញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ គឺរយៈពេល ២សប្ដាហ៍ហើយដែលក្រុមហ៊ុនចិន យូញៀន បានដឹកដីចាក់បិទផ្លូវចេញចូលទៅភូមិអ្នកស្រុកនៅតំបន់ពយជប៉ុន ក្នុងបំណងបង្ខំបណ្ដេញពលរដ្ឋឲ្យរុះរើលំនៅឋានចេញពីទីតាំងចាស់ទៅកាន់ទីតាំងថ្មី តាមមហិច្ឆតារបស់ក្រុមហ៊ុនចិន។
បុរសវ័យចាស់រូបនេះឲ្យដឹងថា ពលរដ្ឋចំនួន ៣០គ្រួសារ រស់នៅចំណុចពយជប៉ុន គឺជាគ្រួសារចុងក្រោយដែលនៅក្រាញននៀលតវ៉ាពីការគំរាមបណ្ដេញរបស់អាជ្ញាធរ និងក្រុមហ៊ុនចិន យូញៀន ឲ្យចាកចេញពីលំនៅឋានធ្លាប់រស់នៅច្រើនជំនាន់ និងជាកេរដំណែលតាំងពីដូនតា។ ប្រជាពលរដ្ឋបង្ហាញកង្វល់ថា ចាប់តាំងពីឆ្នាំ២០១២ មកដល់ពេលនេះ ពលរដ្ឋក្នុងមូលដ្ឋាននេះបានរងការរំលោភបំពានដីធ្លីពីសំណាក់ក្រុមហ៊ុនចិន យូញៀន បានប្រើកម្លាំងសន្តិសុខរាប់សិបនាក់ ឆ្មក់លួចដុតបំផ្លាញផ្ទះ និងប្រើគ្រឿងចក្រឈូសឆាយដំណាំកសិកម្ម មានខ្នុរ ដូង និងស្វាយ ជាដើម ពេលពលរដ្ឋចេញទៅនេសាទសមុទ្រក្នុងបំណងប្លន់យកដីក្រោមរូបភាព ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។
ប្រជាពលរដ្ឋបានឲ្យដឹងថា កង្វល់នេះពួកគាត់ធ្លាប់រាយការណ៍ជូនអាជ្ញាធរមូលដ្ឋានចាប់ពីថ្នាក់ឃុំស្រុកខេត្ត និងរហូតដល់អាជ្ញាធរដោះស្រាយទំនាស់ដីធ្លីថ្នាក់ជាតិ ប៉ុន្តែមន្ត្រីស្ថាប័នទាំងនោះមិនបានរវល់អើពើទេ ហើយទំនាស់បានបន្តអូសបន្លាយមកដល់ពេលនេះ។
ផ្ដើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋ ៣០គ្រួសារ នៅឃុំកោះស្ដេច បានអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយទប់ស្កាត់សកម្មភាពរបស់ក្រុមហ៊ុន យូញៀន ដែលបានចាក់ដីបិទផ្លូវចេញចូលទៅក្នុងភូមិពលរដ្ឋនៅតំបន់ពយជប៉ុន ឲ្យពលរដ្ឋបានឆ្លងកាត់ដូចដើមវិញ។

អភិបាលស្រុកគីរីសាគរ លោក ឃឹម ច័ន្ទឌី មិនគាំទ្រសកម្មភាពបិទផ្លូវប្រឆាំងនឹងក្រុមហ៊ុនចិន យូញៀន ទេ ហើយបានចោទសកម្មភាពពលរដ្ឋ ថាបានប្រឆាំងនឹងផែនការអភិវឌ្ឍន៍របស់ក្រុមហ៊ុន យូញៀន ដែលទទួលបានសិទ្ធិវិនិយោគដីតំបន់នោះពីរដ្ឋាភិបាល។
ទាក់ទិនបញ្ហានេះ មន្ត្រីការពារសិទ្ធិមនុស្សមួយចំនួនប្រចាំខេត្តកោះកុង បានរិះគន់សកម្មភាពរបស់មន្ត្រីក្រសួង ឬស្ថាប័នពាក់ព័ន្ធមូលដ្ឋានរបស់រដ្ឋាភិបាលចាប់ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ ដែលមិនបានចុះដោះស្រាយវិវាទរវាងក្រុមហ៊ុនចិន យូញៀន ជាមួយប្រជាពលរដ្ឋនៅឃុំកោះស្ដេច និងទុកឲ្យទំនាស់រីករាលដាលមកដល់ពេលនេះ។
លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តកោះកុង ដែលបានចុះអង្កេតផ្ទាល់ដល់មូលដ្ឋានកើតមានទំនាស់ ក៏បានទទូចដល់អាជ្ញាធរពាក់ព័ន្ធចេញមុខជួយដោះស្រាយជម្លោះរវាងប្រជាពលរដ្ឋឃុំកោះស្ដេច ជាមួយក្រុមហ៊ុនចិន យូញៀន ឲ្យបានឆាប់។ លោករិះគន់ថា ស្ថាប័នថ្នាក់ជាតិដោះស្រាយទំនាស់ដីធ្លីរបស់រដ្ឋាភិបាល ដែលបង្កើតឡើងមកនេះ គឺបង្កើតឲ្យមានតែល្អមើលទេ ប៉ុន្តែហាក់មិនសូវមានសកម្មភាពចុះដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យបានទូលំទូលាយទេ៖ «ក្រុមហ៊ុនចិន បានដឹកដីមកចាក់បន្ថែមទៀត ដែលជាហេតុធ្វើឲ្យបង្កើននូវភាពតានតឹង ហើយពលរដ្ឋក៏បានប្រមូលផ្តុំគ្នាបណ្ដេញអ្នកបើករថយន្ត និងសន្តិសុខក្រុមហ៊ុនចិន ឲ្យចេញពីបរិវេណភូមិដ្ឋានរបស់ពួកគាត់ និងមានការប៉ះទង្គិចគ្នាបន្តិចបន្តួច។ បន្ទាប់មកទៀត ខាងភាគីក្រុមហ៊ុនចិន ក៏ខឹងសម្បា រួចក៏ដាក់ពាក្យបណ្ដឹងប្ដឹងពលរដ្ឋ ៣នាក់ ទៅកាន់ប៉ុស្តិ៍ប៉ូលិសឃុំកោះស្ដេច។ ហើយប៉ូលិសក៏បានកោះហៅពលរដ្ឋទៅសាកសួរ ប៉ុន្តែពលរដ្ឋមិនចូលខ្លួនទៅបំភ្លឺទេនៅថ្ងៃទី១០ ខែមករា»។
យ៉ាងណាក៏ដោយ មន្ត្រីអង្គការលីកាដូ រូបនេះ បានស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ត្រូវចុះដោះស្រាយបញ្ឈប់សកម្មភាពក្រុមហ៊ុនចិន យូញៀន ដែលបានដឹកដីចាក់បិទផ្លូវចេញចូលទៅលំនៅឋានពលរដ្ឋនៅតំបន់ពយជប៉ុន ឲ្យពលរដ្ឋប្រើប្រាស់ផ្លូវនេះដូចដើមវិញ។
លោក អ៊ិន គង់ជិត បានកត់សម្គាល់ថា សកម្មភាពរបស់ក្រុមហ៊ុនចិន យូញៀន ដែលធ្វើសកម្មភាពដុតផ្ទះឈូសឆាយផលដំណាំពលរដ្ឋ និងចាក់ដីបិទផ្លូវចេញចូលភូមិនៅឃុំកោះស្ដេច ស្រុកគីរីសាគរ មិនខុសគ្នាស្រុកទេសគ្មានច្បាប់នោះទេ។ ហើយថា ទំនាស់នេះអាចនឹងរីករាលដាល និងឈានដល់មានអំពើហិង្សាធ្ងន់ធ្ងរ បើអាជ្ញាធរមិនចុះសម្របសម្រួលបញ្ចប់វិវាទនេះទេ។
ទាក់ទិនបញ្ហានេះ លោក ប៊ុន លឺត អភិបាលខេត្តកោះកុង បានឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃសៅរ៍ ទី១០ ខែមករា ថា អាជ្ញាធរកំពុងផ្សះផ្សា និងសម្របសម្រួលវិវាទរវាងក្រុមហ៊ុនចិន យូញៀន និងប្រជាពលរដ្ឋឃុំកោះស្ដេច នេះហើយ។ ប៉ុន្តែលោកថា ការផ្សះផ្សានេះនៅមិនទាន់ឯកភាពគ្នាទេ ហើយកំពុងបន្តរកដំណោះស្រាយទៀត៖ «អាជ្ញាធរកំពុងដោះស្រាយ និងសម្របសម្រួលគ្នា ដើម្បីឈានដល់បញ្ចប់ជម្លោះ»។
មន្ត្រីសិទ្ធិមនុស្សអង្គការលីកាដូ ខេត្តកោះកុង ឲ្យដឹងថា ប្រជាពលរដ្ឋ ៣០គ្រួសាររស់នៅភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង ដែលក្រាញននៀលតវ៉ាជាមួយក្រុមហ៊ុនចិន និងអាជ្ញាធរពេលនេះ គឺជាគ្រួសារនៅសេសសល់ចុងក្រោយ ដែលមិនព្រមចាកចេញពីភូមិកំណើតជាកេរដំណែលដូនតាធ្លាប់រស់នៅច្រើនជំនាន់ ទៅតាមការគំរាមកំហែងរបស់ក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមែន ដែលទទួលបានសិទ្ធិវិនិយោគតំបន់នោះពីរដ្ឋាភិបាលកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។