ពលរដ្ឋ​មិន​ទាន់​យក​សំណង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​លី​យ៉ុងផាត់ ផ្ដល់​ដី​ដែល​អាច​ធ្វើ​ស្រែ​បាន

ដោយ រាជ វិញ្ញូ
2017-01-17
Share
រោងចក្រ​ស្ករ​ស​ភ្នំពេញ​ស៊ូហ្គើរ ២០១៧ ៨៥៥ រោងចក្រ​ផលិត​ស្ករ​ស​របស់​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ (Phnom Penh Sugar) ឋិត​ក្នុង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៧។ RFA/Rach Vingur
RFA/Rach Vingur

ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ផលិត​ស្ករ​ស​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​ខេត្ត​កំពង់ស្ពឺ នៅ​តែ​បន្ត​អូស​បន្លាយ​ពេល​មិន​ទាន់​ដោះស្រាយ​ចប់ និង​ស្ថិត​ក្នុង​ភាព​ខ្វែង​គំនិត​គ្នា ស្រប​ពេល​ភាគី​ក្រុមហ៊ុន​អះអាង​ថា ខ្លួន​បាន​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ពលរដ្ឋ​បាន​ជាង ៩០% រីឯ​ភាគី​ពលរដ្ឋ​វិញ ខ្លះ​អះអាង​ថា​នៅ​តែ​មាន​ពលរដ្ឋ​ជាច្រើន​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ។ ហើយ​ពលរដ្ឋ​ខ្លះ​ដែល​ទទួល​បាន​សំណង​វិញ គឺ​មិន​អាច​ទទួល​បាន​ដូច​អ្វី​ដែល​ពួក​គាត់​ត្រូវ​បាត់បង់​ដី​ពី​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​នោះ​ទេ។

ភាព​តានតឹង​រវាង​ក្រុមហ៊ុន​ផលិត​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​បាន​ទៅ​ឈូស​ឆាយ​យក​ដី​ស្រែ​ពលរដ្ឋ​កាល​ពី​អំឡុង​ឆ្នាំ​២០១០ នៅ​តែ​មិន​ទាន់​ដោះស្រាយ​ចេញ ដោយសារ​នៅ​មាន​ពលរដ្ឋ​ខ្លះ​អះអាង​ថា ពួក​គាត់​មិន​ទាន់​ទទួល​បាន​សំណង​នៅ​ឡើយ ហើយ​អ្នក​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការងារ​ឲ្យ​ក្រុមហ៊ុន ដើម្បី​ទទួល​បាន​ប្រាក់​ខែ​ចិញ្ចឹម​ជីវិត និង​អ្នក​ខ្លះ​ទៀត​ធ្វើ​ចំណាក​ស្រុក បន្ទាប់​ពី​ដី​ស្រែ​ពួក​គាត់​ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ​យក​ស្ទើរ​ទាំង​ស្រុង។

យុវជន សុខ ភារម្យ រស់នៅ​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ជា​ទី​ដែល​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​ចម្ការ​អំពៅ និង​រោងចក្រ​ផលិត​ស្ករ​ស បាន​អះអាង​ថា រូប​គាត់​បាន​ធ្វើ​ការ​ជា​កម្មករ​នៅ​ក្នុង​រោងចក្រ​ផលិត​ស្ករ​ឲ្យ​លោក​ឧកញ៉ា លី យ៉ុងផាត់ បន្ទាប់​ពី​ដី​ស្រែ​បង​ប្អូន​របស់​ពួក​គាត់​រាប់​សិប​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ​យក និង​មិន​ទាន់​ផ្ដល់​សំណង​នៅ​ឡើយ ថ្វីត្បិតតែ​ធ្លាប់​មាន​ការ​តវ៉ា​ជាច្រើន​ដង​យ៉ាង​ណា​ក៏ដោយ៖ «»

ទោះ​បី​ជា​យ៉ាង​នេះ អ្នក​តំណាង​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ (Phnom Penh Sugar) លោក ស៊ិន សត្ថា អះអាង​ថា តាម​គោលការណ៍ ក្រុមហ៊ុន​បាន​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដីធ្លី​ដោយសារ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ នៅ​ស្រុក​ថ្ពង ចប់​សព្វគ្រប់​ហើយ និង​នៅ​សល់​តែ​ពលរដ្ឋ​ដែល​ចង់​បាន​សំណង​បន្ថែម​ប៉ុណ្ណោះ រីឯ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​កំពង់ស្ពឺ​ស៊ូហ្គើរ ស្ថិត​ក្នុង​ស្រុក​ឱរ៉ាល់ នៅ​សល់​ប្រហែល ២០​គ្រួសារ៖ «»

លោក ស៊ិន សត្ថា ដែល​បាន​ដឹកនាំ​ក្រុម​មន្ត្រី​បរិស្ថាន និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ទៅ​ទស្សនា​សកម្មភាព​ផលិត​ស្ករ​ស​នៅ​ក្រុមហ៊ុន​រោងចក្រ​ភ្នំពេញ​ស៊ូហ្គើរ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ខាង​ក្រុមហ៊ុន​ក៏​បាន​ជួយ​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់ និង​មក​ពី​តាម​តំបន់​ខ្លះ​ប្រហែល ៧​ពាន់​នាក់ ក្នុង​នោះ​ក្រុមហ៊ុន​ក៏​បាន​ជួយ​សាងសង់​ផ្លូវ សាលា​រៀន ផ្សារ បង្កើត​ប្រព័ន្ធ​ទឹក ជាដើម ដែល​រយៈពេល​កន្លង​មក តំបន់​នោះ​មិន​ធ្លាប់​មាន​ឡើយ ហើយ​ពលរដ្ឋ​ភាគច្រើន គឺ​ពឹង​អាស្រ័យ​កាប់​ឈើ​ដុត​ធ្វើ​ធ្យូង​លក់​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ។

តំណាង​ក្រុមហ៊ុន​រូប​នេះ​ចង់​ឲ្យ​ពលរដ្ឋ​ដែល​អះអាង​ថា​មិន​ទាន់​ទទួល​បាន​សំណង គួរ​តែ​មក​ទាក់ទង​ផ្ទាល់​ជាមួយ​ភាគី​ក្រុមហ៊ុន ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ ប៉ុន្តែ​លោក​ថា​ការ​ចង់​បាន​របស់​ពលរដ្ឋ​កន្លង​មក ដើម្បី​ឲ្យ​ក្រុមហ៊ុន​ឆ្វៀល​ដី​ស្រែ​ឲ្យ​ពួក​គាត់​វិញ គឺ​ក្រុមហ៊ុន​មិន​មាន​សិទ្ធិ​ធ្វើ​តាម​ឡើយ ព្រោះ​ដី​ស្រែ​ទាំងនោះ គឺ​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​សម្បទាន​ពី​រដ្ឋាភិបាល។

រោងចក្រ​ផលិត​ស្ករ​ស​របស់​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ (Phnom Penh Sugar) ឋិត​ក្នុង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៧។ RFA/Rach Vingur
រោងចក្រ​ផលិត​ស្ករ​ស​របស់​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ (Phnom Penh Sugar) ឋិត​ក្នុង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៧។ RFA/Rach Vingur
RFA/Rach Vingur


ប៉ុន្តែ​តំណាង​អ្នក​ភូមិ​អូរអង្គំ ជា​ភូមិ​មួយ​ស្ថិត​ក្នុង​ចំណោម​ភូមិ​ទាំង​៧ ដែល​រង​ផល​ប៉ះពាល់​បាត់​ដី​ស្រែ​ចម្ការ​ពី​ការ​ឈូស​ឆាយ​កាល​ពី​ឆ្នាំ​២០១០ ស្ថិត​ក្នុង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ លោក មិន ច្រឹក បាន​អះអាង​ថា នៅ​ក្នុង​ភូមិ​របស់​គាត់​មាន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ចំនួន ៥៤​គ្រួសារ ព្រោះ​មាន​ដី​ស្រែ ៨១​ហិកតារ និង​ដី​ចម្ការ ៧០​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ​យក។

លោក មិន ច្រឹក ដែល​ក្រុមហ៊ុន​យក​ដី​ស្រែ​ចំនួន ៤​ហិកតារ បាន​បន្ថែម​ថា រយៈពេល​កន្លង​មក អ្នក​ភូមិ​របស់​លោក​មិន​ដែល​ទទួល​បាន​សំណង​ជា​ទឹក​ប្រាក់​ឡើយ ហើយ​ការ​ដោះដូរ​ដី​ជាមួយ​ក្រុមហ៊ុន គឺ​ក្រុមហ៊ុន​ផ្ដល់​ឲ្យ​ពលរដ្ឋ​មិន​គ្រប់​ទេ និង​ដី​ភាគច្រើន​ជា​ដី​នៅ​ជើង​ភ្នំ ដែល​មិន​អាច​យក​មក​ធ្វើ​ស្រែ​បាន៖ «»

តំណាង​អ្នក​ភូមិ​អូរអង្គំ រំឭក​ថា មុន​មាន​ការ​អភិវឌ្ឍ គឺ​គេ​បាន​ប្រាប់​ពលរដ្ឋ​ថា ការ​អភិវឌ្ឍ​ដាំ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ គឺ​គ្រាន់​តែ​ជា​ការ​អភិវឌ្ឍ​ស្បែក​ខ្លា ឬ​មាន​ន័យ​ថា ក្រុមហ៊ុន​នឹង​ឈូស​ឆាយ​ដី​ព្រៃ​ប៉ុណ្ណោះ និង​មិន​ប៉ះពាល់​ដី​ស្រែ​របស់​ប្រជា​កសិករ​ឡើយ។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ក្រុមហ៊ុន​មក​ឈូស​ឆាយ​កាល​ពី​ឆ្នាំ​២០១០ គឺ​ក្រុមហ៊ុន​បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ទាំង​ដី​ស្រែ និង​ដី​ព្រៃ ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ពួក​គាត់​បាត់បង់​ដី​ស្រែ​ចម្ការ​មក​ទល់​បច្ចុប្បន្ន។ អ្វី​ដែល​ពលរដ្ឋ​ក្នុង​ភូមិ​អូរអង្គំ ចង់​បាន គឺ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ដី​ស្រែ​ចម្ការ​ឲ្យ​ពួក​គាត់​បង្កបង្កើនផល​វិញ។

អ្នក​តំណាង​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក លី យ៉ុងផាត់ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ក្រុមហ៊ុន​មាន​ផ្ទៃដី​សរុប​ទាំងអស់​សម្រាប់​ការ​អភិវឌ្ឍ​ដំណាំ​កសិឧស្សាហកម្ម​ស្ករ​អំពៅ​ជិត ៤​ម៉ឺន​ហិកតារ​នៅ​ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នាយិកា​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី បញ្ជាក់​ថា ចាប់​តាំង​ពី​ផ្ទុះ​រឿងរ៉ាវ​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ស្ករ​អំពៅ​លោក លី យ៉ុងផាត់ មក គឺ​មាន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ជិត ៨០០​គ្រួសារ បាន​ទៅ​ពឹង​ឲ្យ​អង្គការ​សមធម៌​ជួយ​ស្វែងរក​យុត្តិធម៌ ហើយ​បន្ទាប់​មក​មាន​តែ​ជាង ១០០​គ្រួសារ​ប៉ុណ្ណោះ​បាន​ទទួល​សំណង​ពី​ក្រុមហ៊ុន៖ «»

សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ដោយសារ​ការ​អះអាង​តួលេខ​ខុស​គ្នា​នៃ​ចំនួន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ភាគី​ក្រុមហ៊ុន និង​ភាគី​ពលរដ្ឋ​ផ្ទាល់ ទើប​ពិបាក​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា រយៈពេល​កន្លង​មក ខាង​ក្រុមហ៊ុន​បាន​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​បាន​មួយ​ចំនួន។

លោក អៀង វុទ្ធី សង្ឃឹម​ថា បញ្ហា​ដីធ្លី​កើត​ឡើង​ដោយសារ​ឧស្សាហកម្ម​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ នឹង​អាច​ដោះស្រាយ​ចេញ​នៅ​ពេល​យន្តការ​អន្តរ​ក្រសួង​មួយ ដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​សហភាព​អឺរ៉ុប ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ឲ្យ​ប្រើប្រាស់​នា​ពេល​ខាង​មុខ ព្រោះ​យន្តការ​នេះ​នឹង​ផ្ដល់​ឱកាស​ឲ្យ​ភាគី​ពាក់ព័ន្ធ ទាំង​រដ្ឋាភិបាល សង្គម​ស៊ីវិល ពលរដ្ឋ​រងគ្រោះ និង​ម្ចាស់​ក្រុមហ៊ុន បាន​សហការ​គ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​មួយ ដែល​ភាគី​ទាំង​ពីរ​អាច​ទទួល​យក​បាន​ព្រម​គ្នា៖ «»

ក្រុម​ពលរដ្ឋ​រង​ផល​ប៉ះពាល់​បញ្ជាក់​ថា ការ​អូស​បន្លាយ​បញ្ហា និង​មិន​ផ្ដល់​សំណង​សមរម្យ​ជូន​ពួក​គាត់ រឹតតែ​ធ្វើ​ឲ្យ​មាន​ជីវភាព​រឹត​តែ​លំបាក ហើយ​ចំណាក​ស្រុក​កាន់​តែ​ច្រើន។ ក្រុម​ពលរដ្ឋ​បន្ត​ថា ការ​តវ៉ា​របស់​ពួក​គាត់​ទៅ​កាន់​ក្រសួង​ស្ថាប័ន​មួយ​ចំនួន ដូចជា​ក្រសួង​ដែនដី និង​រដ្ឋសភា ជាដើម គឺ​មិន​ដែល​ទទួល​បាន​ការ​ឆ្លើយតប និង​ចេញ​វិធានការ​ដោះស្រាយ​ឲ្យ​ពួក​គាត់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល