ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ​ដែល​មិន​ព្រម​ទទួល​យក​សំណង​ពី​រដ្ឋាភិបាល​​នាំ​គ្នា​តវ៉ា​មុខ​​សាលា​ខេត្ត​កោះកុង

ដោយ ទីន ហ្សាការីយ៉ា
2021-10-27
Share
ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ​ដែល​មិន​ព្រម​ទទួល​យក​សំណង​ពី​រដ្ឋាភិបាល​​នាំ​គ្នា​តវ៉ា​មុខ​​សាលា​ខេត្ត​កោះកុង ពលរដ្ឋ​ប្រមាណ ៦០នាក់​តំណាង​ឲ្យ​ជាង ២០០គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​យូញៀន (UDG) នៅ​ក្នុង​ស្រុក​គីរីសាគរ តវ៉ា​មុខ​សាលា​ខេត្ត​កោះកុង ថ្ងៃ​ទី៣ ខែ​កុម្ភៈ ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

ប្រជា​ពលរដ្ឋ​ប្រមាណ​៧០​នាក់ ​តំណាង​ឲ្យ​ពលរដ្ឋ​ជាង​មួយ​រយ​គ្រួសារ​ក្នុង​ឃុំ​ចំនួន​បី​នៃ​ស្រុក​គីរីសាគរ នាំ​គ្នា​ដាក់​ញត្តិ​នៅ​សាលា​ខេត្ត​កោះកុង ​ស្នើ​សុំ​អាជ្ញាធរ​ផ្ដល់​ដំណោះស្រាយ​សារ​ជា​ថ្មី​ ក្រោយ​ពី​ពួកគាត់​មិន​ព្រម​ទទួល​យក​គោល​នយោបាយ​រដ្ឋាភិបាល​ដីធ្លី កាល​ពី​ពេល​កន្លង​ទៅ។ សង្គម​ស៊ីវិលសង្ឃឹម​ថា អាជ្ញាធរ​ខេត្ត​និង​ក្រសួង​ដែនដី ​នឹង​ពិនិត្យ​មើល​សំណើ​របស់​ពលរដ្ឋ ដោយ​យកចិត្តទុកដាក់​និង​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​ឈាន​ទៅ​ដល់​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ ដោយ​ជោគជ័យ​ និង​ទទួល​យក​បាន​ពី​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែក​ខ្សាច់ ឃុំ​ភ្ញីមាស និង​ឃុំ​កោះ​ស្ដេច​ ជាង​មួយ​គ្រួសារ (១៤៧នៅ​ស្រុក​គិរី​សាគរ ទាមទារ​ឲ្យ​អាជ្ញាធរ​ចុះ​ពិនិត្យ​មើល​ដី​ទំហំ​ផ្ទះ និង​ដី​ចម្ការ​របស់​​ពួកគាត់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ពិភាក្សា​ផ្ដល់​សំណង​គោល​នយោបាយ​សារ​ជាថ្មី ឲ្យ​ស្រប​ទៅ​នឹង​ទំហំ​ដី​ដែល​ពលរដ្ឋ​បាត់​បង់​ទៅ​ក្រុមហ៊ុន​ចិន​យូញៀន ឌិវិឡប់មិនហ្គ្រុប (Union Development Group)

តំណាង​ពលរដ្ឋ​ឃុំ​កោះ​ស្ដេច​លោកស្រី សាំង ពុយ ថ្លែង​ថា គោល​នយោបាយ​ដោះស្រាយ​ដីធ្លី​របស់​រដ្ឋាភិបាលឲ្យ​ពលរដ្ឋ​ទៅ​ចាប់ឆ្នោត​យក​ដី​ឡូត៍​នៅ​ទីតាំង​ថ្មី​ កន្លង​ទៅ​នេះ គឺ​គ្មាន​តម្លាភាព​ និង​គ្មាន​ភាព​យុត្តិធម៌​ទេ ដោយ​សារ​អាជ្ញាធរ​មិន​បាន​បង្ហាញ​ឲ្យ​​ប្រជាពលរដ្ឋ ​យល់​ដឹង​ច្បាស់​ជាមុន​ អំពី​គោលនយោបាយ​នេះ​ ក្រៅ​ពី​ប្រើ​វិធានការ​ចាប់​បង្ខំ​ពលរដ្ឋ​ដែល​មាន​ដី​ជា​ច្រើន​ហិកតា ឲ្យ​ទទួល​យក​សំណង​ដូច​គ្នា​នឹង​ ពលរដ្ឋ​ដែល​មាន​ដី​តិច​ជាង​១​ហិកតា។

លោក​ស្រី​បន្ត​ថា ការ​ដោះស្រាយ​បញ្ហា​ដីធ្លី ​ដោយ​អាជ្ញាធរ​ខេត្ត​កោះកុង​និង​ក្រសួង​ដែនដី​ នៅ​ពេល​នេះ គឺ​នៅ​តែ​មាន​ភាព​មិន​ប្រក្រតី ​ដោយ​សារ​ពលរដ្ឋ​ខ្លះ​ដែល​មាន​ដីធ្លី​ត្រឹម​ត្រូវ​ បែរ​ជា​ពុំ​មិន​មាន​ឈ្មោះ​ទទួល​បាន​សំណង រីឯ​ក្រុម​ពលរដ្ឋ​ដែល​ធ្លាប់​ទទួល​សំណង​ពី​រដ្ឋ​ម្ដង​រួច​ហើយ នៅ​តែ​អាច​ទទួល​បាន​សំណង​ម្ដង​ទៀត។

លោកស្រីឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ចាត់​គ្រួសារ​លោកស្រី និង​ម្ដាយ​លោកស្រី​ចូល​ក្នុង​ប្រភេទ​ទី​២ ដែល​ត្រូវ​ទទួល​បាន​ដី​២​ហិកតារ​ពី​រដ្ឋ ក្រោយ​ពី​អាជ្ញាធរ​ថា ដីធ្លី​របស់​លោកស្រី​៨​ហិកតា និង​ដី​ម្ដាយ​១៧​ហិកតា​ទៀត ស្ថិត​នៅ​ខុស​ភូមិ។

តំណាង​ពលរដ្ឋ​ដែល​ចេញ​តវ៉ា​អស់​ច្រើន​ឆ្នាំ​មក​នេះ ស្នើ​សុំ​អាជ្ញាធរ​ខេត្ត​កោះកុង និង​ក្រសួង​ពាក់​ព័ន្ធ​ ពិចារណា​ឡើងវិញ ហើយ​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​ឲ្យ​បាន​សមរម្យ​ជាង​នេះ ដោយ​ផ្អែក​ទៅ​តាម​ទំហំ​និង​សណ្ឋាន​ដី​ជាក់​ស្ដែង​របស់​ប្រជាពលរដ្ឋ​ ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​របស់​ក្រុមហ៊ុន៖ «ពេល​គាត់​រង់ចាំ​ជាង​១០​ឆ្នាំ ពេល​គាត់​ដោះស្រាយ​ទុក​ពេល​វេលា​ឲ្យ​គាត់​តែ​ប៉ុន្មាន​ថ្ងៃ​ ដោយ​គ្មាន​ការ​ពន្យល់​ សម្របសម្រួល​។ បង​គិត​ថា គាត់​ដូច​ជា​ដាក់​សម្ពាធ​មក​លើ​បង​ប្អូន​ប្រជាពលរដ្ឋ​ពេក។ គាត់​ចង់​សំណូមពរ​ឲ្យ​គាត់​ជួយ​សម្របសម្រួល​ដោះស្រាយ​សារ​ជា​ថ្មី​ឲ្យ​មាន​ភាព​យុត្តិធម៌ សមស្រប​ ឲ្យ​ប្អូន​ប្រជាពលរដ្ឋ​អាច​ទទួល​យក​បាន។ ពួកគាត់​មិន​ចង់​ជំទាស់​ការ​អភិវឌ្ឍ​ទេ​ ប៉ុន្តែ​ចង់​ឲ្យ​បងប្អូន​ទៅ​រស់នៅ​កន្លែង​ថ្មី​ វា​ល្អ​ជាង​ ឬ​ក៏​អាច​ប្រកប​អាជីព​អី​បាន​អ៊ីចឹង​»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពីអភិបាល​ខេត្ត​កោះកុងអ្នកស្រី មិថុនា ភូថង និង​រដ្ឋលេខាធិការ​ក្រសួង​ដែនដីលោក ទេព ធន នៅ​ថ្ងៃ​ទី​២៦ ខែតុលា​ បាន​ទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ អ្នក​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិមនុស្ស​​លីកាដូ ប្រចាំ​ខែកោះកុងលោក ហួរ អ៊ីន ឲ្យ​ដឹង​ថា​ អាជ្ញាធរ​ខេត្ត​កោះកុង បាន​ហៅ​ប្រជា​ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​គោល​នយោបាយ​រដ្ឋាភិបាល​ ទៅ​ពិភាក្សា​គ្នា ​២​លើក​មក​ហើយ ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​បដិសេធ​មិន​ទទួល​សំណង​ដដែល​នោះ។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​ពលរដ្ឋ​មិនទាន់​យល់​ព្រម​ទទួល​គោល​នយោបាយ​នេះ​ក៏​ដោយ​ ក៏​អាជ្ញាធរ​និង​ក្រសួង​ដែន​ដី គួរ​តែ​រិះរក​ដំណោះស្រាយ​ថ្មី ហើយ​បន្ត​ដោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​ចប់​សព្វ​គ្រប់​។

មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស ដែល​តាម​ដាន​រឿង​នេះរំពឹង​ថា​ អាជ្ញាធរ​ខេត្ត​និង​ក្រសួង​ដែនដី ​ពិនិត្យ​មើល​សំណើ​របស់​ពលរដ្ឋ ដោយ​យក​ចិត្ត​ទុក​ដាក់​និង​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​ឈាន​ទៅ​ដល់​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន ឌិវិឡប់មិនហ្គ្រុប (Union Development Group) ដោយ​ជោគជ័យ និង​​ទទួល​យក​បាន​ពី​ប្រជាពលរដ្ឋ៖ «ការ​ដោះស្រាយ​នេះ​តាំង​ពី​ឆ្នាំ​២០១០ មក​ដល់​ឥឡូវ​ វា​១១​ឆ្នាំ​ហើយ។ ហើយ​ការ​ដោះស្រាយ​ក៏​មាន​រូបភាព​ផ្សេង​ៗ​គ្នា​ដែរ រវាង​ប្រជាពលរដ្ឋ​មួយ​ក្រុម​ៗ។ លើក​នេះ ខ្ញុំ​ជឿជាក់​ថា ដើម្បី​អាជ្ញាធរ​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ ហើយ​នឹង​មិន​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តែ​មាន​ការ​រង​គ្រោះ​ពី​ក្រុមហ៊ុន​យូញៀន​តទៅ​មុខ​ទៀត។ ហើយ​ដើម្បី​បង្ហាញ​ថា ​អាជ្ញាធរ​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​គិត​គូរ​ទៅ​លើ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ អាជ្ញាធរ​ក៏​ដូច​ជា​ក្រសួង​ដែនដី នឹង​ខិត​ខំ​ដោះស្រាយ​ទំនាស់​នេះ​ឲ្យ​បាន​ជោគជ័យ​ទាំង​អស់​គ្នា។ ការ​ដោះស្រាយ​បា​ជោគជ័យ​គឺ​ការ​ដោះស្រាយ​ដោយ​មាន​ភាព​យុត្តិធម៌ មិន​ជា​ការ​ដោះស្រាយ​ដោយ​មាន​ការ​បង្ខំ​ទេ»

កាល​ពី​ថ្ងៃ​ទី​១៥​ ខែតុលា អាជ្ញាធរ​ខេត្ត​កោះកុង ចេញ​លិខិត​ជូន​ដំណឹង​មួយ​ដល់​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​ធ្វើ​កិច្ច​សន្យា​ទទួល​យក​គោលនយោបាយ​ពី​រដ្ឋាភិបាល ឲ្យ​ប្រញាប់​មក​ជួប​អាជ្ញាធរដើម្បី​ចាប់​ដី​ឡូត៍​ត្រឹម​ថ្ងៃ​ទី​២២ ខែ​តុលា ដើម្បី​ជៀស​ការ​បាត់​បង់​ផល​ប្រយោជន៍​ទៅ​ពេល​ខាង​មុខ។

អាជ្ញាធរ​បញ្ជាក់​ថា ប្រសិន​បើ​ប្រជា​ពលរដ្ឋ​ខក​ខាន​មិន​មក​ទទួល​យក​ដំណោះ​ស្រាយ​​នេះ​ តាម​ពេល​កំណត់​ដោយ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ទេ នោះ​ចាត់​ទុក​ថា ​ពលរដ្ឋ​បោះ​បង់​សិទ្ធិ​ទទួល​យក​គោល​នយោបាយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ពី​រដ្ឋាភិបាល ហើយ​អាជ្ញាធរ​មិន​ទទួល​ខុស​ត្រូវ​រាល់​ការ​បាត់​បង់​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ឡើយ​។ 

រដ្ឋាភិបាល សម្រេច​បែង​ចែក​ពលរដ្ឋ​ជាង​១​ពាន់​៣​រយ​នាក់​ (.៣៣៣ចេញ​ជា​ពី​បី​ប្រភេទ

ពលរដ្ឋ​ប្រភេទ​ទី​១ ​ដែល​រស់នៅ​ក្នុង​ទីតាំង​វិនិយោគ​ក្រុមហ៊ុន​ មាន​ចំនួន​២៤៧​គ្រួសារ ទទួល​បាន​ដី​ផ្ទះ​ទំហំ​កន្លះ​ហិកតា ដី​ចម្ការ​ ៣ហិកតា និង​ថវិកា ៩​ពាន់​ដុល្លារ​(៩​.០០០) ក្នុង​មួយ​គ្រួសារ។ ចំពោះ​ពលរដ្ឋ​ប្រភេទ​ទី​២ ​ដែល​ទីតាំង​ដី​ពួកគាត់​ ខុស​ភូមិ​និង​ឃុំមាន​ចំនួន​២៥៥​គ្រួសារ ទទួល​បាន​ដី​ចម្ការ​ទំហំ​២ហិកតា ក្នុង​មួយ​គ្រួសារ។ រីឯ​ពលរដ្ឋ​ប្រភេទ​ទី​៣ ដែល​ស្នើ​សុំ​គោល​នយោបាយបន្ថែម មាន​ជាង​៨​រយ​គ្រួសារ​ទៀត (៨៣១គឺ​ទទួល​បាន​ដីចម្ការ​ទំហំ​១ហិកតា​ក្នុង​មួយ​គ្រួសារ។ ចំណែក​ប្រជាពលរដ្ឋ​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច អាជ្ញាធរ​ខេត្ត​កោះកុង​អះអាង​ថា រដ្ឋាភិបាល​នឹង​នឹង​ធ្វើ​ការ​ដោះស្រាយ​តាម​ក្រោយ។

គិត​មកដល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​សរុប​ជាង​ប្រាំ​មួយ​រយ​គ្រួសារ (៦៤១ដែល​ព្រម​ទទួល​យក​សំណង​និង​ដោះដូរ​ដី​ទៅ​នៅ​ទីតាំង​ថ្មី តាម​គោល​នយោបាយ​រដ្ឋាភិបាល​។

ក្រុមហ៊ុន​ចិន យូ​ញៀន ឌី​វេ​ឡុប​មិន គ្រុប ​(Union Development Group Co.,Ltd) ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​ចំ​កណ្ដាល​ឧទ្យាន​ជាតិ​បទុម​សាគរ​ ក្នុង​ខេត្ត​កោះកុង ​សរុប​ចំនួន​ជាង​៤ម៉ឺន​៥ពាន់​ហិកតា (៤៥.១០០) ​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០០៨ ដើម្បី​សាងសង់​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ជិត​៤​ពាន់​លាន​ដុល្លារ (​,៨​ពាន់​លាន​ដុល្លារ)

គម្រោង​អភិវឌ្ឍ​នេះបាន​បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​១​ពាន់​៣​រយ​គ្រួសារ​ ត្រូវ​ចាក​ចេញ​ពី​លំនៅឋាន​របស់​ពួកគេ​។ កាល​ពី​ឆ្នាំមុន ក្រសួង​រតនាគារ​អាមេរិក​បាន​​សម្រេច​ដាក់​ទណ្ឌកម្ម​ក្រុម​ហ៊ុន​នេះ  ក្រោម​ច្បាប់​សាកល ហ្គូប៊ល ម៉ានិកស្គី អ៊ែក (Global Magnitsky Act) ក្រោយ​ពី​រក​ឃើញ​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ​មាន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ ការ​ច្បាម​យក​ដី និង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ក្រុម​ប្រជា​ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​គោល​នយោបាយ​ដីធ្លី​នេះ​ ស្នើ​សុំ​រដ្ឋាភិបាល​បើក​វេទិកា​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ និង​ផ្ដល់​សំណង​សមរម្យ​ ដែល​អាច​ទទួល​យក​បាន។ ពលរដ្ឋប្រកាន់​ជំហរ​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ស្វែង​ផ្ដល់​ដំណោះស្រាយ​ល្អ​ជាង​នេះ​ទេ នោះ​ពួកគាត់​នឹង​នាំ​គ្នា​ចេញ​តវ៉ា​តាម​ស្ថាប័ន​រដ្ឋ លុះ​ត្រា​ទទួល​បាន​ដំណោះស្រាយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល