អ្នក​មាន​ជម្លោះ​ដី​នៅ​កោះកុង​ជឿ​ថា វត្តមាន​របស់​មន្ត្រី​ក្រសួង​ដែនដី​នឹង​ដោះស្រាយ​វិវាទ​បាន

ដោយ អាស៊ីសេរី
2018-05-21
Share
ជម្លោះ​ដីធ្លី ក្រុមហ៊ុន​ស្ករ​អំពៅ កោះកុង ២០១៧ ៨៥៥ ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នឹង​ក្រុមហ៊ុន​ស្ករ​អំពៅ កោះកុង ផ្លេនថេស៊ិន (Koh Kong Plantation) និង​ក្រុមហ៊ុន​ស្ករ​អំពៅ កោះកុង ស៊ូហ្គើរ (Koh Kong Sugar) លើក​បដា​តវ៉ា​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
RFA/Sorn Chanratha

តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​ឧកញ៉ា លី យ៉ុងផាត់ នៅ​ខេត្ត​កោះកុង ប្រាប់​ថា មន្ត្រី​គ្រប់​ជាន់ថ្នាក់​នៅ​ក្នុង​ខេត្ត និង​មន្ត្រី​នៃ​ក្រសួង​ដែនដី នគររូបនីយកម្ម និង​សំណង់ កំពុង​ប្រជុំ​ពិភាក្សា​គ្នា​នៅ​ឡើយ ដោយ​ប្រាប់​ឱ្យ​ពលរដ្ឋ​រង់ចាំ​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​សិន មុន​ប្រាប់​ពី​ដំណោះស្រាយ​ថា គួរ​បញ្ចប់​ដីធ្លី​នោះ​ដោយ​របៀប​ណា។ អ្នកមាន​ជម្លោះដីធ្លី​ទាំងនោះ​ជឿ​ថា មន្ត្រី​ពាក់ព័ន្ធ នឹង​ខិតខំ​រក​ដំណោះស្រាយ​ឱ្យ​ពួកគាត់ ដោយ​លែង​ភូត​កុហក​គាត់​ទៀតហើយ។

ក្រុម​ពលរដ្ឋ​មាន​ជម្លោះដីធ្លី នៅ​ក្នុង​ស្រុកស្រែ​អំបិល និង​ស្រុក​បុទុមសាគរ នៃ​ខេត្ត​កោះកុង ឱ្យ​ដឹង​ថា ពេញ​មួយថ្ងៃ​ចន្ទ ទី​២១ ឧសភា មន្ត្រី​នៃ​ក្រសួង​ដែនដី ដែល​បាន​ចុះ​មកដល់​ខេត្ត​កោះកុង បាន​ប្រជុំ​គ្នា​រហូត ដើម្បី​សិក្សា​ស្វែងរក​ដំណោះស្រាយ​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ពិតប្រាកដ។

ឲតំណាង​សហគមន៍​ម្នាក់ គឺ​អ្នកស្រី ភាព សុគន្ធ ប្រាប់​ថា មន្ត្រី​ក្រសួង​ដែនដី​កំពុង​ប្រជុំ និង​សិក្សា​បញ្ជី​ឈ្មោះ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី ហើយ​នៅ​ពេល​ដែល​សិក្សា​រួចរាល់​ខាង​មន្ត្រី​ប្រាប់​ថា នឹង​កោះហៅ​អ្នកភូមិ​ទៅ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ របស់​ឧកញ៉ា លី យ៉ុងផាត់៖ «កំពុង​ទាមទារ​ហ្នឹង មាន​ក្រុម​១៧០ ហើយ​នឹង​ក្រុម​ខ្ញុំ ៣០២​គ្រួសារ បូក​បញ្ចូល​១៥​គ្រួសារ​ទៀត វា​ឡើង​៣១៧​គ្រួសារ»

កាលពី​ថ្ងៃ​ទី​១៨ ឧសភា ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ប្រកាស​ថា ក្រសួង​នឹង​ចាត់​ក្រុម​ការងារ​ចុះទៅ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​កោះកុង ដើម្បី​ពិនិត្យមើល​អត្ដសញ្ញាណ​អ្នក​កាន់​កាប់ និង​ដី​ពាក់ព័ន្ធ​នឹង​វិវាទ​របស់​ពលរដ្ឋ ២​ក្រុម គឺ​ក្រុម​ពលរដ្ឋ​៣១៦​គ្រួសារ នៅ​ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ និង​ពលរដ្ឋ​ក្រុម​១៧០​គ្រួសារ​នៅ​ស្រុកស្រែ​អំបិល ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន កោះកុង ស៊ូហ្គ៊រ ភ្លេនថេសិន (Koh Kong Sugar Plantation Co.ltd) និង ក្រុមហ៊ុន កោះកុង ស៊ូហ្គ័រ អ៊ីនដាស់ស្ទ្រៀរ ( Koh Kong Sugar Industry Co.ltd)

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែនដី​នេះ ធ្វើឡើង​ក្រោយពេល​ពលរដ្ឋ នាំគ្នា​ទៅ​តវ៉ា​ជារឿយៗ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដីធ្លី ដែល​អូស​បន្លាយ​រ៉ាំរ៉ៃ​រាប់​ឆ្នាំ​មកនេះ។

កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់ តំណាង​ឱ្យ​ពលរដ្ឋ​ជាង ៣០០​គ្រួសារ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ក្នុង​ខេត្ត​កោះកុង ដែល​បាន​ស្នាក់នៅ​វត្ត​សាមគ្គីរង្សី ក្នុង​ខណ្ឌ​មានជ័យ បាន​នាំគ្នា​ចេញពី​វត្ត​ទៅ​ដាក់​ញត្តិ​ជាថ្មី​នៅ​ក្រសួង​ដែនដី និង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុង​ការ​ដើរ​ដាក់​ញត្តិ​នេះ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​មានជ័យ​រាប់​សិប​នាក់ បាន​ស្រាក់ដៃ​គ្នា​រារាំង​ពលរដ្ឋ និង​បាន​រុញច្រាន​គ្នា​រហូត​ប៉ះទង្គិច​គ្នា​មួយ​ប្រ៉ាវ បណ្ដាល​ឱ្យ​ទារក​អាយុ ៣ ខែ​ធ្លាក់​ពីលើ​ដៃ​ម្ដាយ​សន្លប់ ចំណែក​ស្ត្រី ៣​នាក់ និង​បុរស​ម្នាក់ទៀត​រង​របួស ក្នុង​ហេតុការណ៍​នោះ។

បន្ទាប់ពី​ការ​ប៉ះទង្គិច​គ្នា​នោះ អាជ្ញាធរ​បាន​យល់ព្រម​បើក​ផ្លូវ​ឱ្យ​ប្រជាពលរដ្ឋ​ដើរ​ដង្ហែ​ក្បួន​ទៅ​ក្រសួង ដែនដី តែ​មិន​អនុញ្ញាត​ឱ្យ​ទៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន នៅ​ក្រោម​ដើម​ពោធិ៍ មុខ​វត្តបទុមវតី​ទេ។

ពលរដ្ឋ​អះអាង​ថា ដី​ដែល​មាន​ជម្លោះ​សព្វថ្ងៃ ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​២​ក្រុម គឺ​ក្រុម ៣១៧ និង​ក្រុម​១៧០ គ្រួសារ ស្ថិតនៅ​៩​ភូមិ ក្នុង​ឃុំ​៤ គឺ​ឃុំ​កណ្ដោល ឃុំ​ជីខលើ ជីខក្រោម និង​ឃុំ​ដងពែង នៃ​ស្រុក​ស្រែអំបិល និង​ស្រុក​គិរីសាគរ។

អាស៊ីសេរី​មិន​អាច​រក​ប្រភព​របស់​ក្រុម​ការងារ​នៃ​ក្រសួង​ដែនដី ដែល​ចុះទៅ​សិក្សា​ដី​ជម្លោះ​នៅឡើយ​ទេ ខណៈ​ដែល​អាជ្ញាធរ​នៅ​ខេត្ត​កោះកុង តែង​បដិសេធ​ឆ្លើយ​សំណួរ​របស់​អាស៊ីសេរី។ តែ​យ៉ាងណា តំណាង​ពលរដ្ឋ ប្រាប់​ថា នៅ​ថ្ងៃ​ទី​២២ ឧសភា មន្ត្រី​នៃ​ក្រសួង​ដែនដី ប្រាប់​ឱ្យ​ពលរដ្ឋ​ទូរស័ព្ទ ទៅ​សួរនាំ លទ្ធផល​នៃ​កិច្ចប្រជុំ នៅ​ម៉ោង​៩​ព្រឹក។

អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កោះកុង លោក ព្រហ្ម មុនី កោតសរសើរ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី ដែល​បាន​បញ្ចូន​ក្រុម​ការងារ​ចុះ​មក​សិក្សា តែ​យ៉ាងណា​សង្គម​ស៊ីវិល​ចង់​ឃើញ​ក្រុមការងារ​នេះ សិក្សា​ឱ្យ​បាន​ឆាប់រហ័ស ហើយ​រក​ដំណោះស្រាយ​ឱ្យ​បាន​លឿន​បំផុត ជូន​ពលរដ្ឋ ព្រោះ​ជម្លោះដីធ្លី​នេះ អូស​បន្លាយ​រាប់​ឆ្នាំ​ហើយ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ច្រើន​ឆ្នាំ​មក​ហើយ៖ «ខ្ញុំ​សុំ​កោតសរសើរ ហើយ​យើង​តាមដាន​តទៅទៀត ប៉ុន្តែ​សូម​ឱ្យ​ដោះស្រាយ​ឱ្យ​បាន​លឿន ហើយ​កុំ​សន្យា​ខ្យល់ កុំ​ឱ្យ​គ្រាន់តែ​សន្យា»

ពលរដ្ឋ​ដែល​មាន​ជម្លោះ បង្ហាញ​ការ​មាន​ជំនឿ​ថា ពួកគាត់​នឹង​ទទួល​បាន​ដំណោះស្រាយ​ដីធ្លី​របស់​ពួកគាត់​មកវិញ នៅ​មុន​ពេល​បោះឆ្នោត​អាណត្តិ​ទី៦៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល