ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ចេញសេចក្តីប្រកាសព័ត៌មានថា ក្រុមការងារជំនាញ នឹងដោះស្រាយបញ្ចប់ទំនាស់ ដីធ្លីជូនប្រជាពលរដ្ឋដែលមានជម្លោះជាមួយក្រុមហ៊ុនស្ករ អំពៅ នៅស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង ឲ្យបានរួចរាល់ទាំងស្រុងនៅបំណាច់ខែមិថុនាឆ្នាំ២០១៨នេះ។
សេចក្ដីប្រកាសព័ត៌មាននេះធ្វើឡើង ក្រោយពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីលោក ជា សុផារ៉ា បានចុះជួបតំណាងប្រជាពលរដ្ឋ៣១៧គ្រួសារ ដែលមានវិវាទជាមួយក្រុមហ៊ុនឈ្មោះ កោះកុងស៊ូហ្គើ (Kohkong Sugar) និងក្រុមហ៊ុនកោះកុងផ្លេនថេសិន (Kohkong Plantation) នៅស្រុកស្រែអំបិល និងស្រុកបុទុមសាគរ កាលពីថ្ងៃទី៥ ខែមិថុនា។
ក្រសួងបញ្ជាក់ថាក្រុមការងារ កំពុងមមាញឹក វាស់វែងបែងចែកដីឡូតិ៍ ជូនក្រុមប្រជាពលរដ្ឋ២០០គ្រួសារ ដែលទើបបានចាប់ឆ្នោតជ្រើសរើសដីឡូតិ៍រួចរាល់ និងជូនក្រុមប្រជាពលរដ្ឋ ១៧៥គ្រួសារ ដែលជិតនឹងបានបញ្ចប់ទៅហើយនោះ។
បន្ទាប់ពីនេះ ក្រុមការងារជំនាញ នឹងបន្ដចាត់ចែងបែកចែកដីឡូតិ៍ សម្រាប់ក្រុមប្រជាពលរដ្ឋ៣១៧គ្រួសារ ក្រុមប្រជាពលរដ្ឋ ១៧០គ្រួសារ និងក្រុមប្រជាពលរដ្ឋ ៩៨គ្រួសារ សរុបចំនួន៥៨៥គ្រួសារ ដែលគ្រោងចុះវាស់វែងបែងចែកដីឡូតិ៍ឲ្យបានរួចរាល់ ចន្លោះពីថ្ងៃទី២០ ខែមិថុនាដល់បំណាច់ខែមិថុនានេះ។
ការចុះដោះស្រាយនេះ បន្ទាប់ពីប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំងអស់ តែងតែនាំគ្នាចេញតវ៉ាជាបន្ត បន្ទាប់ ទោះបីជាពួកគាត់ ត្រូវបានរារាំងនិងការប្រឈមុខដាក់គ្នាជាញឹកញាប់ ជាមួយអាជ្ញាធរនៃរបបលោក ហ៊ុន សែន ខណៈជម្លោះដីធ្លីនេះ បានធ្វើឲ្យជីវភាពពួកគាត់ជួបការលំបាក។
មន្ត្រីប្រឹក្សាផ្នែកច្បាប់នៃអង្គការលីកាដូ (Licadho) ប្រចាំខេត្តកោះកុង លោក ហ៊ួ អ៊ីន សម្តែងការសាទរដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការផ្តល់ដីសម្បទាន សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ធ្វើកសិឧស្សាហកម្មផលិតស្ករអំពៅ បណ្តាលឲ្យមានជម្លោះអស់រយៈពេលជិត ១៤ឆ្នាំមកហើយ ហើយលោកសង្ឃឹមថា បញ្ហានេះនឹងត្រូវបានដោះស្រាយបញ្ចប់ទាំងអស់ នាពេលខាងមុខ។
ទោះយ៉ាងណាក្តី លោកសម្ដែងការសោកស្ដាយចំពោះប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត នៅស្រុកបុទុមសាគរ និង គិរីសាគរ ដែលរងផលប៉ះពាល់ពីការអភិវឌ្ឍរបស់ក្រុមចិនយូញៀន (Union Development Group Co,Ltd) ដែលមិនដឹងពេលណាទទួលបានដំណោះស្រាយដូចពលរដ្ឋមានទំនាស់ជាមួយក្រុមហ៊ុនស្កអំពៅនោះទេ។
មន្ត្រីសិទ្ធិមនុស្សរូបនេះ អំពាវនាវ រដ្ឋមន្ត្រីថ្មីនៃក្រសួងបរិស្ថាន ដែលជាប្រធានគណៈកម្មការអន្តរក្រសួងក្នុងការសម្របសម្រួលដោះស្រាយ ជម្លោះជាមួយក្រុមហ៊ុន យូញៀន បង្ហាញឆន្ទៈខ្ពស់ក្នុងការដោះស្រាយ បញ្ចប់ជម្លោះ ដីធ្លីជាមួយក្រុមហ៊ុន យូញៀន នេះឲ្យបានឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។