ប្រជាពលរដ្ឋជាង ៥០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៩ កុម្ភៈ បានលើកគ្នាមកមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមានថា បើនៅតែទាមទារឲ្យពួកគាត់បង់លុយក្នុងការកាត់ឈ្មោះប្លង់ដីទៀត នោះ ពួកគាត់ប្រហែលមិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនទៀតទេ។
បុរសអ្នកភូមិឈ្មោះ ញ៉ែម រ៉េន នៅភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បានឲ្យដឹងថា មូលហេតុដែលគាត់សម្រេចចិត្តបំបែកដីគាត់ជាប្លង់តូចៗ ចែកឲ្យកូននោះ ដោយមន្ត្រីសុរិយោដីដែលចុះទៅផ្សព្វផ្សាយពីការធ្វើប្លង់ដីជា ប្រព័ន្ធនោះ បានប្រាប់គាត់ និងអ្នកភូមិថា ការបំបែកប្លង់នេះពុំមានបង់ពន្ធដារអ្វីទេ ទើបអ្នកភូមិនាំគ្នាបំបែកប្លង់ដីគ្រប់ៗគ្នា ស្រាប់តែឥឡូវ គេបែរជាតម្រូវឲ្យបង់ពន្ធទៅវិញ។
គាត់បន្តថា អ្នកភូមិសុទ្ធតែក្រីក្រ តើមានលុយឯណាយកទៅបង់ បើមួយប្លង់រាប់រយដុល្លារឯណោះ៖ «បើ លក់ ខ្ញុំអត់តវ៉ាទេ ព្រោះលក់បានលុយយកលុយនេះទៅបង់ពន្ធ។ ចុះនេះ ចែកឲ្យកូនបានលុយពីណាយកមកបង់ពន្ធ។ ពេលមន្ត្រីចុះទៅធ្វើ ប្រាប់ថាអត់ជាប់ពន្ធ ស្រាប់តែឥឡូវឲ្យបង់ពន្ធ។ បើលិខិតដែលរដ្ឋចេញឲ្យពីមុននោះស្របច្បាប់ ហើយខ្ញុំមិនចាំបាច់បំបែកឲ្យកូនក៏បាន»។
អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ លោក ឱន សទ្ធា ទទួលស្គាល់ពីកង្វះខាតនៃមន្ត្រីដែលចុះទៅផ្សព្វផ្សាយដល់អ្នក ភូមិ។ យ៉ាងនេះក្ដី លោកថា នេះជាគោលការណ៍ពន្ធដាររបស់រដ្ឋ មន្ទីរអនុវត្តតាមគោលការណ៍ទាំងស្រុង ពុំមែនជាមន្ទីរជាអ្នកសម្រេចឲ្យបង់ដូចការចោទប្រកាន់របស់ ប្រជាពលរដ្ឋនោះទេ។
លោក ឱន សទ្ធា៖ «កាតព្វកិច្ចបង់ពន្ធ គឺខាងពន្ធដារទេ មិនមែនខាងមន្ទីរសុរិយោដីទេ។ ខ្ញុំសុំពន្យល់ឲ្យច្បាស់។ ខាងពន្ធដារទើបគាត់មានសិទ្ធិប្រថាប់ត្រាលើក្បាលដី រួចហើយទើបខាងមន្ទីរខ្ញុំហ៊ានចេញប្លង់ឲ្យ»។
អ្នកភូមិដែលមកធ្វើការតវ៉ាទាំងអស់ បានឲ្យដឹងប្រហាក់ប្រហែលគ្នាថា ប្រសិនបើពួកគាត់ដឹងថាដីដែលបំបែកប្លង់ចែកឲ្យកូនចៅ ហើយត្រូវបង់ពន្ធនោះ ពួកគាត់នឹងមិនធ្វើការបំបែកប្លង់ទេ ព្រោះពួកគាត់សុទ្ធតែក្រីក្ររកបានមួយថ្ងៃសម្រាប់តែមួយថ្ងៃ តើពួកគាត់មានប្រាក់ឯណាទៅបង់ពន្ធនោះ។
ស្ត្រីអ្នកភូមិឈ្មោះ គឹម ដារ៉ានី បានចោទជាសំណួរថា ដោយមន្ត្រីសុរិយោដីធ្វើការផ្សព្វផ្សាយមិនច្បាស់លាស់ ហើយប្រជាពលរដ្ឋបាននាំគ្នាធ្វើប្លង់រួចហើយ ដូច្នេះ តើនរណាជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ នៅពេលដែលប្រជាពលរដ្ឋគ្មានប្រាក់បង់ពន្ធនោះ៖ «មន្ត្រីរដ្ឋាភិបាល ជាអ្នកពន្យល់ណែនាំប្រជាពលរដ្ឋឲ្យយល់ពីច្បាប់ ចុះបើមន្ត្រីមានការឆក់ល្វែងក្នុងការពន្យល់នេះ តើអ្នកណាជាអ្នកទទួលខុសត្រូវ។ បើឲ្យប្រជាពលរដ្ឋទទួលខុសត្រូវនោះ មិនយុត្តិធម៌ទេ»។
ប្រជាពលរដ្ឋទាំងនោះបានបញ្ជាក់ថា ពួកគាត់សុទ្ធតែជាសមាជិកគណបក្សប្រជាជនកម្ពុជា។ ពួកគាត់ព្រមានថា គាត់នឹងពិចារណាចំពោះការបោះឆ្នោតនាពេលខាងមុខ ប្រសិនបើករណីបង់ពន្ធនេះមិនត្រូវបានដោះស្រាយឲ្យពួកគាត់ទេនោះ។
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៧ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់សំណើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យលើកលែងយកពន្ធប្រថាប់ត្រាលើការធ្វើអំណោយអចលនវត្ថុពីឪពុក ម្ដាយ ទៅកូនបង្កើត ឬពីកូនទៅឪពុកម្ដាយបង្កើតដែរ តែរហូតមកទល់បច្ចុប្បន្ន ពុំទាន់មានចម្លើយយ៉ាងណាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
