ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ក្រចេះ​ជាង​៨០០​គ្រួសារ​ស្នើ​អាជ្ញាធរ​ផ្ដល់​ដី​បម្រុង​ទុក​ដែល​មាន​ស្រាប់​ឱ្យ​ពួកគាត់

ដោយ សេក បណ្ឌិត
2019.03.17
ជា សុផារ៉ា ២០១៧ ៦២២ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែង​​ក្រោយ​កិច្ចប្រជុំ​ នាទីស្ដីការ​ក្រសួង នៅ​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Sorn Chanratha

ពលរដ្ឋ ៦០​នាក់​តំណាង​ឱ្យ​ពលរដ្ឋ​ជាង ៨០០​គ្រួសារ​ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការកៅស៊ូ ស្ថិតនៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ស្នើសុំ​អាជ្ញាធរ​ខេត្ត និង​ក្រសួង​រៀបចំ​ដែនដី រក​ដី​ទំនេរ​ចែក​ឱ្យ​ពលរដ្ឋ ចៀសវាង​ចែក​ដី​ជាន់​លើ​ដី​ចម្ការ​របស់​ពលរដ្ឋ​ផ្សេង​ទៀត។ អង្គការ​សង្គម​យល់ថា អាជ្ញាធរ​គួរ​សិក្សា និង​ចុះ​ស្រាវជ្រាវ​អំពី​ទីតាំង​ដី ដែល​ត្រូវ​ផ្ដល់​ជូន​ពលរដ្ឋ ឱ្យ​បាន​ច្បាស់​សិន មុន​នឹង​ចុះ​វាស់វែង​ចែក​ឱ្យ​ពួកគាត់ ដើម្បី​បញ្ចៀស​ការ​ប្រឈម​ដាក់គ្នា​រវាង​ពលរដ្ឋ​នឹង​ពលរដ្ឋ។

តំណាង​ពលរដ្ឋ​នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ លោក ស៊ីវ រី ប្រាប់​អាស៊ីសេរី​ថា ដីធ្លី​ដែល​ខាង​អាជ្ញាធរ​ខេត្ត​ក្រចេះ ចែក​ឱ្យ​ពលរដ្ឋ​ជាង ៨០០​គ្រួសារ គឺ​ជាន់​លើ​ដី​ធ្លី​ពលរដ្ឋ​ជាង ៤០០​គ្រួសារ​ផ្សេងទៀត ដែល​កំពុង​អាស្រ័យ​ផល​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ មាន​ដើម​ស្វាយចន្ទី ម្រេច និង​ដំឡូង។ លោក ស៊ីវ រី លើកឡើង​ថា ពួកគាត់​មិន​អាច​ទទួលយក​ដំណោះស្រាយ​បែបនេះ​បានទេ ព្រោះ​វា​អាច​នាំ​ឱ្យ​មាន​អំពើ​ហិង្សា​ដាក់គ្នា​ទៅវិញទៅមក រវាង​ពលរដ្ឋ​និង​ពលរដ្ឋ​ដូចគ្នា។ តំណាង​ពលរដ្ឋ​រូប​នេះ ស្នើសុំ​អាជ្ញាធរ​ខេត្ត​ក្រចេះ ចែក​ដី​បម្រុង​ទុក​ជាង ១​ពាន់​ហិកតារ ដែល​ពួកគាត់​ធ្លាប់​កាប់ឆ្ការ​កាល​ពី​ពេល​កន្លងមក ផ្ដល់​ឱ្យ​ពលរដ្ឋ​ជំនួស​វិញ ស្ថិតនៅ​តំបន់​អូរកន្លែង៖ «ខ្ញុំ​ថា​ប្រសិនបើ​ជៀសវាង​ទំនាស់​ហ្នឹង គឺ​ឆ្វៀល​តែ​ដី​ខ្ញុំ​កាប់​គាស់​រាស់​រាន​ពី​មុន​មក​ហ្នឹង ចែក​នៅ​ប្លុក​ហ្នឹង​គឺ​ចប់​រឿង​ហើយ។ ដី​ដែល​ពួក​ខ្ញុំ​កាប់​គាស់​ពី​មុន​មក​ហ្នឹង អត់​ចែក​ឱ្យ​ប្រជាពលរដ្ឋ​ទេ បែរជា​ត្រៀប​ដី​បម្រុង​ទុក​រាប់​រយ​ហិកតារ​ទៅវិញ។ រុញ​ឱ្យ​ប្រជា​ពលរដ្ឋ​ទៅ​ចែក​លើ​ដី​ប្រជាពលរដ្ឋ​របស់​ពួកគាត់​វិញ​។ ខ្ញុំ​សំណូមពរ​ថា សូម​ឱ្យ​គាត់​ក្រុមការងារ​រៀបចំ​ចែក​ឱ្យ​ប្រជាពលរដ្ឋ​លើ​ដី​បម្រុង​ហ្នឹង​ទៅ ទុក​ធ្វើ​អី។ បើ​ចែក​លើ​ដី​ប្រជាពលរដ្ឋ​ដូចគ្នា​មិនដែល​បាន​សុខ​ទេ។ ឥឡូវ​! ចេញ​គោលការណ៍ ខាង​លោក​អភិបាល​ខេត្ត​រង ខាន់ ចំណាន ឱ្យ​ចុះទៅ​សម្អាត​ដោយ​ខ្លួនឯង ឱ្យ​ចប់​ត្រឹម​ថ្ងៃ​៣០។ បើ​អ្នកណា​មិន​ចុះ​ធ្វើ អត់​មាន​ចិត្ត​មុតមាំ​ហ្នឹង​ធ្វើ​ទេ គឺ​ដក​ឈ្មោះ​ហ្នឹង​ចេញ​ដោយ​ស្វ័យប្រវត្តិ មាន​ដាក់​គំនាប​ទៅលើ​អ៊ីចឹង​ទៀត»

អ្នក​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ក្រចេះ លោក ធីម ហ៊ន ដែល​តាម​ករណី​នេះ យល់ថា ក្រសួង​និង​អាជ្ញាធរ​គួរ​ធ្វើការ​សិក្សា​ពី​ឱ្យ​បញ្ហា និង​ផល​ប៉ះពាល់​ឱ្យ​បាន​ជាក់ មុន​ឈាន​ដល់​ចុះ​វាស់វែង​ដីធ្លី​ឱ្យ​ពលរដ្ឋ។ លោក​យល់​ថា ការចែក​ដីធ្លី​ជាន់​លើ​ដី​របស់​ប្រជាពលរដ្ឋ​ផ្សេងទៀត មិនមែន​ជា​ដំណោះស្រាយ​បញ្ចប់​បញ្ហា​នោះ​ទេ ផ្ទុយទៅវិញ​នោះ​អាច​បង្ក​ជា​ជម្លោះ​និង​អំពើ​ហិង្សា​ដាក់គ្នា​រវាង​ពលរដ្ឋ និង​ពលរដ្ឋ៖ «ក្នុង​ករណី​ថា អាជ្ញាធរ​មានការ​ដោះស្រាយ​ហើយ តែ​បើ​មាន​ដី​ផ្សេង​ក្រៅ​អំពី​ដី​ប្រជាពលរដ្ឋ​ផ្សេង។ គាត់​មាន​ដី​ទំនេរ ដើម្បី​ធ្វើការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ប្រជាពលរដ្ឋ​។ ហើយ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ផ្សេងទៀត​។ អាហ្នឹង​! គឺ​គាត់​អាច​ទទួល​យក​បាន​ហើយ»

អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​អំពី​រឿង​វិវាទ​ដីធ្លី នៅ​ខេត្ត​ក្រចេះ​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​ដែនដី លោក សេង ឡូត ប៉ុន្តែ​លោក​បដិសេធ ដោយ​ថា ជាប់រវល់ ៖ «ខ្ញុំ​ជាប់​បន្តិច​បង​អើយ​។ បាទ​! ខ្ញុំ​ជាប់​បន្តិច»

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាលរង​ក្រចេះ លោក ខាន់ ចំណាន និង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្ត​ក្រចេះ លោក កៅ ម៉ាឌីឡែន បាន​ឡើយ​ទេ។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​៥ ខែ​មីនា លោក លោក កៅ ម៉ាឌីឡែន បាន​ទៅ​ជួប​ពលរដ្ឋ​ជាង ៦០​នាក់​នៅ​ក្នុង​វត្ត​សាមគ្គីរង្សី ដោយ​សន្យា​ថា នឹង​ពួក​គាត់​ថា លោក​នឹង​យក​កង្វល់​និង​បញ្ហា​របស់​ពលរដ្ឋ​ដាក់ជូន​ដើម្បី​ពិនិត្យ​និង​រក​ដំណោះស្រាយ។

តំណាង​ពលរដ្ឋ​លោក ស៊ីវ រី ឱ្យ​ដឹង​ថា ពួកគាត់​ឡើង​មក​ទៅ​ទីក្រុង​ភ្នំពេញ សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ជា សុផារ៉ា ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ជាង​១១​លើក​ហើយ នៅតែ​មិន​អាច​ដោះស្រាយ​បញ្ចប់​ទំនាស់​ពលរដ្ឋ​ជាមួយ​នឹង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​បាន​ឡើយ​ទេ។ ពលរដ្ឋ​ស្នើសុំ​ក្រសួង និង​អាជ្ញាធរ​ខេត្ត​ពន្លឿន​ផ្ដល់​ដីធ្លី​ឱ្យ​ពួកគាត់​បាន​ឆាប់ ព្រោះ​ជិត​ដល់​រដូវ​ធ្វើស្រែ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។