តំណាងពលរដ្ឋមានជម្លោះដីធ្លី ចំនួន៤៧គ្រួសារ នៅឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានលើកគ្នាមកដាក់ញត្តិនៅក្រសួងរៀបចំដែនដី រដ្ឋសភា និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ឲ្យមានដំណោះស្រាយ លើដីមានជម្លោះរ៉ាំរ៉ៃជាង១០ឆ្នាំ។ សង្គមស៊ីវិលខេត្តសៀមរាប គាំទ្រសកម្មភាពពលរដ្ឋលើកគ្នា ជំរុញឲ្យមន្ត្រីដោះស្រាយដីធ្លីឲ្យបានឆាប់។ពលរដ្ឋមានជម្លោះដីធ្លី ទាំង៤៧គ្រួសារ មកពីភូមិចំនួន៣ គឺ ភូមិរំចេក ភូមិសាលាក្រវាន់ និងភូមិរវៀងតាទុំ នៃឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ពួកគេ មានជម្លោះដីធ្លី ជាង១០ឆ្នាំ ជាមួយក្រុមហ៊ុនឈ្មោះ លី អ៊ុំអេង និង លី អ៊ុំឆាយ។
តំណាងពលរដ្ឋម្នាក់ ដែលឈរកាន់បដាតវ៉ានៅមុខក្រសួងរៀបចំដែនដី នៅរាជធានីភ្នំពេញ រៀបរាប់ទាំងទឹកភ្នែក ថា ពួកគាត់បានងើបមកភ្នំពេញតាំងពីម៉ោង៣ទាបភ្លឺ ដើម្បីគេចកុំឲ្យអាជ្ញាធរនៅមូលដ្ឋាន រារាំងពួកគាត់ មកភ្នំពេញ។ តំណាងពលរដ្ឋម្នាក់នេះ ទទូចឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ចាត់ឲ្យមន្ត្រីក្រសួងចុះទៅពិនិត្យដល់ទីតាំងមានទំនាស់ ដើម្បីបញ្ចប់ជម្លោះរ៉ាំរ៉ៃនេះ។ «»
សហគមន៍មានជម្លោះដីធ្លី នៃឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប អះអាងទៀតថា ដីរបស់ពួកគាត់ ត្រូវបានក្រុមហ៊ុន លី អ៊ុំអេង និងលី អ៊ុំឆាយ រំលោភយក មានចំនួន ១៤៧ហិកតារ តាំងពីឆ្នាំ ២០០៤ រហូតមកដល់បច្ចុប្បន្ន នៅមិនទាន់មានដំណោះស្រាយទេ។ ពួកគាត់រៀបរាប់ទៀតថា ជាច្រើនឆ្នាំមកនេះ ពួកគាត់បានដើរដាក់ញត្តិច្រើនស្ថាប័នមកហើយ ចំណែកញត្តិ ដែលដាក់នៅសាលាខេត្តសៀមរាប និងសាលាស្រុកបន្ទាយស្រី ហាក់គ្មានដំណោះស្រាយទេ។
តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី ទេស ជឿ ឲ្យដឹងថា ក្រោយពីបានដាក់ញត្តិនៅក្រសួងរៀបចំដែនដី ពួកគេបាននាំគ្នាយកញត្តិទៅបន្តដាក់នៅរដ្ឋសភា និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អ្នកស្រីបន្តថា នៅរដ្ឋសភា មន្ត្រីបានចេញមកទទួលញត្តិ ប៉ុន្តែបដិសេធមិនដោះស្រាយជូនទេ ដោយសារមន្ត្រីលើកឡើងថា រដ្ឋសភាមិនមានជំនាញដោះស្រាយរឿងដីធ្លីទេ មានតែជំនាញក្នុងការទាក់ទងទៅមន្ត្រីធំៗ។ «»
អ្នកស្រី ទេស ជឿ ឲ្យដឹងទៀតថា មន្ត្រីសាលាខេត្តសៀមរាប និងសាលាស្រុកបន្ទាយស្រី បានអញ្ជើញអ្នកភូមិ ដែលមានជម្លោះដីធ្លី ឲ្យទៅដោះស្រាយក្នុងសាលាខេត្ត នៅរសៀលថ្ងៃទី២៥ មិថុនា ប៉ុន្តែអ្នកភូមិមិនទៅទេ ដោយសារអស់ជំនឿលើអាជ្ញាធរមូលដ្ឋាន ព្រោះជាង១០ឆ្នាំហើយ នៅតែគ្មានដំណោះស្រាយ ទើបមករកកិច្ចអន្តរាគមន៍នៅស្ថាប័នថ្នាក់ជាតិវិញ។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងក្រុមហ៊ុនឈ្មោះ លី អ៊ុំអេង និង លី អ៊ុំឆាយ បានទេ នៅថ្ងៃទី២៥ មិថុនា។ តែយ៉ាងណា សង្គមស៊ីវិល នៅខេត្តសៀមរាប ឲ្យដឹងថា មន្ត្រីសុរិយោដី នៅថ្នាក់ខេត្ត បានប្រាប់សង្គមស៊ីវិល កាលពីពាក់កណ្ដាលខែមិថុនា ថា ក្រុមការងារបានចុះទៅវាស់វែងដី និងត្រៀមសាលាកប័ត្រឲ្យពលរដ្ឋរួចរាល់ហើយ តែរង់ចាំថ្នាក់លើពិនិត្យ និងសម្រេចសិន។
អ្នកអង្គេតនៃសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តសៀមរាប លោក សួស ណារិន បញ្ជាក់ថា ករណីដីមានជម្លោះនេះ ពិតជាបានអូសបន្លាយជាង១០មែន។ លោកបន្ដថា សមាគមអាដហុកខេត្តសៀមរាប បានទទួលពាក្យបណ្ដឹង និងអង្គេតច្រើនឆ្នាំមកហើយ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ។ លោក សួស ណារិន យល់ថា ជាជម្រើសល្អ ដែលពលរដ្ឋ បានលើកគ្នាទៅតវ៉ានៅក្រសួងរៀបចំដែនដី ព្រោះ ការសន្យារបស់មន្ត្រីថ្នាក់ខេត្ត ហាក់គ្មានការកំណត់ច្បាស់លាស់។ «»
តំណាងពលរដ្ឋ បានប្ដេជ្ញាថា ពួកគេនឹងមិនត្រលប់ទៅភូមិវិញទេ ប្រសិនបើគ្មានការសន្យា ដំណោះស្រាយជាក់លាក់ ណាមួយ ពីស្ថាប័នទាំងបី ដែលពួកគេ បានពឹងពាក់រកកិច្ចអន្តរាគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
