បក្ខពួក​ទីប្រឹក្សា​លោក ហេង សំរិន បំផ្លាញ​ដំណាំ​ពលរដ្ឋ​នៅ​ខេត្ត​កំពត​ដោយ​គ្មាន​ចំណាត់​ការ​ពី​អាជ្ញាធរ

0:00 / 0:00

ពលរដ្ឋ​នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត អះអាង​ថា ទីប្រឹក្សា​លោក ហេង សំរិន​និង​បក្សពួក បាន​បន្ត​គំរាមកំហែង និង​បំផ្លិចបំផ្លាញ​ដំណាំ និង​ផ្ទះសម្បែង​របស់​ពួកគាត់ ដោយ​គ្មាន​ការ​ជួយ​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទីនោះ​ឡើយ។ បញ្ហា​នេះ​បាន​រុញច្រាន​ពួកគាត់ ឱ្យ​បង្ខំចិត្ត​គេចខ្លួន​ចេញពី​ដី​ដែល​ធ្លាប់​កាន់កាប់ ដើម្បី​រក​កន្លែង​មាន​សុវត្ថិភាព។ អង្គការ​សិទ្ធិមនុស្ស​ទទូច​ឱ្យ​អាជ្ញាធរ​ខេត្ត​កំពត ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​ក្រុម​ឈ្មួញ​ដី​នោះ ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​ត្រូវ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច និង​រងគ្រោះ​ដោយសារ​ការ​ធ្វើ​បាប​ពី​ក្រុម​ជន​ទាំងនោះ។

ប្រជាពលរដ្ឋ​ភូមិ​ព្រៃពាយ លោកស្រី រី ស្រី ថ្លែងប្រាប់​អាស៊ីសេរី ដោយ​សំឡេង​យំ​ខ្សឹកខ្សួល​ថា កាលពី​ថ្ងៃ​ទី២១ មេសា កន្លង​ទៅ ឈ្មួញ​ដី ក្រុម​បក្ខពួក​របស់​លោក អាំ ផល្លីន និង​អ្នកស្រី ហ៊ាង គន្ធី ចំនួន​ជាង ២០​នាក់ បាន​នាំ​គ្នា​ទៅ​កាប់​បំផ្លាញ​ផលដំណាំ​របស់​គាត់ ដែល​រួមមាន ស្វាយ ខ្នុរ និង​ចេក​អស់​ជាច្រើន​ដើម ព្រមទាំង​វាយ​បំផ្លាញ​ឡដុត​ធ្យូង ដែល​គាត់​ប្រើ​សម្រាប់​ប្រកប​របរ​ចិញ្ចឹមជីវិត​ថែមទៀត។ ពលរដ្ឋ​ដដែល​បន្ត​ថា ក្រុម​ជន​បង្ក​ក៏បាន​ដុត​បំផ្លាញ​ផ្ទះស្បូវ​របស់​គាត់​មួយ​ខ្នង​ទៀត ដែល​ធ្វើ​ឱ្យ​គាត់​ត្រូវ​បាត់បង់​ទីលំនៅ និង​កំពុង​ព្រួយបារម្ភ​ពី​ការ​ខ្វះខាត​ស្បៀងអាហារ​ទៅ​ថ្ងៃមុខ។ «»

លោកស្រី រី ស្រី បញ្ជាក់​ថា ក្រុម​គ្រួសារ និង​សាច់ញាតិ​របស់​លោក​ស្រី មាន​ដី​នៅ​តំបន់​នោះ​ជាង ២០ ហិកតារ បាន​មក​ដោយសារ​ការ​កាប់​រាន។ ។ លោកស្រី​អះអាង​ថា ក្រុម​គ្រួសារ​លោកស្រី​បាន​កាប់​កាប់ និង​ដាំ​ដំណាំ​នៅ​លើ​ដី​នោះ តាំងតែ​ពី​ឆ្នាំ ២០០៤ រហូត​មក ដោយ​មិន​មាន​ការ​ហាម​ឃាត់​ពី​អាជ្ញាធរ​ឡើយ ក៏ប៉ុន្តែ​មកដល់​ឆ្នាំ ២០១៤ ក៏​ស្រាប់តែ​លេច​មុខ​លោក អាំ ផល្លីន និង​អ្នកស្រី ហ៊ាង គន្ធី ដែល​ជា​ឈ្មួញ​ទិញ​ដី​មាន​លុយ និង​មានអំណាច បាន​ទៅ​ដល់​តំបន់​នោះ និង​បាន​បង្ខំ​ឱ្យ​លោកស្រី និង​ពលរដ្ឋ​ដទៃ​ទៀត ឱ្យ​លក់​ដី​របស់​ខ្លួន ទៅ​ឱ្យ​ពួកគេ​ក្នុង​តម្លៃ​ថោក។ លោកស្រី​បាន​បដិសេធ​មិន​លក់​ដី​នោះ​ទៅ​ឱ្យ​ពួកគេ​ឡើយ ហើយ​ទំនាស់​ដីធ្លី​នោះ​ក៏​ចាប់ផ្ដើម​កើតឡើង ដោយ​ក្រុម​ឈ្មួញ​ដី​ទាំងនោះ បាន​ជំរិត​យក​ដី​នោះ​ពី​លោកស្រី​តែម្ដង ដោយ​បាន​កាប់​បំផ្លាញ​ដើម​ស្វាយ​របស់​លោក​ស្រី​អស់​ជាង ២០០​ដើម និង​ផ្ទះ​មួយ​ខ្នង​ថែមទៀត។ «»

លោកស្រី​បញ្ជាក់​ថា លោកស្រី​បាន​ប្ដឹង​ករណី​បំផ្លិចបំផ្លាញ​ផលដំណាំ និង​ផ្ទះស្បូវ​របស់​គាត់​នេះ ទៅ​ខាង​អាជ្ញាធរ​ឃុំ​ត្រពាំង​ភ្លាំង​រួចហើយ កាលពី​ថ្ងៃ​ទី២៤ មេសា ហើយ​ខាង​អាជ្ញាធរ​ក៏បាន​ចុះ​ទៅ​ពិនិត្យ​ករណី​នេះ​ដែរ ក៏ប៉ុន្តែ​មិនទាន់​ឃើញ​មានការ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​លោកស្រី​នៅឡើយ​ទេ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អាជ្ញាធរ​ឃុំ​ត្រពាំងភ្លាំង បានទេ នៅ​ថ្ងៃ​ទី២៥ មេសា ដើម្បី​សុំ​ការ​បកស្រាយ​អំពី​បញ្ហា​នេះ។

ករណី​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ភូមិ​ព្រៃពាយ និង​ក្រុម​លោក អាំ ផល្លីន ដែល​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​បក្ស​ប្រជាជន​កម្ពុជា​នេះ គឺជា​ទំនាស់ ដ៏​រ៉ាំរ៉ៃ​ដែល​អូស​បន្លាយពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ ជា​ញឹកញាប់ ក្រុម​លោក អាំ ផល្លីន តែងតែ​ប្រើ​អំពើ​ហិង្សា ដុត​បំផ្លាញ​ផ្ទះសម្បែង និង​កាប់​បំផ្លាញ​ផលដំណាំ​ពលរដ្ឋ ដោយ​គ្មាន​ការ​ចេញ​មុខ​ធ្វើ​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​ឡើយ បើទោះបីជា​ក្រុម​ពលរដ្ឋ​បាន​ស្វះ​ស្វែងរក​អន្តរាគមន៍​ទៅ​ក្រុម​អាជ្ញាធរ បូក​រួម​ទាំង​ស្ថាប័ន​តុលាការ​ខេត្ត​កំពត​យ៉ាងណា​ក្តី។ ផ្ទុយទៅវិញ ពលរដ្ឋ​មួយ​ចំនួន​បែរជា​រង​ការ​ប្ដឹង​បក​ពី​ក្រុម​ឈ្មួញ​ដី​ទាំងនោះ​ទៅវិញ ខណៈ​ពួកគាត់​គឺជា​ជនរងគ្រោះ​នៃ​អំពើ​ហិង្សា​នោះ។

លោក ហេង មិត្ត គឺជា​ពលរដ្ឋ​ភូមិ​ព្រៃពាយ ដែល​ត្រូវ​បាន​ក្រុម​ឈ្មួញ​ដី​ទាំងនោះ ព្រួត​គ្នា​វាយដំ និង​ចាប់ចង​បង្ខាំង​ទុក​អស់​រយៈពេល​ជាច្រើន​ម៉ោង កាលពី​អំឡុង​ឆ្នាំ ២០១៦ កន្លងទៅ។ លោក​បាន​ប្តឹង​ករណី​ហិង្សា​នេះ​ទៅ​តុលាការ​ខេត្ត​កំពត ក៏ប៉ុន្តែ​លោក​បែរជា​ត្រូវ​បាន​តុលាការ​កោះហៅ​ទៅ​បំភ្លឺ​ក្នុង​នាម​ជា​ជនសង្ស័យ​ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍ ប្ដឹង​ដោយ​ក្រុម​ឈ្មួញ​ដី ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​រូបលោក​នោះ​ទៅវិញ។ «»

ករណី​មួយទៀត គឺ​ពលរដ្ឋ​ម្នាក់​ឈ្មោះ អ៊ឹង លី ដែល​មាន​ដី​នៅ​ភូមិ​ព្រៃពាយ ត្រូវ​បាន​ក្រុម​លោក អាំ ផល្លីន ប្ដឹងផ្ដល់​ទៅ​តុលាការ ហើយក៏​ត្រូវ​បាន​សាលាដំបូង​ខេត្ត​កំពត ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ ពីបទ​ក្លែងបន្លំ ខណៈ​លោក អ៊ឹង លី នេះ ក៏​ជា​ជនរងគ្រោះ​ម្នាក់​ដែរ ក្នុងចំណោម​ជនរងគ្រោះ​ផ្សេងទៀត ដែល​ត្រូវ​បាន​បក្ខពួក​របស់​ក្រុម​ឈ្មួញ​ដី​ទាំងនោះ ប្រើ​អំពើ​ហិង្សា​វាយដំ និង​បង្ខំ​ឱ្យ​ចេញពី​ដីធ្លី​របស់​ខ្លួន កាល​ពី​ពេល​កន្លងទៅ។

ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហេង សំរិន គឺ​លោក អាំ ផល្លីន ដែល​មាន​ងារ​ជា​ឯកឧត្ដម​ផង​នោះ ធ្លាប់​បាន​បដិសេធ​ការចោទប្រកាន់​របស់​ក្រុម​ពលរដ្ឋ ដោយ​លោក​ចាត់ទុកថា នេះ​ជា​ការ​លាប​ពណ៌ និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​លោក និង​ភរិយា គឺ​លោកស្រី ហ៊ាង គន្ធី។

ទោះបីជា​យ៉ាងណា មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ អះអាង​ថា អំពើ​ហិង្សា និង​ការ​បំផ្លិចបំផ្លាញ​ផលដំណាំ និង​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ភូមិ​ព្រៃ​ពាយ​នេះ បាន​កើត​ឡើងជា​ហូរហែ ប៉ុន្តែ​មិនដែល​ឃើញ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់វិធានការ​លើ​ក្រុម​ជន​បង្ក​ទាំង​នោះ​ឡើយ។ លោក​ថា​នេះ ជា​ការ​មិន​ទទួលខុសត្រូវ​របស់​មន្ត្រី​អាជ្ញាធរ​លើ​ការ​បំពេញ​មុខងារ​របស់​ខ្លួន ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ។ «»

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ជំរុញ​ឱ្យ​មាន​ការអនុវត្ត​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពី​រឿង​វះកាត់​មន្ត្រី​ណា​ដែល​មិន​បម្រើ​ពលរដ្ឋ​នោះ ទៅលើ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​នៅ​ភូមិ​ព្រៃពាយ​នេះ។ លើស​ពី​នេះ លោក​អះអាង​ថា លោក​នឹង​រៀបចំ​បណ្ដឹង​បរិហារ​ផ្លូវការ​ដាក់​ទៅ​ស្ថាប័ន​តុលាការ ដើម្បី​ប្ដឹង​មន្ត្រី​នគរបាល​យុត្តិធម៌​នៅ​តំបន់​នោះ ដែល​បណ្ដែតបណ្ដោយ​ឱ្យ​មាន​បទល្មើស​ឧក្រិដ្ឋ​ហិង្សា និង​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​កើតឡើង​ក្នុង​តំបន់​របស់​ខ្លួន ហើយ​មិន​ចាត់ការ​លើ​បទល្មើស​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។