ពលរដ្ឋ​​មាន​ជម្លោះ​ដី​ជាមួយ​អគ្គិសនី​កម្ពុជា​នៅ​កំពង់ចាម​ស្នើ​សុំ​ដំណោះស្រាយ​មុន​បោះឆ្នោត

0:00 / 0:00

ប្រជាពលរដ្ឋ ៣០​គ្រួសារ​នៅ​ខេត្ត​កំពង់ចាម ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​បោះ​បង្គោល​អគ្គិសនី​លើ​ដី​ស្រែ និង​ដី​លំនៅឋាន របស់​ពួកគាត់ បន្ត​ស្នើសុំ​ឲ្យ​អាជ្ញាធរ ជួយ​ដោះស្រាយ​នៅ​មុន​ការ​បោះឆ្នោត​មក​ដល់ បើ​ពុំ​នោះ​ទេ ពួកគាត់​ជាមួយ​សាច់ញាតិ​ទាំងអស់ មិន​ចេញទៅ​បោះឆ្នោត​ឡើយ។ រីឯ​អាជ្ញាធរ​ខេត្ត មិន​បាន​សន្យា​ថា ដោះស្រាយ​បញ្ចប់​ពេលណា​ឡើយ ហើយ​ថា ការ​មិន​ទៅ​បោះឆ្នោត​គឺ​មិន​ពាក់ព័ន្ធ​នឹង​រឿង​ដោះស្រាយ​ដីធ្លី​នោះ​ទេ។

ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កំពង់ចាម ដែល​មាន​ទំនាស់​ដី​ជាមួយ​អគ្គិសនី​កម្ពុជា​គំរាម​ថា នឹង​មិន​ទៅ​បោះឆ្នោត​តាម​ការ​អំពាវនាវ​របស់​គណបក្ស​កាន់អំណាច​នោះ​ទេ ប្រសិនបើ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​មិន​ជួយ​ពន្លឿន​ដំណោះស្រាយ​រក​យុត្តិធម៌​ជូន​ពួកគាត់​នោះ។

តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី និង​ជា​មេក្រុម​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ភូមិ​បឹងស្នាយ សង្កាត់​សំបូរមាស ក្រុង​កំពង់ចាម អ្នកស្រី មិត្ត គីមថា រៀបរាប់​ថា កន្លង​មក​អាជ្ញាធរ​ចេះតែ​គំរាម​កំហែង និង​ភូតភរ ប្រជាពលរដ្ឋ​រហូត​ក្នុង​រឿង​ជម្លោះដីធ្លី​នេះ។ អ្នកស្រី​ទទូច​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពួកគាត់ អោយ​បាន​មុន​ការ​បោះឆ្នោត​ជាតិ បើ​ពុំ​នោះ​ទេ ប្រជាពលរដ្ឋ នឹង​មិន​ទៅ​បោះឆ្នោត​ឡើយ។ «»

ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​៣០​គ្រួសារ​ជាមួយ​នឹង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​នេះ គឺ​បាន​កើតឡើង​តាំងពី​ឆ្នាំ ២០១៥ ស្ថិត​នៅ​ក្នុង​ក្រុង​កំពង់ចាម និង​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម បន្ទាប់​ពី​អគ្គិសនី​កម្ពុជា បោះ​បង្គោល​ធំៗ​ខ្លះ​ចំ​ដីស្រែ និង​ខ្លះ​ចំ​ដី​លំ​ផ្ទះ​តែម្ដង។ ប្រជាពលរដ្ឋ​នាំគ្នា​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន រហូតដល់​អាជ្ញាធរ​ខេត្ត​តាំងពី​ឆ្នាំ​២០១៦ ប៉ុន្តែ​បាន​ត្រឹម​សន្យា​ខ្យល់ និង​ផ្ដល់​សំណង​ផល​ប៉ះពាល់​ជូន​ពួកគាត់​ក្នុង​កម្រិត​ដែល​មិន​អាច​រស់​បាន គឺ​១​ម៉ែត្រការ៉េ តម្លៃ​ជិត​២​ដុល្លារ​ប៉ុណ្ណោះ។ ពួក គាត់​ទាមទារ​ការ​ដោះស្រាយ​ដី ឱ្យ​បាន​សមស្រប​តាម​តម្លៃ​ទីផ្សារ​ដី គឺ ១​ម៉ែត្រការ៉េ តម្លៃ ៤៥​ដុល្លារ។ អ្នកស្រី មិត្ត គីមថា ឲ្យ​ដឹង​ថា កន្លង​មក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា តែងតែ​បង្ខិតបង្ខំ​ឲ្យ​ពួកគាត់​ទទួល​យក​សំណង​ដី​ជិត ២​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ​នោះ ហើយ​គំរាម​ថា បើ​មិន​ទទួល​យក​ទេ ទោះបី​ប្ដឹង​ដល់​ណា ក៏​មិន​បាន​លទ្ធផល​ដែរ ព្រោះ​អគ្គិសនី​កម្ពុជា​នេះ គឺ​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​កូនលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

អភិបាលខេត្ត​កំពង់ចាម​លោក គួច ចំរើន មាន​ប្រសាសន៍ថា ទំនាស់​ដីធ្លី​នេះ កើតឡើង​យូរ​ណាស់​មក​ហើយ ហើយ​គ្រួសារ​ដែល​ប៉ះពាល់​ដោយសារ​កន្លង​អគ្គិសនី​នេះ គឺ​ខាង​អគ្គិសនី​កម្ពុជា បាន​ព្យាយាម ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ​ហើយ ពោល​គឺ​នៅ​សល់​តែ​ប្រជាពលរដ្ឋ​១១​គ្រួសារ​ទៀត​ប៉ុណ្ណោះ ដែល​មិន​ព្រម​ទ​ទូល​ដំណោះស្រាយ តាម​គោលនយោបាយ​ដែល​កំណត់​ដោយ​អគ្គិសនី​កម្ពុជា។ លោក​បដិសេធ​ថា មិន​មាន​ប្រជាពលរដ្ឋ​ដល់ ៣០​គ្រួសារ​នោះ​ទេ។ លោក​គួច ចំរើន បន្ថែម​ថា ដំណោះស្រាយ​គោលនយោបាយ​របស់​អគ្គិសនី​កម្ពុជា​នេះ គឺ​មាន​ការចូលរួម​វាយតម្លៃ ត្រឹមត្រូវ​ពី​ស្ថាប័ន​ឯករាជ្យ ហើយ​ការ​ដោះស្រាយ​នេះ គឺ​មិន​អាច​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ខុសៗ គ្នា​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ លោក គួច ចំរើន ក៏​មិន​សន្យា​ថា នឹង​ដោះស្រាយ​បញ្ចប់​ពេលណា​នោះ​ទេ ព្រោះ​អាជ្ញាធរ​ខេត្ត​គ្រាន់​តែ​មាន​តួនាទី​ជួយ​សម្របសម្រួល​ប៉ុណ្ណោះ ហើយ​ការ​ព្រមាន​មិន​ទៅ​បោះ ឆ្នោត​គឺជា​រឿង​ដោយឡែក​របស់​ប្រជាពលរដ្ឋ​មិន​ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី​នោះ​ទេ។ «»

ផ្ទុយ​ពី​ការ​លើកឡើង​របស់​អភិបាលខេត្ត​កំពង់ចាម​នេះ តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី លើកឡើង​ថា ប្រជាពលរដ្ឋ​ដែល​ទទួល​យក​ដំណោះស្រាយ​កន្លងមក គឺ​ដោយសារតែ​មានការ​គំរាម​កំហែង និង​បង្ខិតបង្ខំ។ អ្នកស្រី មិត្ត គីមថា បន្ត​ថា លោក គួច ចំរើន កំពុងតែ​និយាយ​បោកប្រាស់ និង​កាន់ជើង​អគ្គិសនី​កម្ពុជា ដែល​ប្រហែលជា​បក្ខពួក​តែមួយ។ «»

មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc) ប្រចាំ​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ លោក ឡេង សេងហាន មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​តវ៉ា​ទាមទារ​តាមច្បាប់ ប្រសិនបើ​ការ​ដោះស្រាយ​ណាមួយ មិន​សមរម្យ និង​យុត្តិធម៌។ លោក​ក៏​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជួយ​ពន្លឿន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែរ ព្រោះ​រឿង​នេះ មិន​គួរ​ក្លាយ​ជា​រឿង​ធំដុំ និង​រ៉ាំរ៉ៃ​ដែល​ដោះស្រាយ​មិន​បាន​នោះ​ទេ។ «»

ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី ឲ្យ​ដឹង​ថា ពួកគាត់​នឹង​ឡើង​មក​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែ​មិថុនា ដើម្បី​សួរនាំ​ក្រសួង​ដែនដី​អំពី​ដំណោះស្រាយ ហើយ​នឹង​យក​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង។ ពួកគាត់ អះអាង​ថា ប្រសិនបើ​នៅតែ​មិនទាន់​ទទួល​ព័ត៌មាន​ជាក់លាក់​នៃ​ការ​ដោះស្រាយ​ទេ គឺ​ពួកគាត់​នឹង​វេច​ខោអាវ ចាន ឆ្នាំង ភួយ កន្ទេល​ទៅ​ដេក​តវ៉ា នៅ​មុខ​ក្រសួង ដែនដី និង​ស្ថាប័ន​ជាតិ​ដទៃ​ទៀត ជាប់​ជាប្រចាំ រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។