ប្រជាពលរដ្ឋមានទំនាស់ដីធ្លី ចំនួន ៦៦គ្រួសារ នៅក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ដែល មានទំនាស់ជាមួយអ្នកទ្រព្យធនចំនួន ៣នាក់ កាលពីថ្ងៃទី២ វិច្ឆិកា បាននាំគ្នាទៅយាមការពារដី សុខចិត្តមិនចេញទៅធ្វើការ ដើម្បីនៅចាំតតាំងជាមួយភាគីទំនាស់ មិនឲ្យរំលោភយកដីរបស់ពួកគាត់។ ការនៅការពារដីនេះ ដោយសារតែភាគីទំនាស់ បានទៅរុះរើផ្ទះអស់មួយចំនួន ហើយបានបិទប្រកាស បង្ខំឲ្យពួកគាត់រុះរើផ្ទះចេញពីដីថែមទៀត។
តំណាងពលរដ្ឋមានទំនាស់ នៅសង្កាត់និមិត្តក្រុងប៉ោយប៉ែតលោក សៀន វី ឲ្យដឹងនៅថ្ងៃទី២ តុលាថា ប្រជាពលរដ្ឋចំនួន ៦៦គ្រួសារ មិនអាចចុះចេញពីដីទំនាស់នោះបានទេ ព្រោះពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ ហើយគ្មានដីផ្សេង សម្រាប់ដាំដុះដោះស្រាយជីវភាពគ្រួសារនោះឡើយ។ លោក សៀន វី បន្ថែមទៀតថា ភាគីទំនាស់បាននាំកម្មករស៊ីឈ្នួល ប្រមាណ ៤នាក់រុះរើផ្ទះ និងរបងផ្ទះពួកគាត់អស់២ខ្នងនៅភូមិសូរិយា សង្កាត់និមិត្ត ស្របពេលដែលម្ចាស់ផ្ទះចេញទៅធ្វើការអស់កាលពីព្រឹកថ្ងៃទី១ វិច្ឆិកា។ លោកបន្តថា ក្រោយពេលរុះរើផ្ទះបន្តិច ពលរដ្ឋប្រមាណ ៤០នាក់ ក៏បានទៅបញ្ឈប់ ហើយក្រុមកម្មករទាំងនោះក៏បានដកថយវិញ ប៉ុន្តែកាលពីរសៀលថ្ងៃទី២ វិច្ឆិកា ភាគីទំនាស់ឈ្មោះ ទុយ វណ្ណី បានយកក្រដាស ៤សន្លឹក ទៅបិទតាមដើមឈើ បង្ខំឲ្យពួកគាត់រុះរើផ្ទះចេញពីដីទំនាស់ធ្វើឲ្យពួកគាត់មានការភ័យខ្លាច៖ «ពលរដ្ឋដែលមកចាំមានប្រហែល ៤០នាក់ហើយភាគីម្ខាងទៀតមកជាង១០នាក់ ហើយខ្ញុំមកចាំខ្លាចគេរើផ្ទះ និងដុតផ្ទះ ព្រោះបើគាត់បណ្ដេញចេញពីនេះពួកខ្ញុំមិនដឹងទៅរស់នៅទីណាទេ។ចាប់ពីថ្ងៃនេះតទៅពួកខ្ញុំនឹងនាំគ្នាចាំការពារដីដោយមិនចេញទៅណាចោលផ្ទះសម្បែងរហូតដល់មានដីកាពីតុលាការសម្រេចឲ្យភាគីខាងណាឈ្នះចាញ់»។
លោក សៀន វី បន្ថែមថា ដីទំនាស់មានទំហំ ១១៣ហិកតារ ស្ថិតនៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានទំនាស់តាំងពីឆ្នាំ២០០៣មក មិនទាន់ដោះស្រាយបាននៅឡើយ។ លោកថា ដីនេះពលរដ្ឋចំនួន ៦៦គ្រួសារមានទំនាស់ ជាមួយមានទ្រព្យធនចំនួន៣នាក់ មកពីខេត្តផ្សេង ដែលមានខ្នងក្រាស់ថ្នាក់ឧបនាយករដ្ឋមន្ត្រី ដោយបានធ្វើប័ណ្ណកម្មសិទ្ធិលើរបស់ពួកគាត់ ដោយមានឈ្មោះ ទុយ វណ្ណី ជាអ្នកដើរតួសំខាន់ប្ដឹងពួកគាត់។
តំណាងភាគីទំនាស់ លោក ប្រាក់ ធន់ ទទួលស្គាល់ ថាលោកពិតជាបានទៅបិទប្រកាស និងរុះរើផ្ទះនៅតំបន់ដីទំនាស់ប្រាកដមែន ប៉ុន្តែការរុះរើដោយសារម្ចាស់ផ្ទះបានយល់ព្រមទទួលយកដី តាមការដោះស្រាយពីលោក ទុយ វណ្ណី រួចហើយ៖ «យើងចេះតែចរចាជាមួយគាត់ថាឲ្យចេញពីដីនោះទៅឈប់ទៅនៅខុសច្បាប់ទៅកុំឲ្យមានទោស ខ្ញុំចេះតែពន្យល់ពួកគាត់ដោយមនោសញ្ចេតនាសិន ឲ្យអោយអស់លទ្ធភាពព្រោះដីនោះរបស់គេទេ គេមានប័ណ្ណកម្មសិទ្ធិហើយ ដូច្នេះយើងតតាំងផ្លូវច្បាប់ទៅ»។
ប៉ុន្តែតំណាងពលរដ្ឋ លោក សៀន វី អះអាងថា ពុំមានពលរដ្ឋយល់ព្រមឲ្យរុះរើផ្ទះ ដូចការលើកឡើងរបស់ភាគីទំនាស់នោះទេ ព្រោះជាដីទំនាស់ អាជ្ញាធរមិនទាន់ដោះស្រាយចប់នៅឡើយ។ លោកថា ភាគីទំនាស់ ទៅរុះរើផ្ទះដោយសំអាង ថាបានឈ្នះក្ដីនៅតុលាការ ប៉ុន្តែជាក់ស្ដែងតុលាការ មិនទាន់សម្រេចឲ្យភាគីណាឈ្នះក្ដីនៅឡើយទេ។
អភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ មានប្រសាសន៍ ថាលោកមិនទាន់ទទួលដំណឹង ពីការរុះរើផ្ទះពលរដ្ឋនោះនៅឡើយទេ៖ «អត់ទាន់មានរបាយការណ៍ ចាំមើលយើងមើលករណីនឹងថាតើករណីរបៀបយ៉ាងមិច ព្រោះយើងអត់ដឹងថា ករណីនោះដោយសារហេតុអី ? ហើយមានបញ្ហាអី យើងចាំមើលបានរបាយការណ៍ពីភូមិ និងសង្កាត់សិន»។
ប៉ុន្តែ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើងថា ទំនាស់ដីមួយនេះ រ៉ាំរ៉ៃជាងគេក្នុងខេត្តបន្ទាយមានជ័យ ដោយសារភាគីម្ខាង មានខ្នងបង្អែកអ្នកធំ ហើយពលរដ្ឋម្ខាងទៀតក្រីក្រ ដូច្នេះការដោះស្រាយតាមប្រព័ន្ធតុលាការមិនអាចផ្ដល់យុត្តិធម៌ជូនពលរដ្ឋបានទេ ពីព្រោះមានពលរដ្ឋ ដែលគ្មានលទ្ធផលភាពខ្លះ ត្រូវភាគីអ្នកមានលុយប្ដឹងចាប់ដាក់គុក និងមួយចំនួនកំពុងជាប់បណ្ដឹងក្នុងតុលាការ៖ «អ៊ីចឹងអ្នកដែលមានលុយមានអំណាចលោកតែងទទួលបានយុត្តិធម៌ ព្រោះខ្លួនគ្រាន់តែស្រែក គ្រាន់តែក្អកក៏គេធ្វើឯកសារឲ្យដែរ ចំណែកពលរដ្ឋគេអត់ធ្វើឲ្យ ដោយចាត់ទុកថា ជាដីមានទំនាស់ ហើយការប្ដឹងពលរដ្ឋតែងតែរងគ្រោះ និងចាញ់ក្ដីដោយសារតែខ្លួនអត់មានថវិកាហើយរដ្ឋអំណាចគេមិនធ្វើឲ្យតែម្ដង»។
លោក ស៊ុំ ច័ន្ទគា កត់សំគាល់ទៀតថា ការទៅរុះរើផ្ទះពលរដ្ឋនេះ ដោយសារតែដីទំនាស់នោះ ចាប់ផ្ដើមមានឈ្មួញដីតថ្លៃ ព្រោះជាដីស្ថិតក្នុងតំបន់គម្រោងសង់ព្រលានយន្តហោះ នៅក្រុងប៉ោយប៉ែត និងជាតំបន់សេដ្ឋកិច្ចពិសេស។ ប្រជាពលរដ្ឋអះអាងថា បើទោះបីជាពួកគាត់ចាញ់ក្ដី នៅសាលាដំបូងខេត្តបន្ទាយមានជ័យ ក៏ពួកគាត់ប្ដឹងឧទ្ធរណ៍បន្តទៀតដែរ ព្រោះដីនេះ ជាទ្រព្យសម្បត្តិសំខាន់របស់ពួកគាត់ សម្រាប់ដាំដុះដោះស្រាយជីវភាពគ្រួសារ៕
