អ្នកមានជម្លោះដីធ្លីជាមួយអគ្គិសនី​កំពង់ចាម​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះ​ស្រាយ​តាម​សន្យា​មុន​បោះ​ឆ្នោត

មាន ឫទ្ធិ
2018-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អភិបាល​​ខេត្ត​កំពង់ចាម ថ្មី លោក គួច ចំរើន ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​និស្សិត​សាកលវិទ្យាល័យ​ន័រតុន នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
អភិបាល​​ខេត្ត​កំពង់ចាម ថ្មី លោក គួច ចំរើន ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​និស្សិត​សាកលវិទ្យាល័យ​ន័រតុន នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
RFA

ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់​ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុនអគ្គិសនី​កម្ពុជា ស្នើសុំ​ឲ្យ​អាជ្ញាធរ​​ដោះស្រាយ​ជូន​ពួកគាត់​តាម​ការសន្យា បន្ទាប់ពី​បោះឆ្នោត​រួច​។ មន្ត្រី​សិទ្ធិមនុស្ស យល់ថា អាជ្ញាធរ​គួរតែមាន​វិធាន​ការជួយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​កុំ​ឲ្យ​ពួក​គាត់​​មាន​ជម្លោះ​រាំ​រ៉ៃ​ពីមួយ អាណត្តិ​ទៅមួយ​អាណត្តិ ​ដែល​ធ្វើ​ប៉ះពាល់​ដល់​ជីវភាព​ និង​សិទ្ធិ​រស់រានមានជីវិត​។​

តំណាង​ប្រជាពលរដ្ឋ ​២៥​គ្រួសារ​នៅ​ខេត្តកំពង់ចាម ដែល​រង​ផលប៉ះពាល់​ដោយសារ​ការបោះបង្គោល​អ​គ្គិ​ស​នី​លើដី​ស្រែ និង​ដី​លំនៅឋាន​របស់​ពួកគាត់  អះអាងថា  ក្រោយ​ការបោះឆ្នោត​រួច គឺ​អាជ្ញាធរខេត្ត និង​អាជ្ញាធរ​ជាតិ បាន​បន្ត​ព្រងើយកន្តើយ​ក្នុង​ករណី​ជម្លោះដីធ្លី​ពួកគាត់​។​

តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី និង​ជា​អតីត​មេក្រុម​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ភូមិ​បឹង​ស្នាយ សង្កាត់​សំបូ​មាស ​ក្រុង​កំពង់ចាម អ្នកស្រី មិត្ត គីម​ថា  មានប្រសាសន៍ថា កាលពីមុន​ការបោះឆ្នោត អាជ្ញាធរ​បាន​ឲ្យ​ពួកគាត់​ស្ងប់ស្ងាត់​ឈប់​តវ៉ា និង​បាន​សន្យាថា នឹង​ចុះ​ពិនិត្យ​ដោះស្រាយ​ជម្លោះដីធ្លី​ពួកគាត់ ក្រោយ​បោះឆ្នោត​រួចរាល់ ប៉ុន្តែ​ទីបំផុត អាជ្ញាធរ​បាន​បន្ត​កុហក​ពួកគាត់​ម្តង​ហើយ​ម្តងទៀត ដោយ​មិន​បាន​គោរព​តាម​ការសន្យា​នោះទេ​។ អ្នកស្រី បន្តថា ប្រជាពលរដ្ឋ​ដែល​មិនទាន់​ទ​ទួល​បាន​ដំណោះស្រាយ កំពុង​ជួប​ការលំបាក​ក្នុង​ជីវភាព​គ្រប់បែបយ៉ាង​ទាំង និង​ខកចិត្ត​យ៉ាងខ្លាំង​។​

ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ ៣០​គ្រួសារ​ជាមួយនឹង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​នេះ គឺ​បាន​កើតឡើង​តាំងពី​ឆ្នាំ២០១៥ ស្ថិតនៅក្នុង​ក្រុង​កំពង់ចាម និង​ស្រុក​​កំពង់សៀម ខេត្តកំពង់ចាម បន្ទាប់ពី​អគ្គិសនី​កម្ពុជា បោះបង្គោល​ធំៗ ​ខ្លះ​ចំ​ដីស្រែ និង​ខ្លះ​ចំ​ដី​​ផ្ទះ​តែម្តង។​ ប្រជាពលរដ្ឋ នាំគ្នា​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន រហូតដល់​អាជ្ញាធរខេត្ត​តាំងពី​ឆ្នាំ​២០១៦ ប៉ុន្តែ​បាន​ត្រឹម​សន្យា​ខ្យល់ និង​ផ្ដល់​សំណង​ផលប៉ះពាល់​ជូន​ពួកគាត់​ក្នុង​កម្រិត​ដែល​មិនអាច​ទ​ទូល​យកបាន គឺ​ ១​ម៉ែត្រការ៉េ តម្លៃ​ជិត ​២​ដុល្លារ​ប៉ុណ្ណោះ​។ ពួកគាត់​ទាមទារ​ការដោះស្រាយ​ដី​ឱ្យបាន​សមស្រប​តាម​តម្លៃ​ទីផ្សារ​ដី គឺ ​១​ម៉ែត្រការ៉េ តម្លៃ​ ៤៥ដុល្លារ។​

អ្នកស្រី មិត្ត គីម​ថា បន្ត​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជួយ​ព​ន្លឿ​ន​ដោះស្រាយ​ទំនាស់​ដីធ្លី​រ៉ុំារ៉ៃ​របស់​ពួកគាត់​តាម​ការសន្យា​មុន​ការបោះឆ្នោត​ឲ្យ​បាន​សមរម្យ​។ អ្នកស្រីឲ្យ​ដឹង​ដែរ​ថា ប្រសិនបើ​អាជ្ញាធរ​បន្ត​ព្រងើយកន្តើយ​ទៀត​នោះ គឺ​ពួកគាត់​គ្មាន​ជម្រើស​អ្វី ក្រៅពី​ចេញ​តវ៉ា​ទៀត​នោះទេ​។​ «»

ទាក់ទង​ករណីនេះ អភិបាលខេត្ត​កំពង់ចាម លោក​ គួច ចំរើន បាន​ឆ្លើយថា លោក​មិនដែល​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​អំពី​រឿង​ដំណោះស្រាយ​នោះទេ​។ អាស៊ីសេរី បាន​បន្ត​សួរ​លោក ​គួច ចំរើន ថា​តើ​អាជ្ញាធរខេត្ត នឹងមាន​វិធានការណ៍​ដោះស្រាយ​បញ្ចប់​ជម្លោះដីធ្លី​នេះ​យ៉ាងណាទេ ក្រោយ​បោះឆ្នោត​រួច​? លោក គួច ចំរើន បែរជា​មិន​ឆ្លើយ​សំនួរ​នេះ​ទេ ហើយ​អោយ​សួរ​ឡើងវិញ​ដដែលៗ រួចហើយ​លោក​ចុច​បិទ​ទូរស័ព្ទ​តែម្តង​។ «»

​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក​ស៊ឹង សែន​ករុណា មានប្រសាសន៍ថា​លោក សោកស្តាយ​ចំពោះ​ករណី​ដីធ្លី​នេះ ដែល​ប្រជាពលរដ្ឋ​តវ៉ា​ទាមទារ​ច្រើនលើកច្រើនសាហើយ ប៉ុន្តែ អាជ្ញាធរ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ហាក់​មិនបាន​សហការគ្នា​ដើម្បី​រក​ដំណោះស្រាយ​សមរម្យ​ជូន ប្រជាពលរដ្ឋ និង​បាន​រុញច្រាន​រឿងនេះ​ដាក់គ្នា​ទៅវិញទៅមក ហើយ​ថែមទាំង​ចោទ​ពួកគាត់​ជា​អ្នក​ប្រឆាំង​ទៀង​ផង​។ លោក​បន្ថែមថា ការពន្យា​ពេល និង​ការ​ខ្វះ​ការទទួលខុសត្រូវ​បែបនេះ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខាតបង់​ពេលវេលា ប៉ះពាល់​ដល់​ជីវភាព និង​សិទ្ធិសេរីភាព។ ចំណែក​ស្ថាប័ន​រដ្ឋាភិបាល នឹង​ទ​ទួល​រង​នៅ​ការរិះគន់​កាន់តែខ្លាំង​ថែមទៀត​។ «»

កាលពី​ថ្ងៃទី​១៣ ខែមិថុនា​កន្លងទៅ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បានចេញ​លិខិត​មួយ ច្បាប់​ជម្រុញ​ឲ្យ​អាជ្ញាធរ​តាម​រាជ​នី​-​ខេត្ត ត្រូវ​បង្កើន​ប្រសិទ្ធភាព នៃ​ការសម្រុះសម្រួល និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ប្រកបដោយ​តម្លាភាព ​សុចរិត​ភាព យុត្តិធម៌ និង​ប្រសិទ្ធភាព​ខ្ពស់​នៅមុន​ការបោះឆ្នោត ដើម្បី​ជៀសវាង​ពលរដ្ឋ​ឡើងមក​តវ៉ា​នៅ​ភ្នំពេញ​។

ទោះយ៉ាងណា​ក្តី ប្រជាពលរដ្ឋ អះអាង​ថា លិខិត​របស់​​ក្រសួង​មហាផ្ទៃ មិន​​ត្រូវ​បាន​អាជ្ញាធរ​ថ្នាក់ក្រោម​គោរព​អនុវត្តតាម​ឡើយ ហើយ​ជម្លោះ ដីធ្លី​​នៅ​​ប្រទេស​​កម្ពុជា នៅ​តែ​​បន្ត​​រ៉ាំ​រ៉ៃ​នៅក្រោយ​​ការបោះឆ្នោត​​រួ​ច​៕​

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល