ពលរដ្ឋ​មាន​វិបត្តិ​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ចិន​ខេត្ត​ព្រះវិហារ​ត្រូវ​សមត្ថកិច្ច​រារាំង​ពេល​ឡើង​ដាក់​ញត្តិ​មុខ​ផ្ទះ​លោក ហ៊ុន សែន

ដោយ សេក បណ្ឌិត
2018-11-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេង ហ្វូ ដែល​សហគមន៍​ចោទ​ថា រំលោភ​ដី​ជនជាតិ​ដើមភាគតិច នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខែត្រ​ព្រះវិហារ។ រូបភាព​កាល​ពី​ចុង​ខែ​មករា ឆ្នាំ ២០១៨។
ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេង ហ្វូ ដែល​សហគមន៍​ចោទ​ថា រំលោភ​ដី​ជនជាតិ​ដើមភាគតិច នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខែត្រ​ព្រះវិហារ។ រូបភាព​កាល​ពី​ចុង​ខែ​មករា ឆ្នាំ ២០១៨។
ដោយ​អង្គការ​ពន្លក​ខ្មែរ

ជនជាតិ​ដើម​ភាគតិច​កួយ ១១​គ្រួសារ តំណាង​ឲ្យ​ពលរដ្ឋ​ជាង ៣​រយ​គ្រួសារ​រស់នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ហេង ហ្វូ បាន​ទៅ​ដាក់​ញត្តិ​នៅ​ភូមិគ្រឹះ លោក ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ​ដើម្បី​ឲ្យ​លោក ហ៊ុន សែន ជួយ​រក​យុត្តិធម៌ ករណី​ក្រុមហ៊ុន​ចិន​បាន​ឈូស​ឆាយ​រំលោភ​ដីស្រែ បង្ក​ឲ្យ​ពួកគេ​គ្មាន​ទីកន្លែង​ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត។

ពួកគេ​អះអាង​ថា អាជ្ញាធរ​ក្រុងភ្នំពេញ បាន​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ចូល​ដាក់​ញត្តិ​នៅ​ភូមិគ្រឹះ លោក ហ៊ុន សែន និង​ថែមទាំង​ជួល​រថយន្ត​ដឹក​ពួកគេ​ឲ្យ​ត្រឡប់​មក​លំនៅឋាន​វិញ។

តំណាង​ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ​ភូមិ​ស្រែព្រាង ឃុំ​ប្រមេរ ដែល​មាន​វិបត្តិ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ហេង ហ្វូ លោក ខី ហុន ឲ្យ​ដឹង​នៅ​ថ្ងៃទី៦ វិច្ឆិកា​ថា អាជ្ញាធរ​ក្រុងភ្នំពេញ​មិន​អនុញ្ញាត ឲ្យ​ពួកគាត់​ដាក់​ញត្តិ​នៅ​ភូមិគ្រឹះ លោក ហ៊ុន សែន នោះ​ទេ បែរជា​ជំរុញ​ឲ្យ​ពួកគាត់ ប្ដឹង​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​ជា​មុន​សិន។ លោក​ថា ជម្លោះដីធ្លី​នេះ​បាន​អូស​បន្លាយ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ ក្រោយ​ពី​ក្រុមហ៊ុន​ចិន​មក​វិនិយោគ​តំបន់​នោះ ធ្វើ​ឲ្យ​អ្នកភូមិ​រាប់​រយ​គ្រួសារ​បាត់បង់​ដីធ្លី​ស្រែ​ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត បាត់បង់​វាលស្មៅ​សម្រាប់​គោក្របី ព្រៃ​ជំនឿ ទឹក​បឹង​ធម្មជាតិ ខឿន​ប្រាសាទ​បុរាណ និង​ដើមឈើ​ផលិត​ជ័រទឹក​ជាដើម។ លោក​កត់សម្គាល់​ថា ស្រូវ​កសិកម្ម​របស់​លោក កន្លះ​ហិកតារ ដោយ​ត្រៀម​ប្រមូល​ផល​ឆ្នាំនេះ ត្រូវ​ក្រុមហ៊ុន​ចិន​យក​គ្រឿងចក្រ​ឈូស ឆាយ កម្ទេច​ចោល​អស់ទាំង​ស្រុង កាលពី​ចុងខែ​តុលា ហើយ​គ្រួសារ​លោក​បាន​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​មេឃុំ​ប្រមេរ លោក ធាង ហេង ក៏ប៉ុន្តែ​គ្មាន​ដំណោះស្រាយ។ លោក​ត្អូញ​ថា គ្រួសារ​លោក​មាន​ដី ១៥​ហិកតារ គ្រប់គ្រង​មុន​ឆ្នាំ​២០០០ ត្រូវ​ក្រុមហ៊ុន​ចិន​ឈូស​ឆាយ​បំពាន​យក​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​២០១២ អស់ ១៤​ហិកតារ ហើយ​មក​ទល់​ពេល​នេះ នៅសល់​ដីស្រែ​តែ​កន្លះ​ហិកតារ​ប៉ុណ្ណោះ៖ «ខ្ញុំ​ដាក់​ញត្តិ​គឺ ការ​ទាមទារ​របស់ខ្ញុំ​ចង់បាន​ដី​មក​វិញ ដាក់ពាក្យ​បណ្ដឹង​ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​នេះ តែ​គេ​អត់​អោយ​ចូល គេ​មាន​តម្រួត​ពេញទី​ក្រុងភ្នំពេញ​អ៊ីចឹង។ ស្រូវ​ខ្ញុំ​ត្រៀម​ច្រូត​គេ​យក​អស់​បាត់​ហើយ»

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ភូមិ​ប្រមេរ​លោកស្រី ខៀន ហុន និយាយ​ថា ពួកគាត់​បាន​ដាក់​ញត្តិ ស្ទើរតែ​គ្រប់​ស្ថាប័ន និង​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​ស្ថានទូត​ចិន​ផង​តាំងពី​ឆ្នាំ​២០១៧ រហូត​មក​ទល់​ពេល​នេះ គ្មាន​ស្ថាប័ន​ណាមួយ​ជួយ​ស្វែងរក​ដំណោះស្រាយ​នោះ​ទេ។ លោកស្រី​ថា ពេល​អ្នកភូមិ​ទទួល​ដំណឹង​ថា លោក ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​មាន​វិបត្តិ​ដីធ្លី​អាច​មក​ដាក់​ញត្តិ​នៅ​ភូមិគ្រឹះ​របស់​លោក បាន ទើប​សហគមន៍​បាន​ប្រមូល​លុយ​គ្នា ចាត់​តំណាង​ពលរដ្ឋ ១១​នាក់​មក​ដាក់​ញត្តិ ក៏ប៉ុន្តែ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​រារាំង និង​ថែមទាំង​យក​រថយន្ត​ដឹក​ពួកគាត់​មក​ស្រុកកំណើត​វិញ​នៅ​រសៀល​ថ្ងៃទី៦ វិច្ឆិកា។ លោកស្រី​ថា ក្រុមហ៊ុន​ចិន ហេង ហ្វូ បាន​ឈូស​ឆាយ​រំលោភ​យក​ដីស្រែ​របស់​លោក​ស្រី អស់​ជាច្រើន​ហិកតារ តាំងពី​ឆ្នាំ​២០១៤ ហើយ​គ្រួសារ​លោកស្រី​បាន​ចំណាយ​ប្រាក់ សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន រហូតដល់​ថ្នាក់​ជាតិ តែ​គ្មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ណាមួយ ចេញមុខ​ដោះស្រាយ​នោះ​ទេ​មក​ទល់​ពេល​នេះ៖ «ខ្ញុំ​មក​ដាក់​ញត្តិ​នេះ ព្រោះ​ដី​ខ្ញុំ​បាត់បង់​យូរហើយ តាំងពី​២០១៤ ដាក់​ញត្តិ​គ្រប់កន្លែង​ហើយ អត់​បាន​ដោះស្រាយ ដល់​ខ្ញុំ​មក​អ៊ីចឹង​គេ​ថា អត់​ដោះស្រាយ​ទេ គេ​ថា អោយ​ទៅ​ដោះស្រាយ​នៅ​ភូមិ​វិញ»

ឆ្លើយតប​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​ខុទ្ទកាល័យ លោក ហ៊ុន សែន គង់ ចំរើន និយាយ​យ៉ាង​ខ្លី​ថា ពលរដ្ឋ​ទាំងនោះ​មក​សុំ​កិច្ច​អន្តរាគមន៍​គឺ​គ្មាន​លិខិត​ឬ​ឯកសារ​អ្វី​នោះ​ទេ សូម្បីតែ​ញត្តិ​ចាស់ៗ​ក៏​ពួកគេ​មិន​កាន់​មក​តាម​ខ្លួន​ដែរ៖ «គាត់​អត់​មាន​លិខិតស្នាម​អី​ទេ គាត់​មក​ដូច​មក​ដើរលេង ហើយ​ទៅវិញ គាត់​ប្រើ​ពាក្យ​ថា មក​តាម​ញត្តិ សូម្បីតែ​ក្រដាស​ចាស​ក៏​អត់​មាន​ទេ​។ គាត់​និយាយ​ហ្នឹង​កុហក​ទេ គាត់​នឹង​ត្រូវ​ទេវតា​បរាមុខ។ អរគុណ»

សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ខេត្ត​ព្រះវិហារ លោកស្រី ទេព ទឹម ចំណាំ​ថា អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ឃុំ រហូត​ថ្នាក់​ខេត្ត​មិនបាន​ជ្រោមជ្រែង និង​យកចិត្តទុកដាក់​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នោះ​ទេ ធ្វើ​ឲ្យ​ពលរដ្ឋ​ជួប​ការ​លំបាក​ផ្នែក​ជីវភាព និង​ប្រព័ន្ធ​សេដ្ឋកិច្ច​សព្វ​បែបយ៉ាង។ លោកស្រី​អង្កេត​ឃើញ​ថា ពលរដ្ឋ​មិន​ដឹង​ទៅ​ពឹង​ស្ថាប័ន​ណាមួយ​ឲ្យ​ជួយ​ដោះស្រាយ​នោះ​ទេ ខណៈ​ស្ទើរ​គ្រប់​ស្ថាប័ន​ពួកគាត់​បាន​ទៅ​សុំ​កិច្ច​អន្តរាគមន៍​អស់ហើយ តែ​គ្មាន​ប្រសិទ្ធភាព។

លោកស្រី​ថា បន្ទាប់ពី​មាន​វត្តមាន​ក្រុមហ៊ុន​ចិន ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ឃុំ​ប្រមេរ​ជិត ១ ពាន់​គ្រួសារ​ខ្វះខាត​ដី​ធ្វើ​កសិកម្ម បាត់បង់​ប្រព័ន្ធ​ចិញ្ចឹមជីវិត​បែប​ប្រពៃណី បាត់បង់​ការស្វែងរក​អនុផល​ព្រៃឈើ បាត់បង់​កន្លែង​ចិញ្ចឹម​សត្វ ប៉ះពាល់​ប្រព័ន្ធ​ទឹក​ធម្មជាតិ និង​ដើមឈើ​ផលិត​ជ័រទឹក​ដែល​ជា​ប្រភព​ប្រាក់ចំណូល​សហគមន៍​ត្រូវ​បាន​ក្រុមហ៊ុន​បំផ្លាញ៖ «ផល​លំបាក​ប្រជាពលរដ្ឋ​គ្មាន​ទំនុក​ចិត្ត មិន​ដឹង​ពឹង​ណា​ជួយ​ដោះស្រាយ លំបាក​ក្នុង​ការរស់នៅ​បើ​គេ​អត់​ឈឺឆ្អាល។ អាជ្ញាធរ​ណា ក៏​មិន​យកចិត្តទុកដាក់​ដោះស្រាយ។ ដី​កសិកម្ម​ដែល​ធ្លាប់​ប្រកប​មុខ​របរ​ត្រូវ​គេ​យក​អស់ ដើម​ច្បោះ​ជ័រ​ត្រូវ​គេ​បំផ្លាញ​អស់ និង​កន្លែង​ធ្លាប់​រក​អនុផល​ព្រៃឈើ​គ្មាន​ទេ មានតែ​វាលរហោឋាន»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ អង្កេត​ឃើញ​ថា សមាគម​អាដហុក​ធ្លាប់​ចុះ​អង្កេត​វិបត្តិ​ដីធ្លី​នេះ​ដែរ រក​ឃើញ​ថា ក្រុមហ៊ុន​ចិន ហេង ហ្វ ធ្វើ​ឲ្យ​ប៉ះពាល់​ដីធ្លី និង​ព្រៃ​គោរព​បូជា​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ខេត្ត​ព្រះវិហារ​ចំនួន ៣​ស្រុក។ លោក​ថា ផល​ប៉ះពាល់​ជាក់ស្តែង​ដូចជា ខឿន​ប្រាសាទ​បុរាណ និង​ទឹក​ត្រពាំង​ដែល​ជា​ប្រភព​ត្រី​សាច់ ប្រែ​ក្លាយ​ជា​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​ចិន​ទៅវិញ។ លើស​ពី​នេះ ក្រុមហ៊ុន​នេះ មិន​ត្រឹមតែ​ដាំ​ដំណាំ អំពៅ​មួយ​មុខ​នោះ​ទេ បែរជា​ដាំ​ស្រូវ​បន្ថែម​ទៀត ធ្វើ​ឲ្យ​ប៉ះពាល់​ដីធ្លី​ពលរដ្ឋ​មួយ​កម្រិត​ទៀត រីឯ​កិច្ច​អន្តរាគមន៍​ជួយ​ដោះស្រាយ​របស់​អាជ្ញាធរ​មូលដ្ឋាន ហាក់​ខ្សោយ​នៅឡើយ ធ្វើ​ឲ្យ​ពលរដ្ឋ​អស់​ជំនឿ​ចិត្ត​លើ​ប្រសិទ្ធភាព​ការងារ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្ត​ព្រះវិហារ៖ «ទោះបីជា​អាជ្ញាធរ​ពេលខ្លះ ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ពិត​ជា​មាន​កំហុស​ពិតមែន តែ​យើង​ពុំ​ឃើញ​មាន អាជ្ញាធរ​ចាត់​វិធានការ​ក្រុមហ៊ុន​ទេ រហូត​ពេលខ្លះ​ប៉ះពាល់​ខឿន​ប្រាសាទ ព្រៃ​តំណម និង​ទឹក​ត្រពាំង ហើយ​តំបន់​នោះ​ក្លាយ​ជា​ចម្ការ​អំពៅ តែ​គ្មាន​អាជ្ញាធរ​ចាត់​វិធាន​ក្រុមហ៊ុន»

លោក ឡោ ចាន់ អំពាវនាវ​ឲ្យ​ប្រមុខ​ដឹកនាំ​រដ្ឋ ចាត់​ឲ្យ​មន្ត្រី​ជំនាញ ស្រាវជ្រាវ​វិវាទ​ដីធ្លី​នេះ​ឡើងវិញ និង​ត្រូវ​មាន​វិធានការ​ម៉ឹង​ម៉ាត់​លើ​ក្រុមហ៊ុន​ដែល​ប្រព្រឹត្ត​ផ្ទុយ​កិច្ចសន្យា​វិនិយោគ បទ​បញ្ជា និង​ច្បាប់​នានា។ លោក​អង្កេត​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ហាក់​មិន​មាន​វិធានការ​ច្បាប់​ណាមួយ បង្ក្រាប​ក្រុមហ៊ុន​ចិន ដែល​បំពាន​កិច្ចសន្យា​វិនិយោគ និង​បំពាន​បទបញ្ជា ០០១ របស់​លោក ហ៊ុន សែន ព្រោះ​ក្រុមហ៊ុន​នេះ​មិនបាន​អនុវត្ត​រួប​មន្ត​ស្បែក​ខ្លា​នោះ​ទេ។

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេង ហ្វូ ដើម្បី​សាកសួរ​ជុំវិញ​ករណី​នេះ បាន​នៅឡើយ​ទេ។

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេង ហ្វូ ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ទំហំ​ជាង ៤​ម៉ឺន​ហិកតារ (៤២.០០០) តាំងពី​ឆ្នាំ​២០១១ វិនិយោគ​ដាំ​អំពៅ និង​កៅស៊ូ។ ក្រុមហ៊ុន​នេះ ជា​ក្រុមហ៊ុន​មេ និង​មាន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ចំនួន ៥​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល