ពលរដ្ឋ ៥នាក់តំណាងឲ្យពលរដ្ឋ ៥២គ្រួសារនៃសហគមន៍ឡពាង នាំគ្នាដាក់បណ្ដឹងនៅសាលាស្រុកកំពង់ត្រឡាច បដិសេធរបាយការណ៍របស់គណៈកម្មការចម្រុះខេត្តកំពង់ឆ្នាំង ដែលបានចេញ កាលពីខែមិនា ឆ្នាំ២០១៤ ដោយសរសេរថាដីធ្លី ដែលមានជម្លោះ ស្ថិតក្នុងភូមិឡពាង និងភូមិបឹងកក់ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) តាំងពីឆ្នាំ១៩៩៧។ អ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ដែលតាមដានជម្លោះដីធ្លីនេះ យល់ថា ពលរដ្ឋគួរដាក់បណ្ដឹងទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីឲ្យតុលាការបើកការស៊ើបអង្កេត និងពិនិត្យមើលថា តើរបាយការណ៍នោះមានភាពមិនប្រក្រតីអ្វីខ្លះ។
តំណាងសហគមន៍ឡពាង លោកស្រី អ៊ុំ សុភី ប្រាប់អាស៊ីសេរីថា របាយការណ៍គណៈកម្មការចម្រុះរបស់ខេត្តកំពង់ឆ្នាំង សរសេរគ្មានការពិត បោកប្រាស់រដ្ឋាភិបាល ប្រជាពលរដ្ឋមានជម្លោះដីធ្លី និងក្រសួងពាក់ព័ន្ធ ក្រោយពីពូកគាត់ទទួលបានរបាយការណ៍នោះ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧។
លើសពីនេះ លោកស្រី អ៊ុំ សុភី ឲ្យដឹងថា ពលរដ្ឋមកតាំងទីលំនៅ ក្នុងភូមិឡពាង និងភូមិបឹងកក់ នៃឃុំតាជេស តាំងពីឆ្នាំ១៩៨០ ស្រាប់តែនៅក្នុងរបាយការណ៍ សរសេរថា ដីធ្លីដែលអ្នកភូមិរស់នៅ គឺជាដីអសន្តិសុខ ហើយក្រុមហ៊ុន ខេ.ឌី.ស៊ី របស់អ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងធនធានរ៉ែ និងថាមពល មានប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លី តាំងពីឆ្នាំ១៩៩៧។
ចំណែកសំណងសម្រាប់ពលរដ្ឋដែលចុះក្នុងរបាយការណ៍វិញ សរសេរថា ពលរដ្ឋមួយគ្រួសារទទួលបានប្រាក់ពីក្រុមហ៊ុន មួយគ្រួសារ ៧ម៉ឺនដុល្លារ (ប្រាំពីរម៉ឺនដុល្លារសហរដ្ឋអាមេរិក) ប៉ុន្តែ លោកស្រី អ៊ុំ សុភី ថា ពួកគាត់មិនដែលបានទទួលសំណងទេ ចាប់តាំងពីមានជម្លោះរហូតមកដល់ពេលបច្ចុប្បន្ន។ ក្នុងពេលដាក់ពាក្យបណ្ដឹងនៅសាលាស្រុកកំពង់ត្រឡាច តំណាងសហគមន៍ឡពាង លោកស្រី អ៊ុំ សុភី ឲ្យដឹងថា អភិបាលស្រុក លោក ឈឹម វុទ្ធី គេចខ្លួនមិនព្រមទទួលពាក្យបណ្ដឹងពីពលរដ្ឋ ដោយផ្ទេរទៅឲ្យផ្នែករដ្ឋបាលទទួលជំនួស ប្រាប់នឹងចាត់ការរឿងនេះនៅពេលក្រោយ៖«អ្វីដែលជាការពិតមាននៅក្នុងនេះ ប្រជាពលរដ្ឋ គឹមានដីនៅក្នុងនេះ ដាក់ក្នុងរបាយការណ៍ថា ពួកខ្ញុំអត់មានដីទេ គ្មានអ្វីជាភស្តុតាងច្បាប់លាស់។ ខ្ញុំមានអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារប៉ុណ្ណោះ ដែលបញ្ជាក់ការរស់នៅ។ តែធាតុពិត ពួកខ្ញុំមានការទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ ដែលគាត់ចែកដីកន្លែងហ្នឹងឲ្យ»។
អាស៊ីសេរី ព្យាយាមទាក់ទងអភិបាលស្រុកកំពង់ត្រឡាច លោក ឈឹម វុទ្ធី ដើម្បីសុំការបំភ្លឺជុំវិញបណ្ដឹងរបស់ពលរដ្ឋនេះ ដោយហៅទូរស័ព្ទចូល តែគ្មានអ្នកទទួល។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា ដែលធ្លាប់បានចូលរួមក្នុងគណៈកម្មការចម្រុះ ប្រាប់ថា គណៈកម្មការដោះស្រាយវិវាទដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន កាលពីឆ្នាំ២០១៤ បើកការស៊ើបអង្កេតលើជម្លោះដីធ្លីក្នុងរយៈពេលខ្លី ហើយក៏រំសាយវិញ ទៅការតាមការបញ្ជាពីភាគីក្រុមហ៊ុន ខេ.ឌី.ស៊ី។ បន្ទាប់មក ភាគីក្រុមហ៊ុន ក៏សម្រេចសម្របសម្រួលដោះស្រាយវិវាទដីធ្លីជាមួយពលរដ្ឋដោយខ្លួនឯង ដោយគ្មានការចូលពីសង្គមស៊ីវិល។ មន្ត្រីផ្នែកសិទ្ធិមនុស្សរូបនេះ យល់ថា ពលរដ្ឋគួរដាក់ពាក្យបណ្ដឹង ទៅតុលាការខេត្តកំពង់ឆ្នាំង ស្នើសុំតុលាការបើកស៊ើបការអង្កេត និងរកភាពមិនប្រក្រតីក្នុងរបាយការណ៍៖ «ខ្ញុំថាបើគាត់ចង់បានយុត្តិធម៌ គួរតែដាក់ពាក្យបណ្ដឹងទៅតុលាការទៅ។ តុលាការនឹងធ្វើការស៊ើបអង្កេត ថាតើរបាយការណ៍របស់គណៈកម្មការឬក៏អ្នកដែលសរសេររបាយការណ៍ហ្នឹង រួមទាំងប្រធានគណៈកម្មការហ្នឹង សរសេរភូតកុហកមែនដែរឬទេ»។
ជម្លោះដីធ្លីរវាងក្រុមហ៊ុន ខេ.ឌី.ស៊ី របស់អ្នកស្រី ជា ខេង ជាមួយពលរដ្ឋនៅឃុំតាជេស ស្រុកកំពង់ត្រឡាច បានអូសបន្លាយអស់រយៈពេលជាង ១៣ឆ្នាំមកហើយ។ ភាគីក្រុមហ៊ុនបានប្រើគ្រប់វិធីសាស្ត្រក្នុងការដោះស្រាយបញ្ហា គឺប្រើទាំងទិដ្ឋភាពច្បាប់ ការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ និងពេលខ្លះមានប្រើអំពើហិង្សាផងក៏មាន។ កាលពីឆ្នាំ២០១៣ របបលោក ហ៊ុន សែន បានផ្ដល់ដីសម្បទាននៅតំបន់មានជម្លោះនេះ ទៅឲ្យក្រុមហ៊ុនចិនថែមទៀត ខណៈពលរដ្ឋនៃឃុំតាជេស នៅមិនទាន់ទទួលបានដោះស្រាយនៅឡើយ។
សហគមន៍ឡពាងដែលមាន ៥២គ្រួសារ ស្នើសុំមេដឹកនាំរបបក្រុង ភ្នំពេញ លោក ហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីជូនពួកគាត់ នូវដំណោះស្រាយ ឬសំណងដែលអាចទទួលយកបាន គឺទាមទារឲ្យភាគីក្រុមហ៊ុនទទួលស្គាល់ដីធ្លីរបស់គាត់ ហើយប្រសិនបើក្រុមហ៊ុនចង់បានដីពលរដ្ឋយកទៅអភិវឌ្ឍន៍ ត្រូវទិញពីពលរដ្ឋទៅតាមតម្លៃទីផ្សារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
